ក្រសួងការបរទេសកម្ពុជា បានផ្ញើកំណត់ទូតមួយច្បាប់ទៅប្រទេសថៃ ដោយទាមទារឱ្យមានការស៊ើបអង្កេតជាបន្ទាន់ និងត្រូវវែកមុខអ្នកទទួលខុសត្រូវមកទទួលទោសតាមច្បាប់ ពាក់ព័ន្ធនឹងការរំលោភបំពានដោយអាវុធពីសំណាក់យោធាថៃ នៅតំបន់មុំបី ខេត្តព្រះវិហារ ដែលបណ្តាលឱ្យទាហានខ្មែរម្នាក់ស្លាប់។
យោងតាមកំណត់ទូតចុះថ្ងៃទី២៩ ឧសភា ដែលទើបត្រូវបានចេញផ្សាយជាសាធារណៈនៅថ្ងៃចន្ទ ទី០២ ខែមិថុនា នេះ បានអះអាងថា ការបាញ់ប្រហារដោយខុសច្បាប់លើលេណដ្ឋានមួយកន្លែងស្ថិតក្នុងភូមិតេជោមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៨ ខែឧសភា គឺជាការរំលោភបំពានរបស់ថៃ ទាំងស្រុង។
កំណត់ទូតដដែលនេះបានអះអាងថា រដ្ឋាភិបាលកម្ពុជាក៏បានបញ្ជាក់ជាថ្មីថា កងទ័ពព្រំដែនកម្ពុជាបានឈរជើងជាបន្តបន្ទាប់ និងដោយសន្តិវិធីនៅទីតាំងកើតហេតុជាយូរយារណាស់មកហើយ គឺតាំងពីមុនពេលចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីការវាស់វែង និងការបោះបង្គោលព្រំដែនគោករវាងរដ្ឋាភិបាលកម្ពុជា និងថៃ ក្នុងឆ្នាំ២០០០ មកម្ល៉េះ។
ក្រសួងការបរទេសបញ្ជាក់ថា ទង្វើរបស់ថៃ ជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ដែលផ្ទុយពីស្មារតីនៃមិត្តភាព និងភាពជាអ្នកជិតខាងល្អនៅក្នុងអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០។ ការប្រើប្រាស់កម្លាំងប្រដាប់អាវុធនៅព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី២៨ ខែឧសភា ដែលបណ្តាលឱ្យមានការសម្លាប់ទាហានខ្មែរដោយអយុត្តិធម៌ ចាំបាច់ត្រូវតែមានការស៊ើបអង្កេតជាបន្ទាន់ និងម៉ត់ចត់ ហើយបុគ្គលដែលទទួលខុសត្រូវចំពោះអំពើដ៏សាហាវ និងខុសច្បាប់នេះ ត្រូវតែនាំយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។
នៅថ្ងៃទី០២ ខែមិថុនា នេះ លោក ហ៊ុន ម៉ាណែត អះអាងថា កម្ពុជានឹងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ លើបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី បើទោះបីថៃ មិនឯកភាពជាមួយកម្ពុជាក៏ដោយ។
លោក ហ៊ុន ម៉ាណែត អះអាងថា ការធ្វើបែបនេះ គឺដើម្បីពន្លត់ និងបញ្ចប់បញ្ហាព្រំដែនជាមួយថៃ និងដើម្បីកុំឱ្យមានបញ្ហាស្រពិចស្រពិល ជាពិសេសការធ្លាក់ចូលទៅក្នុងការបំផុសរុញច្រានដោយក្រុមជ្រុលនិយមនៅក្នុងប្រទេសថៃ និងកម្ពុជា។
ការផ្ទុះអាវុធនៅតំបន់ចុងបូក រវាងទាហានខ្មែរ និងថៃ នៅពេលនេះ បានកើតមានឡើងក្រោយពីជំនួបនៅទីក្រុងបាងកក រវាងរដ្ឋមន្ត្រីការពារជាតិកម្ពុជា លោក ទៀ សីហា និងរដ្ឋមន្ត្រីការពារជាតិថៃ លោក ភូមិថាំ វិឆាយ៉ាឆៃ កាលពីថ្ងៃទី១ ខែឧសភា។ បច្ចុប្បន្ននេះ នៅតាមព្រំដែនខ្មែរ-ថៃ មានតំបន់ក្ដៅដែលយោធាខ្មែរ និងថៃ អាចប្រឈមនឹងការប៉ះទង្គិចគ្នាចំនួន ៣កន្លែង គឺទី១ តំបន់ចុងបូក ដែលទើបប៉ះទង្គិចគ្នា ទី២ តំបន់ប្រាសាទតាមាន់ធំ និងទី៣ គឺតំបន់ចុងអាន់ម៉ា។
ទោះយ៉ាងណាក៏ដោយ ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ពីជំហរម៉ឺងម៉ាត់ក្នុងការរក្សាការអត់ធ្មត់ខ្ពស់បំផុត ក្នុងការដោះស្រាយបញ្ហាព្រំដែនទាំងអស់ជាមួយថៃ តាមរយៈមធ្យោបាយសន្តិភាព និងការទូត ក្នុងយន្តការដែលមានស្រាប់ ដូចជា គណៈកម្មាធិការចម្រុះស្ដីពីការបោះបង្គោលព្រំដែនគោក (JBC) និងគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដើម្បីកសាងព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការ និងមិត្តភាពជាមួយថៃ និងប្រទេសជិតខាង៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

