26.6 C
Phnom Penh

លោក ហ៊ុន សែន ចាត់ទុក​ទង្វើ​កងទ័ព​ថៃ ថា​បំពាន​លើ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​យ៉ាង​ធ្ងន់ធ្ងរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន ចាត់ទុក​ទង្វើ​កងទ័ព​ថៃ ដែល​ចល័ត​ចូល​មក​ចាប់​ទាហាន​ខ្មែរ​ក្នុង​បន្ទាយ​នៃ​ទឹកដី​កម្ពុជា ក្រោយពី​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ចូល​ជាធរមាន គឺជា​ការ​បំពាន​លើ​កិច្ចព្រមព្រៀង​នេះ​យ៉ាង​ធ្ងន់ធ្ងរ ដែល​បាន​ហាមប្រាម​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​មិន​ឱ្យ​ធ្វើការ​ចល័ត​កងទ័ព និង​ហាម​បន្ថែម​កងទ័ព ជាដើម។

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៤ សីហា នេះ​ថា កម្ពុជា​បាន​បន្ត​អនុវត្ត​ដោយ​ម៉ឺងម៉ាត់​នូវ​បទ​ឈប់​បាញ់ និង​ពង្រឹង​កិច្ចការពារ​ខ្លួន​ប្រឆាំង​នឹង​ការ​រំលោភ​គ្រប់​រូបភាព​ពី​ភាគី​ម្ខាង​ទៀត។

យ៉ាងណាមិញ រឿង​ថា​រំលោភ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​គ្នា​ក្រោយ​មេដឹកនាំ​ប្រទេស​ទាំង​ពីរ​ជួប​គ្នា​នៅ​រាជធានី​ប៊ុត្រាជ័យា ប្រទេស​ម៉ាឡេស៊ី គេ​មើល​ឃើញ​ពី​ក្រៅ​តំបន់​នេះ​ថា មិន​ដឹង​ជា​អ្នក​ណា​រំលោភ​មុន​នោះ​ទេ ពីព្រោះ​សុទ្ធតែ​ជា​រឿង​ចោទ​គ្នា​ទៅវិញ​ទៅមក ខ្មែរ​ចោទ​ថៃ ថា​បំពាន ឯ​ថៃ ចោទ​ខ្មែរ​ថា​បំពាន​ដូច​គ្នា។ គេ​រង់ចាំ​មើល​សេចក្តី​រាយការណ៍​ពី​ក្រុម​អ្នក​សង្កេតការណ៍​ផ្ទាល់​នៅ​លើ​សមរភូមិ។

មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ​លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ត្រៀម​ស្នើសុំ​ទៅ​កាកបាទ​ក្រហម​អន្តរជាតិ ដើម្បី​បំពេញ​តួនាទី​ជួយ​ដល់​កងទ័ព​កម្ពុជា ចំនួន ១៨​រូប​ដែល​ត្រូវ​ទាហាន​ថៃ ចល័ត​ទ័ព​ចូល​មក​ចាប់​ខ្លួន​ក្នុង​បន្ទាយ​នៃ​កងទ័ព​កម្ពុជា ទោះ​កិច្ចព្រមព្រៀង​ឈប់​បាញ់​ចូល​ជាធរមាន​រយៈពេល​ប្រមាណ ៨​ម៉ោង​ទៅ​ហើយ​នោះ។

លោក ហ៊ុន សែន ចោទ​ជា​សំណួរ​ថា តើ​មាន​ហេតុផល​អ្វី​ដែល​ថៃ មិន​ព្រម​ប្រគល់​កងទ័ព​កម្ពុជា ១៨​រូប​មក​ឲ្យ​កម្ពុជា​វិញ?

សារព័ត៌មាន ខៅ​ស៊ុត របស់​ប្រទេស​ថៃ ចុះផ្សាយ​នៅ​ថ្ងៃទី​៤ សីហា នេះ​ថា ថៃ​បាន​ចាត់ទុក​កងទ័ព​ខ្មែរ​ដែល​ត្រូវ​ពួកគេ​ចាប់​ខ្លួន​ជា​អ្នកទោស​សង្គ្រាម ដោយ​សំអាង​ថា​ទាហាន​ខ្មែរ​ទាំង ២០​នាក់​នោះ​បាន​ចុះចាញ់​ទាហាន​ថៃ អំឡុង​ពេល​ប្រតិបត្តិការ​យោធា ប៉ុន្តែ​ពួកគេ​នឹង​ត្រូវ​ដោះលែង​ឱ្យ​ត្រឡប់​ទៅវិញ​នៅ​ពេល​សង្គ្រាម​រវាង​ប្រទេស​ទាំង​ពីរ​ត្រូវ​បាន​បញ្ចប់។

ប្រភព​ដដែល​បន្ត​ថា បច្ចុប្បន្ន ថៃ​រក្សា​ការ​ឃុំឃាំង​ទាហាន​ខ្មែរ​ដែល​ចុះចាញ់​សរុប​ចំនួន ១៨​នាក់ ព្រោះ​ទាហាន​ខ្មែរ ២​នាក់​ក្នុង​ចំណោម​ទាហាន​ទាំង ២០​នាក់​នោះ ត្រូវ​បាន​ទាហាន​ថៃ បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា វិញ​ហើយ ដោយសារ​សុខភាព​មិន​ល្អ។

ជុំវិញ​បញ្ហា​នេះ សកម្មជន​ក្នុង​សហគមន៍​ខ្មែរ​នៅ​ទីក្រុង​ឡងប៊ិច លោក មួង ណារ៉េត លើកឡើង​ថា នៅ​ទីបំផុត ថៃ​បាន​ចាត់ទុក​ទាហាន​ខ្មែរ​ដែល​ពួកគេ​ប្រើ​ល្បិច​ចាប់​ខ្លួន​ដោយ​ខុស​ច្បាប់​ថា​ជា​ឈ្លើយសឹក​សង្គ្រាម ដូច្នេះ ថៃ​ត្រូវតែ​ដោះលែង​កងទ័ព​ខ្មែរ​ទាំងនោះ​ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ ព្រោះ​ទាហាន​ថៃ ចាប់​ខ្លួន​អ្នក​ទាំងនោះ​ក្រោយ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ចូល​ជាធរមាន។

យ៉ាងណាក៏ដោយ ក្រោយ​បទ​ឈប់​បាញ់​ចូល​ជាធរមាន គឺ​នៅ​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០២៥ ទាហាន​ថៃ បាន​ប្រើ​ល្បិចកល​ចាប់​ទាហាន​កម្ពុជា ចំនួន ២០​នាក់ ក្នុង​នោះ ទាហាន​ខ្មែរ​បាន​រត់​រួច​ម្នាក់ ប៉ុន្តែ ២​នាក់​ទៀត​ត្រូវ​ទាហាន​ថៃ បាញ់​សម្លាប់។

តាម​ព័ត៌មាន​ផ្សាយ​ពី​ពេល​មុន​កន្លង​មក គេ​និយាយ​អះអាង​តាម​គ្នា​ថា ទាហាន​ខ្មែរ​ចាញ់​កល​ទាហាន​ថៃ គេ​ហៅ​ទៅ​ចាប់​ដៃ​គ្នា​ថត​ទុក​ជា​អនុស្សាវរីយ៍ រួច​ចាប់​ដាក់​ខ្នោះ ពោល​គឺ​ផ្ទុយ​ពី​ការ​អះអាង​ថា​ទាហាន​ថៃ ចូល​មក​ចាប់​ទាហាន​ខ្មែរ​ដល់​ក្នុង​បន្ទាយ​ក្នុង​ទឹកដី​ខ្មែរ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស