30.7 C
Phnom Penh

អ្នក​ឃ្លាំមើល៖ កម្ពុជា​មិន​អាច​ប្តឹង​ថៃ ជុំវិញ​ជម្លោះ​ព្រំដែន​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​បាន​ឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា លើកឡើង​ថា កម្ពុជា​មិន​អាច​ប្តឹង​ថៃ ជុំវិញ​ជម្លោះ​ព្រំដែន​លើ​ករណី​តំបន់​មុំ​៣ ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាមាន់តូច និង​ប្រាសាទ​តាក្របី ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (IJC) បាន​ឡើយ ដោយសារតែ​ភាគី​ថៃ បាន​បដិសេធ​មិន​ទទួលស្គាល់​យុត្តាធិការ​របស់​តុលាការ។

អតីត​នាយ​ទាហាន​ជាន់ខ្ពស់​នៃ​ភាគី​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ លោក ជុំ ឈាង បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ​ថា កម្ពុជា​អាច​ប្តឹង​ថៃ ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) បាន លុះត្រាតែ​ស្ថិត​ក្រោម​លក្ខខណ្ឌ​ពីរ គឺ៖

  • ទី​១ ភាគី​ថៃ ព្រម​ទទួលស្គាល់​យុត្តាធិការ​របស់ ICJ មុន​នឹង​កម្ពុជា​បាន​ប្តឹង។
  • ទី​២ គឺ​ថៃ ទទួលស្គាល់​យុត្តាធិការ​របស់ ICJ ក្រោយ​កម្ពុជា​ដាក់​ពាក្យបណ្ដឹង​លើ​សំណុំរឿង​ព្រំដែន​នេះ។

លោក​ពន្យល់​ថា តាម​លក្ខខណ្ឌ​ទី​១ ភាគី​ថៃ បាន​ប្រកាស​មិន​ទទួលស្គាល់​យុត្តាធិការ​របស់ ICJ តាំងពី​ឆ្នាំ​១៩៦០ មក​ម្ល៉េះ ដូច្នេះ​កម្ពុជា​មិន​អាច​ប្តឹង​ថៃ ទៅ​តុលាការ ICJ បាន​ឡើយ។ ចំណែក​លក្ខខណ្ឌ​ទី​២ បើ​ភាគី​ថៃ ប្រកាស​ទទួលស្គាល់​យុត្តាធិការ​តុលាការ​នេះ​សាជាថ្មី ទោះបីជា​ខ្លួន​ធ្លាប់​បដិសេធ​ក៏ដោយ នោះ​តុលាការ​នឹង​អាច​ដំណើរការ​ពាក្យបណ្ដឹង​របស់​កម្ពុជា​បាន ដោយសារ​ភាគី​ថៃ ឯកភាព​ទទួលយក​ការ​សម្រេច​របស់​តុលាការ​នេះ ដែល​គេ​ហៅថា ជា​មូលដ្ឋាន​នៃ​ការ​ពង្រីក​សមត្ថកិច្ច។ ប៉ុន្តែ​ទាំង​លក្ខខណ្ឌ​ទី​១ និង​ទី​២ ហាក់​គ្មាន​សង្ឃឹម​ឡើយ ដូច្នេះ​ការ​ដឹក​ដៃ​ភាគី​ថៃ ទៅ​តុលាការ​អន្តរជាតិ​ដោយ​ការ​ព្រមព្រៀង​ពី​ភាគី​ថៃ គឺ​មិន​អាច​ទៅ​រួច​ដាច់ខាត។

លោក ជុំ ឈាង អះអាង​ថា យោង​តាម​មាត្រា​៩៣ នៃ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ ចែង​ថា សមាជិក​របស់​អង្គការ​សហប្រជាជាតិ​ត្រូវ​ក្លាយ​ជា​ភាគី​នៃ​លក្ខន្តិកៈ​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដោយ​ស្វ័យប្រវត្តិ ប៉ុន្តែ​ត្រូវ​តាម​មាត្រា​៣៦ នៃ​លក្ខន្តិកៈ​របស់​តុលាការ​នេះ។ មាត្រា​៣៦ នៃ​លក្ខន្តិកៈ​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ចែង​ថា គ្រប់​ភាគី​នៃ​លក្ខន្តិកៈ ICJ ក្នុង​ពេល​ណា​ក៏​បាន ត្រូវ​ធ្វើការ​ប្រកាស​ទទួលស្គាល់​យុត្តាធិការ​របស់ ICJ ជា​ចាំបាច់ ទើប ICJ អាច​ទទួលយក​ក្តី​របស់​ពួកគេ​បាន។

ចំណែក​មាត្រា​៥៣ នៃ​លក្ខន្តិកៈ​របស់​តុលាការ​នេះ​វិញ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ភាគី​នៃ​លក្ខន្តិកៈ ICJ អាច​ស្នើសុំ​ឲ្យ​តុលាការ​ដំណើរការ​លើ​រឿងក្ដី​របស់​ខ្លួន​បាន ទោះបី​ភាគី​ម្ខាង​ទៀត​មិន​ព្រម​ចូល​មក​តតាំង​ក្តី​ក៏ដោយ លុះត្រាតែ​តុលាការ​រក​ឃើញ​ថា​ភាគី​ម្ខាង​ទៀត​មិន​បាន​បដិសេធ​យុត្តាធិការ​របស់​ខ្លួន រួម​ទាំង​ពាក្យបណ្ដឹង​របស់​ភាគី​ដើមបណ្ដឹង​មាន​ភស្តុតាង និង​ស្រប​ទៅ​តាម​ច្បាប់​ថែមទៀត។

អតីត​នាយ​ទាហាន​ជាន់ខ្ពស់​នៃ​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​រូប​នេះ បញ្ជាក់​ថា ចំពោះ​ការ​ស្នើសុំ​តុលាការ​ធ្វើការ​បកស្រាយ​អត្ថន័យ​នៃ​សាលដីកា​ទាក់ទង​នឹង​រឿង​ប្រាសាទ​ព្រះវិហារ គឺ​រឹតតែ​មិន​អាច​ទៅ​រួច​ថែមទៀត ព្រោះ​តុលាការ​មិន​អាច​ត្រឡប់​ទៅ​ធ្វើ​រឿង​ដដែលៗ​បាន​ទេ ខណៈ​ជម្លោះ​រឿង​តំបន់​មុំ​៣ ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាមាន់តូច និង​ប្រាសាទ​តាក្របី គឺជា​សំណុំរឿង​ថ្មី​ដែល​នៅ​ក្រៅ​ក្របខ័ណ្ឌ​នៃ​សាលដីកា​ឆ្នាំ​១៩៦២ នោះ។

កាលពី​ថ្ងៃទី​១៦ ខែ​មិថុនា ឆ្នាំ​២០២៥ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន បាន​អះអាង​ថា កម្ពុជា​បាន​ប្តឹង​ថៃ ទៅ​តុលាការ​អន្តរជាតិ​រួចរាល់​ហើយ​ជុំវិញ​សំណុំរឿង​តំបន់​មុំ​បី ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាមាន់តូច និង​ប្រាសាទ​តាក្របី។

ចំណែក​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​អះអាង​កាលពី​ថ្ងៃទី​១៦ មិថុនា ដែរ​ថា លិខិត​ផ្លូវការ​របស់​កម្ពុជា​បាន​ប្រគល់​ដោយ​ផ្ទាល់​ដៃ​ជូន​លោក​ក្រឡាបញ្ជី Philippe Gautier នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) រួចរាល់​ហើយ​នៅ​ថ្ងៃទី​១៦ ខែ​មិថុនា ឆ្នាំ​២០២៥។

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា កម្ពុជា​មិន​ដកថយ​ពី​ការប្រើប្រាស់​យន្តការ​ច្បាប់​តាមរយៈ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដើម្បី​ស្វែងរក​ដំណោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ នៅ​ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាមាន់តូច ប្រាសាទ​តាក្របី និង​តំបន់​មុំ​បី ដាច់ខាត។

យ៉ាងណាក៏ដោយ អតីត​នាយករដ្ឋមន្ត្រី​ស្តីទី​ថៃ ដែល​ទើប​បញ្ចប់​តំណែង គឺ​លោក ភូមិថាំ វិឆៈយៈឆ័យ បាន​អះអាង​កាលពី​ថ្ងៃទី​៤ ខែ​មិថុនា ឆ្នាំ​២០២៥ ក្នុង​ពេល​ដែល​លោក​នៅ​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ ថា គោលនយោបាយ​របស់​ថៃ មិន​ទទួលស្គាល់​យុត្តាធិការ​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ឡើយ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស