40.8 C
Phnom Penh

របប​សឹក​យោធា​នៅ​ភូមា អនុវត្ត​កំណែន​យុវជន​បម្រើ​កងទ័ព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ភូមា របប​សឹក​ភូមា ដាក់​ច្បាប់​កាតព្វកិច្ច​យោធា​ចាប់​បង្ខំ​យុវជន។ ច្បាប់​ថ្មី​នេះ សូម្បីតែ​ស្ត្រី​ភេទ​ក៏​តម្រូវ​ឲ្យ​យុវជន​ភូមា ទាំង​ប្រុស​ទាំង​ស្រី​ចាប់ពី​វ័យ ១៨​ឆ្នាំ ត្រូវ​បំពេញ​ករណីយកិច្ច​យោធា​យ៉ាង​តិច​រយៈពេល​ចំនួន ២​ឆ្នាំ។

ច្បាប់​កាតព្វកិច្ច​យោធា​នេះ ប្រកាស​ភ្លាម ហើយ​ចូល​ជា​ធរមាន​ភ្លាម​តែម្តង​នៅ​ថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២៤។ នេះ​បើ​តាម​សារព័ត៌មាន​ភូមា ឈ្មោះ Myanmar Now ចុះផ្សាយ​កាលពី​ថ្ងៃទី​១១ កុម្ភៈ។

បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​នៃ​របប​សឹក​ភូមា ក្រសួង​ការពារ​ជាតិ ត្រូវ​ផ្សព្វផ្សាយ​លម្អិត​អំពី​បទដ្ឋាន និង​បែបបទ​ណែនាំ​ការ​ចូល​បម្រើ​កងទ័ព ប៉ុន្តែ​របប​សឹក​ភូមា នៅ​ពុំ​ទាន់​ឲ្យ​ដឹង​អំពី​កាតព្វកិច្ច​យោធា ថា​តម្រូវ​ឲ្យ​ពួក​យុវជន​ត្រូវ​បំពេញ​កាតព្វកិច្ច​អ្វី​ខ្លះ​នៅឡើយ​ទេ។

អ្នក​នាំពាក្យ​របប​សឹក​ភូមា លោក Zaw Min Tun បាន​ឱ្យ​ដឹង​ថា ប្រព័ន្ធ​យោធា​សម្រាប់​ជាតិ​មួយ​នេះ​តម្រូវ​ឲ្យ​រួម​បញ្ចូល​កម្លាំង​ពលរដ្ឋ​ទាំងអស់​គ្នា ដើម្បី​ទប់ទល់​នឹង​ស្ថានការណ៍​ជាក់ស្តែង​ដែល​ប្រទេស​ជាតិ​ភូមា កំពុងតែ​ប្រឈមមុខ។

ពួក​យោធា​ភូមា បាន​ប្លន់​អំណាច​ពី​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១។ គិត​មក​ដល់​ថ្ងៃ​នេះ ចូល​ដល់​ឆ្នាំ​ទី​៤ ហើយ។ ចាប់ពី​របប​សឹក​ឡើង​កាន់​អំណាច​មក ប្រជាជន​ភូមា ទាំង​ប្រុស​ទាំង​ស្រី​បាន​ងើប​ឡើង​ប្រឆាំង​របប​សឹក​នេះ​នៅ​ទូទាំង​ប្រទេស។

ហេតុ​អ្វី​បាន​ជា​របប​សឹក​នៅ​ភូមា នៅ​ពេលនេះ ចាប់​បង្ខំ​យុវជន​ឲ្យ​ចូល​បម្រើ​កងទ័ព​នៃ​របប​របស់​ខ្លួន?

បើ​តាម​ស្ថានការណ៍​ជាក់ស្ដែង របប​សឹក​កំពុងតែ​ទន់​ដៃ​ប្រឈម​ប្រយុទ្ធ​នឹង​ចលនា​តស៊ូ​រំដោះ​ជាតិ​ដែល​ជា​កងកម្លាំង​សម្ព័ន្ធ​យោធា​ចំនួន​បី​រួម​គ្នា ហើយ​ភាគច្រើន​ជា​ជនជាតិ​ភាគតិច​ប្រដាប់​អាវុធ​រួម​នឹង​កម្លាំង​រដ្ឋាភិបាល​ស្រមោល​ដែល​ពួក​យោធា​ប្លន់​អំណាច។ សម្ព័ន្ធ​យោធា​នេះ​បាន​វាយប្រហារ​ដណ្តើម​កាន់​កាប់​យក​ទីតាំង​យុទ្ធសាស្ត្រ​បាន​ជិត ៤០​ទីតាំង​ដ៏​សំខាន់​របស់​របប​សឹក ទាំង​នៅ​ប៉ែក​ខាងជើង​ប្រទេស តាម​ព្រំដែន​ឥណ្ឌា និង​តាម​ព្រំដែន​ប្រទេស​ចិន ដែល​សុទ្ធសឹង​ជា​តំបន់​ពាណិជ្ជកម្ម​ភូមា នាំ​ទំនិញ​ចេញ​ទៅ​ចិន និង​ឥណ្ឌា។

ស្រប​ពេល​ដែល​ក្រុម​ប្រឆាំង​វាយ​កាន់កាប់​បាន​ទីតាំង​ឈរជើង​កាន់តែ​ច្រើន​ឡើងៗ ពួក​យោធា​ភូមា មួយ​ចំនួន​បាន​រត់​ចោល​ជួរ ហើយ​ខ្លះ​ទៀត​រត់​ចូល​ទឹកដី​ឥណ្ឌា និង​ទឹកដី​ចិន រហូត​មាន​ទាំង​ឧត្តមសេនីយ៍​ទៀត​ផង។ នា​ពេល​ថ្មីៗ​នេះ ពួក​យោធា​ចាប់​ខ្លួន​ឧត្តមសេនីយ៍ ៦​រូប ហើយ ៣​រូប​កាត់ទោស​ប្រហារ​ជីវិត ព្រោះតែ​ដឹកនាំ​ទ័ព​ចុះចូល​ក្រុម​ប្រឆាំង និង​រត់​ចោល​សមរភូមិ។

តាម​ប្រភព​ព័ត៌មាន​របស់​ភូមា កងទ័ព​ភូមា​កំពុងតែ​បាក់​ទឹកចិត្ត​ប្រយុទ្ធ​ដែល​រាប់​តាំងពី​ទាហាន​ថ្នាក់​តូច​ដល់​នាយ​យោធា​ថ្នាក់ខ្ពស់។

ប្រទេស​ភូមា ធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិល​ភ្លាមៗ​ក្រោយពី​រដ្ឋប្រហារ​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១ ដែល​ជា​ការ​បិទ​បញ្ចប់​សម័យកាល​ប្រជាធិបតេយ្យ​មាន​អាយុ​ត្រឹម ៥​ឆ្នាំ ក្រោម​ការ​ដឹកនាំ​របស់​អ្នក​ប្រជាធិបតេយ្យ អ្នកស្រី អ៊ុងសាន ស៊ូជី។

ក្នុង​អន្តរកាល​នេះ សហគមន៍​អន្តរជាតិ អង្គការ​សហប្រជាជាតិ សហភាព​អឺរ៉ុប សហរដ្ឋ​អាមេរិក កាណាដា អូស្ត្រាលី ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និង​សមាគម​អាស៊ាន នៅតែ​បង្ខំ​ឱ្យ​ពួក​យោធា​អនុវត្ត​គោលការណ៍​ប្រាំ​ចំណុច​នៃ​មេដឹកនាំ​អាស៊ាន ដែល​បាន​ធ្វើឡើង​នៅ​ចំពោះ​មុខ​មេ​រដ្ឋប្រហារ​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង កាលពី​ថ្ងៃទី​៤ ខែ​មេសា ឆ្នាំ​២០២៣ នៅ​ទីក្រុង​ចាកាតា ប្រទេស​ឥណ្ឌូនេស៊ី។

ផែនការ​ប្រាំ​ចំណុច​នេះ​រួម​មាន បង្ខំ​ឱ្យ​ដោះលែង​អ្នកទោស​នយោបាយ​ទាំងអស់​មាន​ទាំង​អ្នកស្រី អ៊ុងសាន ស៊ូជី រដ្ឋមន្ដ្រី​ការបរទេស និង​ជា​ប្រធាន​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ និង​ប្រធានាធិបតី មីនម្យីន។ អ្នកទោស​នយោបាយ​ដែល​ពួក​យោធា​ចាប់​ឃុំ​ខ្លួន​យ៉ាង​តិច​មាន ៣០០​នាក់។ ចំណែក​អ្នកស្រី អ៊ុងសាន ស៊ូជី មាន​ទោស​ជាង ៣០​ឆ្នាំ ។ នៅ​ពេលនេះ អ្នកស្រី​ស្ថិត​នៅ​ក្នុង​ការ​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ​មួយ​នៅ​ជាយ​ទីក្រុង​ណៃពិដោរ នៅ​ពេល​ដែល​អ្នកទោស​នយោបាយ​រាប់​រយ​ទៀត​ឃុំ​ខ្លួន​នៅ​ក្នុង​គុក។ ប្រជាជន​ភូមា ដែល​ស្រឡាញ់​សន្តិភាព​ប្រជាធិបតេយ្យ ជាពិសេស​គឺ​យុវជន សម្រុក​កាន់​អាវុធ​ជាមួយ​នឹង​ក្រុម​ប្រឆាំង​របប​សឹក។

នៅ​ពេល​ដែល​យុវជន​ភាគច្រើន​ចូលរួម​ប្រឆាំង​នឹង​របប​សឹក​នេះ គេ​សង្កេត​ឃើញ​ថា​របប​សឹក​កំពុងតែ​បាត់បង់​កម្លាំង​ប្រយុទ្ធ​របស់​ខ្លួន​យ៉ាង​ខ្លាំង ព្រោះតែ​យុវជន​លែង​គាំទ្រ​របប​នេះ លើកលែងតែ​យុវជន​នៃ​គ្រួសារ​បក្សពួក​របស់​របប​សឹក​តែប៉ុណ្ណោះ។

អ្នក​សង្កេតការណ៍ អ្នកវិភាគ មើល​ឃើញ​ថា ចាប់ពី​ថ្ងៃ​នេះ​តទៅ មិន​រំពឹង​ថា​យុវជន​ស្ម័គ្រចិត្ត​ចូល​បម្រើ​កងទ័ព​តាម​ច្បាប់​ចាប់​បង្ខំ​នេះ​នោះ​ទេ ព្រោះ​ថា​សង្គ្រាម​ស៊ីវិល​មិន​ត្រឹមតែ​នៅ​តាម​ព្រំដែន​នោះ​ទេ គឺ​កំពុងតែ​ផ្ទុះ​ខ្លាំង​សូម្បីតែ​នៅ​ទីក្រុង​ក្បែរ​ទីតាំង​បញ្ជាការដ្ឋាន​ធំៗ​ខាង​ពួក​យោធា ក៏​មាន​ការ​ពើប​ប្រយុទ្ធ​គ្នា​ផង​ដែរ។ កម្លាំង​យុវជន ការពិត​រង់ចាំ​តែ​ឱកាស​មក​ដល់​ដើម្បី​ផ្ដួល​រំលំ​របប​សឹក​តែប៉ុណ្ណោះ។

ក្នុង​អំឡុង​ប្រទេស​កំពុង​ធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិល​នេះ រដ្ឋ​អំណាច​ភូមា​បាន​គាប​សង្កត់​លើ​ក្រុម​អ្នក​ប្រឆាំង បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោច ៦០០០​នាក់​ស្លាប់ ជាង ២៦០០០​នាក់​ត្រូវ​ចាប់​ឃុំ​ខ្លួន និង​ជាង ៣​លាន​នាក់​ក្លាយ​ជា​ជន​ភៀសខ្លួន។ កាលពី​ខួប ៣​ឆ្នាំ​នៃ​ការ​ប្លន់​អំណាច​របស់​ពួក​យោធា អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន​អំពាវនាវ​ទៅ​របប​សឹក ឲ្យ​ព្យាយាម​រិះរក​ពេលវេលា​ដើម្បី​ផ្ទេរ​អំណាច​ទៅ​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​ឡើងវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស