ឈានចូលមកដល់ថ្ងៃទីបី គឺនៅថ្ងៃពុធ ទី១០ ខែធ្នូ ឆ្នាំ២០២៥ នេះ សង្គ្រាមថៃ ឈ្លានពានលើដែនអធិបតេយ្យភាពរបស់កម្ពុជា កងទ័ពថៃ បានបើកការវាយប្រហារបាញ់កាំភ្លើងធំ និងទម្លាក់គ្រាប់បែក បាញ់ផ្សែងពុលចូលមកក្នុងដល់តំបន់ជាច្រើននៅតាមបណ្តោយព្រំដែនកម្ពុជា ហើយកាន់តែពង្រីកការវាយប្រហារចូលមកដល់តំបន់ដែលមិនមានជម្លោះ ខណៈនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និយាយថា ជំនួបរបស់លោកជាមួយសមភាគីថៃ មិនទាន់មានលទ្ធផលអ្វីនោះទេ។
បើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP ប្រជាជនជាងកន្លះលាននាក់នៅក្នុងប្រទេសកម្ពុជា និងថៃ បានបន្តភៀសខ្លួនទៅកាន់វត្តអារាម សាលារៀន និងជម្រកបណ្ដោះអាសន្ននៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ខណៈលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានអះអាងថាលោកនឹងព្យាយាមសម្របសម្រួលម្តងទៀត។
ការផ្ទុះឡើងវិញនូវសង្គ្រាមព្រំដែនកម្ពុជា-ថៃ បានបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងក្នុងចំណោមសហគមន៍អន្តរជាតិ ដែលក្នុងនោះរួមមានទាំងស្ថាប័នដ៏មានឥទ្ធិពលមួយលើពិភពលោក គឺអង្គការសហប្រជាជាតិ។ តាមរយៈនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ និងបណ្តាប្រទេសមួយចំនួន រួមទាំងប្រទេសមហាអំណាចទាំង៥ និងសហភាពអឺរ៉ុប ២៧ប្រទេស បានសម្ដែងនូវការព្រួយបារម្ភអំពីការកើនឡើងនូវភាពតានតឹងឈានដល់ផ្ទុះសង្គ្រាមវាយប្រយុទ្ធគ្នាជាថ្មី។
អន្តរជាតិបានអំពាវនាវឱ្យប្រទេសទាំងពីរប្រកាន់យកនូវគោលការណ៍អត់ធ្មត់ជាអតិបរមា និងគោរពឱ្យបានខ្ជាប់ខ្ជួននូវសេចក្តីថ្លែងការណ៍រួមនៃកិច្ចព្រមព្រៀងសន្តិភាព ដែលបានចុះហត្ថលេខាដោយប្រទេសដែលមានជម្លោះទាំងពីរកាលពីថ្ងៃទី២៦ ខែតុលា ដោយមានអាមេរិក និងម៉ាឡេស៊ី ជាសាក្សីដឹងឮផងដែរ។
ជាមួយគ្នានេះ គេសង្កេតឃើញលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ក៏បានអំពាវនាវឱ្យកម្ពុជា និងថៃ ប្ដេជ្ញាចិត្តសាជាថ្មីចំពោះសេចក្តីថ្លែងការណ៍រួមដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ខែតុលា កន្លងទៅនៅទីក្រុងកូឡាឡាំពួរ។
អាមេរិក ព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីមានការបន្តប្រយុទ្ធគ្នានៅទីតាំងមួយចំនួនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បណ្តាលឱ្យមានការស្លាប់ និងរបួសជាច្រើននាក់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នេះ។
សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់ដូចនេះថា៖ «យើងជំរុញយ៉ាងមុតមាំឱ្យបញ្ឈប់ជាបន្ទាន់នូវអរិភាព ហើយការពារជនស៊ីវិល ដោយភាគីទាំងសងខាងត្រូវត្រឡប់ទៅរកវិធានការបន្ធូរបន្ថយភាពតានតឹង ដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ និងធ្វើជាសាក្សីដោយលោកប្រធានាធិបតី ត្រាំ (Trump) និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim)។»
ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានបើកកិច្ចសន្ទនាតាមទូរសព្ទជាមួយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ដើម្បីពិភាក្សាពីជម្លោះដែលកំពុងកើតឡើងនៅតំបន់ព្រំដែនរវាងប្រទេសទាំងពីរ។
លោក អាន់វ៉ា បញ្ជាក់ថា ជំនួបតាមទូរសព្ទរបស់លោកធ្វើឡើងកាលពីថ្ងៃអង្គារ ទី៩ ខែធ្នូ។ សាររបស់លោក អាន់វ៉ា មានខ្លឹមសារថា៖ «ខ្ញុំសូមកោតសរសើរចំពោះការបើកចំហ និងឆន្ទៈរបស់មេដឹកនាំនៃប្រទេសទាំងពីរក្នុងការបន្តចរចាសំដៅបន្ធូរបន្ថយភាពតានតឹង និងបញ្ចៀសការយល់ច្រឡំដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ឡើង។»
ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាប្រធានសមាគមអាស៊ានសម្រាប់ឆ្នាំ២០២៥ នេះ និយាយថា កិច្ចសន្ទនារបស់លោកជាមួយមេដឹកនាំកម្ពុជា និងថៃ មិនមានលទ្ធផលភ្លាមៗទេនៅពេលនេះ ខណៈនាយករដ្ឋមន្ត្រីថៃ លោក អនុធីន បានសន្យាថានឹងទៅរកការចរចាឡើងវិញ។
លោក អាន់វ៉ា បន្ថែមថា ម៉ាឡេស៊ី នឹងបន្តគាំទ្រដល់កិច្ចសន្ទនាដំណោះស្រាយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងកិច្ចសហប្រតិបត្តិការតំបន់ដើម្បីថែរក្សាស្ថិរភាព និងសុវត្ថិភាពនៃតំបន់។
យ៉ាងណា នាយករដ្ឋមន្ត្រីថៃ លោក អនុធីន ឆានវីរៈគុល កាលពីថ្ងៃទី៩ ខែធ្នូ និយាយថា ថៃមិនចរចាជាមួយកម្ពុជា ទេ ហើយមិនត្រូវការឱ្យមានអ្នកសម្របសម្រួលដូចលោក ដូណាល់ ត្រាំ ឬអ្នកផ្សេងទៀតនោះដែរ។ លោកថា ថៃនឹងប្រើកម្លាំងយោធាដើម្បីការពារប្រទេសរបស់ខ្លួន។
ចំណែកភាគីកម្ពុជា បើទោះបីជាខ្លួនចាប់ផ្ដើមធ្វើការវាយបកវិញ ក៏បានអំពាវនាវឱ្យមានការស្ដារបទឈប់បាញ់ឡើងវិញ ដោយប្រាប់ភាគីថៃ គោរពតាមច្បាប់អន្តរជាតិ និងសេចក្តីថ្លែងការណ៍រួមនៅទីក្រុងកូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលា៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

