28.1 C
Phnom Penh

មេបញ្ជាការ​ថ្មី​របស់​ថៃ​ប្រកាស​ត្រៀម​ប្រយុទ្ធ​ជាមួយ​កម្ពុជា ខណៈ​ប្រធាន​ក្រុម IOT សរសើរ​ទាហាន​ថៃ​គោរព​បទ​ឈប់​បាញ់​បាន​ល្អ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេបញ្ជាការ​ភូមិភាគ​ទី​២ របស់​ថៃ លោក វីរ៉ាយុទ្ធ រ៉ាកស៊ីល (Weerayuth Raksilp) ប្រកាស​ត្រៀម​ខ្លួន ២៤​ម៉ោង​លើ ២៤​ម៉ោង ប្រយុទ្ធ​ជាមួយ​កម្ពុជា ដើម្បី​ធានា​ការពារ​ទឹកដី​ថៃ និង​ដើម្បី​ដណ្តើម​យក​ប្រាសាទ​តាក្របី និង​ប្រាសាទ​ខ្នារ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភាគ​ខាងកើត​ប្រាសាទ​តាក្របី ពី​កម្ពុជា ត្រឡប់​ទៅវិញ។

កាសែត The Nation របស់​ថៃ នៅ​ថ្ងៃទី​១៣ ខែ​តុលា នេះ បាន​ស្រង់​សម្ដី​មេបញ្ជាការ​យោធា​ភូមិភាគ​ទី​២ របស់​ថៃ លោក វីរ៉ាយុទ្ធ រ៉ាកស៊ីល (Weerayuth Raksilp) ថា ផែនការ​ដណ្តើម​យក​ប្រាសាទ​ទាំង​ពីរ​នេះ​មក​វិញ ត្រូវ​បាន​រៀបចំ​រួចរាល់​ហើយ និង​ត្រូវ​អនុវត្ត​នៅ​ពេល​សមស្រប​តាម​លក្ខខណ្ឌ​ប្រតិបត្តិការ ខណៈ​កងកម្លាំង​ទាំងអស់​ដែល​ដាក់​ពង្រាយ​តាម​បណ្តោយ​ព្រំដែន ក៏​បាន​ត្រៀម​ខ្លួន​ជាស្រេច​ក្នុង​ការ​ប្រយុទ្ធ​គ្រប់​ពេល​ដែរ។

ប្រភព​ដដែល អះអាង​ថា មេបញ្ជាការ​ភូមិភាគ​ទី​២ ថៃ បាន​ណែនាំ​កងទ័ព​ថៃ ទាំងអស់ ឲ្យ​ឆ្លើយតប​ទៅ​នរណា​ក៏ដោយ​ដែល​ចូល​ក្នុង​ទឹកដី​ថៃ ដោយ​មាន​អាវុធ និង​រំលោភ​បំពាន​អធិបតេយ្យភាព​របស់​ថៃ។ ជាង​នេះ​ទៀត ប្រសិនបើ​ទាហាន​កម្ពុជា ឆ្លង​ចូល​ប្រទេស​ថៃ ដោយ​មាន​អាវុធ និង​បំផ្លាញ​ទ្រព្យសម្បត្តិ យោធា​ថៃ​មិន​អាច​អត់ឱន​ឲ្យ​បាន​ឡើយ ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ។

មេបញ្ជាការ​យោធា​ភូមិភាគ​ទី​២ ថៃ រូប​នេះ បញ្ជាក់​ថា កងកម្លាំង​ថៃ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឆ្លើយតប​តាម​ស្ថានភាព​ជាក់ស្តែង​គ្រប់​ពេល ខណៈ​កងកម្លាំង​គ្រប់​រូប​នៅតែ​តាំងចិត្ត​ការពារ​អធិបតេយ្យភាព​ជាតិ និង​ប្រជាជន​របស់​ខ្លួន​យ៉ាង​ម៉ឺងម៉ាត់ ដោយ​ប្ដេជ្ញា​មិន​បោះបង់​ទឹកដី​ថៃ សូម្បី​តែ​មួយ​សង់ទីម៉ែត្រ។

លោក វីរ៉ាយុទ្ធ រ៉ាកស៊ីល ត្រូវ​បាន​តែងតាំង​កាលពី​ថ្ងៃទី​៥ ខែ​កញ្ញា ឆ្នាំ​២០២៥ ជា​មេបញ្ជាការ​ភូមិភាគ​២ ជំនួស​តំណែង​លោក ប៊ុនស៊ីន ផាតក្លាង (Boonsin Padklang) ដែល​ត្រូវ​ចូល​និវត្តន៍​កាលពី​ដើម​ខែ​តុលា នេះ។

ជុំវិញ​បញ្ហា​នេះ សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​កម្ពុជា Fresh News បាន​រាយការណ៍​នៅ​ថ្ងៃទី​១៣ តុលា នេះ​ថា គណៈកម្មការ​ចម្រុះ​ព្រំដែន​គោក​កម្ពុជា-ថៃ (JBC) បាន​ឯកភាព​គ្នា​ជា​គោលការណ៍​ក្នុង​ការ​កំណត់​កាលបរិច្ឆេទ​នៃ​កិច្ចប្រជុំ​ពិសេស JBC នៅ​ថ្ងៃទី​២១ និង​ថ្ងៃទី​២២ ខែ​តុលា ឆ្នាំ​២០២៥ ខាងមុខ ដែល​ភាគី​ថៃ ធ្វើ​ជា​ម្ចាស់​ផ្ទះ។

ដំណាល​ពេល​គ្នា​នេះ ប្រធាន​ក្រុម​អ្នក​សង្កេតការណ៍​អន្តរកាល IOT ឧត្ដមសេនីយ៍ត្រី Samsul Rizal Bin Musa ពី​កងទ័ព​ជើងគោក​ប្រទេស​ម៉ាឡេស៊ី បាន​ថ្លែង​ប្រាប់​អ្នកកាសែត​ដោយ​សរសើរ​ទាហាន​ថៃ ដែល​បាន​គោរព​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​ប្រកប​ដោយ​វិជ្ជាជីវៈ​ខ្ពស់ មាន​វិន័យ​តាំងពី​ពលទាហាន ដល់​នាយ​ទាហាន​ជាន់ខ្ពស់​ឥត​បន្លឹមបន្លំ​ឡើយ។

ប្រភព​ជិតស្និទ្ធ​នឹង​រាជរដ្ឋាភិបាល​ប្រទេស​កម្ពុជា ដដែល បញ្ជាក់​ថា កិច្ចប្រជុំ​ពិសេស​គណៈកម្មការ​ចម្រុះ​ព្រំដែន​គោក​កម្ពុជា-ថៃ (JBC) នេះ ធ្វើឡើង​ដើម្បី​បន្ត​ជជែក​ពិភាក្សា និង​ជំរុញ​ការងារ​ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន​គោក​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃឡង់ដ៍ ដែល​ភាគី​ទាំង​ពីរ​ឯកភាព​គ្នា​នៅ​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ព្រំដែន​គោក​កម្ពុជា-ថៃ លើក​ទី​៦ កាលពី​ថ្ងៃទី​១៤ និង​ថ្ងៃទី​១៥ ខែ​មិថុនា ឆ្នាំ​២០២៥ កន្លង​ទៅ នៅ​រាជធានី​ភ្នំពេញ ដែល​រាជរដ្ឋាភិបាល​ប្រទេស​កម្ពុជា រៀបចំ​ទទួល​នា​ពេល​នោះ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស