សិស្ស និស្សិត ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរ ស្នើសុំប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដាក់សម្ពាធរដ្ឋាភិបាលថៃ ឱ្យដោះលែងវីរកងទ័ពកម្ពុជា ចំនួន ១៨នាក់ រុះរើបន្លាលួសចេញពីទឹកដីខ្មែរ និងអនុវត្តបទឈប់បាញ់ដែលបានឯកភាពគ្នាឱ្យបានត្រឹមត្រូវ។
សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២១ សីហា នេះ ទទួលបានលិខិតពីសិស្ស និស្សិត ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរដែលរៀបរាប់ពីទុក្ខលំបាក និងការឈឺចាប់របស់ខ្លួនដែលកំពុងរងនូវការធ្វើទុក្ខបុកម្នេញក្រោមការគំរាមកំហែងពីកងទ័ពថៃ ចាប់តាំងពីផ្ទុះសង្គ្រាមកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ មក។
ប្រភពដដែលថា កងទ័ពថៃ បានប្រើគ្រាប់បែកចង្កោមពីយន្តហោះ F-16 ទម្លាក់លើផ្ទះសម្បែង សាលារៀន វត្តអារាម និងប្រាសាទបុរាណខ្មែរដែលមានអាយុកាលជាង ១០០០ឆ្នាំ បានធ្វើឱ្យខូចខាត និងបំផ្លាញខ្ទេចខ្ទី ខណៈពលរដ្ឋខ្មែររស់នៅតាមបន្ទាត់ព្រំដែន កំពុងរត់ភៀសខ្លួនទៅរកកន្លែងសុវត្ថិភាពក្នុងពេលនេះ។
លិខិតដដែល រៀបរាប់ថា ពលរដ្ឋខ្មែររស់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ពិតជាមានក្តីបារម្ភ និងឈឺចាប់ជាពន់ពេក ដោយសារទាហានថៃ ឈ្លានពានអធិបតេយ្យប្រទេសកម្ពុជានៅតាមដំបន់ព្រំដែនទាំងកំរោល ទោះមានបទឈប់បាញ់កាលពីថ្ងៃទី២៨ ខែកក្កដា កន្លងទៅក្តី។
ជាក់ស្តែង នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ទាហានថៃ បានប្រើល្បិចចាប់ទាហានខ្មែរ ២០នាក់ នៅពេលដែលទាហានថៃ ទាំងនោះ ស្នើសុំឱ្យទាហានខ្មែរទៅចាប់ដៃសម្របសម្រួលគ្នា ហើយមកទល់នឹងពេលនេះ មានតែទាហាន ២នាក់ប៉ុណ្ណោះដែលត្រូវបានបញ្ជូនត្រឡប់មកវិញ ក្រោមស្ថានភាពមិនប្រក្រតី ខណៈទាហានខ្មែរ ១៨នាក់ទៀត កំពុងត្រូវបានឃុំខ្លួនក្នុងប្រទេសថៃ នៅឡើយ។
សិស្ស និស្សិត ព្រះសង្ឃ និងពលរដ្ឋខ្មែរទាំងនេះ ស្នើសុំឱ្យលោក ដូណាល់ ត្រាំ ជំរុញឱ្យកងទ័ពថៃ រើលួសបន្លា និងរើកង់ឡានដែលពួកគេបានពង្រាយចូលទឹកដីកម្ពុជា ត្រឡប់ទៅវិញទាំងអស់។
ជុំវិញបញ្ហានេះ ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ លោក នង សាកល អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លើកឡើងថា រដ្ឋាភិបាលប្រទេសកម្ពុជា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការផ្ដួចផ្ដើមគំនិតឲ្យមានកិច្ចព្រមព្រៀងឈប់បាញ់គ្នារវាងប្រទេសកម្ពុជា និងប្រទេសថៃ ឲ្យក្លាយជាការពិត។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក៏ស្វាគមន៍សហរដ្ឋអាមេរិក ដែលបន្តចូលរួមយ៉ាងសកម្មលើបញ្ហាព្រំដែនដែលកំពុងកើតមានជាមួយភាគីថៃ នាពេលនេះផងដែរ។
ចំណែកអ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា បញ្ជាក់ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២១ សីហា នេះថា ប្រទេសកម្ពុជាបានប្ដេជ្ញាធ្វើការប្រកបដោយស្ថាបនា ស្មោះត្រង់ និងសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសថៃ ម៉ាឡេស៊ី បណ្តាប្រទេសសមាជិកអាស៊ានដទៃទៀត និងដៃគូពាក់ព័ន្ធទាំងអស់ ដូចជាអាមេរិក ចិន ដើម្បីធានាការអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព និងពេញលេញ និងដោះស្រាយវិវាទដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។
ទោះជាយ៉ាងណាក៏ដោយ កាលពីថ្ងៃទី២០ ខែសីហា សារព័ត៌មាន The Nation បានស្រង់សម្ដីលោក ភូមិថាំ វេឆាយ៉ាឆៃ ថា នាយករដ្ឋមន្ត្រីស្តីទីប្រទេសថៃ រូបនេះ បានបដិសេធសំណើក្នុងការបញ្ជូនអ្នកសង្កេតការណ៍អន្តរជាតិបន្ថែមទៀត ដើម្បីតាមដានការអនុវត្តបទឈប់បាញ់នៅតាមព្រំដែនរវាងថៃ និងកម្ពុជា។
យ៉ាងណាមិញ ទីភ្នាក់ងារព័ត៌មានរដ្ឋ BERNAMA នៃប្រទេសម៉ាឡេស៊ី បានស្រង់សម្ដីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលបានឆ្លើយតបទៅនាយករដ្ឋមន្ត្រីស្តីទីថៃ នៅថ្ងៃទី២១ សីហា នេះថា សំណើក្នុងការដាក់ពង្រាយអ្នកសង្កេតការណ៍បន្ថែមទៀត ដើម្បីតាមដានការអនុវត្តបទឈប់បាញ់រវាងថៃឡង់ដ៍ និងកម្ពុជា មានគោលបំណងតែមួយគត់ គឺដើម្បីធានានូវសុវត្ថិភាព និងស្ថិរភាពបន្តទៀតនៅក្នុងតំបន់ និងមិនមែនជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនោះទេ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

