30.7 C
Phnom Penh

ក្រុម​ការងារ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន​ប្ដេជ្ញា​ធ្វើ​ឱ្យ​ចប់​ជា​ស្ថាពរ​មុន​រដូវ​ភ្លៀង​ធ្លាក់​ជោគជាំ​នា​រដូវ​វស្សា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​ការងារ​ចំពោះ​កិច្ច​គ្រប់គ្រង​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន ប្ដេជ្ញា​សម្រេច​ការ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន​កម្ពុជា​នៅ​ខេត្ត​មណ្ឌលគិរី និង​ខេត្ត​រតនគិរី ឲ្យ​ចប់​ជា​ស្ថាពរ​នៅ​មុន​ពេល​ភ្លៀង​ធ្លាក់​ជោគជាំ​នា​រដូវវស្សា​ខាងមុខ ខណៈ​ដំណើរការ​នៃ​ការ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន​សម្រេច​បាន​ជិត ៤០%។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុម​ការងារ​ចំពោះ​កិច្ច​គ្រប់គ្រង​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​១ ខែ​មេសា បាន​ឲ្យ​ដឹង​ថា គិត​ចាប់ពី​ខែ​ធ្នូ ឆ្នាំ​២០២៤ ដល់​ដំណាច់​ខែ​មីនា ឆ្នាំ​២០២៥ នេះ ដំណើរការ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន​ជាមួយ​ឡាវ និង​វៀតណាម សម្រេច​បាន​ប្រមាណ ៣៩,៩២%​នៃ​ផែនការ ក្នុង​នោះ ខេត្ត​មណ្ឌលគិរី សម្រេច​បាន​ប្រវែង ៤៤,៩០​គីឡូម៉ែត្រ ស្មើ​នឹង ៤២,៤៥% និង​ខេត្ត​រតនគិរី សម្រេច​បាន​ប្រវែង ៣០,៣០​គីឡូម៉ែត្រ ស្មើ​នឹង ៣៤,២៦%។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល បាន​ឲ្យ​ដឹង​ទៀត​ថា ការងារ​បោស​សម្អាត​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​សម្រេច​បាន​លើ​ផ្ទៃដី​ទំហំ​ជិត ៣​លាន​ម៉ែត្រ​ការ៉េ (២៧៥២៥០០​ម៉ែត្រ​ការ៉េ) ឬ​ស្មើ​នឹង ៤៤% នៃ​ផ្ទៃដី​សរុប​ដែល​គ្រោង​រាវ​ទំហំ​ជាង ៦​លាន​ម៉ែត្រ​ការ៉េ (៦២៥០០០០​ម៉ែត្រ​ការ៉េ)។

ប្រភព​ដដែល​អះអាង​ថា ចំពោះ​វឌ្ឍនភាព​នៃ​ដំណើរការ​កសាង​ផ្លូវ​ព្រំដែន​នៅ​ក្នុង​រយៈពេល​ប្រមាណ ៥​ខែ​កន្លង​មក​នេះ ក.គ.ម បាន​បង្ហាញ​ពី​ការងារ​ឈូស​ព្រៃ​សម្រាប់​រក​ផ្លូវ​ខ្សែ​ដំបូង ការ​ឈូស​ផ្លូវ​ទទឹង​សម្រាប់​រក​អ័ក្ស​ផ្លូវ ការ​លុប​ជ្រលង-អូរ ការ​បន្ទាប​ចំណោត​ភ្នំ និង​ការ​ធ្វើ​ប្រឡាយ រួម​ទាំង​ការ​កសាង​តួ​ផ្លូវ និង​ចិត​ជញ្ជាំង​ភ្នំ ក្រាល​ល្បាយ​កម្ទេច​ថ្ម ជាដើម។

ក្រុម​ការងារ​អះអាង​ថា ពួកគេ​កំពុង​បន្ត​ជំរុញ​ការងារ​បោស​សម្អាត​មីន​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​បន្ថែម​ទៀត បន្ត​ជំរុញ​ល្បឿន​កសាង​ផ្លូវ​ក្នុង​រដូវប្រាំង ដោយ​ធានា​ឱ្យ​បាន​តាម​បទដ្ឋាន​លក្ខណៈ​បច្ចេកទេស​មាន​គុណភាព និង​ភាព​ធន់​នឹង​អាកាសធាតុ បន្ត​ជំរុញ​ល្បឿន​នៃ​ការ​កសាង​សំណង់ ហើយ​ធ្វើ​យ៉ាងណា​ឱ្យ​សម្រេច​ជា​ស្ថាពរ​នៅ​មុន​ពេល​ភ្លៀង​ធ្លាក់​ជោគជាំ​នា​រដូវវស្សា​ដ៏​ឆាប់​ខាងមុខ​នេះ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា មូលនិធិ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន​របស់​រដ្ឋាភិបាល​ត្រកូល​ហ៊ុន មិន​ប្រាកដ​ថា​ជា​មូលនិធិ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន​ទេ ប៉ុន្តែ​អាច​ជា​ផែនការ​មូលនិធិ​កសាង​ខ្សែក្រវាត់​ការពារ​អំណាច​របស់​ត្រកូល​ហ៊ុន​តែប៉ុណ្ណោះ។

ប្រភព​ដដែល​អះអាង​ថា តើ​អាច​ទៅ​រួច​ដែរ​ឬ​ទេ​នៅ​ពេល​សាងសង់​ផ្លូវ​រួចរាល់ រដ្ឋាភិបាល​នៃ​គ្រួសារ​ត្រកូល​ហ៊ុន​នឹង​ចែក​ដី​ឲ្យ​ជនជាតិ​វៀតណាម​រាប់​ម៉ឺន​គ្រួសារ​ដែល​រស់នៅ​លើ​ទឹក ឲ្យ​ទៅ​រស់នៅ​លើ​គោក ហើយ​ផ្តល់​កម្មសិទ្ធិ​ដីធ្លី​ដូច​ពលរដ្ឋ​ខ្មែរ ព្រោះ​មេរៀន​នេះ រដ្ឋាភិបាល​ចាស់​របស់​លោក ហ៊ុន សែន បាន​អនុវត្ត​នៅ​ខេត្ត​កំពង់ឆ្នាំង ដោយ​ជោគជ័យ​ម្តង​រួច​ទៅ​ហើយ។

ក.គ.ម. ត្រូវ​បាន​បង្កើត​ឡើង​តាមរយៈ​សេចក្តី​សម្រេច​ដែល​ចុះហត្ថលេខា​ដោយ​លោក ហ៊ុន ម៉ាណែត កាលពី​ថ្ងៃទី​៣០ ខែ​តុលា ឆ្នាំ​២០២៤ បន្ទាប់ពី​មាន​ភាព​ចម្រូងចម្រាស​ខ្លាំង​រវាង​ខ្មែរ និង​ខ្មែរ ដែល​នាំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ប្រកាស​ដក​ខ្លួន​ចេញពី​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ និង​វៀតណាម (CLV-DTA) កាលពី​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២៤។

ក្រោយពី​ដក​ខ្លួន​ចេញ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​បង្កើត​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន​នៅ​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២៤ ដោយ​ទទួល​បាន​ថវិកា​សរុប​ជិត ២៧​លាន​ដុល្លារ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស