ប្រធានការិយាល័យសម្របសម្រួលបេសកកម្មដើម្បីសន្តិសុខជាតិថៃ ឧត្ដមសេនីយ៍ឯក វ៉ាន់ចាន់ណា សាវាឌី (Wanchana Sawasdee) ជំទាស់នឹងការបើកច្រកព្រំដែនរវាងកម្ពុជា-ថៃ តាមសំណើរបស់រដ្ឋាភិបាលជប៉ុន។
កាសែតថៃ Khaosod បានស្រង់សម្ដីប្រធានការិយាល័យសម្របសម្រួលបេសកកម្មដើម្បីសន្តិសុខជាតិឧត្ដមសេនីយ៍ឯក វ៉ាន់ចាន់ណា សាវាឌី (Wanchana Sawasdee) កាលពីថ្ងៃទី១១ ខែកញ្ញា នេះថា បើប្រទេសជប៉ុន ធ្វើដើម្បីប្រយោជន៍គេ ថៃក៏ត្រូវធ្វើដើម្បីប្រយោជន៍ជាតិរបស់ខ្លួនឯងដែរ។
លោក វ៉ាន់ចាន់ណា សាវាឌី លើកឡើងថា លោកមិនដឹងថាតើការបើកប៉ុស្តិ៍ត្រួតពិនិត្យ គឺជាគោលនយោបាយរបស់រដ្ឋាភិបាល ឬយ៉ាងណានោះទេ ប៉ុន្តែលោកចង់ឱ្យពួកគេគិតអំពីពលរដ្ឋ និងទាហានដែលបានបាត់បង់ជីវិត និងរងរបួស ក៏ដូចជាក្រុមគ្រួសាររបស់ពួកគេផងដែរ។
ឧត្ដមសេនីយ៍ឯករូបនេះអះអាងថា ថៃត្រូវតែធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីធ្វើឱ្យកម្ពុជាឈប់គំរាមកំហែងថៃ បន្តទៀត ព្រោះថាដើម្បីឲ្យបញ្ហានេះបញ្ចប់ កម្ពុជាត្រូវតែបញ្ឈប់ការគំរាមកំហែងដល់ប្រទេសថៃ ក្នុងនោះបើកម្ពុជា ចង់បានអ្នកទោសសង្គ្រាមវិញ ពួកគេត្រូវដកទ័ពចេញពីព្រំដែនជាមុនដែរ។
លោក វ៉ាន់ចាន់ណា សាវាឌី បញ្ជាក់ថា ការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ក្នុងក្របខ័ណ្ឌទ្វេភាគីតាមរយៈគណៈកម្មាធិការនានា ដូចជា តាមរយៈគណៈកម្មាធិការ GBC, RBC និងគណៈកម្មាធិការព្រំដែនរួម (JBC) ជាដើម នឹងធ្វើឱ្យមានការពន្យារពេលគ្មានទីបញ្ចប់ ហើយបញ្ហានឹងមិនអាចដោះស្រាយបានឡើយ។
កិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្រិតថ្នាក់រដ្ឋមន្ត្រីការពារជាតិកម្ពុជា-ថៃ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដោយភាគីទាំងពីរចរចាគ្នាពីការបើកច្រកព្រំដែនមួយចំនួនតាមសំណើរដ្ឋាភិបាលជប៉ុន សម្រាប់ការដឹកជញ្ជូនទំនិញចាំបាច់ដើម្បីធានាដល់ខ្សែសង្វាក់ផ្គត់ផ្គង់។
ជុំវិញបញ្ហានេះ កាសែតថៃ ខៅស៊ុត (Khaosod) បានស្រង់សម្ដីអនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក ណាតាផុន ណាក់ផានិត (Nattaphon Narkphanit) កាលពីថ្ងៃទី១០ កញ្ញា ថា ក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានពិភាក្សាអំពីការបន្ធូរច្រកព្រំដែនគោកជាមួយកម្ពុជា ប៉ុន្តែការបន្ធូរបន្ថយច្រកព្រំដែននេះ មិនមែនសម្រាប់បុគ្គលទេ គឺសម្រាប់ការដឹកជញ្ជូនទំនិញប៉ុណ្ណោះ ខណៈមនុស្សនៅតែមិនអាចឆ្លងកាត់បានដដែល។
អនុរដ្ឋមន្ត្រីការពារជាតិថៃរូបនេះ បញ្ជាក់ថា មូលហេតុនៃការបើកច្រកជាមួយកម្ពុជា គឺដោយសារប្រទេសទី៣ មិនមែនមកពីថៃ និងកម្ពុជា ទេ ព្រោះប្រទេសទីបីបានអះអាងថា ជម្លោះរវាងថៃ និងកម្ពុជា កំពុងប៉ះពាល់ និងបង្កបញ្ហាដល់ពួកគេ។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី១០ ខែកញ្ញា ស្ថានទូតជប៉ុននៅកម្ពុជា សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយសាទរកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ជាមួយនឹងវឌ្ឍនភាពនៃកិច្ចពិភាក្សាទាក់ទងការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន ការដោះមីន និងការបើកឡើងវិញនូវការដឹកជញ្ជូនតាមច្រកព្រំដែនគោក ជាដើម។
ស្ថានទូតជប៉ុន ចាត់ទុកកិច្ចប្រជុំនេះបង្ហាញពីលទ្ធផលដ៏សំខាន់ដើម្បីជំរុញការអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសទាំងពីរ។
ជុំវិញបញ្ហានេះ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត យ៉ង់ ពៅ ក៏បានជំទាស់នឹងការបើកច្រកព្រំដែនជាមួយថៃ ដែរ ក្រោមហេតុផលថា ជាតិសាសន៍ថៃ បានមាក់ងាយ និងប្រព្រឹត្តអំពើឈ្លានពានខ្មែរដែលមិនអាចទទួលយកបាន៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

