អត្ថបទដោយ៖ តាំង សារ៉ាដា
ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ នេះ ជាគម្រប់ខួបលើកទី ៤៩ឆ្នាំនៃការដួលរលំនៃរបប លន់ នល់ ដែលគាំទ្រដោយអាមេរិក ហើយជាពេលដែលកម្ពុជាធ្លាក់ក្រោមកណ្ដាប់ដៃនៃរបបខ្មែរក្រហមដែរ។
ជាធម្មតា នៅពាក់កណ្តាលខែមេសា ពលរដ្ឋខ្មែរទូទាំងប្រទេសនាំគ្នាប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ហើយនៅថ្ងៃទី១៧ ខែមេសា កាលពី ៤៩ឆ្នាំមុន ជាថ្ងៃដែលខ្មែរក្រហមវាយបំបែកសមរភូមិចុងក្រោយ គឺទីក្រុងភ្នំពេញ ស្របពេលដែលពលរដ្ឋខ្មែរនៅទីក្រុងភ្នំពេញពេលនោះកំពុងប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ដោយគ្មានអ្នកណាម្នាក់ធ្លាប់គិតថានឹងនិរាសព្រាត់ប្រាសគ្រួសារដែលអាចកើតឡើងមួយពព្រិចភ្នែកបែបនេះទេ។
ចំណែកនៅខែមេសា ឆ្នាំ២០២៤ នេះ ដូចអ្វីដែលបានគ្រោងទុក គឺជាថ្ងៃដែលអតីតនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ប្រធានបក្សកាន់អំណាច និងជាប្រធានឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រ បានជាប់ឆ្នោតជាប្រធានដឹកនាំស្ថាប័នព្រឹទ្ធសភា។
ក្នុងឋានៈជាប្រធានព្រឹទ្ធសភាដែលជាប្រមុខរដ្ឋស្តីទីនៅពេលដែលព្រះមហាក្សត្រអវត្តមានពីប្រទេស លោកក៏នឹងចុះហត្ថលេខាលើឯកសារជាតិសំខាន់ៗ ឬព្រះរាជក្រឹត្យនានាដែលស្នើដោយនាយករដ្ឋមន្ត្រី។ លោកក៏ជាប្រធានក្រុមប្រឹក្សារាជបល្ល័ង្កដែលជាស្ថាប័នជ្រើសរើសអ្នកស្នងរាជ្យផងដែរ ដែលអ្នកវិភាគខ្លះលើកឡើងថា ការឡើងកាន់អំណាចរបស់លោក ហ៊ុន សែន នៅពេលនេះ ប្រៀបដូចជាព្រះ ស្រីជេដ្ឋាធិរាជរាមាធិបតី ឬហៅស្តេចកន ជ្រែករាជ្យពីព្រះបាទសុគន្ធបទ ដូច្នោះដែរ។
ប្រវត្តិវិទូទាំងបរទេស និងខ្មែរ ដូចជា វ៉ាន់ឌី កាអុន និងលោក David Chandler បានសរសេរថា ស្របពេលដែលប្រជាជនខ្មែរក្នុងទីក្រុងភ្នំពេញកំពុងប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមវាយបំបែកសមរភូមិចុងក្រោយទីក្រុងភ្នំពេញ ចំណែកឯកងទ័ពសាធារណរដ្ឋខ្មែរលើកទង់ជ័យស ព្រមចុះចាញ់។ ពលរដ្ឋខ្មែរទាំងអស់រីករាយ ហើយសង្ឃឹមថាប្រទេសជាតិនឹងមានសន្តិសុខ និងសុខសាន្តត្រាណហើយ ព្រោះកងទ័ពខ្មែរក្រហមពេលនោះស្ថិតក្រោមរដ្ឋាភិបាលដែលមានសម្តេចព្រះនរោត្តម សីហនុ ជាប្រមុខរដ្ឋ។
ទាហានខ្មែរក្រហមដែលមានសម្លៀកបំពាក់ខ្មៅ ភាគច្រើនជាក្មេងមានអាយុចន្លោះពី ១៦ ទៅដល់ ១៧ឆ្នាំ ពួកគេមានទឹកមុខមាំ មិនញញឹមញញែមបន្តិចណាសោះ។ ទាហានទាំងនោះបានប្រកាសឲ្យប្រជាជនចេញពីទីក្រុង ពី ២ ទៅ ៣ថ្ងៃ ដោយមិនចាំបាច់យកសម្ភារៈទៅច្រើនពេកទេ ព្រោះប្រជាជនទាំងនោះអាចត្រឡប់មកស្រុកវិញក្រោយពេល ២ ឬ ៣ថ្ងៃទៀត។ គ្មានអ្នកណាម្នាក់ធ្លាប់គិតថា ការនិរាសព្រាត់ប្រាសគ្រួសារកើតឡើងមួយពព្រិចភ្នែកបែបសោះ។
នៅពេលដែលប្រជាជន ១៧ មេសា ណាដើរយឺត ត្រូវកងទ័ពខ្មែរក្រហមបាញ់សម្លាប់ចោលនៅតាមដងផ្លូវតែម្តង ហើយប្រជាជនរាប់សែននាក់ដែលព្យាយាមចាកចេញពីក្រុងតាមបទបញ្ជានោះ ដឹងច្បាស់ថាពួកគេទំនងជាគ្មានវាសនាត្រឡប់មកជួបជុំបងប្អូន ឬម្តាយឪពុកនៅឯផ្ទះវិញឡើយ។
ប្រជាជនខ្លះដែលចាស់ជរានោះ ដួលឈឺដេករណូករណែលតាមដងផ្លូវ សូម្បីអ្នកជំងឺដែលដើរមិនរួចនោះ ក៏ត្រូវបង្ខំចិត្តវារចេញពីមន្ទីរពេទ្យជាមួយមនុស្សរាប់សែននាក់ទៀតដែរ។
ក្រៅពីជម្លៀសមនុស្សចេញពីទីក្រុងហើយ ខ្មែរក្រហមបានលុបចោលរាល់កម្មសិទ្ធិឯកជន រូបិយវត្ថុជាតិក៏ត្រូវគេបោះបង់ ហើយធនាគារជាតិរងការបំផ្លិចបំផ្លាញមិនដំណើរការបានឡើយ។ ចំណែកទីតាំងរោងចក្រឧស្សាហកម្មវិញ ត្រូវគេបោះបង់ចោលមិនអាចដំណើរការទេ គ្មានឡើយកម្មសិទ្ធិឯកជន ព្រោះគ្រប់យ៉ាងត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋ។ វត្តអារាម ដែលធ្លាប់ជាកន្លែងសក្ការបូជាតាមបែបព្រះពុទ្ធសាសនានោះ ត្រឡប់ទៅកន្លែងចិញ្ចឹមជ្រូក ហើយព្រះសង្ឃត្រូវខ្មែរក្រហមចាប់ផ្សឹក និងធ្វើទុក្ខបុកម្នេញ ឬសម្លាប់ផងក៏មានដែរ។
អតីតប្រធានមន្ទីរស២១ ឬគុកទួលស្លែង លោក កាំង ហ្កេចអ៊ាវ ហៅឌុច ធ្លាប់បានសារភាពនៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាកន្លងមកថា ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ គឺជាថ្ងៃដំបូងនៃការចាប់ផ្ដើមនូវភាពមហន្តរាយនៃប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ ប៉ុល ពត ដែលជាអគ្គលេខាបក្សដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យ។ ឌុច អះអាងថា ក្រោយថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ប៉ុល ពត កើតចិត្តភ្លើតភ្លើនខ្លាំងណាស់ បានលើកមាគ៌ាដែលប៉ះពាល់ដល់អាយុជីវិតមនុស្ស។ នេះមកពី ប៉ុល ពត គាត់មានសព្វមានគ្រប់។
ក្រឡេកមកមើលទីក្រុងភ្នំពេញនៅខែមេសា ឆ្នាំ២០២៤ ឯណេះវិញ ព្រះមហាក្សត្រខ្មែរព្រះបាទ នរោត្តម សីហមុនី បានប្រោសព្រះរាជទានតែងតាំងលោក សាយ ឈុំ ជាឧត្ដមប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្រមានឋានៈស្មើនាយករដ្ឋមន្ត្រី។ លោក សាយ ឈុំ បានបន្តដឹកនាំព្រឹទ្ធសភា គិតចាប់តាំងពីមរណភាពរបស់អតីតប្រធានព្រឹទ្ធសភា គឺលោក ជា ស៊ីម ដែលជាអតីតប្រធានគណបក្សប្រជាជនកម្ពុជា។
អ្នកវិភាគនយោបាយមួយចំនួនសង្កេតឃើញថា ការតែងតាំងលោក សាយ ឈុំ ជាការផ្តល់ភ្លើងខៀវឱ្យអតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ចូលកាន់តំណែងជាប្រធានព្រឹទ្ធសភាសម្រាប់អាណត្តិទី៥ ទៅតាមការគ្រោងទុករបស់លោក ហ៊ុន សែន ដើម្បីដឹកនាំប្រទេសពីសំណាក់ក្រុមគ្រួសាររបស់ខ្លួន។
ជាក់ស្តែងនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ដូចការគ្រោងទុក លោក ហ៊ុន សែន បានឡើងកាន់តំណែងជាប្រធានព្រឹទ្ធសភា ក្រោយចាកចេញពីកៅអីនយោបាយដ៏កំពូលបាន ៧ខែ បន្ទាប់ពីប្រគល់កៅអីនាយករដ្ឋមន្ត្រីឲ្យទៅកូនប្រុសច្បងរបស់គាត់ គឺលោក ហ៊ុន ម៉ាណែត ក្នុងខែសីហា ឆ្នាំ២០២៣ រួចមក។ តំណែងប្រធានព្រឹទ្ធសភាជាតំណែងដែលផ្តល់តួនាទីកាន់តែទូលាយមិនត្រឹមតែគ្រប់គ្រងទៅលើស្ថាប័ននីតិប្រតិបត្តិប៉ុណ្ណោះទេ ប៉ុន្តែបានអូសបន្លាយរហូតដល់ស្ថាប័ននីតិប្បញ្ញត្តិដ៏កំពូលផងដែរ។
ការឡើងកាន់តំណែងជាប្រធានព្រឹទ្ធសភារបស់លោក ហ៊ុន សែន ត្រូវបានក្រុមអ្នកវិភាគលើកឡើងថា ប្រទេសកម្ពុជាកំពុងស្ថិតក្រោមការដឹកនាំបែបគ្រួសារនិយម និងប្រៀបដូចជាព្រះស្រីជេដ្ឋាធិរាជរាមាធិបតី ស្តេចកន ឡើងជ្រែករាជ្យពីព្រះបាទសុគន្ធបទ ដូច្នោះដែរ ពីព្រោះក្នុងឋានៈជាប្រធានព្រឹទ្ធសភាដែលជាប្រមុខរដ្ឋស្តីទីនៅពេលដែលព្រះមហាក្សត្រអវត្តមានពីប្រទេស លោកក៏នឹងចុះហត្ថលេខាលើឯកសារជាតិសំខាន់ៗ ឬព្រះរាជក្រឹត្យនានាដែលស្នើដោយនាយករដ្ឋមន្ត្រីជាស្វ័យប្រវត្តិ។ លោកក៏ជាប្រធានក្រុមប្រឹក្សារាជបល្ល័ង្កដែលជាស្ថាប័នជ្រើសរើសអ្នកស្នងរាជ្យផងដែរ។
ត្រង់ចំណុចនេះ បើក្រឡេកទៅមើលប្រវត្តិសាស្ត្រក្នុងឯកសារពង្សាវតារខ្មែរដែលលោក ហ៊ុន សែន តែងប្រៀបប្រដូចខ្លួនលោកទៅនឹងស្តេចកន នោះបានលើកឡើងថា នៅដើមសតវត្សទី១៦ ព្រះរាជាខ្មែរដែលឡើងគ្រងរាជ្យបន្ទាប់ពីព្រះបាទសុគន្ធបទ គឺជាអតីតក្មេងវត្តម្នាក់មានឈ្មោះថា នាយកន។ ក្មេងវត្តកន បានត្រូវព្រះបាទសុគន្ធបទ ជួយទំនុកបម្រុង ហើយតែងតាំងជាឃុនហ្លួងព្រះស្ដេចកន។ បន្ទាប់មក ក្មេងវត្តកន ក៏ក្បត់ស្ដេចផែនដី ហើយវាយដណ្ដើមរាជ្យតែម្តង។
យោងតាមឯកសារពង្សាវតារខ្មែរបានលើកឡើងថា ព្រះស្ដេចកន ដែលជាស្ដេចដណ្ដើមរាជ្យពីព្រះបាទសុគន្ធបទ កើតក្នុងឆ្នាំរោង នៅស្រុកស្រីសន្ធរ (បច្ចុប្បន្ន ខេត្តកំពង់ចាម)។ ក្មេងវត្តកន មានកំណើតក្នុងត្រកូលអ្នកងារដែលជាវណ្ណៈទាបបំផុតនៃសម័យនោះ ហើយមិនជាប់ពូជពង្សក្នុងត្រកូលរាជវង្សនោះទេ។
គ្រួសាររបស់នាយកន ស្ថិតក្នុងក្រុមពលព្រះ គឺជាក្រុមអ្នកងារមានភារៈជាអ្នកថែរក្សាបោសសម្អាតវត្ត។ ឪពុករបស់នាយកន នាមពិជ័យនាគ និងម្តាយនាម នាងបាន។
នាយកន មានបងស្រីម្នាក់ឈ្មោះ ស ហើយល្បីថាមានរូបឆោមបវរល្អលើសស្រីទាំងពួង រហូតដល់ព្រះបាទសុគន្ធបទ សព្វព្រះរាជហឫទ័យយ៉ាងខ្លាំង ហើយទទួលយកនាងធ្វើជាស្នំឯក និងនាំយកនាងទៅរស់នៅក្នុងព្រះបរមរាជវាំង។
លោក អាដេម៉ារ ឡឺក្លែរ (Adhémard Leclére) អតីតរ៉េស៊ីដង់បារាំង ប្រចាំនៅកម្ពុជា សរសេរថា ដោយសព្វព្រះរាជហឫទ័យនឹងនាង ស នេះខ្លាំង ព្រះបាទស្រីសុគន្ធបទ ក៏យកចិត្តទុកដាក់ចំពោះគ្រួសារនាងស នេះជាពិសេសដែរ។
ព្រះអង្គបានលើកតម្កើងឪពុកនាងឲ្យក្លាយទៅជាមន្ត្រី។ ម្តាយនាងក្លាយទៅជានាគម៉ែ។ នាយកន ជាប្អូនប្រុស ឲ្យទៅជាមហាតលិក (មហាថ្លឹក) និងជាឧកញ៉ាម៉ឺនស្នេហាចមចិត្ត។ រីឯនាងស ខ្លួនឯង ជាអ្នកម្នាងកេសបុប្ផា។ តាមខ្សែរយៈបងស្រីដែលជាស្នំឯករបស់ស្ដេចផែនដីនេះហើយ ដែលនាយកន បានចូលបម្រើការនៅឯក្នុងព្រះរាជវាំង ហើយបានក្លាយជាមន្ត្រីជំនិតរបស់ព្រះរាជា។
ព្រះបាទសុគន្ធបទ ក៏មានព្រះទ័យចង់លោះស្នំឯក និងនាយកន ឲ្យរួចចាកផុតពីឋានៈជាពលព្រះ ក៏ប៉ុន្តែនៅពេលដែលព្រះអង្គពិគ្រោះយោបល់ជាមួយសេនាមន្ត្រីទៅ មន្ត្រីទូលតបវិញថា ច្បាប់មិនអនុញ្ញាតឱ្យព្រះអង្គធ្វើបែបនេះបានឡើយ ដ្បិតបើមានកំណើតជាពលព្រះហើយ គឺជាប់ក្នុងឋានៈនេះអស់រយៈពេល ៥ពាន់ឆ្នាំ។ ទោះជាស្ដេចផែនដី ក៏មិនអាចបំពានច្បាប់នេះបានឡើយ។
ដោយមិនអាចប្រគល់តំណែងធំដុំណាមួយឲ្យនាយកន បាន ព្រះបាទសុគន្ធបទ បានត្រឹមលើកប្អូនថ្លៃឲ្យមានងារត្រឹមឃុនហ្លួងព្រះស្ដេចកន តែប៉ុណ្ណោះ។ នេះជាតំណែងមួយដែលមានសិទ្ធិអំណាចត្រួតត្រាអ្នកងារក្នុងក្រុមពលព្រះដូចគ្នា តែក៏មានអំណាចអាចកាត់ទោស និងផ្ដន្ទាទោសជនណាដែលមាក់ងាយព្រះពុទ្ធសាសនា មិនគោរពអាចារ្យ និងចាស់ព្រឹទ្ធាចារ្យ ជាដើម។
ការឡើងបុណ្យស័ក្តិតាំងពីក្មេងវត្ត រហូតដល់តំណែងខ្ពស់មួយនៅក្នុងរាជវាំង តាមរយៈសាច់ញាតិនេះ បានធ្វើឱ្យនាយកន កើតជំងឺរៀបឫកមិនទាន់។ មិនយូរប៉ុន្មាន នាយកនភ្លេចកំណើតខ្លួនថាជាក្មេងវត្តនៃក្រុមពលព្រះ ហើយចាប់ផ្ដើមវាយឫកមាក់ងាយមន្ត្រីឯទៀតៗ ដែលធ្វើឲ្យមន្ត្រីជើងចាស់ក្នុងរាជវាំងទាំងឡាយនាំគ្នាស្អប់គុំកួនជាខ្លាំង ហើយរៀបចំផែនការប្រឆាំងនឹងនាយកន។ ពួកគេបានទូលថ្វាយស្ដេចផែនដីថា នាយកន មានគំនិតក្បត់ចង់ដណ្ដើមរាជ្យ ហើយត្រូវតែកម្ចាត់ចោល។
ពង្សាវតារខ្មែរ សរសេរថា ស្ដេចសោយរាជ្យ គឺព្រះបាទសុគន្ធបទ ទ្រង់សុបិនឃើញនាគរាជដេញខាំព្រះអង្គ ហើយពាំយកទាំងស្វេតច្ឆត្ររបស់ព្រះអង្គទៅបាត់ផង។ ពួកហោរា បានទាយពីសុបិននេះថា អាចនឹងមានកោលាហលកើតឡើងបង្កដោយព្រះស្ដេចកន ដែលកើតនៅឆ្នាំរោង គឺឆ្នាំនាគនោះ ហើយថាត្រូវតែកម្ចាត់នាយកន ចោល។ ផែនការនេះ ត្រូវបងស្រីរបស់នាយកន លួចស្តាប់ឮ ហើយប្រាប់នាយកន ឲ្យដឹងខ្លួនជាមុន។ នាយកន ក៏រត់ភៀសខ្លួន ហើយទៅបង្កទ័ពបកមកវាយស្ដេចផែនដីវិញ។
នៅក្នុងបេសកកម្មដណ្ដើមអំណាចពីស្ដេចផែនដីនេះ នាយកន ប្រើប្រាស់អំពើហិង្សាឃោរឃៅ និងបោកប្រាស់រាស្ត្រ ឲ្យមកចុះចូលជាមួយនឹងខ្លួន។ នាយកន បានសម្លាប់ចៅហ្វាយខេត្តបាភ្នំ ដើម្បីដណ្ដើមកាន់កាប់ខេត្តនេះ ហើយបោកបញ្ឆោតប្រាប់អ្នកស្រុកថា ចៅហ្វាយខេត្តនេះក្បត់ទៅចូលដៃជាមួយព្រះបាទច័ន្ទរាជា ដែលជាព្រះអនុជរបស់ព្រះបាទសុគន្ធបទ ដែលមានបំណងបំបែកខ្លួនឡើងសោយរាជ្យនៅចតុមុខ។
ពាក្យឃោសនាថា ព្រះច័ន្ទរាជា មានបំណងក្បត់ស្ដេចផែនដីជាបងបង្កើតនេះ បានបង្កឲ្យមានការមិនទុកចិត្តគ្នារវាងបង និងប្អូន។ ទីបំផុត ព្រះច័ន្ទរាជា ក៏ភៀសព្រះកាយចាកចោលក្រុងចតុមុខ រួចទៅសុំជ្រកកោនជាមួយស្ដេចសៀម។
បន្ទាប់មក នាយកន បានប្រាប់អ្នកស្រុកថា តាមពិតការកេណ្ឌទ័ពនេះ គឺដើម្បីដណ្ដើមរាជ្យពីព្រះរាជា យកទៅថ្វាយក្មួយបង្កើតរបស់ខ្លួន ដែលត្រូវជាបុត្ររបស់អ្នកម្នាងកេសបុប្ផាទេ។ មិនតែប៉ុណ្ណោះ នាយកន ប្រកាសថា ពេលខ្លួនដណ្ដើមរាជ្យបាន ពួកពលព្រះទាំងអស់ នឹងទទួលបាននូវសេរីភាពជាអ្នកជាធម្មតាឡើងវិញ។ ជាការទាក់ទាញទឹកចិត្តអ្នកដទៃទៀត នាយកន បានសន្យាថា ពេលដែលដណ្ដើមរាជ្យបាន រាល់អ្នកជាណាដែលធ្លាប់ធ្វើខ្ញុំគេ នឹងបានឡើងធ្វើជាមន្ត្រី ហើយរីឯអ្នកដែលធ្លាប់ធ្វើជាមន្ត្រីស្រាប់ នឹងបានឡើងជាមន្ត្រីធំជាងនេះទៀត។
ទីបំផុត ស្ដេចកន ក៏ដណ្ដើមរាជ្យបានពីព្រះបាទស្រីសុគន្ធបទ ជាបងថ្លៃ ដោយប្រើល្បិចឲ្យដៃជើងរបស់ខ្លួនឈ្មោះ ឱកម៉ឺន សុរិន្ទកែវ ទៅបង្កប់ខ្លួននៅក្នុងព្រះរាជវាំង ហើយឆក់ឱកាសធ្វើគត់ស្ដេចផែនដីតែម្តង។
ដោយរកគ្រឿងបញ្ចក្សត្រសម្រាប់ឡើងគ្រងរាជ្យមិនឃើញ ស្ដេចកន ក៏បានចាត់ឲ្យធ្វើព្រះខ័នថ្មី ហើយរៀបពិធីអភិសេកឡើងសោយរាជ្យសម្បត្តិ ជាមួយនឹងព្រះខ័នក្លែងក្លាយនោះក្នុង គ.ស ១៥១២ នៅរាជធានីទួលបាសាន។ ព្រះអង្គមានព្រះនាមក្នុងរាជស័ព្ទថា ព្រះបាទសម្ដេចព្រះស្រីជេដ្ឋាធិរាជរាមាធិបតី។
រាជពង្សាវតារខ្មែរ សរសេរថា បន្ទាប់ពីដណ្ដើមរាជ្យបានពេញក្នុងដៃហើយ ស្ដេចកន បានលើកបន្តុបបក្ខពួក និងគ្រួសាររបស់ខ្លួនឲ្យមានឋានៈធំដុំក្នុងជួរអ្នកដឹកនាំ។
ស្ដេចកន លើកឪពុកមាឈ្មោះ កៅ ដែលជាមេទ័ពធំ ឲ្យមានឋានៈជាសម្ដេចចៅហ្វ៊ាទឡ្ហៈ ដែលមានឋានន្តរស័ក្តិថ្នាក់ខ្ពស់បំផុតនៃមន្ត្រីក្នុងកម្ពុជរដ្ឋនាបុរាណសម័យ។ រីឯក្រុមបរិវារដៃជើងដទៃទៀត ក៏ព្រះមហាក្សត្រថ្មីនេះប្រទានឲ្យមានយសស័ក្ដិតាមគុណបំណាច់រៀងៗខ្លួន។
ស្ដេចកន ទ្រង់លើកលែងមិនឲ្យយកសួយសារអាករមួយរដូវតាមបុរាណប្រវេណី ដែលផ្លាស់ផែនដីថ្មី។ ម្យ៉ាងទៀត ដោយចង់ឲ្យមានជាប់កេរដំណែលនៃរាជ្យរបស់ព្រះអង្គ ព្រះស្រីជេដ្ឋាធិរាជស្ដេចកន ទ្រង់បានប្ដូររាជធានីពីទួលបាសាន ទៅទិសខាងកើត ហើយសាងក្រុងថ្មីនៅត្រង់ចន្លក់ដូងតី។ តែព្រះអង្គគង់នៅទីនោះបានតែប្រាំខែប៉ុណ្ណោះ ក៏ទ្រង់យាងទៅសាងក្រុងថ្មីមួយទៀតនៅភូមិស្រឡប់ពិជ័យ ចុងខេត្តត្បូងឃ្មុំ ទល់ដែនខេត្តបាភ្នំ។
ព្រះស្រីជេដ្ឋា សោយរាជ្យដោយសុខសន្តិភាពបានតែបី ឬបួនឆ្នាំប៉ុណ្ណោះ ក៏ត្រូវរងនឹងសង្គ្រាមស៊ីវិលមួយដែលអូសបន្លាយអស់រយៈពេលជិតដប់ឆ្នាំ ជាមួយនឹងព្រះអង្គច័ន្ទរាជា ដែលជាព្រះអនុជរបស់ព្រះបាទសុគន្ធបទ ដែលវិលត្រឡប់មកពីប្រទេសសៀម ដើម្បីច្បាំងដណ្ដើមរាជ្យពីស្ដេចកន វិញ។
ព្រះអង្គច័ន្ទ កាន់កាប់តំបន់ខាងលិចតាមមាត់បឹងទន្លេសាប ដែលមានសក្ដានុពលសេដ្ឋកិច្ចជាងនាយកន ដែលគ្រប់គ្រងនៅភាគខាងកើត ហើយព្រះអង្គច័ន្ទ ទ្រង់យកព្រះទ័យទុកដាក់ក្នុងកិច្ចការជំនួញជាមួយបរទេសណាស់។
រីឯស្ដេចកន វិញ មិនយកចិត្តទុកដាក់នឹងកិច្ចការជំនួញទេ។ ជាងនេះទៅទៀត ដើម្បីទាក់ទាញទឹកចិត្តប្រជារាស្ត្រ ស្ដេចកន បានបន្ធូរបន្ថយមិនយកពន្ធ ដែលអាចធ្វើឲ្យមានវិបត្តិសេដ្ឋកិច្ច រួចដែលនាំឲ្យចាញ់សង្គ្រាមតែម្តង។
នៅចុងបញ្ចប់នៃសង្គ្រាមស៊ីវិលនេះ ព្រះស្រីជេដ្ឋាព្រះស្ដេចកន ត្រូវទ័ពព្រះអង្គច័ន្ទ ព័ទ្ធជាប់ក្នុងបន្ទាយអស់រយៈពេលបីខែ។ ព្រះអង្គត្រូវរងរបួសជាទម្ងន់ ហើយត្រូវចាប់ខ្លួនបាន និងនៅទីអវសានស្ដេចកន ដែលជាអតីតក្មេងវត្តនៃក្រុមពលព្រះ ហើយវាយដណ្ដើមយករាជ្យពីព្រះបាទសុគន្ធបទ នេះ ត្រូវបានទ័ពរបស់ព្រះច័ន្ទរាជា កាត់ព្រះសិរសា ឬកាត់ក្បាល រួចយកទៅដោតនៅមុខបន្ទាយស្រឡប់ពិជ័យ ដើម្បីជាបំរាមដល់មនុស្សទូទៅកុំឱ្យធ្វើតម្រាប់តាម។
ចំណែកឯលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឯណេះវិញ បន្ទាប់ពីឡើងកាន់តំណែងជាប្រធានព្រឹទ្ធសភា តើលោក ហ៊ុន សែន មានវិសាលភាពអំណាចបែបណា?
លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា និងជាអ្នកឆ្លើយឆ្លងព័ត៌មាន Kyodo របស់ជប៉ុន បានសរសេរបង្ហោះនៅលើសារព័ត៌មានអនឡាញដែលគាំទ្ររដ្ឋាភិបាល Fresh News ថា អតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានក្លាយជាប្រធានព្រឹទ្ធសភាដែលជាតំណែងផ្តល់តួនាទីកាន់តែទូលាយមិនត្រឹមតែជាដើមខ្សែអូសបន្ទាត់នយោបាយទៅលើស្ថាប័ននីតិប្រតិបត្តិប៉ុណ្ណោះទេ ប៉ុន្តែបានបន្លាយរហូតដល់ស្ថាប័ននីតិប្បញ្ញត្តិដ៏កំពូលមួយទៀត។
លោក ពុយ គា សរសេរថា ជាប្រធានគណបក្សកាន់អំណាច លោក ហ៊ុន សែន អាចតែងតាំង ដោះដូរ និងមានឥទ្ធិពលពេញលេញទៅលើឥស្សរជននយោបាយគ្រប់រូប សូម្បីតែនាយករដ្ឋមន្ត្រី។
ប្រភពដដែលអះអាងថា លោក ហ៊ុន សែន នឹងក្លាយជាប្រមុខរដ្ឋស្តីទីនៅពេលដែលព្រះមហាក្សត្រអវត្តមានពីប្រទេស ហើយពេលនោះ លោក ហ៊ុន សែន នឹងចុះហត្ថលេខាលើឯកសារជាតិសំខាន់ៗ ឬព្រះរាជក្រឹត្យនានាដែរ។
ជាប្រធានក្រុមប្រឹក្សារាជបល្ល័ង្កដែលជាស្ថាប័នជ្រើសរើសអ្នកស្នងរាជ្យនៅពេលវេលាណាមួយចូលមកដល់។ ក្រៅពីនោះ លោកក៏ជាប្រធានក្រុមឧត្ដមប្រឹក្សានៃព្រះមហាក្សត្រដែលប្រជុំដោយឥស្សរជនដែលមានគោរមងារសុទ្ធសឹងតែជាសម្តេច និងជាអតីតឧបនាយករដ្ឋមន្ត្រី។
លោក ពុយ គា អះអាងថា លោក ហ៊ុន សែន មានអាត់នៅនឹងដៃចំនួន ៣ រួចទៅហើយ នោះគឺប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ រីឯអាត់ចុងក្រោយគឺប្រមុខរដ្ឋស្តីទីនោះតែម្តង។
លោកថា យោងទៅលើមុខតំណែង និងតួនាទីដូចបានរៀបរាប់ខាងលើ លោក ហ៊ុន សែន ប្រៀបដូចជាប្រទេសមហាអំណាចមួយនៅលើអាណាចក្រនយោបាយនៅកម្ពុជា ព្រោះសូម្បីតែនៅរាល់ព្រឹត្តិការណ៍ជាតិទាំងឡាយ លោកនឹងត្រូវស្ថិតនៅទីតាំងដែលមានឋានានុក្រមខ្ពស់ជាងគេបន្ទាប់ពីព្រះមហាក្សត្រ និងនៅតែខ្ពស់ជាងកូនប្រុសរបស់លោកដែលជានាយករដ្ឋមន្ត្រី។
អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋលោក គឹម សុខ ប្រាប់សារព័ត៌មាន The Cambodia Daily ថា ការដើរចេញពីតំណែងជានាយករដ្ឋមន្ត្រី និងពីសមាជិកសភាទៅកាន់តំណែងជាប្រធានព្រឹទ្ធសភា មិនមែនជាការដើរចេញពីអំណាចទេ ប៉ុន្តែគឺជាល្បែងពង្រឹងគ្រឹះអំណាចគ្រួសារ ដោយប្រើស្ថាប័នព្រឹទ្ធសភាជាឧបករណ៍សម្រាប់ប្រថាប់ត្រា និងគាបសង្កត់ជាចំហ ដោយការប្រើគណបក្សប្រជាជនកម្ពុជាជាឈ្នាន់ ទាំងភ្លឺ ទាំងងងឹត កាន់តែងាយស្រួលជាងមុនប៉ុណ្ណោះ។
លោក គឹម សុខ គូសបញ្ជាក់ថា លោក ហ៊ុន សែន ឡើងកាន់តំណែងជាប្រធានព្រឹទ្ធសភានេះ គឺប្រៀបដូចជាស្ដេចកនជ្រែករាជ្យដូច្នោះដែរ ព្រោះថាគាត់នឹងឈានទៅកាន់ទីខ្ពស់លើគេបង្អស់ក្នុងការបញ្ជានយោបាយពីក្រោយខ្នង ដែលអាចឱ្យគាត់មានសិទ្ធិបង្ខំព្រះមហាក្សត្រចាកចេញពីប្រទេសគ្រប់ពេល ដើម្បីឱ្យគាត់ និងកូនរបស់គាត់ គឺលោក ហ៊ុន ម៉ាណែត អាចប្រើអំណាចតាមអំពើចិត្តក្នុងនាមជាស្តេចឪពុក ហើយនាយករដ្ឋមន្ត្រីជាកូនក្នុងការដឹកនាំប្រទេសដ៏កម្សត់មួយនេះ ប៉ុន្តែអំណាចពីរនាក់ឪពុកកូននេះ គឺគ្រាន់តែជាអំណាចខុសរដ្ឋធម្មនុញ្ញ និងក្បត់ឆន្ទៈប្រជាជាតិខ្មែរប៉ុណ្ណោះ។
អ្នកសង្កេតការណ៍និយាយថា ស្ថានភាពរបស់ប្រទេសកម្ពុជាក្នុងរជ្ជកាលដឹកនាំរបស់លោក ហ៊ុន សែន និងត្រកូលហ៊ុនទាំងមូលបច្ចុប្បន្ននេះ មានភាពស្រដៀងគ្នាច្រើនទៅនឹងស្ថានភាពដឹកនាំប្រទេសរបស់សេ្តចកន ដែលជាចោរជ្រែករាជ្យ។
បើតាមឯកសារពង្សាវតារខ្មែរឲ្យដឹងថា ស្ថានភាពប្រទេសដែលគ្រប់គ្រងដោយសេ្តចកន ញាំញីទៅដោយអំពើពុករលួយ សេដ្ឋកិច្ចធ្លាក់ចុះ រាស្ត្រកាន់តែក្រ ល្បែងស៊ីសងពាលាអាវ៉ាសែគ្រប់ទិសទី ចោរកម្មកាប់សម្លាប់រាស្ត្រគ្មានត្រាប្រណី និងភាពអសកម្មរបស់មន្ត្រីរាជការនាសម័យនោះជាច្រើនទៀត។
រហូតមកទល់ពេលនេះ គ្មានប្រវត្តិវិទូណាមួយសម្ដែងមោទនភាពអំពីការដឹកនាំរបស់សេ្តចកន នាសម័យនោះទេ ក្រៅតែលោក ហ៊ុន សែន និងក្រុមមន្ត្រីរបស់លោកនោះ។ លោក ហ៊ុន សែន ម្តងម្កាលហាក់ចង់ប្រាប់មហាជនថា លោកជាស្តេចកនចាប់ជាតិថែមទៀត ហើយរីឯក្រុមមន្ត្រីដែលអែបអបរបស់លោកឯទៀត ក៏កាន់តែខំយកចិត្តមេកើយរបស់ខ្លួន ដោយសាងសង់រូបសំណាកសេ្តចកន មានមុខមាត់ស្រដៀងនឹងលោក ហ៊ុន សែន តែម្តង។
អ្នកវិភាគនយោបាយលោក គឹម សុខ បានប្រាប់លោក ហ៊ុន សែន កុំចេះតែមានមោទនភាពប្រៀបធៀបខ្លួនទៅនឹងស្ដេចកន ដោយមិនព្រមកែខ្លួន ហើយទុកពេលឲ្យជ្រុលកែមិនទាន់ដូចស្ដេចកនអី ពីព្រោះការដឹកនាំរបស់លោក ហ៊ុន សែន បច្ចុប្បន្ន ធ្លាក់ក្នុងវិបត្តិអបាយមុខធ្ងន់ធ្ងរ អយុត្តិធម៌ច្របល់សង្គមដូចសម័យស្ដេចកនអ៊ីចឹងដែរ។
លោកបន្តថា ដោយសារវិបត្តិជាតិធំពេក ស្ដេចកនត្រូវប្រជារាស្ត្រស្អប់ គ្មានកម្លាំងការពារគ្រប់គ្រាន់ ហើយក៏ត្រូវទ័ពរបស់ព្រះបាទច័ន្ទរាជា កាត់ក្បាល នៅឆ្នាំ១៥២៥ នៅបន្ទាយស្រឡប់ពិជ័យ ក្នុងទឹកដីព្រៃនគរ។
លោកបន្តថា ចំណុចដូចគ្នាពីររវាងសម័យស្ដេចកន និងសម័យតេជោសែន គឺអំពើអបាយមុខបំផ្លាញជាតិហួសប្រមាណ និងការទទួលរងនូវសម្អប់របស់ប្រជារាស្ត្រ។
លោកព្រមានថា លោក ហ៊ុន សែន បើនៅបន្តមានះមិនកែប្រែស្ថានការណ៍លួងចិត្តប្រជារាស្ត្រឲ្យទាន់ពេលទេ ទោះលោក ហ៊ុន សែន អាចគេចផុតពីទណ្ឌកម្មរបស់ប្រជារាស្ត្រដែលកំពុងស្អប់យ៉ាងខ្លាំងដូចសព្វថ្ងៃក៏ដោយ ក៏អំពើឧក្រិដ្ឋចំពោះជាតិដែលលោក ហ៊ុន សែន បានប្រព្រឹត្តរាប់មិនអស់ នឹងក្លាយជាការសាងបាបកម្មទុកឲ្យកូនចៅរបស់គាត់ប្រឈមចៀសមិនផុតឡើយ។
លោកបន្តថា ពិតណាស់ ទណ្ឌកម្មមានលក្ខណៈខុសគ្នាមែន សម័យបុរាណគេកាត់ក្បាល ប៉ុន្តែសម័យនេះទណ្ឌកម្មគឺការជាប់គុក ហើយអំណាចត្រូវរលាយខ្សុល។
លោក គឹម សុខ បន្តថា លោក ហ៊ុន សែន ដឹងថាទោះគាត់គេចផុតពីការកាត់ទោស ព្រោះតែគាត់ចាស់ជរាពេកហើយ ក៏គាត់នៅបារម្ភថា ប្រជារាស្ត្រខ្មែរនឹងកាត់ទោសបំផ្លាញផ្នូរ ឬធាតុរបស់គាត់ដែរ។ ដោយមូលហេតុនេះហើយ ទើបលោក ហ៊ុន សែន ប្រឹងរុញឲ្យលោក ហ៊ុន ម៉ាណែត ពុះពារការពារអំណាចឲ្យបាន ដើម្បីរក្សាប្រយោជន៍គ្រួសារផង និងអាចការពារផ្នូរ ឬធាតុរបស់គាត់នៅថ្ងៃក្រោយផង។
អ្នកសង្កេតការណ៍រូបនេះនិយាយថា លោក ហ៊ុន សែន អ្វីដែលភ័យខ្លាចបំផុតនោះ គឺនៅត្រង់ថា គាត់មានចំណុចឧក្រិដ្ឋជាច្រើនទៀតលើសពីស្ដេចកន ដូចជាការប្រគល់ទឹកដីជាតិខ្មែរឲ្យបរទេសគ្រប់គ្រង ហើយចំណែកស្ដេចកន ដឹកនាំបង្កអបាយមុខក្នុងផ្ទៃក្នុងជាតិ ធ្វើឲ្យរាស្ត្រស្អប់ក៏ពិតមែន តែមិនដែលកាត់ដីខ្មែរឲ្យបរទេសណានោះទេ ប៉ុន្តែក្រោមការដឹកនាំរបស់លោក ហ៊ុន សែន បានបង្កភយន្តរាយក្នុងផ្ទៃក្នុងជាតិផង និងធ្វើឲ្យបាត់បង់ទឹកដីខ្មែរ ទាំងដីគោកតាមព្រំដែន ផ្ទៃសមុទ្រ កោះ ដូចជាកោះត្រល់ ថែមទាំងបង្ហូរនិគមជនវៀតណាមខុសច្បាប់ចូលកម្ពុជាងាយៗផង។
លោកបន្តថា កម្រិតអបាយមុខធំប៉ុនស្ដេចកន ប្រជារាស្ត្រខ្មែរមិនអាចអនុគ្រោះឲ្យបានផង ដូច្នេះប្រជារាស្ត្រខ្មែរសម័យនេះ រឹតតែពិបាកអនុគ្រោះឲ្យសន្តតិវង្ស ហ៊ុន សែន បានណាស់ បើពួកគេមិនភ្ញាក់រឭក កែសម្រួលលួងចិត្តរាស្ត្រឲ្យទាន់ពេលវេលាទេនោះ៕