នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin និយាយថា ឥឡូវនេះគឺជាពេលវេលាដ៏ល្អមួយ ដើម្បីបើកកិច្ចពិភាក្សាជាមួយពួកយោធាភូមា ខណៈរបបដឹកនាំយោធាដែលបានធ្វើរដ្ឋប្រហារដណ្តើមអំណាចកាលពីឆ្នាំ២០២១ នាពេលនេះកំពុងចុះទន់ខ្សោយ។
ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ នាយករដ្ឋមន្ត្រីថៃ បាននិយាយថា របបដឹកនាំបច្ចុប្បន្ននៅប្រទេសភូមា កំពុងចាប់ផ្តើមបាត់បង់កម្លាំងរបស់ខ្លួនជាបណ្តើរៗហើយ។
យ៉ាងណាមិញ លោកអះអាងថា ទោះបីជាពួកយោធាកំពុងចុះទន់ខ្សោយក៏ដោយ ពួកគេនៅតែមានអំណាច នៅតែមានសព្វាវុធគ្រប់គ្រាន់ដើម្បីប្រយុទ្ធ។
លោក Srettha Thavisin បានបន្តថា គួរដល់ពេលហើយដែលត្រូវបោះដៃទៅរកពួកយោធា ហើយស្វែងរកការសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងមួយដែលលោកថា ពួកយោធាគួរចាប់ផ្តើមចរចាជាមួយភាគីម្ខាងទៀត។
តាមការថ្លែងរបស់នាយករដ្ឋមន្ត្រីថៃ ដែលបានផ្ដល់បទសម្ភាសន៍ឱ្យទីភ្នាក់ងារសារព័ត៌មាន Reutersទំនងលោកក៏ចង់ប្រាប់ទៅមេដឹកនាំអាស៊ាន ឱ្យរិះរកពេលវេលាដើម្បីជួបមេដឹកនាំយោធាភូមា ដើម្បីការចរចា ហើយឆ្ពោះទៅរកការចរចារវាងរបបសឹក និងក្រុមសម្ព័ន្ធភាពដែលប្រឆាំងនឹងរបបសឹក។
រយៈពេលជាច្រើនខែមកនេះ រដ្ឋាភិបាលយោធាភូមា បាននិងកំពុងស្ថិតក្នុងសមរភូមិដ៏តានតឹងជាមួយក្រុមចលនាតស៊ូដែលគាំទ្រដោយរដ្ឋាភិបាលស្រមោល នៅប៉ែកជាច្រើននៃផ្ទៃប្រទេស ហើយបានបាត់បង់មូលដ្ឋានទ័ព និងក្រុងសំខាន់ៗជាបន្តបន្ទាប់ទៅខាងក្រុមប្រឆាំង។
ទីតាំងឈរជើងរបស់ពួកយោធាជិត ៥០កន្លែងដែលនៅជាប់ព្រំដែនប្រទេសជិតខាង បានធ្លាក់ក្នុងកម្លាំងសម្ព័ន្ធភាពប្រឆាំងរបបសឹក ហើយចុងក្រោយនេះ មូលដ្ឋានទ័ពរបបសឹកដ៏សំខាន់មួយនៅជាប់ព្រំប្រទល់ប្រទេសថៃ បានធ្លាក់ក្នុងដៃរបបកងទ័ពការ៉េន ជាកងទ័ពជនជាតិដើមដែលសហការជាមួយកម្លាំងនៃក្រុមចលនាតស៊ូដែលគាំទ្រដោយរដ្ឋាភិបាលស្រមោល។
គិតចាប់តាំងពីការធ្វើរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់អ្នកស្រី អ៊ុងសាន ស៊ូជី កាលពីខែកុម្ភៈ ឆ្នាំ២០២១ មកទល់នឹងពេលនេះ កងទ័ពរបបសឹកជាង ២០០០នាក់ចុះចូលនឹងកម្លាំងប្រឆាំង ហើយចុងក្រោយនេះ កងទ័ពរបស់របបសឹកនេះជិត ៥០០នាក់ បានទម្លាក់អាវុធសុំចុះចូលនឹងកងទ័ពជាតិការ៉េន ក្រោយពីពួកគេមិនអាចការពារបានមូលដ្ឋានទ័ពនៃរបបសឹកដ៏សំខាន់មួយនៅទីក្រុង Myawaddy ជាប់នឹងព្រំដែនថៃ។
ជាមួយនឹងការធ្លាក់ដៃក្នុងការប្រយុទ្ធ របបសឹកភូមា បានកាត់ទោសឧត្តមសេនីយ៍របស់ខ្លួនចំនួន ១១នាក់ដែលពួកគេមានទោសអស់មួយជីវិត និងខ្លះទៀតមានទោសរហូតទោសប្រហារជីវិត ព្រោះតែរងបទចោទពីទោសក្បត់ជាតិ ដោយសារតែបណ្ដោយឱ្យកងទ័ពចុះចូលនឹងកម្លាំងប្រឆាំង។
តែទន្ទឹមនឹងនេះ របបសឹកភូមា ចេញច្បាប់កំណែនកងទ័ព។
តាមសារព័ត៌មាន Myanmar Now ចាប់ពីខែមេសា នេះទៅត្រូវកេណ្ឌយុវជនឱ្យចូលបំពេញកាតព្វកិច្ចកងទ័ពឱ្យបាន ៦០០០០នាក់ ដែលកំណត់មួយខែឱ្យបាន ៥០០០នាក់។
យ៉ាងណា របបសឹកកំពុងជួបផលវិបាក ព្រោះយុវជនពុំស្ម័គ្រចិត្តចូលបម្រើកងទ័ពឱ្យរបបយោធានេះទេ ដែលពួកគេភាគច្រើនរត់ចាកចេញពីប្រទេស និងខ្លះទៀតរត់ចូលព្រៃកាន់អាវុធជួយក្រុមកម្លាំងប្រឆាំង។
ខណៈនេះ សង្គ្រាមស៊ីវិលផ្ទុះស្ទើរទូទាំងប្រទេសភូមា ដែលនាំឱ្យប្រជាជនរត់ចោលភូមិ និងសហគមន៍របស់ពួកគេប្រមាណជាង ៣លាននាក់។
យោងតាមសមាគមជំនួយសម្រាប់អ្នកទោសនយោបាយនៅភូមា មនុស្សជាង ១៤៥០០នាក់ត្រូវបានចាប់ខ្លួន និងសម្លាប់ជាង ២ពាន់នាក់ ចាប់តាំងពីពួកយោធាឡើងកាន់អំណាចតាមរយៈរដ្ឋប្រហារនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ប៉ុន្តែក្នុងចំណោមអ្នកជាប់ឃុំនោះ គឺមានអ្នកនយោបាយប្រមាណ ៣០០នាក់ ហើយអ្នកស្រី អ៊ុងសាន ស៊ជី ជានិមិត្តរូបនៃកម្លាំងអ្នកប្រជាធិបតេយ្យភូមា ត្រូវបានរបបសឹកកាត់ឱ្យមានទោស ៣៣ឆ្នាំ។
របបសឹកភូមា ពុំមានតំណាងរបស់ខ្លួននៅអង្គការសហប្រជាជាតិនោះទេ។ របបខុសច្បាប់នេះ កំពុងរងការដាក់ទណ្ឌកម្មធ្ងន់ធ្ងរពីសហគមន៍អន្តរជាតិ។
សហគមន៍អន្តរជាតិដែលដាក់សម្ពាធលើរបបសឹក គឺជាការរុញឱ្យពួកយោធាដោះលែងអ្នកទោសមនសិការ អ្នកនយោបាយទាំងអស់ អ្នកស្រី អ៊ុងសាន ស៊ូជី និងប្រធានាធិបតី មីនម្យីន ហើយបើកផ្លូវទៅរកការចរចា និងការផ្ទេរអំណាចទៅឱ្យរដ្ឋាភិបាលស៊ីវិលវិញ៕