ក្រសួងបរិស្ថាន រកឃើញក្រុមហ៊ុនចម្រាញ់រ៉ែមាសឥណ្ឌា MESCO GOLD (CAMBODIA) LTD ដែលស្ថិតនៅភូមិពាក់ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានបញ្ចេញសំណល់រាវកង្វក់ចូលតំបន់ទឹកអូរធម្មជាតិ (អូរត្រាយ) និងបានធ្វើឱ្យកម្រិតអុកស៊ីសែននៅក្នុងទឹកអូរថយចុះ បង្កឱ្យមានត្រីមួយចំនួនងាប់។
ក្រសួងបរិស្ថាន បានឲ្យដឹងថា ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានចុះត្រួតពិនិត្យការបំពុលបរិស្ថានបង្កឡើងដោយក្រុមហ៊ុន MESCO GOLD (CAMBODIA) LTD នៅថ្ងៃទី៤ ខែតុលា និងរកឃើញសំណល់រាវហូរចូលតំបន់ទឹកអូរធម្មជាតិ (អូរត្រាយ) ចម្ងាយប្រមាណ ៣០ម៉ែត្រពីក្រុមហ៊ុនចម្រាញ់រ៉ែមាសនោះ។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី៦ខែតុលា ថា សំណល់រាវចេញពីក្រុមហ៊ុន បានធ្វើឱ្យកម្រិតអុកស៊ីសែននៅក្នុងទឹកអូរថយចុះ បង្កឱ្យមានត្រីងាប់មួយចំនួន។ លោកថា បច្ចុប្បន្ន ក្រុមការងារក៏បានយកសំណាកសំណល់រាវ និងសំណាកទឹកអូរសរុបចំនួន ៥ទីតាំង មកវិភាគនៅមន្ទីរពិសោធនៃក្រសួងបរិស្ថាន ផងដែរ។
ប្រភពដដែលអះអាងថា ក្រុមហ៊ុនរ៉ែមាសឥណ្ឌានេះ បានបូមសំណល់រាវចេញពីស្រះដែលមានកករ ទៅដាក់នៅក្នុងស្រះស្ដុកបណ្ដោះអាសន្ន ដែលជាស្រះក្រាលកៅស៊ូខ្មៅ ករណីស្រះស្ដុកពុំមានសមត្ថភាពស្ដុកគ្រប់គ្រាន់ ក្រុមហ៊ុនត្រូវធ្វើការជីកស្រះបន្ថែមសម្រាប់ស្ដុកសំណល់រាវបណ្ដោះអាសន្ន។ ក្រុមហ៊ុនត្រូវជួសជុលទប់ស្កាត់ចំណុចបែកធ្លាយសំណល់រាវ ត្រូវរៀបចំប្រព័ន្ធការពារសំណល់រាវចេញពីទីតាំងកិន និងរែងរ៉ែកុំឱ្យលាយឡំជាមួយប្រព័ន្ធលូទឹកភ្លៀង។
លោក ខ្វៃ អាទិត្យា ឲ្យដឹងបន្ថែមទៀតថា ចំពោះក្រុមហ៊ុនចម្រាញ់រ៉ែមាសឥណ្ឌា MESCO GOLD ក្រៅតែពីឈប់បញ្ចេញសំណល់រាវជាបន្ទាន់ ក្រសួងបរិស្ថាន ពិន័យអន្តរការណ៍ដោយផ្អែកតាមក្រមបរិស្ថាន និងធនធានធម្មជាតិ មាត្រា១៥៦ មាត្រា១៧៣ មាត្រា២៨៧ និងមាត្រា៦៩៤ និងអនុក្រឹត្យលេខ២៧ ស្ដីពីការត្រួតពិនិត្យការបំពុលទឹក។
ប្រភពដដែលអះអាងថា ក្រុមហ៊ុនត្រូវផ្ដល់សំណងផលប៉ះពាល់ការខូចខាតបរិស្ថាន និងសុខភាពសាធារណៈ ត្រូវកែសម្រួលប្រព័ន្ធប្រព្រឹត្តិកម្មសម្អាតសំណល់រាវឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមរបាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (EIA) និងបង់មូលនិធិបរិស្ថាន និងសង្គម និងមូលនិធិទាយជ្ជទានបរិស្ថានឱ្យបានទៀងទាត់។
ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា នៅក្នុងប្រទេសកម្ពុជា រដ្ឋាភិបាលតែងតែឲ្យក្រុមហ៊ុនធ្វើសកម្មភាពមុនការវាយតម្លៃពីផលប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (EIA) ដែលជាហេតុបង្កបញ្ហាដល់ពលរដ្ឋដែលរស់នៅក្នុងតំបន់នោះមិនចេះចប់។
អង្គការសមធម៌កម្ពុជា បានលើកឡើងនៅក្នុងរបាយការណ៍របស់ខ្លួនកាលពីពេលកន្លងមកថា គិតចាប់តាំងពីឆ្នាំ២០០៧ ការចូលមកកាន់កាប់ដោយសាជីវកម្មលើធនធានរ៉ែ បានបន្តអនុញ្ញាតឲ្យឧស្សាហកម្មនេះទទួលបានប្រាក់ចំណេញអតិបរមា និងការធ្វើអាជីវកម្មលើធនធានធម្មជាតិ ខណៈដែលកាត់បន្ថយគណនេយ្យភាពប្រកបដោយប្រសិទ្ធភាព។
ចំណែកឯការពង្រីក ការធ្វើគ្រឿងយន្តកម្ម និងការប្រើប្រាស់សារធាតុគីមីរបស់ឧស្សាហកម្មនេះ បានបង្កើនហានិភ័យដល់ការទន្ទ្រានយកដីធ្លី ការបំផ្លាញបរិស្ថាន និងសុខភាព និងសុវត្ថិភាពការងារសម្រាប់ពលរដ្ឋ និងសហគមន៍របស់ប្រទេសកម្ពុជា ជាពិសេសជនជាតិដើមភាគតិច៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

