33 C
Phnom Penh

រដ្ឋាភិបាល​កម្ពុជា​ប្រកាស​ប្ដឹង​ថៃ ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​និង​ប្រឆាំង​មនុស្ស​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​កម្ពុជា ប្រកាស​ប្ដឹង​ថៃ ទៅ​កាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។

បណ្ឌិត គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១១ ធ្នូ ថា កម្ពុជា​កំពុង​ប្រមូល​ភស្តុតាង​ពី​ការ​វាយប្រហារ​របស់​កងទ័ព​ថៃ មក​លើ​កម្ពុជា ដើម្បី​ដាក់​ពាក្យ​ប្តឹង​ទៅ​កាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ក្នុង​នាម​កម្ពុជា​ជា​រដ្ឋ​សមាជិក។

បណ្ឌិត គិន ភា អះអាង​ថា ការ​ប្រើប្រាស់​អាវុធ​ធុន​ធ្ងន់ និង​គ្រប់​ប្រភេទ រួម​ទាំង​យន្តហោះ​ទម្លាក់​គ្រាប់បែក​វាយប្រហារ​មក​លើ​ទីតាំង​ស៊ីវិល​នៅ​កម្ពុជា គឺជា​សកម្មភាព​ឈ្លានពាន​មក​លើ​ដែន​អធិបតេយ្យ និង​បូរណភាព​ទឹកដី​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។

មន្ត្រី​រដ្ឋាភិបាល​រូប​នេះ​បញ្ជាក់​ថា ទង្វើ​របស់​យោធា​ថៃ ដែល​បាន​ប្រព្រឹត្ត​ទាំង​កម្រោល​មក​លើ​កម្ពុជា​នា​ពេលនេះ គឺជា​ឧក្រិដ្ឋ​សង្គ្រាម និង​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​យ៉ាង​ពិតប្រាកដ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​យោធា​ថៃ បាន​បើក​ការ​វាយប្រហារ​មក​លើ​ទឹកដី​កម្ពុជា ទាំង​ជនស៊ីវិល និង​កងទ័ព អស់​រយៈពេល ៤​ថ្ងៃ​កន្លង​មក​នេះ។

ក្រសួង​ការពារ​ជាតិ​កម្ពុជា ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​១១ ខែ​ធ្នូ នេះ ថា នៅ​វេលា​ម៉ោង ០៣ និង ៤៥​នាទី យោធា​ថៃ បាន​សម្រុក​ប្រើប្រាស់​យន្តហោះ​ចម្បាំង F-16 ទម្លាក់​គ្រាប់បែក​ចំនួន ៣​គ្រាប់​ក្នុង​ភូមិសាស្ត្រ​អូរភ្លុកដំរី ក្នុង​ខេត្ត​ពោធិ៍សាត់។

ក្រសួង​ការពារ​ជាតិ​កម្ពុជា បញ្ជាក់​ថា ចាប់តាំងពី​ម៉ោង ០៤ និង ៤០​នាទី​ព្រឹក នៅ​ថ្ងៃទី​១១ ខែ​ធ្នូ នេះ ថៃ បាន​បើក​ការ​វាយប្រហារ​មក​លើ​កម្ពុជា ចំនួន ៨​លើក ដោយ​ប្រើ​កាំភ្លើងធំ រថក្រោះ និង​យន្តហោះ F-16 ផង​ដែរ ទៅ​លើ​ប្រាសាទ​ខ្នារ ថ្មដូន តំបន់​មុខ​តាស៊ឹម អូរស្មាច់ ប្រាសាទ​តាក្របី និង​ភូមិសាស្ត្រ​អូរភ្លុកដំរី ក្នុង​ខេត្ត​ពោធិ៍សាត់។

ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​បង្ហាញ​របាយការណ៍​នៅ​ថ្ងៃទី​១១ ធ្នូ ថា រយៈពេល ៣​ថ្ងៃ​នៃ​ការ​វាយប្រហារ​របស់​កងទ័ព​ថៃ បាន​បណ្តាល​ឱ្យ​ជនស៊ីវិល​កម្ពុជា ស្លាប់​បាត់បង់​ជីវិត​កើន​ឡើង​ដល់​ទៅ ១០​នាក់ ហើយ​ក្នុង​នោះ​ក៏​មាន​កុមារ ១​នាក់​ផង​ដែរ ខណៈ​អ្នក​រង​របួស​បាន​កើន​ឡើង​ដល់ ៦០​នាក់​ក្នុង​ខេត្ត​ចំនួន​៣ គឺ​ខេត្ត​ឧត្ដរមានជ័យ ៨​នាក់ ខេត្ត​ព្រះវិហារ ១​នាក់ និង​ខេត្ត​បន្ទាយមានជ័យ ៥​នាក់ ដែល​សុទ្ធសឹងតែ​ជា​ជនស៊ីវិល​ទាំងអស់។

ដោយឡែក​ពលរដ្ឋ​ភៀស​សឹក​ពី​ការ​វាយប្រហារ​នេះ បាន​កើន​ឡើង​ដល់​ទៅ​ជាង ៥​ម៉ឺន​គ្រួសារ​ហើយ (៥៥៧៤៣​នាក់) ដែល​មាន​ពលរដ្ឋ​រងគ្រោះ​សរុប​ជិត ២​សែន​នាក់ (១៩២១៧៣​នាក់) មកពី​ខេត្ត​ចំនួន​៦។

ជុំវិញ​បញ្ហា​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា អះអាង​នៅ​ថ្ងៃទី​១១ ធ្នូ ថា សាលារៀន​ជាង ៣០០​កន្លែង (៣៧៧​កន្លែង) ក្នុង​ខេត្ត​ជាប់​ព្រំដែន​ចំនួន​៤ រួម​មាន ខេត្ត​ឧត្ដរមានជ័យ ខេត្ត​បន្ទាយមានជ័យ ខេត្ត​ព្រះវិហារ និង​ខេត្ត​ពោធិ៍សាត់ ត្រូវ​បាន​បិទ​ទ្វារ​ផ្អាក​ការ​សិក្សា​ទាំងស្រុង ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិស្ស​ជិត ៨​ម៉ឺន​នាក់ (៧៨៥៨៥​នាក់) និង​គ្រូបង្រៀន​ជាង ៣​ពាន់​នាក់​ផង​ដែរ (៣១៩៧​នាក់)។

កាលពី​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០២៥ យោធា​ថៃ បាន​បើក​ការ​វាយប្រហារ​មក​លើ​កម្ពុជា ចំនួន ១១​លើក​ទាំង​ការ​បាញ់​ផ្លោង​កាំភ្លើងធំ ការ​ប្រើ​ដ្រូន​ទម្លាក់​គ្រាប់បែក និង​យន្តហោះ​ចម្បាំង F-16។

ខណៈ​ថ្ងៃទី​៩ ខែ​ធ្នូ ទាហាន​ថៃ ក៏បាន​បើក​ការ​វាយប្រហារ​មក​លើ​កម្ពុជា ចំនួន ២​លើក​ដែរ ប៉ុន្តែ​នៅ​ថ្ងៃទី​៨ ខែ​ធ្នូ កងទ័ព​ថៃ បាន​បាញ់​ប្រហារ​លើ​កងកម្លាំង​កម្ពុជា និង​ជនស៊ីវិល​រហូត​ដល់​ទៅ ១៥​លើក​ឯណោះ។

ដោយឡែក​នៅ​ថ្ងៃទី​៧ ខែ​ធ្នូ ដែល​ជា​ថ្ងៃ​ដំបូង​នៃ​ការ​វាយប្រហារ​របស់​ថៃ មក​លើ​កម្ពុជា ក៏​មាន​ចំនួន ៣​លើក​ដែរ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស