តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ អះអាងថាគណៈរដ្ឋមន្ត្រីថ្មីនៃរដ្ឋាភិបាលដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត គឺគ្រាន់តែជាការផ្ទេរអំណាចបន្តពូជចាក់ស្រេះក្នុងរង្វង់សែស្រឡាយបក្ខពួកអ្នកមានអំណាចពីថ្នាក់លើដល់ថ្នាក់ក្រោមប៉ុណ្ណោះ មិនមែនជាធនធានមនុស្សសម្រាប់ដឹកនាំប្រទេសជាតិនោះទេ។
លោក អ៊ុំ សំអាន សរសេរលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នេះថា គណៈរដ្ឋមន្ត្រីថ្មីដែលលោក ហ៊ុន ម៉ាណែត កំពុងដឹកនាំសុទ្ធសឹងតែជាចង្កោមសាច់ញាតិ សែស្រឡាយ និងបក្ខពួកគូកនក្នុងក្រុមគ្រួសារអ្នកមានអំណាចដែលឪពុករបស់ពួកគេរៀបចំប៉ុណ្ណោះ ក្នុងនោះ លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានរៀបចំឱ្យលោក ហ៊ុន ម៉ាណែត កាន់តំណែងជានាយករដ្ឋមន្ត្រីបន្តពីខ្លួន។
ចំណែកលោក ហ៊ុន ម៉ានី ត្រូវបានរៀបចំឱ្យកាន់តំណែងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ផង និងកាន់តំណែងជាឧបនាយករដ្ឋមន្ត្រីផង។ ដោយឡែកលោក ហ៊ុន ម៉ានិត ក៏ត្រូវបានរៀបចំឱ្យកាន់តំណែងជាមេបញ្ជាការរងនៃបញ្ជាការដ្ឋានកងទ័ពជើងគោកថែមទៀត។
ក្រៅពីលោក ហ៊ុន សែន អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ បាញ់ អតីតអគ្គទេសាភិបាលនៃធនាគារជាតិកម្ពុជាលោក ជា ចាន់តូ និងអតីតរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ ក៏បានរៀបចំឱ្យកូនៗរបស់ពួកគេបន្តតំណែងពីខ្លួនដែរ ក្នុងនោះ៖
- លោក ស សុខា កាន់តំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
- លោក ទៀ សីហា កាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិ
- លោក ថោ ជេដ្ឋា កាន់តំណែងជារដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម
- និងអ្នកស្រី ជា សិរី កាន់តំណែងជាអគ្គទេសាភិបាលនៃធនាគារជាតិកម្ពុជាផងដែរ។
ក្រៅពីការរៀបចំកូនៗឱ្យបន្តតំណែងពីឪពុក មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលថ្មីនេះផ្សេងទៀតក៏បានរៀបចំកូនៗរបស់ពួកគេ និងសាច់ញាតិ ឱ្យកាន់តំណែងនៅតាមក្រសួងស្ថាប័នសំខាន់ៗផ្សេងៗដែរ ដូចជា៖
- លោក ឌិត មុន្ទី អតីតប្រធានតុលាការកំពូល រៀបចំឱ្យលោក ឌិត ទីណា កាន់តំណែងជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- លោក ឆាយ ថន អតីតរដ្ឋមន្ត្រីក្រសួងផែនការ រៀបចំឱ្យលោក ឆាយ ឫទ្ធិសែន កាន់តំណែងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ
- លោក ចម ប្រសិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម រៀបចំឱ្យអ្នកស្រី ចម និមល កាន់តំណែងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
- លោក ប្រាក់ សុខុន អតីតរដ្ឋមន្ត្រីក្រសួងការបរទេស រៀបចំឱ្យលោក ហែម វណ្ឌី ដែលជាកូនប្រសា កាន់តំណែងជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម
- លោក ប៊ិន ឈិន អតីតរដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី រៀបចំឱ្យលោក ប៊ិន ត្រឈៃ កាន់តំណែងជារដ្ឋមន្ត្រីក្រសួងផែនការ
- ចំណែកកូនប្រុសអតីតប្រធានរដ្ឋសភាលោក ជា ស៊ីម គឺលោក ជា សុមេធា ក៏ត្រូវបានរៀបចំឱ្យកាន់តំណែងជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ចដែរ។
ចំណែកលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា បានរៀបចំឱ្យលោក សាយ សំអាល់ កាន់តំណែងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា អតីតរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រៀបចំឱ្យកូនប្រសារបស់គាត់ គឺលោក អ៊ាង សុផល្លែត កាន់តំណែងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន កូនប្រុសលោក សុខ អាន គឺលោក សុខ សូកេន ក៏ត្រូវបានរៀបចំឱ្យកាន់តំណែងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ដែរ។
ជាងនេះទៀត អ្នកស្រី ម៉ែន សំអន អតីតរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានរៀបចំឱ្យលោក ប៉េង ពោធិ៍នា កាន់តំណែងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
លោក នេត សាវឿន ដែលជាក្មួយប្រសាលោក ហ៊ុន សែន ត្រូវបានរៀបចំឱ្យកាន់តំណែងជាឧបនាយករដ្ឋមន្ត្រី ខណៈលោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ក៏បានរៀបចំឱ្យកូនប្រសារបស់គាត់ គឺលោក នេត្រ ភក្ដ្រា កាន់តំណែងជារដ្ឋមន្ត្រីក្រសួងព័ត៌មានដែរ។
លើសពីនេះ លោក យ៉េត ចរិយា អគ្គព្រះរាជអាជ្ញារងតុលាការកំពូល បានរៀបចំឱ្យលោក កើត រិទ្ធ ដែលត្រូវជាកូនប្រសា កាន់តំណែងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចំណែកក្មួយប្រសាអ្នកស្រី ប៊ុន រ៉ានី គឺលោក ឈាង រ៉ា ក៏ត្រូវបានរៀបចំឱ្យកាន់តំណែងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែរ។
លោក អ៊ុំ សំអាន បញ្ជាក់ថា ក្រៅពីការតែងតាំងសាច់ញាតិសែស្រឡាយបក្ខពួកខ្លួនឯងឱ្យកាន់តំណែងជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល ពួកគេក៏ប្រើវិធីសាស្ត្រផ្សាសាច់ភ្ជាប់ឈាមតាមរយៈនៃចំណងអាពាហ៍ពិពាហ៍រវាងកូនៗរបស់ពួកគេដែរ ដូចជា លោក សុខ ពុទ្ធិវុធ កូនប្រុសលោក សុខ អាន រៀបការជាមួយអ្នកស្រី ហ៊ុន ម៉ាលី កូនស្រីលោក ហ៊ុន សែន។
ចំណែកកូនប្រុសលោក ហុក ឡង់ឌី គឺលោក ឌី វិជ្ជា ដែលជាអតីតស្វាមីអ្នកស្រី ហ៊ុន គឹមឡេង ក៏បានរៀបការជាមួយអ្នកស្រី ហ៊ុន ម៉ាណា កូនស្រីលោក ហ៊ុន សែន ដែរ។ ជាងនេះទៀត លោក ហ៊ុន ម៉ាណែត កូនប្រុសលោក ហ៊ុន សែន ក៏បានរៀបការជាមួយអ្នកស្រី ពេជ្រ ច័ន្ទមុន្នី កូនស្រីរបស់លោក ពេជ្រ សោភ័ណ ដែលជាទេសរដ្ឋមន្ត្រីនៃរដ្ឋាភិបាលថ្មីនេះ។
ដោយឡែកលោក ហ៊ុន ម៉ានិត បានរៀបការជាមួយអ្នកស្រី ហុក ចិន្តាវី កូនស្រីរបស់លោក ហុក ឡង់ឌី អតីតអគ្គស្នងការនគរបាលជាតិ លោក ហ៊ុន ម៉ានី ក៏បានរៀបការជាមួយអ្នកស្រី យឹម ឆៃលីន កូនស្រីសមាជិកឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រលោក យឹម ឆៃលី ផងដែរ។
ក្រៅពីការភ្ជាប់សាច់ភ្ជាប់ឈាមប្រទាក់ក្រឡាគ្នាក្នុងរង្វង់គ្រួសារលោក ហ៊ុន សែន មន្ត្រីជាន់ខ្ពស់ក្នុងជួរដ្ឋាភិបាលផ្សេងទៀត ក៏នាំគ្នាយកគំរូតាមលោក ហ៊ុន សែន បែបនេះដែរ ដូចជាកូនប្រុសលោក យឹម ឆៃលី គឺលោក យឹម លាង អគ្គស្នងការរងនគរបាលជាតិ រៀបការជាមួយកូនស្រីលោក ជា សុផារ៉ា គឺអ្នកស្រី ជា សុផាម៉ាដែន ជាដើម ដែលជាមូលហេតុធ្វើឱ្យអំណាចក្រុមគ្រួសាររបស់ពួកគេរឹងមាំចាក់ស្រេះក្នុងការគ្រប់គ្រងប្រទេសកម្ពុជាទៅថ្ងៃមុខ។
ក្រុមអ្នកឃ្លាំមើលព្រមានថា ការគ្រប់គ្រងដឹកនាំប្រទេសរបស់លោក ហ៊ុន ម៉ាណែត មានលក្ខណៈដូចគ្នាទៅនឹងការដឹកនាំរបស់លោក ហ៊ុន សែន បេះបិទ ដែលជាការដឹកនាំដោយការចងសម្ព័ន្ធរវាងមនុស្ស និងមនុស្ស ដែលជាសែស្រឡាយ បក្ខពួករបស់ខ្លួន ដោយការផ្តល់ឋានៈបុណ្យស័ក្តិ លាភសក្ការៈតួនាទី មុខតំណែង ដើម្បីការពារគ្នាទៅវិញទៅមកក្នុងការក្តោបក្តាប់ប្រទេសកម្ពុជាជាលក្ខណៈគ្រួសារយូរអង្វែងទៅថ្ងៃមុខ ដូចដែលលោក ហ៊ុន សែន បានគ្រប់គ្រងប្រទេសកម្ពុជាជាង ៤០ឆ្នាំកន្លងមកនេះ៕