33.8 C
Phnom Penh

មូលហេតុ​មួយ​ដែល​ជំរុញ​ឱ្យ​រដ្ឋការ​ក្រុង​វ៉ាស៊ីនតុន ដំឡើង​ពន្ធ​នាំចូល​ទំនិញ​ពី​បរទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាន​ចេញ​សារាចរ​បញ្ជា​ឲ្យ​ដំឡើង​ពន្ធ​ទំនិញ​នាំចូល​ទីផ្សារ​សហរដ្ឋ​អាមេរិក ហៅថា ពន្ធ​អាហរ័ណ លើ​ប្រទេស​ជាច្រើន​ដែល​ចូល​ជាធរមាន​បញ្ញត្តិ​ក្នុង​ខែ​មេសា ឆ្នាំ​២០២៥ នេះ ហើយ​ប្រទេស​កម្ពុជា ក៏​មាន​ឈ្មោះ​ក្នុង​ចំណោម​ប្រទេស​រាប់​សិប​ឯ​ទៀត ត្រូវ​បង់​ពន្ធ​ទំនិញ​របស់​ខ្លួន ៤៩% ដែល​បរិមាណ​ភាគច្រើន​ជា​គ្រឿង​សម្លៀកបំពាក់​កាត់ដេរ ប៉ាក់ ផ្គត់ផ្គង់​ឲ្យ​ក្រុមហ៊ុន​ទិញ​ដុល​អាមេរិកាំង។

ដើម្បី​ជា​ការ​លួង​ចិត្ត ប្រទេស​កម្ពុជា​សម្រេច​ចិត្ត​បញ្ចុះ​ពន្ធ​លើ​ទំនិញ​អាមេរិកាំង​ពី ៣៥% មក​ត្រឹម ៥%។ ឥឡូវ​នេះ តំណាង​រាជរដ្ឋាភិបាល កំពុង​ចរចា​ជាមួយ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក។

កត្តា​មួយ​ដែល​ជំរុញ​ឲ្យ​រដ្ឋការ​លោក ដូណាល់ ត្រាំ សម្រេច​ធ្វើ​ដូច្នោះ គឺ​ការ​ធ្វើ​ជំនួញ​ជាមួយ​គ្នា​មិន​សុចរិត មិន​ស្មោះត្រង់​ជា​ដៃគូ​ពាណិជ្ជកម្ម គៃ​បំបាត់​បន្លំ​ភ្នែក​គ្នា កេង​យក​ចំណេញ ដែល​តាម​ពិត​ខ្មែរ​មិន​សូវ​បាន​ផល​ប្រយោជន៍​ប៉ុន្មាន​នោះ​ទេ។

គេ​មិន​ទាន់​ដឹង​ថា មន្ត្រី​ខ្មែរ​នឹង​និយាយ​ប្រាប់​មន្ត្រី​អាមេរិកាំង​របៀប​ដូចម្តេច​ទេ​ក្នុង​កិច្ចចរចា។ តាម​ទម្លាប់ មន្ត្រី​ខ្មែរ​ច្រើន​តែ​ទៅ​ត្អូញត្អែរ​ឲ្យ​គេ​អាណិត ដូចជា​ថា កម្មករ​ជិត ១​លាន​នាក់ រួម​ទាំង​គ្រួសារ​របស់​ពួកគេ រស់​អាស្រ័យ​នឹង​វិស័យ​កាត់ដេរ។

នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ រដ្ឋបាល​ពាណិជ្ជកម្ម​អន្តរជាតិ (International Trade Administration) នៃ​ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក បាន​បើក​ការ​ស៊ើបអង្កេត​មួយ​លើ​ទំនិញ​ជា​ក្រប​សៀត​ក្រដាស​សំណុំ ហៅ​ថា ស៊ឺមីស៍ ឬ ហ្វូលឌើ ដែល​ប្រទេស​ពីរ​រកស៊ី​បន្លំ គឺ​ប្រទេស​កម្ពុជា និង​ប្រទេស​សិរីលង្កា។ បន្ទាប់ពី​រក​ឃើញ​ថា ដៃគូ​ពាណិជ្ជកម្ម​មិន​ស្មោះត្រង់ សហរដ្ឋ​អាមេរិក​រក​វិធីសាស្ត្រ​ធ្វើ​យ៉ាងណា​ឲ្យ​ជំនួញ​រវាង​ប្រទេស​ទាំង​ពីរ​មាន​តុល្យភាព និង​ស្មើភាព​គ្នា។

តាម​ការ​ចេញ​ផ្សាយ​ពី​ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក គេ​រក​ឃើញ​ថា ប្រទេស​ទាំង​ពីរ​ផលិត​ប្រដាប់ប្រដា​សម្រាប់​ការិយាល័យ​នៅ​ក្នុង​ស្រុក chemise/folder មាន​តម្លៃ​ថោកៗ ដោយសារ​រដ្ឋ​ជួយ​ឧបត្ថម្ភ​ទុន​ជា​របៀប​ហូត​ពន្ធ​ទាប ឬ​មិន​យក​ពន្ធ រួច​ដឹក​ទៅ​លក់​ចាក់​ធារ​បញ្ចុះ​តម្លៃ​ថោក ធ្វើ​ឲ្យ​ផលិតផល​ដូច​គ្នា​ផលិត​ដោយ​ក្រុមហ៊ុន​អាមេរិកាំង ចាញ់​ប្រៀប ប្រកួតប្រជែង​មិន​ឈ្នះ ហើយ​មាន​ខ្លះ​ក៏​ក្ស័យធន។

ទោះជា​ទំហំ​ចំណូល​មិន​ស្មើ​នឹង​ចំណូល​ពី​សម្លៀកបំពាក់​ក៏ដោយ ប៉ុន្តែ​វា​បង្ហាញ​ឲ្យ​ឃើញ​អំពី​រូបភាព និង​ទំហំ​នៃ​ការ​ស៊ី​បន្លំ​មាន​កម្រិត​ភាគរយ​ខ្ពស់​ហួស​ពី​ការ​ព្រមព្រៀង​គ្នា​តាម​លក្ខខណ្ឌ​ពេក មិនមែន​ជា​រឿង​តូចតាច​តិច​ជាង ១% ហៅថា de minimis នោះ​ទេ គឺ​លើស​ចាប់ពី ១២៨% ទៅ ២៨៨% ពី​ប្រទេស​កម្ពុជា និង​ពី ២៤% ទៅ ៩១% ពី​ប្រទេស​សិរីលង្កា។ ឧទាហរណ៍​ថា chemise/folder មួយ​ផលិត​នៅ​ប្រទេស​កម្ពុជា អស់​ថ្លៃ​ចំណាយ​ត្រឹម ៥​ដុល្លារ ហើយ​លក់​នៅ​ទីផ្សារ​សហរដ្ឋ​អាមេរិក ប៉ុន្តែ​ថ្លៃ​ក្រោម chemise/folder ផលិត​នៅ​សហរដ្ឋ​អាមេរិក​ដែល​លក់​របស់​ដូច​គ្នា ថ្លៃ ១០​ដុល្លារ ផលិតករ​អាមេរិកាំង​មិន​អាច​ប្រកួត​បាន​ទេ។ ដូច្នេះ រដ្ឋាភិបាល​អាមេរិកាំង​ត្រូវ​ដាក់​ពន្ធ​ជា​ភាគរយ​លើ​ទំនិញ​ដូច​គ្នា​ដែល​នាំចូល។

ភាសា​ក្នុង​ពាណិជ្ជកម្ម ហៅ​តាម​អង់គ្លេស​ថា anti-dumping duty គឺ​ពន្ធ​លើ​ទំនិញ​នាំចូល លក់​នៅ​ផ្សារ​អន្តរជាតិ​ថោក​ជាង​លក់​នៅ​ក្នុង​ស្រុក​ផលិត​ទំនិញ​នោះ។ រីឯ​ពាក្យ​ថា countervailing duty គឺ​ពន្ធ​លើ​ទំនិញ​នាំចូល ដែល​រដ្ឋាភិបាល​ជួយ​ឧបត្ថម្ភ​ទុន​របៀប​ណា​មួយ ដើម្បី​លក់​នៅ​ទីផ្សារ​អន្តរជាតិ​ថោក​ជាង​ផលិត​ស្រុក​នោះ​ផលិត​ដូច​គ្នា៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស