សមាគមក្រៅស្រុកចំនួន ៥ ដង្ហែញត្តិប្រគល់ជូនសមាជិកព្រឹទ្ធសភាប្រទេសញូវហ្សេលែន ដើម្បីឲ្យពួកគេដាក់សម្ពាធដល់រដ្ឋាភិបាលកម្ពុជា ឱ្យស្ដារលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស។
សមាគមដែលមានមូលដ្ឋាននៅប្រទេសញូវហ្សេលែន ចំនួន ៥ ដង្ហែញត្តិដែលមានហត្ថលេខាគាំទ្រពីសមាជិកនៃអង្គការសមាគមនៅក្រៅស្រុកចំនួន ៦៥៥នាក់ យកទៅប្រគល់ជូនសមាជិកព្រឹទ្ធសភាប្រទេសញូវហ្សេលែន នៅថ្ងៃអង្គារ សប្ដាហ៍នេះ ដើម្បីសុំឱ្យរដ្ឋាភិបាលប្រទេសនេះជួយជំរុញឱ្យរដ្ឋាភិបាលកម្ពុជាស្ដារលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សឡើងវិញ។
ប្រធានសមាគម Canterbury Cambodian Association ប្រចាំប្រទេសញូវហ្សេលែន លោក សៅ រ៉ាស៊ី បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៧ កុម្ភៈ នេះថា សមាគមរបស់លោកបានសហការជាមួយសមាគមចំនួន ៥ ផ្សេងទៀតដែលមានសមាជិកចូលរួមជាង ៦០០នាក់ (៦៥៥នាក់) ដែលមកពីទីក្រុងផ្សេងៗ ដូចជា ទីក្រុងក្រៃឈើច ទីក្រុងវ៉ាល់លីនតុន ទីក្រុងអូរខ្លិន ទីក្រុងហាមិនធិន និងទីក្រុងផាមើសិននូត ផងដែរ ដោយចុះហត្ថលេខាលើញត្តិដែលបានដង្ហែយកទៅប្រគល់ជូនសមាជិកព្រឹទ្ធសភាប្រទេសញូវហ្សេលែន នៅថ្ងៃទី២៧ កុម្ភៈ នេះ ក្នុងនោះ សមាជិកព្រឹទ្ធសភារបស់ប្រទេសនេះក៏បានទទួលញត្តិនេះរួចហើយដែរ។
លោក សៅ រ៉ាស៊ី បញ្ជាក់ថា ញត្តិដែលចុះហត្ថលេខាគាំទ្រដោយសមាជិកសមាគមទាំងជាង ៦០០នាក់នេះ គឺដើម្បីសុំឱ្យរដ្ឋាភិបាលប្រទេសញូវហ្សេលែន ដែលនឹងត្រូវចូលរួមកិច្ចប្រជុំនៅអង្គការសហប្រជាជាតិ ក្នុងអំឡុងខែមីនា ឆ្នាំ២០២៤ នេះ ជួយជំរុញឱ្យរដ្ឋាភិបាលកម្ពុជាបើកលំហប្រជាធិបតេយ្យសេរីពហុបក្ស និងលើកស្ទួយការគោរពសិទ្ធិមនុស្សឡើងវិញ ក្នុងនាមប្រទេសញូវហ្សេលែន ជាសមាជិករបស់អង្គការសហប្រជាជាតិដែរនោះ។
ការដាក់ញត្តិនេះ ធ្វើឡើងស្របពេលដែលគេរកឃើញថា ប្រទេសកម្ពុជាកំពុងធ្លាក់ចុះនូវការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យយ៉ាងធ្ងន់ធ្ងរសព្វថ្ងៃនេះ។
មាត្រា៤១ នៃរដ្ឋធម្មនុញ្ញកម្ពុជា បានចែងថា ពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិយោបល់ សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ ជាដើម ប៉ុន្តែជាក់ស្តែង ត្រូវគេមើលឃើញថា រដ្ឋាភិបាលដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជាសព្វថ្ងៃនេះ កំពុងអនុវត្តបញ្ច្រាសពីខ្លឹមសាររដ្ឋធម្មនុញ្ញរបស់ខ្លួនទាំងស្រុង។
ទាក់ទិននឹងបញ្ហានេះ អង្គការសិទ្ធិមនុស្សអន្តរជាតិចំនួន ៦ ដូចជាអង្គការសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ បណ្ដាញប្រជាធិបតេយ្យអាស៊ី និងវេទិកាអាស៊ានសម្រាប់សិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ជាដើម បានចេញលិខិតចំហរួមគ្នាមួយកាលពីពេលកន្លងទៅ ដាក់ទៅសភាអឺរ៉ុប និងប្រទេសប្រជាធិបតេយ្យមួយចំនួន ដោយសម្ដែងការព្រួយបារម្ភអំពីការរំលោភសិទ្ធិមនុស្ស និងការធ្លាក់ចុះប្រជាធិបតេយ្យធ្ងន់ធ្ងរនៅកម្ពុជាសព្វថ្ងៃនេះ។
ជុំវិញបញ្ហានេះ កាលពីចុងឆ្នាំ២០២៣ សហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ និងអង្គការអាដហុក បានដាក់របាយការណ៍ស្ដីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ មុននឹងយន្តការដើម្បីពិនិត្យឡើងវិញជាសកលលើកទី៤ (UPR) ធ្វើឡើងនៅអំឡុងខែមីនា ខាងមុខនេះផងដែរ។
អង្គការអាដហុក បញ្ជាក់ថា របាយការណ៍នេះផ្ដោតជាសំខាន់ទៅលើបញ្ហាសិទ្ធិមនុស្ស បញ្ហាដីធ្លី ការចាប់ខ្លួនសកម្មជននយោបាយ លំហសេរីភាពនយោបាយ លំហសេរីភាពសារព័ត៌មាន និងប្រព័ន្ធច្បាប់នៅកម្ពុជា ជាដើម ព្រោះថារដ្ឋាភិបាលកម្ពុជាមិនអនុវត្តទៅតាមយន្តការដើម្បីពិនិត្យឡើងវិញជាសកលលើកទី៣ (UPR) របស់អង្គការសហប្រជាជាតិកាលពីដើមខែមករា ឆ្នាំ២០១៩ កន្លងទៅនោះទេ។
អង្គការសហប្រជាជាតិ នឹងបើកសម័យប្រជុំលើកទី២៦ របស់ខ្លួនចាប់ពីថ្ងៃទី១៩ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ៕