28.4 C
Phnom Penh

រាជរដ្ឋាភិបាល​កាន់តែ​ឯកា​ពី​ប្រជាជាតិ​ប្រជាធិបតេយ្យ ល្គឹកណា​ហ៊ុមព័ទ្ធ​ដោយ​អាជីវករ​ជា​ឧក្រិដ្ឋជន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​អង្គការ​សង្គម​ស៊ីវិល​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លើកឡើង​ថា រដ្ឋាភិបាល​ប្រទេស​កម្ពុជា​ដែល​ផ្តុំ​ទៅ​ដោយ​ឧក្រិដ្ឋជន​បោកប្រាស់​តាម​អនឡាញ លាង​លុយ​កខ្វក់ និង​ការ​ចាប់​ជំរិត នឹង​ប្រឈម​នូវ​ការ​ផ្តាច់​ទំនាក់ទំនង​ពី​រដ្ឋាភិបាល​ប្រទេស​ដែល​ប្រកាន់​របប​ប្រជាធិបតេយ្យ។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ លោក ស៊ឹង សែនករុណា លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២៨ តុលា ថា នៅ​ពេល​ក្បាលម៉ាស៊ីន​ដឹកនាំ​រដ្ឋាភិបាល​មួយ​បណ្ដុំ​ទៅ​ដោយ​ឧក្រិដ្ឋជន​ដូច​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ ទោះ​ប្រទេស​ជិតខាង​មាន​ទំនាក់ទំនង​ទាំង​វិនិយោគទុន និង​ការទូត​ក៏ដោយ ក៏​មិន​អាច​ផ្តល់​ផល​ប្រយោជន៍​ឱ្យ​គ្នា​ទៅវិញ​ទៅមក​បាន​ដែរ។

លោក ស៊ឹង សែនករុណា លើកឡើង​ថា បើ​និយាយ​ពី​ការ​វិនិយោគទុន គឺ​មាន​តែ​ខាតបង់​នៅ​ពេល​ប្រទេស​ជិតខាង​ទៅ​បណ្ដាក់ទុន​រកស៊ី​នៅ​ប្រទេស​កម្ពុជា ព្រោះ​ត្រូវ​ស្ថិត​ក្នុង ឬ​ប្រថុយ​នឹង​អំពើ​ឆបោក​នានា​ពី​រដ្ឋាភិបាល​ប្រភេទ​នេះ។ លោក​ថា បើ​និយាយ​ពី​ទំនាក់ទំនង​ការទូត​វិញ ក៏​មិនមែន​ស្ថិត​ក្នុង​ទំនាក់ទំនង​រវាង​រដ្ឋ​ដែល​តំណាង​ឱ្យ​ប្រជាពលរដ្ឋ​ដែរ គ្រាន់តែ​តំណាង​ឱ្យ​ក្រុម​គ្រួសារ​មួយ​ក្រុម​ប៉ុណ្ណោះ។

ប្រធាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​រូប​នេះ​អះអាង​ថា ក្នុង​ពេល​ដែល​កម្ពុជា​កំពុង​រង​នូវ​ការ​រិះគន់​ជុំ​ទិស​ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋកម្ម​ឆបោក​ដែល​កំពុង​មាន​ការ​ភ័យ​ព្រួយ​ពី​បណ្តា​ប្រទេស​ជិតខាង​សព្វថ្ងៃ​នេះ ដំណោះស្រាយ​មាន​តែ​មួយ​គត់ គឺ​ត្រូវ​សម្អាត​ការ​ដឹកនាំ​របស់​ខ្លួន​រហូត​អាច​ឱ្យ​គេ​ទុកចិត្ត​បាន​ថា មិន​មាន​គ្រោះថ្នាក់​សម្រាប់​ពលរដ្ឋ​របស់​គេ​នៅ​ពេល​ដែល​ពួកគេ​ទៅ​លេង ឬ​ទៅ​រកស៊ី​នៅ​ប្រទេស​កម្ពុជា។

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ទូរទស្សន៍​កូរ៉េខាងត្បូង KBS News និង​ពី​សារព័ត៌មាន​ឥណ្ឌា The Hindu បាន​ចុះផ្សាយ​ពី​ការ​ចាប់​ជំរិត និង​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​នៅ​ប្រទេស​កម្ពុជា តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ព្រោងព្រាត ខណៈ​រាជរដ្ឋាភិបាល​ខ្មែរ​ចោទ​ថា ការ​ផ្សព្វផ្សាយ​នេះ​ជា​ចេតនា​បង្ខូច​កេរ្តិ៍ឈ្មោះ​ប្រទេស​កម្ពុជា។

ទោះជា​យ៉ាងណា​ក៏ដោយ គេ​សង្កេត​ឃើញ​ថា ករណី​ចាប់​ជំរិត​ដែល​បង្ក​ឡើង​ដោយ​ជនបរទេស មាន​ជនជាតិ​ចិន​មួយ​ចំនួន​ដែល​កំពុង​សម្ងំ​លាក់​ខ្លួន​នៅ​ស្រុក​ខ្មែរ បាន​បន្ត​កើតមាន​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ដូចជា​រាជធានី​ភ្នំពេញ ពោធិ៍សាត់ កំពត ស្វាយរៀង កណ្ដាល និង​ខេត្ត​ព្រះសីហនុ ជាដើម។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន លើកឡើង​ថា ដើម្បី​ទប់ស្កាត់​អំពើ​ឧក្រិដ្ឋ​ទាំងនេះ​ឱ្យ​មាន​ប្រសិទ្ធភាព រាជរដ្ឋាភិបាល​ត្រូវតែ​វះកាត់​សាច់​ស្អុយ​លុប​បំបាត់​អំពើពុករលួយ​ឱ្យ​អស់​ពី​ទឹកដី​ខ្មែរ ព្រោះ​អំពើ​ទាំងនេះ​បាន​កើត​ជា​ប្រព័ន្ធ​ក្នុង​ចង្កោម​មន្ត្រី​រដ្ឋាភិបាល​សព្វថ្ងៃ​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០២៤ សហរដ្ឋ​អាមេរិក​ក៏​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​បង្ខាំង​ទ្រព្យសម្បត្តិ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​កាន់​អំណាច លោក លី យ៉ុងផាត់ និង​អាជីវកម្ម​របស់​លោក​មួយ​ចំនួន​ផង​ដែរ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​មនុស្ស ការ​លាង​លុយ​កខ្វក់ ការ​បង្ខំ​ឲ្យ​ធ្វើ​ពលកម្ម​ដោយ​ខុស​ច្បាប់ និង​ការ​បោកប្រាស់​តាម​បណ្ដាញ​អ៊ីនធឺណិត ជាដើម៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស