26.6 C
Phnom Penh

ក្រោយ​សង្គ្រាម ១២​ថ្ងៃ៖ មនុស្ស​រាប់​ពាន់​នាក់​នៅ​អ៊ីរ៉ង់ ប្រឈម​នឹង​ទោស​ប្រហារ​ជីវិត​ករណី​ងើប​ឡើង​ប្រឆាំង​របប​ផ្ដាច់ការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​អ៊ីរ៉ង់ ចាប់​ខ្លួន​មនុស្ស​រាប់​ពាន់​នាក់​ជាមួយ​នឹង​ការ​កាត់ទោស​ប្រហារ​ជីវិត ដែល​ក្រុម​សិទ្ធិមនុស្ស​ថា​ភាគច្រើន​មនុស្ស​ទាំងនោះ​ត្រូវ​របប​ផ្ដាច់ការ​នៅ​ទីក្រុង​តេហេរ៉ង់ ដាក់​ឱ្យ​មាន​ទោស​ប្រហារ​ជីវិត។

បន្ទាប់ពី​អ៊ីរ៉ង់ ផ្ទុះ​សង្គ្រាម​រយៈពេល ១២​ថ្ងៃ​ជាមួយ​អ៊ីស្រាអែល អាជ្ញាធរ​នៃ​របប​ផ្ដាច់ការ​នៅ​អ៊ីរ៉ង់ បាន​បើក​យុទ្ធនាការ​បោស​សម្អាត និង​បង្ក្រាប​ទៅ​លើ​ក្រុម​ប្រឆាំង ដែល​សង្ស័យ​ថា​ជា​កម្លាំង​ចារកម្ម​សម្ងាត់​របស់​អ៊ីស្រាអែល និង​សហរដ្ឋ​អាមេរិក ធ្វើឡើង​ក្នុង​គោលបំណង​គ្រប់គ្រង​ស្ថានការណ៍​នៅ​អ៊ីរ៉ង់។

ការ​បើក​យុទ្ធនាការ​បង្ក្រាប​ក្រុម​ប្រឆាំង​ដែល​នាំ​ឱ្យ​មាន​ការ​ចាប់​ខ្លួន​មនុស្ស​រាប់​ពាន់​នាក់ ក៏​ធ្វើ​ឡើង​ស្រប​ពេល​រដ្ឋសភា​នៃ​របប​ផ្ដាច់ការ​ឥស្លាម​អ៊ីរ៉ង់ បាន​អនុម័ត​ច្បាប់​ថ្មី​តម្រូវ​ឱ្យ​មាន​ទោស​ប្រហារ​ជីវិត​ជន​ទាំងឡាយ​ណា​ដែល​រក​ឃើញ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ផ្ដល់​ព័ត៌មាន​សម្ងាត់​ទៅ​ឱ្យ​អ៊ីស្រាអែល ក្នុង​អំឡុង ១២​ថ្ងៃ​នៃ​សង្គ្រាម​ដែល​បាន​បិទ​បញ្ចប់​កាលពី​ថ្ងៃទី​២៤ ខែ​មិថុនា កន្លង​ទៅ​នេះ។

ប៉ុន្តែ​ក្រុម​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ មើល​ឃើញ​ច្បាប់​ថ្មី​របស់​អ៊ីរ៉ង់ ដែល​ដាក់​ទណ្ឌកម្ម​លើ​ប្រជាជន​ខ្លួនឯង​រហូត​មាន​ទោស​ប្រហារ​ជីវិត គឺជា​ការ​ទប់ស្កាត់​ការ​ងើប​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ទីក្រុង​តេហេរ៉ង់ សព្វថ្ងៃ​នេះ។

ក្រោយ​សង្គ្រាម ១២​ថ្ងៃ ចាប់តាំងពី​បទ​ឈប់​បាញ់​ត្រូវ​បាន​ប្រកាស កងកម្លាំង​សន្តិសុខ​អ៊ីរ៉ង់ បាន​ដំឡើង​ប៉ុស្តិ៍​ត្រួតពិនិត្យ​នៅ​ក្នុង​ទីក្រុង Tehran និង​ទីក្រុង​ផ្សេងៗ​ទៀត​នៅ​ទូទាំង​ប្រទេស ដោយ​បាន​បង្ខំ​ឱ្យ​ពលរដ្ឋ​រាយការណ៍​ពី​អ្វី​ដែល​គួរ​ឱ្យ​សង្ស័យ​ជាមួយ​នឹង​អ៊ីស្រាអែល។

សភា​អ៊ីរ៉ង់ ក៏​បាន​ប្រកាស​នូវ​គោលការណ៍​អាសន្ន ដែល​រួម​បញ្ចូល​នូវ​ការ​ដាក់​ទណ្ឌកម្ម​ដ៏​តឹងរ៉ឹង​ទៅ​លើ​ចារកម្ម រួម​ទាំង​ទោស​ប្រហារ​ជីវិត ហើយ​ក្រសួង​យុត្តិធម៌​អ៊ីរ៉ង់ ក៏​បាន​បញ្ជាក់​ថា ខ្លួន​បាន​បញ្ជា​ឱ្យ​មាន​ការ​បង្កើត​នូវ​តុលាការ​ពិសេស​ដើម្បី​ជម្រះ​ក្ដី​ករណី​ជន​ក្បត់ និង​ទាហាន​ស៊ីឈ្នួល​លាក់​ខ្លួន​ប្រឆាំង​របប​នៅ​អ៊ីរ៉ង់។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​អាទិត្យ ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ អ្នក​នាំពាក្យ​ឱ្យ​ក្រសួង​យុត្តិធម៌​នៃ​ប្រទេស​អ៊ីរ៉ង់ លោក Asghar Jahangir បាន​លើកឡើង​ថា លោក​នឹង​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ចំនួន​មនុស្ស​ដែល​ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទប្រកាន់​ពី​បទ​ធ្វើ​ចារកម្ម​ឱ្យ​អ៊ីស្រាអែល។

លោក​បន្ត​ថា មនុស្ស​មួយ​ចំនួន​ដែល​ត្រូវ​បាន​សង្ស័យ​ថា​ពួកគេ​បាន​ធ្វើ​ចារកម្ម​សម្រាប់​របប Zionist អ៊ីស្រាអែល ត្រូវ​បាន​គេ​កំណត់​អត្តសញ្ញាណ​រួច​ហើយ។ ចំណែក​សំណុំរឿង​ក៏​ត្រូវ​បាន​ប្តឹង​ទៅ​តុលាការ​រួច​ហើយ​ដែរ។

បើ​តាម​របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក និង​ក្រុម​សិទ្ធិមនុស្ស បាន​ឱ្យ​ដឹង​ថា មនុស្ស​ជិត ១​ពាន់​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ទូទាំង​ប្រទេស​អ៊ីរ៉ង់ ក្នុង​អំឡុង​ពេល​សង្គ្រាម​រយៈពេល ១២​ថ្ងៃ​រវាង​អ៊ីស្រាអែល និង​អ៊ីរ៉ង់។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​អ៊ីរ៉ង់ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញូវយ៉ក បាន​បញ្ជាក់​ថា ខ្លួន​បាន​ទទួល​របាយការណ៍​ដ៏​គួរ​ឱ្យ​ទុកចិត្ត​ទាក់ទង​ទៅ​នឹង​ការ​ចាប់​ខ្លួន​មនុស្ស​រាប់​រយ​នាក់​ទៀត​នៅ​ក្នុង​ទីក្រុង​តេហេរ៉ង់។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ភ្លាមៗ​ក្រោយពី​សង្គ្រាម ១២​ថ្ងៃ ត្រូវ​បាន​រាយការណ៍​យ៉ាងហោចណាស់​មនុស្ស ៦​នាក់​ត្រូវ​បាន​ប្រហារ​ជីវិត​ពី​បទ​ធ្វើ​ចារកម្ម​ឱ្យ​អ៊ីស្រាអែល ក្នុង​នោះ​មាន ៣​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ទីក្រុង Oroumieh ភាគ​ខាងលិច​ប្រទេស​អ៊ីរ៉ង់ កាលពី​ថ្ងៃទី​២៥ ខែ​មិថុនា។ ក្រុម​សិទ្ធិមនុស្ស​បាន​ថ្កោលទោស​ទង្វើ​នេះ។

អង្គការ​លើកលែង​ទោស​អន្តរជាតិ ព្រមាន​ប្រឆាំង​នឹង​ការ​ប្រហារ​ជីវិត​តាម​អំពើ​ចិត្ត និង​ការ​កាត់ក្តី​ឆាប់​រហ័ស​របស់​តុលាការ​អ៊ីរ៉ង់។

ការ​ចាប់​ខ្លួន​នេះ ក៏​បាន​បង្កើន​ការ​ភ័យខ្លាច​ក្នុង​ប្រទេស​អ៊ីរ៉ង់ ថា​ជា​រលក​ថ្មី​នៃ​ការ​គាបសង្កត់​កំពុង​កើត​មាន​ឡើង ខណៈ​រដ្ឋាភិបាល​កំពុង​ស្វែងរក​ការ​កម្ទេច​បណ្ដាញ​ចារកម្ម និង​ទប់ស្កាត់​ការ​ប្រឆាំង​ណា​មួយ​ក្នុង​ចំណោម​ប្រជាជន​អ៊ីរ៉ង់។

កងកម្លាំង​សន្តិសុខ​អ៊ីរ៉ង់ បាន​ធ្វើ​ទណ្ឌកម្ម​ដោយ​ការ​វាយដំ ចាប់​ខ្លួន ធ្វើ​ទារុណកម្ម និង​ប្រហារ​ជីវិត​មនុស្ស​រាប់​ម៉ឺន​នាក់ ចាប់តាំងពី​សាធារណរដ្ឋ​ឥស្លាម ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៧៩។

កាលពី​ពេល​ថ្មីៗ​នេះ របប​នេះ​ក៏​បាន​បង្ក្រាប​ទៅ​លើ​ការ​តវ៉ា​ទូទាំង​ប្រទេស​ដែល​បាន​ផ្ទុះ​ឡើង​ដោយសារ​ស្ត្រី​ម្នាក់​ឈ្មោះ Mahsa Amini បាន​ស្លាប់ ខណៈ​ដែល​ស្ត្រី​រូប​នោះ​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​កង​សន្តិសុខ​អ៊ីរ៉ង់ នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​កាលពី​ខែ​កញ្ញា ឆ្នាំ​២០២២។

ការ​ស្លាប់​របស់​ស្ត្រី​នោះ ត្រូវ​បាន​គេ​ជឿជាក់​ថា​ដោយសារ​នាង​បាន​ល្មើស​ទៅ​នឹង​ការ​បញ្ជា​ដែល​តម្រូវ​ឱ្យ​មាន​ការ​ស្លៀកពាក់​ស្រប​ទៅ​តាម​សាសនា​អ៊ីស្លាម ហើយ​ស្ត្រី​នោះ​ទំនង​ជា​ត្រូវ​បាន​ប៉ូលិស​ធ្វើ​ទារុណកម្ម​យ៉ាង​ឃោរឃៅ។

ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ដែល​ឈាន​ទៅ​ដល់​ការ​វាយលុក​របស់​អ៊ីស្រាអែល មក​លើ​អ៊ីរ៉ង់ រដ្ឋាភិបាល​អ៊ីរ៉ង់ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ហាក់ដូចជា​បន្ធូរបន្ថយ​ការ​រឹតត្បិត​សង្គម​មួយ​ចំនួន​ទៅ​លើ​ទំនៀមទម្លាប់​របស់​ស្ត្រី។

ការ​តឹងរ៉ឹង​ទៅ​លើ​ការ​អនុវត្ត​កូដ​សម្លៀកបំពាក់​ស្ត្រី​មាន​ការ​ថយ​ចុះ​នៅ​ក្នុង​ទីក្រុង​មួយ​ចំនួន ប៉ុន្តែ​រដ្ឋាភិបាល​បាន​បង្កើន​ការ​ឃ្លាំមើល​តាម​អ៊ីនធឺណិត​ទៅ​លើ​ប្រព័ន្ធ​ទូរសព្ទ។ ក្នុង​ពេល​ជាមួយ​គ្នា​នោះ ពន្ធនាគារ​អ៊ីរ៉ង់ ក៏​បាន​បង្កើន​ការ​ប្រហារ​ជីវិត​ផង​ដែរ ហើយ​យ៉ាងហោចណាស់​មនុស្ស ៩៧៥​នាក់​ត្រូវ​បាន​ប្រហារ​ជីវិត​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ កាលពី​ឆ្នាំ​២០២៤ មក​នេះ។

វា​ជា​តួលេខ​ខ្ពស់​បំផុត​នៃ​ការ​ប្រហារ​ជីវិត​អ្នកទោស​នៅ​អ៊ីរ៉ង់ ដែល​បាន​កត់ត្រា​ក្នុង​រយៈពេល​ជិត​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ។

របប​សាធារណរដ្ឋ​ឥស្លាម​សព្វថ្ងៃ​នៅ​អ៊ីរ៉ង់ ត្រូវ​បាន​បង្កើត​ឡើង​ដោយសារ​ការ​ផ្ដួល​រលំ​របប​រាជា​និយម​ដែល​មាន​និន្នាការ​ពួក​លោក​ខាងលិច​ក្នុង​ឆ្នាំ​១៩៧៩។

ក្នុង​សង្គ្រាម ១២​ថ្ងៃ​របស់​អ៊ីស្រាអែល ប្រជាជន​អ៊ីរ៉ង់ គិត​ថា​របប​ដ៏​ឃោរឃៅ​នេះ​អាច​នឹង​មក​ជំនួស​វិញ​ដោយ​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ គឺ​ដូច​ទៅ​នឹង​របប​រាជា​និយម​របស់​ពួក​លោក​ខាងលិច​ដែរ ក្នុង​នោះ​ហើយ​ដែល​មតិ​ខ្លះ​ថា បើ​សង្គ្រាម​នៅ​បន្ត​ទៀត គឺ​របប​ឥស្លាម​អ៊ីរ៉ង់ សព្វថ្ងៃ អាច​នឹង​ត្រូវ​បាន​ផ្ដួល​រំលំ​ដោយ​ការ​ងើប​ឡើង​បះបោរ​របស់​ប្រជាជន​ទៅ​តាម​ការ​អំពាវនាវ​របស់​រាជទាយាទ​អ៊ីរ៉ង់ ព្រះអង្គម្ចាស់ Reza Pahlavi។

ព្រះអង្គម្ចាស់ Reza Pahlavi ជា​រាជទាយាទ​និរទេស​ខ្លួន​នៃ​ប្រទេស​អ៊ីរ៉ង់។ នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​មួយ​នៅ​ទីក្រុង​ប៉ារីស អំឡុង​សង្គ្រាម ១២​ថ្ងៃ​ដែល​អ៊ីស្រាអែល មាន​ប្រៀប​ខ្លាំង​ក្នុង​ការ​វាយប្រហារ​កម្ទេច​មេទ័ព​អ៊ីរ៉ង់ ព្រះអង្គម្ចាស់ Reza Pahlavi មាន​បន្ទូល​អំពាវនាវ​ឱ្យ​រាស្ត្រ​របស់​ព្រះអង្គ​ងើប​ឡើង​បះបោរ​ផ្ដួល​រលំ​របប អាយ៉ាតូឡា។

ព្រះអង្គ​មាន​បន្ទូល​ថា៖ «ឥឡូវ​នេះ គឺជា​ពេលវេលា​ដែល​ប្រជាជន​អ៊ីរ៉ង់ ត្រូវ​ក្រោក​ឡើង​ហើយ។ វា​ដល់​ពេល​ហើយ​ត្រូវ​ដណ្តើម​យក​ប្រទេស​អ៊ីរ៉ង់ មក​វិញ​ពី​កណ្ដាប់ដៃ​ជន​ផ្ដាច់ការ​នៃ​របប​ឥស្លាម​អ៊ីរ៉ង់ ក្រោម​ការ​ដឹកនាំ​របស់ អាយ៉ាតូឡា។ ចូរ​យើង​ទាំងអស់​គ្នា​ឆ្ពោះ​ទៅ​មុខ ហើយ​នាំ​មក​នូវ​ការ​បញ្ចប់​នៃ​របប​ឃោរឃៅ​មួយ​នេះ។»

សេចក្ដី​អំពាវនាវ​របស់​ព្រះអង្គម្ចាស់ Reza Pahlavi ត្រូវ​គេ​មើល​ឃើញ​ថា​ស្ថិត​ក្នុង​បរិបទ​នៃ​គំនិត​ឆ្ពោះ​ទៅ​រក​ការ​ស្ដារ​ឡើងវិញ​នូវ​របប​រាជា​និយម​អ៊ីរ៉ង់ ដែល​នៅតែ​ជា​ប្រធានបទ​មួយ​នៃ​ការ​ជជែក​ពិភាក្សា​បើក​ចំហ​របស់​ពួក​លោក​ខាងលិច។ គំនិត​នៃ​ការ​វិលត្រឡប់​ទៅ​រក​របប​រាជាធិបតេយ្យ បាន​ក្លាយ​ជា​សុភាសិត​មួយ​នៅ​ក្នុង​ស្រទាប់​នៃ​នយោបាយ​អ៊ីរ៉ង់ ដែល​វា​ជា​កម្លាំង​នយោបាយ​មិន​អាច​ប្រកែក​បាន ប៉ុន្តែ​ក្នុង​ជួរ​រដ្ឋាភិបាល​អ៊ីរ៉ង់ ហាក់​មិន​មាន​ការ​អើពើ​នោះ​ទេ។

ទោះបីជា​ចលនា​នេះ​ទទួល​បាន​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​ចំណោម​ប្រជាជន​អ៊ីរ៉ង់ ក៏ដោយ ប៉ុន្តែ​ជារឿយៗ គំនិត​នៃ​ការ​វិលត្រឡប់​ទៅ​រក​របប​រាជាធិបតេយ្យ ត្រូវ​បាន​គេ​ចាត់ទុក​ថា​វា​គ្រាន់តែ​ជា​ការ​ចង់​ត្រឡប់​ទៅ​រក​អតីតកាល​គួរ​ឱ្យ​អស់សំណើច​ប៉ុណ្ណោះ ដែល​វា​មិន​អាច​កើតឡើង​បាន​ទេ ខណៈ​ដែល​ទិដ្ឋភាព​នយោបាយ​នៅ​អ៊ីរ៉ង់ សព្វថ្ងៃ​នេះ កំពុង​មាន​ភាព​ស្មុគស្មាញ​ជា​ខ្លាំង។

Henry Kissinger អតីត​ប្រមុខ​ការទូត​អាមេរិក និង​ជា​អ្នក​វិទ្យាសាស្ត្រ​នយោបាយ​ដ៏​ល្បីល្បាញ បាន​ពណ៌នា​ថា ដូច​ករណី​ការ​ស្មាន​មួយ​ថា នៅ​ឆ្នាំ​១៩៣៦ គ្មាន​នរណា​ម្នាក់​អាច​ដឹង​ថា​តើ​ហ៊ីត្លែរ​ជា​អ្នក​ជាតិ​និយម ឬ​ជា​មនុស្ស​ឆ្កួត​នោះ​ទេ ទម្រាំ​តែ​គ្រប់​គ្នា​បាន​ដឹង គឺ​ជីវិត​មនុស្ស​រាប់​លាន​ត្រូវ​បាត់បង់​អស់​ទៅ​ហើយ។

ដូច​គ្នា​នេះ​ដែរ នៅ​ក្នុង​ឆ្នាំ​១៩៧៩ នៅ​ពេល​ដែល​ភាព​ក្លៀវក្លា​នៃ​បដិវត្តន៍​ឥស្លាម​បាន​ឈាន​ដល់​កម្រិត​កំពូល ប្រជាជន​អ៊ីរ៉ង់​ភាគច្រើន​យល់​ថា បដិវត្តន៍​គឺជា​អ្វី​ដ៏​ចម្បង​សម្រាប់​ការ​ប្រែប្រួល​នយោបាយ និង​ជា​អ្វី​ដែល​ពួកគេ​ចង់​ផ្លាស់ប្ដូរ​របប​ចាស់ ហើយ​ប្រសិនបើ​នរណា​ម្នាក់​និយាយ​ថា​បដិវត្តន៍​អាច​នាំ​ទៅ​រក​អំណាច​ផ្ដាច់ការ គេ​នឹង​ចោទ​អ្នក​នោះ​ថា​ជា​សត្រូវ​របស់​បដិវត្តន៍​ដែល​ត្រូវ​ទទួល​ពិន័យ ឬ​ការ​សម្លាប់​ទៀត​ផង។

បើ​ទោះបីជា​ក្រោម​ការ​ដឹកនាំ​របស់​ស្តេច Shah នៃ​ប្រទេស​អ៊ីរ៉ង់ បាន​នាំ​ឱ្យ​ប្រជាជន​រស់នៅ​ដោយ​ជីវភាព​ល្អ​យ៉ាងណា​ក៏ដោយ ក៏​ប្រជាជន​នៅតែ​យល់​ថា​ពួកគេ​មិន​ទាន់​សុខសាន្ត​នៅឡើយ​ទេ ព្រោះ​ជា​ពេលវេលា​ដែល​ពួកគេ​ត្រូវតែ​ធ្វើ​បដិវត្តន៍​ដើម្បី​ឱ្យ​មាន​ភាព​ប្រសើរ​ជាង​របប​ចាស់​មួយ​នេះ។

បន្ទាប់ពី​ព្រះអង្គម្ចាស់ Reza Pahlavi បាន​យាង​ចេញពី​ប្រទេស​អ៊ីរ៉ង់ មុន​ឆ្នាំ​១៩៧៩ ព្រះអង្គ​បាន​ឆ្លុះបញ្ចាំង​ការ​គិត​មក​វិញ​ថា ប្រជាជន​អ៊ីរ៉ង់ បាន​ធ្វើ​បដិវត្តន៍​របប​បិតា​របស់​ព្រះអង្គ​ដែល​ផ្តល់​ឱ្យ​ពួកគេ​នូវ​ភាព​សុខដុម​នោះ គឺ​ការពិត​ពួកគេ​កំពុងតែ​គិត​ខុស​ហើយ ព្រោះ​ជា​ការ​បំផ្លាញ​អនាគត​អ៊ីរ៉ង់ ទាំងមូល​ទៅវិញ​ទេ។

ក្នុង​រជ្ជកាល​របស់​បិតា​នៃ​ព្រះអង្គម្ចាស់ Reza Pahlavi រាស្ត្រ​អ៊ីរ៉ង់​ជាច្រើន​មិន​បាន​ដឹងគុណ​ចំពោះ​វឌ្ឍនភាព​ដែល​អ៊ីរ៉ង់ សម្រេច​បាន​ក្រោម​ការ​ដឹកនាំ​របស់​បិតា​ព្រះអង្គ​ឡើយ។ តែ​ប្រវត្តិសាស្ត្រ​បាន​លាតត្រដាង​ក្រោយ​មក​ថា ការពិត របប​រាជា​និយម​នៃ​ព្រះបិតា​ព្រះអង្គម្ចាស់ Reza Pahlavi កំពុង​ឈាន​ឆ្ពោះ​ទៅ​រក​សេរីភាវូបនីយកម្ម​បែប​លោកខាងលិច ព្រោះ​ស្តេច Shah អ៊ីរ៉ង់ បាន​ប្ដេជ្ញាចិត្ត​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ចក្ខុវិស័យ​របស់​ទ្រង់​ចំពោះ​អ៊ីរ៉ង់ នូវ​សេរីភាវូបនីយកម្ម។

ទីបំផុត នៅ​ពេល​ពិភពលោក​ធ្លាក់​ក្នុង​បរិបទ​លុបបំបាត់​របប​រាជា​និយម​បែប​សក្ដិភូមិ ហើយ​របប​រាជា​និយម​នៃ​ស្តេច Shah អ៊ីរ៉ង់ ក៏​ត្រូវ​បាន​ផ្ដួល​រលំ​ដោយ​បដិវត្តន៍​ឥស្លាម​អ៊ីរ៉ង់ ក្នុង​ឆ្នាំ​១៩៧៩ ដែល​នាំ​មក​នូវ​របប​ផ្ដាច់ការ​ដ៏​ឃោរឃៅ​មក​ទល់​នឹង​សព្វថ្ងៃ ដែល​ប្រជាជន​អ៊ីរ៉ង់​រាប់​ពាន់​នាក់​ត្រូវ​បាន​ចាប់​ខ្លួន និង​ប្រឈមមុខ​នឹង​ការ​កាត់ទោស​ប្រហារ​ជីវិត ដែល​គេ​ថា​ចង់បាន​របប​ថ្មី​ប៉ះ​ចំ​របប​ផ្ដាច់ការ​នៃ​ក្រុម​បដិវត្តន៍​ឥស្លាម គ្មាន​ទេ​សេរីភាព​នយោបាយ គ្មាន​ទេ​សិទ្ធិមនុស្ស ហើយ​សេរីភាព​ក្នុង​ការ​ជ្រើសរើស​មាគ៌ា​សាសនា ក៏​ត្រូវ​បាន​រឹត​បន្តឹង​ជា​ខ្លាំង​ដែរ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស