26.3 C
Phnom Penh

ស៊ីម៉ាក់​ព្រមាន​ថា​គ្រាប់បែក​ចង្កោម​របស់​យោធា​ថៃ ដែល​ទម្លាក់​មក​លើ​កម្ពុជា កំពុង​បង្ក​ហានិភ័យ​ខ្លាំង​ដល់​កងទ័ព​និង​ពលរដ្ឋ​ខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​ជាតិ​កម្ចាត់​មីន​កម្ពុជា ព្រមាន​ថា គ្រាប់បែក​ចង្កោម​របស់​យោធា​ថៃ ដែល​បាញ់​មក​លើ​ទឹកដី​កម្ពុជា មិន​ទាន់​ផ្ទុះ កំពុង​បង្ក​ហានិភ័យ​ខ្ពស់​ដល់​កងទ័ព និង​ពលរដ្ឋ​ខ្មែរ ព្រោះ​គ្រាប់បែក​ទាំងនោះ​អាច​នឹង​ផ្ទុះ​ឡើង​គ្រប់​ពេល។

អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC) លោក ហេង រតនា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១២ សីហា នេះ​ថា រយៈពេល​សង្គ្រាម ៥​ថ្ងៃ​កន្លង​ទៅ​ថ្មីៗ​នេះ ភាគី​ថៃ បាន​ប្រើប្រាស់​កាំភ្លើងធំ ១១៥​មិល្លីម៉ែត្រ និង​គ្រាប់បែក​ចង្កោម​ប្រភេទ M46 ផង​ដែរ ខណៈ​គ្រាប់បែក​ទាំងនេះ​អាច​ស្ថិត​នៅ​លើ​ដើមឈើ លើ​ដំបូល​ផ្ទះ លើ​ដី ក្នុង​ដី ឬ​ក្នុង​ទឹក ជាដើម។

អាជ្ញាធរ​ជាតិ​កម្ចាត់​មីន​កម្ពុជា បញ្ជាក់​ថា ក្នុង​គ្រាប់​ផ្លោង​មួយ​គ្រាប់​មាន​កូន​គ្រាប់បែក​ចង្កោម M46 ចំនួន ៥៦​គ្រាប់ ហើយ​គ្រាប់បែក​ចង្កោម M46 ទាំងនេះ ត្រូវ​បាន​កម្លាំង​អង្គភាព CMAC រក​ឃើញ​នៅ​ភូមិសាស្ត្រ​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា និង​កំពុង​បោស​សម្អាត​ដើម្បី​ផ្តល់​សុវត្ថិភាព​ជូន​ពលរដ្ឋ។

លោក ហេង រតនា អំពាវនាវ​ឱ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ខ្ពស់​នៅ​តំបន់​រង​ផល​ប៉ះពាល់​ដោយ​គ្រាប់បែក​ចង្កោម​នៅ​តាម​ភូមិឋាន​ក្នុង​ស្រុក​សំរោង ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្ដរមានជ័យ និង​ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ។

លោក​បន្ថែម​ថា ក្នុង​ករណី​ពលរដ្ឋ​បាន​ឃើញ ឬ​សង្ស័យ​ថា​មាន​គ្រាប់បែក​ចង្កោម ឬ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ សូម​ទាក់ទង​មន្ត្រី​ជំនាញ​អង្គភាព​ស៊ីម៉ាក់ ឬ​អាជ្ញាធរ​មូលដ្ឋាន ឬ​កងកម្លាំង​នគរបាល​ជាតិ​នៅ​ជិត​បំផុត ដើម្បី​បោស​សម្អាត។

កាលពី​ថ្ងៃទី​២៥ ខែ​កក្កដា ឆ្នាំ​២០២៥ អ្នកស្រី ម៉ាលី សុជាតា អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ អះអាង​ថា ថៃ បាន​ប្រើប្រាស់​គ្រាប់បែក​ចង្កោម​ដោយ​ខុស​ច្បាប់​លើ​ទឹកដី​កម្ពុជា ដែល​ជា​ការ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​ច្បាប់​អន្តរជាតិ រួម​ទាំង​អនុសញ្ញា​ស្ដីពី​គ្រាប់បែក​ចង្កោម​ផង​ដែរ។

អ្នក​នាំពាក្យ​រូប​នេះ អះអាង​ថា ការ​ពង្រាយ​គ្រាប់បែក​ចង្កោម គឺជា​ការ​គំរាមកំហែង​យូរអង្វែង​ដល់​ជនស៊ីវិល បរិស្ថាន ហើយ​ក៏​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​ក្រោម​ច្បាប់​អន្តរជាតិ និង​បំផ្លិចបំផ្លាញ​សន្តិភាព រួម​ទាំង​សន្តិសុខ​ក្នុង​តំបន់​ថែមទៀត។

សង្គ្រាម​កម្ពុជា-ថៃ បាន​ផ្ទុះ​ឡើង​អស់​រយៈពេល ៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៥។ រយៈពេល ៥​ថ្ងៃ​នៃ​សង្គ្រាម​នេះ ភាគី​ថៃ បាន​ប្រើ​អាវុធ​ធុន​ធ្ងន់​ជាច្រើន រួម​មាន​យន្តហោះ​ចម្បាំង F-16 ដ្រូន​ទម្លាក់​គ្រាប់បែក កាំភ្លើង​ត្បាល់ គ្រាប់បែក​ចង្កោម រួម​ទាំង​យន្តហោះ​បញ្ចេញ​ផ្សែង​ពុល​ថែមទៀត។

ជុំវិញ​បញ្ហា​នេះ អ្នក​នាំពាក្យ​កងទ័ព​ភូមិន្ទ​ថៃ លោក Winthai Suwaree បាន​ទទួលស្គាល់​កាលពី​ថ្ងៃទី​២៦ ខែ​កក្កដា ថា យោធា​ថៃ ពិត​ជា​បាន​ប្រើប្រាស់​គ្រាប់បែក​ចង្កោម​ដើម្បី​វាយប្រហារ​មក​លើ​កម្ពុជា មែន ប៉ុន្តែ​អ្នក​នាំពាក្យ​រូប​នេះ​អះអាង​ថា ថៃ​មិនមែន​ជា​ប្រទេស​ហត្ថលេខី​នៃ​អនុសញ្ញា​ស្ដីពី​គ្រាប់បែក​ចង្កោម (CCM) ឡើយ។

ច្បាប់​អន្តរជាតិ​ហាម​ប្រើប្រាស់​គ្រាប់បែក​ចង្កោម បាន​ចូល​ជាធរមាន​នៅ​ឆ្នាំ​២០១០ និង​មាន​ប្រទេស​ចំនួន​១២៣ ចូលរួម​ក្នុង​អនុសញ្ញា​អន្តរជាតិ​មួយ​នេះ ដោយ​ហាមឃាត់​នូវ​ការ​ប្រើប្រាស់ ការ​អភិវឌ្ឍ ការ​ផលិត ការ​ទិញ​យក ឬ​ស្តុក​ទុក និង​ការ​ផ្ទេរ​គ្រាប់បែក​ចង្កោម ក៏ដូចជា​ជំនួយ ឬ​ការ​ចូលរួម​សកម្មភាព​ហាមឃាត់​ណា​មួយ ជាដើម៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស