34.1 C
Phnom Penh

លោក ពូទីន ព្រមាន​នឹង​កម្ទេច​អឺរ៉ុប​យ៉ាង​ធ្ងន់ធ្ងរ​បំផុត បើសិន​ហ៊ាន​ចាប់ផ្ដើម​វាយប្រហារ​រុស្ស៊ី​មុន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ចេញ​សារ​ព្រមាន​ប្រទេស​មហាអំណាច​នៅ​អឺរ៉ុប ដែល​លោក​ថា ប្រសិនបើ​អឺរ៉ុប​បង្ក​សង្គ្រាម​ជាមួយ​រុស្ស៊ី ទីក្រុង​មូស្គូ នឹង​វាយបក​វិញ​ភ្លាម ហើយ​សង្គ្រាម​អាច​ផ្ទុះ​នៅ​ពេលនេះ​ក៏បាន​ដែរ។

លោក ពូទីន ព្រមាន​ថា អឺរ៉ុប​មុខ​ជា​នឹង​ទទួល​បរាជ័យ​យ៉ាង​អាម៉ាស់​បំផុត រហូត​ដល់​ថ្នាក់​គ្មាន​នៅ​សល់​អ្នក​ដែល​អាច​មក​ចរចា​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​រុស្ស៊ី ឡើយ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters នា​ថ្ងៃ​ពុធ ទី​៣ ខែ​ធ្នូ ឆ្នាំ​២០២៥។

សង្គ្រាម​នៅ​អ៊ុយក្រែន ដែល​ជា​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី បាន​កំពុង​បន្ត​អូស​បន្លាយ​ជិត ៤​ឆ្នាំ​ហើយ។ វា​ជា​សង្គ្រាម​ដ៏​ធំ​បំផុត​នៅ​អឺរ៉ុប ចាប់តាំងពី​សង្គ្រាម​លោក​លើក​ទី​២។ សង្គ្រាម​ជាមួយ​ប្រទេស​ជិតខាង​មួយ​នេះ មហាអំណាច​រុស្ស៊ី នៅ​មិន​ទាន់​អាច​វាយ​បំបាក់ និង​យក​ឈ្នះ​លើ​អ៊ុយក្រែន ដែល​ជា​ប្រទេស​តូច និង​ទន់ខ្សោយ​ជាង​ខ្លួន​បាន​នៅឡើយ។

តែ​យ៉ាងណា អ៊ុយក្រែន​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ជួយ​យ៉ាង​ខ្លាំង​ពី​មហាអំណាច​ធំៗ​នៅ​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក។ អ៊ុយក្រែន និង​ក្រុម​មហាអំណាច​អឺរ៉ុប បាន​ព្រមាន​ថា ប្រសិនបើ​លោក ពូទីន ឈ្នះ​សង្គ្រាម​នៅ​អ៊ុយក្រែន នោះ​លោក​ប្រធានាធិបតី​រុស្ស៊ី អាច​នឹង​វាយប្រហារ​លើ​សមាជិក​ណា​មួយ​របស់​អង្គការ​ណាតូ (NATO)។

នៅ​ពេល​ត្រូវ​បាន​សាកសួរ​ដោយ​អ្នក​សារព័ត៌មាន​ពី​ការ​ចុះផ្សាយ​មួយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី ដែល​ថា​រដ្ឋមន្ត្រី​ការបរទេស​ហុងគ្រី លោក Peter Szijjarto បាន​ព្រមាន​ថា អឺរ៉ុប​កំពុង​ត្រៀម​ធ្វើ​សង្គ្រាម​ប្រឆាំង​រុស្ស៊ី លោក ពូទីន បាន​ឆ្លើយ​ថា រុស្ស៊ី​មិន​ចង់​ផ្ទុះ​សង្គ្រាម​ជាមួយ​អឺរ៉ុប​ទេ តែ​លោក ពូទីន ព្រមាន​ថា​ប្រសិនបើ​អឺរ៉ុប​ចង់​បើក​សង្គ្រាម​ជាមួយ​រុស្ស៊ី ហើយ​ចាប់ផ្តើម​វាយ​រុស្ស៊ី មុន រុស្ស៊ី​នឹង​កម្ទេច​អឺរ៉ុប​យ៉ាង​ធ្ងន់ធ្ងរ​បំផុត។ លោក ពូទីន ថា​សង្គ្រាម​នោះ​នឹង​បញ្ចប់​ទៅ​យ៉ាង​ឆាប់​រហ័ស​បំផុត ព្រោះ​អឺរ៉ុប​បរាជ័យ មិន​អាច​សុំ​ចរចា​សន្តិភាព​ជាមួយ​ក្រុង​មូស្គូ បាន​ឡើយ។

លោក ពូទីន បាន​អះអាង​ថា សង្គ្រាម​នៅ​អ៊ុយក្រែន មិនមែន​សង្គ្រាម​ពេញ​ទំហឹង​នោះ​ទេ ព្រោះ​ជា​ប្រតិបត្តិការ​សឹក​ពិសេស​ប៉ុណ្ណោះ។ តាម​មេដឹកនាំ​វិមាន​ក្រឹមឡាំង មក​ទល់​ពេលនេះ រុស្ស៊ី មិន​ទាន់​បាន​បញ្ចេញ​សមត្ថភាព​អស់​ឡើយ តែ​បើ​អឺរ៉ុប​ហ៊ាន​តែ​វាយប្រហារ​រុស្ស៊ី អឺរ៉ុប​ត្រូវតែ​មាន​កំហុស។

លោក ពូទីន បាន​ចោទ​មហាអំណាច​អឺរ៉ុប​ថា​កំពុង​រាំង​ខ្ទប់​ការ​ខិតខំ​ប្រឹងប្រែង​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ដែល​មាន​បំណង​យ៉ាង​ខ្លាំង​ដើម្បី​បញ្ចប់​សង្គ្រាម។ លោក ពូទីន ថា​លោក​ទទួលយក​ផែនការ​សន្តិភាព​របស់​លោក ត្រាំ តែ​មិន​ទទួលយក​សន្តិភាព​របស់​អឺរ៉ុប​ឡើយ។

លោក ពូទីន ព្រមាន​អឺរ៉ុប​ឱ្យ​ដើរ​ចេញពី​ការ​តាំង​ខ្លួន​ជា​ភាគី​ទី​៣ នៃ​ដំណើរការ​សន្តិភាព​របស់​លោក ត្រាំ។

តាម​លោក ពូទីន ទីក្រុង​មូស្គូ និង​ទីក្រុង​គៀវ កំពុង​រង់ចាំ​សន្តិភាព​ពី​លោក ត្រាំ។

កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០២២ លោក ពូទីន បាន​បញ្ជា​ឱ្យ​លើក​កងទ័ព​រុស្ស៊ី ចំនួន ២៥​ម៉ឺន​នាក់​ជាមួយ​នឹង​រថក្រោះ រថពាសដែក កាំភ្លើងធំ ជាង ៦០០០​គ្រឿង អម​នឹង​យន្តហោះ​ចម្បាំង​រាប់​សិន​គ្រឿង វាយ​លុក​ចូល​អ៊ុយក្រែន បង្ក​ជា​ការ​ប្រឈមមុខ​ដ៏​ធំ​បំផុត​រវាង​រុស្ស៊ី និង​លោកខាងលិច គិត​ចាប់តាំងពី​ការ​បិទ​បញ្ចប់​សម័យ​សង្គ្រាម​ត្រជាក់។ តែ​បើ​យោង​តាម​ការ​វាយតម្លៃ​របស់​ក្រុម​ចារកម្ម​អឺរ៉ុប កងទ័ព​រុស្ស៊ី ប្រមាណ ១​លាន ២០​ម៉ឺន​នាក់​បាន​ស្លាប់ និង​រង​របួស​ក្នុង​សង្គ្រាម​នៅ​អ៊ុយក្រែន ជិត ៤​ឆ្នាំ​ហើយ​នេះ។

យ៉ាងណា ក្រុម​សមាជិក​សភា​សហភាព​អឺរ៉ុប បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ​ជំហាន​ទៀត​ក្នុង​ការ​ហាមឃាត់​ទាំងស្រុង​នូវ​ការ​នាំចូល​ប្រេង និង​ឧស្ម័ន​របស់​រុស្ស៊ី ដោយ​បិទ​បញ្ចប់​ត្រឹម​រដូវ​ស្លឹកឈើ​ជ្រុះ​ឆ្នាំ​២០២៧ ដែល​ជា​វិធានការ​ទណ្ឌកម្ម​ចុងក្រោយ​របស់​សហភាព​អឺរ៉ុប រាំង​ខ្ទប់​ប្រភព​ចំណូល​ដ៏​សំខាន់ ដែល​ទីក្រុង​មូស្គូ យក​ទៅ​ទ្រទ្រង់​សង្គ្រាម​របស់​ខ្លួន​ឈ្លានពាន​អ៊ុយក្រែន។

ក្រោម​កិច្ចព្រមព្រៀង​នេះ នឹង​ត្រូវ​ហាមឃាត់​ប្រទេស​អឺរ៉ុប​ទាំងអស់​ឱ្យ​ឈប់​ទិញ​ប្រេង និង​ឧស្ម័ន​ពី​រុស្ស៊ី ចាប់ពី​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២៧ ហើយ​យូរ​បំផុត​នៅ​ថ្ងៃទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០២៧។

ប្រធាន​គណៈកម្មការ​អឺរ៉ុប អ្នកស្រី Ursula von der Leyen សន្យា​រឹត​បន្តឹង​ទណ្ឌកម្ម​លើ​ទីក្រុង​មូស្គូ កាន់តែ​ខ្លាំង​បន្ថែម​ទៀត។

នៅ​មុន​សង្គ្រាម​របស់​រុស្ស៊ី នៅ​អ៊ុយក្រែន អឺរ៉ុប​ជា​ក្រុម​ប្រទេស​នាំ​ប្រេង និង​ឧស្ម័ន​ពី​រុស្ស៊ី ដ៏​ធំ​បំផុត គឺ​ក្នុង​មួយ​ឆ្នាំ​មាន​ពី ៥​ពាន់​លាន​ដុល្លារ​ទៅ ៦​ពាន់​លាន​ដុល្លារ។ ឥឡូវ​នេះ ការ​នាំ​ប្រេង និង​ឧស្ម័ន​ពី​រុស្ស៊ី មាន​ប្រហែល​ជាង​មួយ​ពាន់​លាន​ដុល្លារ។ ក្រៅពី​នេះ អឺរ៉ុប​កំពុង​ដាក់​ចុះ​នូវ​ផែនការ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​រុស្ស៊ី នៅ​អឺរ៉ុប​ក្នុង​ទំហំ ៣២៥​ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​ស្ដារ​ប្រទេស​អ៊ុយក្រែន ឡើងវិញ។

មេដឹកនាំ​វិមាន​ក្រឹមឡាំង នៃ​របប​លោក ពូទីន តែងតែ​ហៅ​ប្រទេស​មហាអំណាច​ធំៗ​នៅ​អឺរ៉ុប មាន​ដូចជា អង់គ្លេស បារាំង និង​អាល្លឺម៉ង់ ជា​សត្រូវ​ទី​ពីរ​បន្ទាប់ពី​អ៊ុយក្រែន។

ចំណែក​ប្រទេស​មហាអំណាច​អឺរ៉ុប​ទាំង​បី​នេះ ក៏បាន​មើល​មុខ​លោក វ៉្លាឌីមៀ ពូទីន ជា​មេខ្លោង​បង្ក​អសន្តិសុខ​យ៉ាង​ខ្លាំង​ដល់​អឺរ៉ុប​តាមរយៈ​សង្គ្រាម​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន។ ប្រទេស​ទាំង​បី​នេះ​នៅតែ​សន្យា​ជួយ​គាំទ្រ និង​ការពារ​អ៊ុយក្រែន ប្រយុទ្ធ​នឹង​សង្គ្រាម​របស់​រុស្ស៊ី រហូត​សង្គ្រាម​ត្រូវ​បាន​បិទ​បញ្ចប់៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស