28.4 C
Phnom Penh

ប្រទេស​កម្ពុជា និង​ប្រទេស​ថៃឡង់ដ៍ ទទួល​ផល​ការ​បញ្ចប់​ចម្បាំង ជា​ការ​បញ្ចុះ​ពន្ធ​ពី​អាមេរិក​ដូច​គ្នា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែង​អំណរគុណ​ដល់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដែល​បាន​បញ្ចុះ​អត្រាពន្ធ​បដិការ​ដល់​កម្ពុជា ពី ៤៩% មក ៣៦% រួច​មក​នៅ​ត្រឹម ១៩% ដែល​មាន​ន័យ​ថា អាមេរិក​បាន​បញ្ចុះ​អត្រាពន្ធ​ដល់​កម្ពុជា ៣០% ដែល​នេះ​គឺជា​ដំណឹង​ដ៏​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ និង​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា ដើម្បី​បន្ត​អភិវឌ្ឍ​ប្រទេស​ជាតិ​ត​ទៅ​មុខ​ទៀត។

នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន ម៉ាណែត សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១ សីហា នេះ​ថា ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​យកចិត្ត​ទុកដាក់​ដោយ​ផ្ទាល់​នៅ​ក្នុង​ការ​ផ្ដួចផ្ដើម និង​ជំរុញ​ឲ្យ​មាន​ការ​ឈប់​បាញ់​គ្នា​រវាង​កងទ័ព​កម្ពុជា និង​កងទ័ព​ថៃ។

លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ប្រធានាធិបតី​អាមេរិក​ក៏​បាន​ផ្ដល់​នូវ​ការ​យោគយល់​សម្រាប់​កម្ពុជា ក្នុង​ការ​បន្ត​ពង្រឹង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក​រហូត​ផ្ដល់​ការ​អនុគ្រោះ​បញ្ចុះ​ពន្ធ​លើ​ទំនិញ​នាំចេញ​ពី​កម្ពុជា ទៅ​កាន់​សហរដ្ឋ​អាមេរិក​មក​ត្រឹម ១៩% ថែមទៀត។

នាយករដ្ឋមន្ត្រី​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា លោក ដូណាល់ ត្រាំ ធ្លាប់​បញ្ជាក់​ថា លោក​នឹង​ធ្វើ​ឲ្យ​កម្ពុជា រីករាយ​សប្បាយ​ចិត្ត បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុជា បាន​ស្នើសុំ​ឲ្យ​អាមេរិក​ផ្ដល់​ការ​យោគយល់​បន្ធូរ​អត្រាពន្ធ​ដើម្បី​ឲ្យ​កម្ពុជា​មាន​ឱកាស​បន្ត​អភិវឌ្ឍ​ប្រទេស​ជាតិ និង​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​បន្ត​ទៀត។

កាលពី​ថ្ងៃទី​៣១ ខែ​កក្កដា សេតវិមាន​ប្រធានាធិបតី​អាមេរិក បាន​បង្ហាញ​សេចក្តី​សម្រេច​ចិត្ត​លើ​អត្រាពន្ធ​បដិការ​លើក​ចុងក្រោយ​ដល់​ប្រទេស​ចំនួន ៧០ ដែល​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក ដោយ​ក្នុង​នោះ កម្ពុជា​ក៏​ត្រូវ​បាន​អាមេរិក​បញ្ចុះ​អត្រាពន្ធ​ពី ៣៦% មក​នៅ​ត្រឹមតែ ១៩% ផង​ដែរ។

ប្រធាន​ក្រុម​ការងារ​ចំពោះ​កិច្ច​ដឹកនាំ​ការ​ចរចា​ពាណិជ្ជកម្ម​កម្ពុជា-អាមេរិក លោក ស៊ុន ចាន់ថុល លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃទី​១ សីហា នេះ​ថា ប្រទេស​កម្ពុជា​បាន​ប្រើ​សន្លឹក​បៀ​ចុងក្រោយ គឺ​បាន​បញ្ចុះ​អត្រាពន្ធ ០% រាល់​ទំនិញ​ពី​អាម៉េរិក​នាំចូល​កម្ពុជា ទើប​កម្ពុជា​អាច​ទទួល​បាន​អត្រាពន្ធ​ត្រឹម ១៩% ពី​អាមេរិក​នា​ពេល​នេះ ដែល​មាន​ន័យ​ថា រាល់​មុខទំនិញ​ទាំងអស់​ពី​អាម៉េរិក នឹង​នាំចូល​មក​កម្ពុជា​ដោយ​មិន​បង់​ពន្ធ​ឡើយ។

តាម​សារព័ត៌មាន​អាមេរិកាំង Bloomberg News នៅ​ថ្ងៃ​សុក្រ ទី​១ ខែ​សីហា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន ម៉ាណែត មិន​ត្រឹមតែ​អរគុណ​ប្រធានាធិបតី​អាមេរិកាំង​រឿង​ជួយ​ផ្សះផ្សា​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ ហើយ​និង​បញ្ចុះ​ពន្ធ​នៅ ១៩% ប៉ុណ្ណោះ លោក​ក៏​មិន​យក​ពន្ធ ១​សេន​លើ​ទំនិញ​អាមេរិកាំង​នាំចូល​ស្រុក​ខ្មែរ​ដែរ និង​ថែមទាំង​សន្យា​ទិញ​យន្តហោះ​អ្នកដំណើរ Boeing 737 Max ពី​១០ ទៅ ២០​គ្រឿង​ផង​ដែរ។

តម្លៃ​មួយ​គ្រឿងៗ បើ​ថ្មីចែស គឺ​ពី​ជិត ១០០​លាន​ទៅ ១៣៥​លាន​ដុល្លារ ប៉ុន្តែ​គេ​អាច​ចុះ​ថ្លៃ​ឲ្យ បើ​ទិញ​ច្រើន​គ្រឿង។ បើ​យន្តហោះ​ជំនំ​គេ​ប្រើ​រួច មួយ​គ្រឿង​ថ្លៃ​ពី ៣៨​លាន​ទៅ ៤១​លាន​ដុល្លារ តាម​ប្រភេទ ឬ model។

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ត្រូវ​សារព័ត៌មាន Bloomberg News ស្រង់​សម្ដី​ថា ការ​សម្រេច​ដូច្នេះ គឺ​សំដៅ​កាត់បន្ថយ​អតិរេក​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋ​អាមេរិក។

ព្រឹត្តិបត្រ Bank and Money រាយការណ៍​ថ្ងៃទី​១ សីហា ថា ការ​ប៉ុនប៉ង​កុម្ម៉ង់​ទិញ​យន្តហោះ​អាមេរិកាំង អាច​នឹង​ធ្វើ​ឲ្យ​ចិន ខក​ចិត្ត ឬ​អាក់អន់​ចិត្ត​សម្បើម ពីព្រោះ​ក្រុមហ៊ុន​ចិន ផលិត​យន្តហោះ​អ្នកដំណើរ Comac (Commercial Aircraft Corporation of China Ltd.) កំពុង​ផ្សាយ​ពាណិជ្ជកម្ម​ពពាយនាយ​លក់​យន្តហោះ​ប្រភេទ C919 ឲ្យ​ទីផ្សារ​ស្រុក​ខ្មែរ។

ជុំវិញ​បញ្ហា​នេះ លោក ឃុន ថារ៉ូ អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១ សីហា នេះ​ថា នេះ​ជា​ដំណឹង​ល្អ​ចំពោះ​ពន្ធ​បដិការ​ដែល​សហរដ្ឋ​អាមេរិក​បញ្ចុះ​ដល់​កម្ពុជា​រហូត​ដល់ ១៩% ហើយ​ក៏​ជា​សញ្ញា​វិជ្ជមាន​សម្រាប់​កម្មករ​និយោជិត​ដែរ។

លោក ឃុន ថារ៉ូ អះអាង​ថា អត្រាពន្ធ ១៩% នេះ នឹង​ជួយ​ធានា​នូវ​ស្ថិរភាព​ការងារ​ដល់​កម្មករ​និយោជិត​នៅ​កម្ពុជា រួម​ទាំង​អាច​ជួយ​ដោះស្រាយ​ដល់​ពលករ​ខ្មែរ​ដែល​វិលត្រឡប់​ពី​ប្រទេស​ថៃ ប្រមាណ​ជាង ៥​សែន​នាក់​នា​ពេលនេះ​ថែមទៀត។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ធ្វើ​កិច្ចការ​ឱ្យ​ល្អ​បន្ថែម​ទៀត ទោះជា​ពន្ធ​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​ទម្លាក់​ដល់ ១៩% ក៏ដោយ ព្រោះ​អត្រាពន្ធ​នេះ គឺ​ស្ថិត​ក្នុង​កម្រិត​ប្រកួតប្រជែង​ក្នុង​វិស័យ​កាត់ដេរ​ជាមួយ​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ាន​នៅឡើយ ដូចជា​វៀតណាម ឥណ្ឌូនេស៊ី ហ្វីលីពីន និង​បង់ក្លាដេស ជាដើម។

ក្រៅពី​នេះ​ទៀត គេ​ក៏​នៅ​មិន​ទាន់​ដឹង​ថា តើ​ប្រភេទ​មុខទំនិញ​បែប​ណា​ដែល​អាមេរិក​បាន​ចាត់​ទៅ​ក្នុង​អត្រា​ពន្ធ ១៩% នោះ​ដែរ ដូច្នេះ រដ្ឋាភិបាល​ត្រូវ​ដោះស្រាយ​បញ្ហា​ខាង​ក្នុង​ឱ្យ​បាន​ល្អ ដូចជា ការ​ធានា​ឱ្យ​បាន​នូវ​ការ​លើក​កម្ពស់​សិទ្ធិ​សេរីភាព​របស់​កម្មករ​និយោជិត កាត់បន្ថយ​អំពើពុករលួយ ពិចារណា​លើ​ការ​ផលិត​តម្លៃ​វត្ថុធាតុដើម រួម​ទាំង​តម្លៃ​ថ្លៃដើម​ក្នុង​ស្រុក កត្តា​ហេដ្ឋារចនាសម្ព័ន្ធ ការ​ដឹកជញ្ជូន និង​ទឹក​ភ្លើង ជាដើម។

កាលពី​ដើម​ខែ​កក្កដា ឆ្នាំ​២០២៥ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​សម្រេច​បញ្ចុះ​ពន្ធ​ដល់​កម្ពុជា​ពី ៤៩% មក​នៅ​ត្រឹម ៣៦% និង​បន្ត​បញ្ចុះ​រហូត​ដល់ ១៩% នា​ពេលនេះ ដែល​នឹង​ត្រូវ​ចាប់​អនុវត្ត​ពី​ថ្ងៃទី​១ ខែ​សីហា ឆ្នាំ​២០២៥ នេះ​តទៅ។

ជុំវិញ​បញ្ហា​នេះ ប្រធាន​សភា​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក លោក Casey Barnett បាន​លើកឡើង​កាលពី​ថ្ងៃទី​៣១ កក្កដា ថា បើ​អាមេរិក​បញ្ចុះ​ពន្ធ​ឱ្យ​កម្ពុជា​ដល់ ២០% ឬ​ទាប​ជាង​នេះ នោះ​គឺ​រឹតតែ​ល្អ ដែល​នឹង​នាំ​ឱ្យ​សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា​កាន់តែ​ស្ទុះ​ឡើង​ជាង​មុន៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស