27.4 C
Phnom Penh

អ្នកជំនាញ​បញ្ជាក់​ថា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​មាន​យុត្តាធិការ​គ្រប់គ្រាន់​ចាត់​វិធានការ​ច្បាប់​លើ​ប្រទេស​ថៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកជំនាញ​ច្បាប់ និង​ឧក្រិដ្ឋកម្ម​អន្តរជាតិ លោក ឆាំង យុ លើកឡើង​ថា ពិត​មែន​តែ​ថៃ មិនមែន​ជា​សមាជិក​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ប៉ុន្តែ​កម្ពុជា គឺជា​សមាជិក​តុលាការ​នេះ ដូច្នេះ​ការ​វាយប្រហារ​លើ​សមាជិក​របស់​ខ្លួន តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​មាន​យុត្តាធិការ​គ្រប់គ្រាន់​ក្នុង​ការ​ចាត់​វិធានការ​លើ​ប្រទេស​ថៃ។

ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លោក ឆាំង យុ លើកឡើង​កាលពី​ចុង​សប្តាហ៍​នេះ​ថា យុត្តាធិការ​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ កាត់​សេចក្តី​លើ​ឧក្រិដ្ឋកម្ម​មួយ​ដែល​បាន​កើតមាន​ឡើង​នៅ​ក្នុង​ដែនដី​នៃ​រដ្ឋ​ជា​សមាជិក​របស់​ខ្លួន។

លោក​បន្ត​ថា ពិត​មែន​តែ​ប្រទេស​ថៃ មិនមែន​ជា​សមាជិក​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ប៉ុន្តែ​ប្រទេស​កម្ពុជា គឺជា​សមាជិក​នៃ​តុលាការ​នេះ ហើយ​ការ​វាយប្រហារ​មក​លើ​រដ្ឋ​ដែល​ជា​សមាជិក​នៃ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ អាច​បង្កើត​ឱ្យ​មាន​យុត្តាធិការ​សម្រាប់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​យ៉ាង​ពេញលេញ។

លោក​ថា យុត្តាធិការ​នេះ​គឺ​ក្រោម​ហេតុផល​ថា ការ​វាយប្រហារ​នេះ​គឺ​បាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ឧក្រិដ្ឋកម្ម​ដែល​កំណត់​ដោយ​លក្ខន្តិកៈ​ទីក្រុង​រ៉ូម ដូចជា​ឧក្រិដ្ឋកម្ម​សង្គ្រាម ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ អំពើ​ប្រល័យ​ពូជសាសន៍ ឬ​ការ​ឈ្លានពាន ជាដើម ខណៈ​រដ្ឋាភិបាល​ថៃ មិន​បាន​ប្ដេជ្ញាចិត្ត​គោរព​ទៅ​តាម​ច្បាប់​មនុស្សធម៌​អន្តរជាតិ​ឱ្យ​បាន​ពេញលេញ​នោះ​ទេ ជុំវិញ​ជម្លោះ​ព្រំដែន​ជាមួយ​កម្ពុជា នា​ពេលនេះ។

លោក ឆាំង យុ អះអាង​ថា ការ​បំពាន​ទៅ​លើ​អនុសញ្ញា​អន្តរជាតិ គឺជា​កំហុស​ធ្ងន់ធ្ងរ​បំផុត ដែល​ទាមទារ​ឱ្យ​មាន​ការ​ស៊ើបអង្កេត​យ៉ាង​ល្អិតល្អន់​ស៊ីជម្រៅ​លើ​អង្គហេតុ និង​ការ​ត្រួតពិនិត្យ​ដោយ​យកចិត្ត​ទុកដាក់​លើ​ភស្តុតាង នៅ​មុន​ពេល​ទាញ​ចេញ​ជា​សេចក្តី​សន្និដ្ឋាន​អំពី​រឿង​នេះ។

លោក​បញ្ជាក់​ថា ការ​ឈ្លានពាន​ព្រំដែន ឬ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ដែល​កើតមាន​រវាង​ថៃ និង​កម្ពុជា ទំនង​ជា​ត្រូវ​បើក​សវនាការ​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ចំពោះ​សំណុំរឿង​រវាង​រដ្ឋ និង​រដ្ឋ។

ជាង​នេះ​ទៀត សវនាការ​នេះ​ក៏​អាច​នឹង​ដំណើរការ​ចំពោះ​ការ​ទទួល​ខុសត្រូវ​កម្រិត​បុគ្គល​ផង​ដែរ ប្រសិនបើ​ឧក្រិដ្ឋកម្ម​ទាំងនេះ​បាន​កើតឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា ឬ​តាមរយៈ​ការ​បញ្ជូន​សំណុំរឿង​ដោយ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។

នៅ​ថ្ងៃទី​២៥ ខែ​សីហា នេះ តំណាងរាស្ត្រ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ​ប្រចាំ​រដ្ឋ​វិចតូរីយ៉ា លោក តាក់ ម៉េងហ៊ាង បង្ហោះ​វីដេអូ​ឃ្លីប​មួយ​ដោយ​សរសេរ​ថា សមាជិក​សភា​សហព័ន្ធ និង​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​អូស្ត្រាលី លោក ម៉ាក ដ្រេហ្វើស បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​លើ​ករណី​ថៃ បំពាន​បូរណភាព​ទឹកដី​កម្ពុជា។

ក្នុង​វីដេអូ​ឃ្លីប​នេះ លោក ម៉ាក ដ្រេហ្វើស បាន​លើកឡើង​ថា សន្តិភាព​មិនមែន​គ្រាន់តែ​អវត្តមាន​សង្គ្រាម​នោះ​ទេ តែ​វា​ត្រូវ​មាន​នូវ​វត្តមាន​យុត្តិធម៌ កិត្តិយស ហើយ​ពលរដ្ឋ​ម្នាក់ៗ​ត្រូវ​មាន​សិទ្ធិ​រស់នៅ​ដោយ​គ្មាន​ភាព​ភ័យខ្លាច។

ជុំវិញ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ក្នុង​ពេលនេះ សារព័ត៌មាន​ថៃ ខៅ​ស៊ុត (Khaosod) បាន​ស្រង់​សម្ដី​របស់​នាយករដ្ឋមន្ត្រី​ស្ដីទី​ថៃ លោក ភូមិថាំ វេឆាយ៉ាឆៃ កាលពី​ថ្ងៃទី​១៩ សីហា ថា ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​ថៃ បាន​ចាត់តាំង​ឱ្យ​ក្រុម​មេធាវី និង​ប៉ូលិស រៀបចំ​ពាក្យបណ្ដឹង​រដ្ឋប្បវេណី និង​ព្រហ្មទណ្ឌ ដើម្បី​ដាក់​ទៅ​តុលាការ​ថៃ ប្ដឹង​លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ពី​បទ​ប្រើប្រាស់​កម្លាំង​ទ័ព​វាយប្រហារ​លើ​ប្រទេស​ថៃ រួចរាល់​ហើយ។

នាយករដ្ឋមន្ត្រី​ស្ដីទី​ថៃ​រូប​នេះ បញ្ជាក់​ថា ប្រទេស​ថៃ មិន​អាច​ប្ដឹង​មេដឹកនាំ​កម្ពុជា​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) បាន​ទេ ដោយសារតែ​ប្រទេស​ថៃ មិន​បាន​ទទួលស្គាល់​យុត្តាធិការ​របស់​តុលាការ​អន្តរជាតិ​មួយ​នេះ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស