35.4 C
Phnom Penh

សហរដ្ឋ​អាមេរិក​ព្រមាន​ថៃ ថា​ការ​ធ្វើ​សង្គ្រាម​ជាមួយ​កម្ពុជា មិន​បាន​ជួយ​ពង្រឹង​សម្ព័ន្ធភាព​របស់​ថៃ ជាមួយ​អាមេរិក​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ព្រមាន​ថា សង្គ្រាម​កម្ពុជា-ថៃ មិន​បាន​ជួយ​ពង្រឹង​សម្ព័ន្ធភាព​របស់​ថៃ ជាមួយ​អាមេរិក​ទេ ហើយ​ក៏​មិន​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​ប្រទេស​ទាំង​ពីរ​ជួបប្រទះ​នោះ​ដែរ ផ្ទុយទៅវិញ វា​នាំ​ឱ្យ​ខាតបង់​ជីវិត​មនុស្ស និង​ទ្រព្យសម្បត្តិ​ប៉ុណ្ណោះ។

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត នៅ​ថ្ងៃទី​៣០ កក្កដា នេះ បាន​បង្ហោះ​វីដេអូ​មួយ​ដែល​បាន​លើកឡើង​ពី​ជម្លោះ​កម្ពុជា-ថៃ ដែល​ក្នុង​នោះ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​ថៃ លោក ហ្សន អូនៀល (Sean O’Neill) បាន​លើកឡើង​ថា លោក​សូម​ចង្អុល​ទៅ​កាន់​ប្រទេស​ថៃ ដែល​ជា​សម្ព័ន្ធមិត្ត​សន្ធិសញ្ញា​តែ​មួយ​គត់​របស់​អាមេរិក​នៅ​អាស៊ី ជុំវិញ​ជម្លោះ​កម្ពុជា-ថៃ នា​ពេលនេះ។

លោក​បន្ត​ថា ជម្លោះ​នេះ​បាន​ធ្វើ​ឱ្យ​បាត់បង់​ជីវិត​ជនស៊ីវិល ហើយ​នេះ​ក៏​ជា​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​របស់​អាមេរិក​ដែរ។

លោក Sean O’Neill ព្រមាន​រដ្ឋាភិបាល​ថៃ ជុំវិញ​ជម្លោះ​ដែល​កំពុង​កើតមាន​ជាមួយ​នឹង​កម្ពុជា ថា សង្គ្រាម​ប្រភេទ​នេះ ឬ​ជម្លោះ​ប្រភេទ​នេះ នឹង​មិន​មាន​ប្រយោជន៍​ក្នុង​ការ​លើក​កម្ពស់​សុខុមាលភាព​របស់​ប្រជាជន​ថៃ នោះ​ទេ។

លោក ហ៊ុន ម៉ាណែត ចាត់ទុក​ការ​ថ្លែង​បែប​នេះ គឺជា​ការ​គូសបញ្ជាក់​ពី​ក្តី​បារម្ភ​របស់​អន្តរជាតិ​យ៉ាង​ខ្លាំង​ដែល​កំពុង​កើន​ឡើង​ចំពោះ​សកម្មភាព​យោធា​របស់​ប្រទេស​ថៃ និង​ឥទ្ធិពល​របស់​ពួកគេ​ទៅ​លើ​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​នា​ពេលនេះ។

ចាប់ពី​ព្រឹក​ព្រលឹម​ថ្ងៃទី​២៤ កក្កដា យោធា​ថៃ បាន​វាយប្រហារ​ដោយ​យន្តហោះ​ចម្បាំង កាំភ្លើងត្បាល់ គ្រាប់បែក​ចង្កោម និង​ផ្សែង​ពុល​លើ​ទឹកដី​កម្ពុជា រហូត​ដល់​ពាក់កណ្តាល​អាធ្រាត្រ​ថ្ងៃទី​២៨ ខែ​កក្កដា បន្ទាប់​ពី​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​លើ​កិច្ចព្រមព្រៀង​ស្ដីពី​បទ​ឈប់​បាញ់​តាម​សំណើ​របស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ។

ជុំវិញ​បញ្ហា​នេះ អ្នក​សារព័ត៌មាន CNA របស់​ប្រទេស​សិង្ហបុរី បាន​ធ្វើ​សេចក្តី​រាយការណ៍​ផ្ទាល់​ពី​ស្រុក​សំរោង ខេត្ត​ឧត្ដរមានជ័យ កាលពី​យប់​ថ្ងៃទី​២៨ ខែ​កក្កដា ថា កម្ពុជា​មិន​បាន​ល្មើស​នឹង​បទ​ឈប់​បាញ់​ដូច​ការ​ចោទប្រកាន់​របស់​រដ្ឋាភិបាល​ថៃ ឡើយ ព្រោះ​រូបគេ​កំពុង​ស្ថិត​នៅ​ក្នុង​តំបន់​ព្រំដែន​របស់​កម្ពុជា​ដោយ​ផ្ទាល់ ដែល​មាន​ចម្ងាយ​ប្រមាណ​តែ ២០​គីឡូម៉ែត្រ​ពី​ខ្សែ​បន្ទាត់​ព្រំដែន​ជួរមុខ និង​បាន​និយាយ​ដោយ​ផ្ទាល់​ជាមួយ​ពលរដ្ឋ​ដែល​នៅ​ទីនោះ​ថែមទៀត។

អ្នក​សារព័ត៌មាន​សិង្ហបុរី រូប​នេះ បញ្ជាក់​ថា ពេលនេះ គ្មាន​សំឡេង​ប្រយុទ្ធ​គ្នា​នោះ​ទេ គឺ​មិន​ឮ​ស្នូរ​គ្រាប់កាំភ្លើង​ឡើយ ក្រោយ​ពេល​បទ​ឈប់​បាញ់​ចូល​ជាធរមាន ប៉ុន្តែ​មុន​ពេល​បទ​ឈប់​បាញ់​ចូល​ជាធរមាន ពិត​ជា​ឮ​សំឡេង​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​ពិត​មែន។

ក្រោយ​ភាគី​ទាំង​ពីរ​ព្រមព្រៀង​គ្នា​លើ​បទ​ឈប់​បាញ់ អនុព័ន្ធ​យោធា​មកពី​ប្រទេស​មហាអំណាច និង​ប្រទេស​សមាជិក​អាស៊ាន ព្រមទាំង​មន្ត្រី​នានា​សរុប ១៣​ប្រទេស នៅ​ថ្ងៃទី​៣០ ខែ​កក្កដា នេះ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​នៅ​តំបន់​សមរភូមិ​ច្រក​អានសេះ ខេត្ត​ព្រះវិហារ និង​តាម​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ ដទៃ​ទៀត​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ លោក ពុយ គា ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា ដែល​ចុះ​តាមដាន​សង្កេតការណ៍​ជាមួយ​អនុព័ន្ធ​យោធា​នៅ​ថ្ងៃទី​៣០ កក្កដា នេះ បាន​អះអាង​ថា ទាហាន​ថៃ មិន​ស្តាប់​ការ​ហាមឃាត់​ឱ្យ​ចូល​ទឹកដី​កម្ពុជា​ឡើយ។

លោក​ថា ពួកគេ​នៅតែ​បន្ត​ព្យាយាម​ចូល​ក្នុង​ទឹកដី​កម្ពុជា តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អានសេះ ខេត្ត​ព្រះវិហារ បើ​ទោះបីជា​មាន​អនុព័ន្ធ​យោធា និង​មហាអំណាច​ទាំង ១៣​ប្រទេស រួម​មាន អាមេរិក ចិន រុស្ស៊ី និង​ជប៉ុន ជាដើម នៅ​ចំពោះ​មុខ​ពួកគេ​ក៏ដោយ។

ជុំវិញ​បញ្ហា​នេះ តំណាងរាស្ត្រ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ​ប្រចាំ​រដ្ឋ​វិចតូរីយ៉ា លោក តាក់ ម៉េង ហ៊ាង ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​៣០ កក្កដា នេះ ដោយ​គាំទ្រ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​នេះ ព្រោះ​ការ​ដោះស្រាយ​ជម្លោះ​ព្រំដែន គឺ​ធ្វើ​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ឬ​តាមរយៈ​ការ​ចរចា​ទ្វេភាគី មិនមែន​ដោយ​អាវុធ​នោះ​ទេ។

តំណាងរាស្ត្រ​អូស្ត្រាលី រូប​នេះ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​អូស្ត្រាលី ដើរ​តួនាទី​ក្នុង​ការ​បន្ត​ជំរុញ​ឱ្យ​មាន​សន្តិភាព​រវាង​ប្រទេស​ថៃ និង​កម្ពុជា ព្រោះ​កម្ពុជា គឺជា​ប្រទេស​ដែល​ធ្លាប់​ត្រូវ​បាន​បំផ្លាញ​ដោយ​សង្គ្រាម ដូច្នេះ​កម្ពុជា​មិន​ស្វែងរក​សង្គ្រាម​ទេ គឺ​កម្ពុជា​ចង់បាន​តែ​សន្តិភាព​ប៉ុណ្ណោះ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស