អតីតបេក្ខជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកទៅប្រចាំនៅប្រទេសថៃ មិនជាប់ឈ្មោះ បណ្ឌិត Leewood Phu លើកឡើងថា លុយរបស់ថៃ ដែលតម្កល់នៅធនាគារបរទេសសព្វថ្ងៃនេះល្មមគ្រប់គ្រាន់នឹងសងការខូចខាតដល់ប្រទេសកម្ពុជា ជុំវិញសង្គ្រាមឈ្លានពានទឹកដីខ្មែរ ដែលថៃ បានប្រព្រឹត្តកាលពីអំឡុងខែកក្កដា កន្លងទៅនេះ។
លោក Leewood Phu ដែលជាអ្នកឯកទេសផ្នែកវិជ្ជាជីវៈវិស្វកម្មបច្ចេកវិទ្យាព័ត៌មាន (IT) ជាអតីតទីប្រឹក្សារាជរដ្ឋាភិបាល បម្រើការក្នុងទីស្ដីការគណៈរដ្ឋមន្ត្រី ជាទាយកបរិច្ចាគអំណោយឲ្យបេក្ខជនគណបក្សសាធារណរដ្ឋ សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២៦ សីហា នេះថា គិតត្រឹមពាក់កណ្តាលខែសីហា ឆ្នាំ២០២៥ នេះ ថៃមានលុយតម្កល់ក្នុងធនាគារសហរដ្ឋអាមេរិក និងធនាគារសម្ព័ន្ធមិត្តរបស់ខ្លួនជាង ២០០ពាន់លានដុល្លារសហរដ្ឋអាមេរិក (២៦៥,៦២ពាន់លានដុល្លារ)។
លោក Leewood Phu លើកឡើងថា ទំហំទឹកប្រាក់នេះគ្រប់គ្រាន់ល្មមឱ្យថៃ អាចសងការខូចខាតដល់ប្រទេសកម្ពុជា ដែលថៃ បានឈ្លានពានកម្ពុជា កាលពីខែកក្កដា កន្លងទៅ ដូចជា សងការខូចខាតក្នុងការជួសជុលប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក វត្តអារាម សាលារៀន និងផ្ទះសម្បែងប្រជាជនខ្មែរ ជាដើម។
ជាងនេះទៀត ថៃក៏ត្រូវសងការខូចខាតទៅលើអាជីវកម្មរបស់ពលរដ្ឋខ្មែរដែលបានបាត់បង់ដោយសារសង្គ្រាមនេះដែរ។ លើសពីនេះ ក៏ត្រូវចេញលុយលើការព្យាបាលរបួស ជំងឺផ្សេងៗដែលបង្កឡើងដោយការឈ្លានពាន ជាពិសេសជំងឺចិត្តជូនដល់ប្រជាជនកម្ពុជា ២០នាក់ ដែលថៃ បានចូលមកចាប់ខ្លួនក្រោយបទឈប់បាញ់ចូលជាធរមាន កាលពីចុងខែកក្កដា កន្លងទៅថែមទៀត។
លោក Leewood Phu បញ្ជាក់ថា ការទារសំណងនេះ គឺដើម្បីបង្ហាញទៅពិភពលោកថា កម្ពុជាមិនមែនជាប្រទេសដែលងាយស្រួលឈ្លានពាននោះទេ ហើយក៏ជាសារជូនទៅអ្នកនយោបាយថៃ ទាំងអស់ដែរថា ការបង្វែរបញ្ហាផ្ទៃក្នុងថៃ មកព្រំដែនកម្ពុជា មានតម្លៃថ្លៃណាស់ ដែលពួកគេមិនគួរលេងល្បែងនយោបាយបែបនេះទៀតទេទៅថ្ងៃមុខ។
ក្នុងពេលជាមួយគ្នានេះ តំណាងស្ថានបេសកកម្មទូតរាជាណាចក្រថៃ ប្រចាំអង្គការសហប្រជាជាតិ បានត្រៀមជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ ដោយលើកយកករណីគ្រាប់មីនប្លាស្ទិករាយបង្កប់តាមព្រំដែន ដែលទាហានថៃម្នាក់ទៀតបានជាន់ផ្ទុះ បណ្តាលឲ្យដាច់ជើង។ ទាហានថៃ ថាទាហានខ្មែរជាអ្នកដាក់។
កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងការពារជាតិកម្ពុជា អះអាងថា ចាប់តាំងពីថ្ងៃទី២៧ ខែកក្កដា ទាហានថៃ បានប្រើយន្តហោះចម្បាំង F-16 និងយន្តហោះចម្បាំង Jas 39E Gripen ដ្រូនទម្លាក់គ្រាប់បែក កាំភ្លើងត្បាល់ កាំភ្លើងធំ គ្រាប់បែកចង្កោម ដោយបាញ់ស្រោចចូលទឹកដីប្រទេសកម្ពុជា មុន។ ចំណែកកងទ័ពខ្មែរ អាវុធមានប្រើ គឺរ៉ុក្កែតផ្គុំ ៤០គ្រាប់ BM-21 Grad បាញ់ស្រោចសន្ធាប់ទៅក្នុងដីថៃ វិញ ចូលភូមិស្រុកក្នុងខេត្តអ៊ុប៊ុន សុរិន្ទ និងស៊ីសាកេត។ ប្រជាពលរដ្ឋថៃ ក៏ត្រូវអាជ្ញាធរថៃ ជម្លៀសចេញទៅទីសុវត្ថិភាពដូចគ្នា។
តាមការអះអាងពីក្រសួងការពារជាតិប្រទេសកម្ពុជា គេបញ្ជាក់ថា ដោយសារការឈ្លានពានរបស់ថៃ ប្រជាជនខ្មែរជាង ១៣នាក់ម៉ឺននាក់ ស្មើនឹងជាង ៣ម៉ឺនគ្រួសារ (៣៩៨២៨គ្រួសារ) ត្រូវបានជម្លៀស មានទាំងស្ត្រីមានផ្ទៃពោះ ចាស់ជរា ជនពិការ និងកុមារផងដែរ។
ក្រៅពីនេះ សាលារៀនជាង ៦០០កន្លែង ត្រូវបានបិទទ្វារ ខណៈហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានខូចខាត រួមមានភូមិដ្ឋាន និងទ្រព្យសម្បត្តិប្រជាពលរដ្ឋស្លូតត្រង់ ហើយថែមទាំងប៉ះពាល់ដល់ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់មនុស្សជាតិថែមទៀត។
ទាក់ទិននឹងបញ្ហានេះ សារព័ត៌មាន ខៅស៊ុត (Khaosod) របស់ថៃ ស្រង់សម្ដីមេបញ្ជាការយោធភូមិភាគទី២ របស់ថៃ ឧត្ដមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង (Boonsin Phadklang) កាលពីថ្ងៃទី២៧ សីហា នេះថា កងទ័ពថៃ មិនខ្វល់ពីការអំពាវនាវរបស់មេដឹកនាំកម្ពុជា មិនឱ្យថៃ ប្រើយន្តហោះចម្បាំង F-16 នោះឡើយ ព្រោះថៃ ត្រូវតែប្រើវាដើម្បីការពារអធិបតេយ្យជាតិរបស់ខ្លួន៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

