ក្រសួងមហាផ្ទៃ អះអាងថា យោធាថៃ បានបង្កើនការបាញ់ផ្លោង និងទម្លាក់គ្រាប់ពីយន្តហោះចម្បាំង F-16 ចូលក្នុងដែនអធិបតេយ្យកម្ពុជា សំដៅភូមិឋាន និងតំបន់ទីប្រជុំជនស៊ីវិលប្រមាណ ៩០គីឡូម៉ែត្រពីព្រំដែននៃប្រទេសទាំងពីរក្នុងខេត្តព្រះវិហារ។
ក្រសួងមហាផ្ទៃ ចេញសេចក្តីថ្លែងការណ៍ស្ដីពីផលប៉ះពាល់លើពលរដ្ឋ និងតំបន់ជនស៊ីវិលអំពីការឈ្លានពានរបស់ថៃ នៅថ្ងៃទី១២ ធ្នូ នេះថា អំពើល្មើសច្បាប់ និងក្បត់បទឈប់បាញ់របស់ភាគីថៃ លើដែនអធិបតេយ្យកម្ពុជា បានបណ្តាលឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើពលរដ្ឋស៊ីវិល តំបន់ស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមទាំងការបង្អាក់សេវាសាធារណៈជាដើមរបស់កម្ពុជា អស់ជាច្រើនកន្លែង។
ប្រភពដដែលលើកឡើងថា ពេលនេះសាលារៀនជិត ១ពាន់កន្លែង (៩០៩កន្លែង) ដែលស្ថិតក្នុងខេត្តរងការបាញ់ផ្លោង និងទម្លាក់គ្រាប់បែករបស់ភាគីថៃ ត្រូវបានផ្អាកទាំងស្រុង ខណៈសិស្សជាង ២សែននាក់ (២១៦១០៧នាក់) និងគ្រូបង្រៀនជាង ៧ពាន់នាក់ (៧៦០១នាក់) ក៏ត្រូវផ្អាកការបង្រៀន និងរៀនទាំងស្រុងផងដែរ។
ក្រសួងមហាផ្ទៃ អះអាងថា រយៈពេលនៃការវាយប្រហាររបស់កងទ័ពថៃ ៦ថ្ងៃមកនេះ បានបណ្តាលឱ្យជនស៊ីវិលរងរបួស និងស្លាប់ រួមទាំងជនភៀសសឹកជាច្រើនម៉ឺននាក់ ក្នុងនោះ ពលរដ្ឋស៊ីវិលខ្មែរស្លាប់សរុបចំនួន ១១នាក់ ខណៈអ្នករងរបួសមានចំនួន ៧៦នាក់។
ចំណែកឯពលរដ្ឋភៀសសឹកបានកើនឡើងដល់ជាង ៨ម៉ឺនគ្រួសារ (៨១៣៨១គ្រួសារ) ដែលស្មើនឹងប្រជាជនសរុបជិត ៣សែននាក់ (២៧៤៤០៣នាក់) ក្នុងខេត្តចំនួន៧ ក្នុងនោះ៖
- ខេត្តឧត្ដរមានជ័យ ជាង ១ម៉ឺនគ្រួសារ (១១២០៥គ្រួសារ) មានប្រជាជនជិត ៤ម៉ឺននាក់ (៣៨៥៦៨នាក់)
- ខេត្តព្រះវិហារ ជាង ៧ពាន់គ្រួសារ (៧០៩៤គ្រួសារ) មានប្រជាជនជាង ២ម៉ឺននាក់ (២៤១៩១នាក់)
- ខេត្តបន្ទាយមានជ័យ ជាង ៣ម៉ឺនគ្រួសារ (៣៦១៣០គ្រួសារ) មានប្រជាជនជាង ១សែននាក់ (១២៤៣០៥នាក់)
- ខេត្តពោធិ៍សាត់ ជាង ៧០០គ្រួសារ (៧៨៤គ្រួសារ) មានប្រជាជនជាង ២ពាន់នាក់ (២២៤៧នាក់)
- ខេត្តបាត់ដំបង ជាង ៥ពាន់គ្រួសារ (៥៦៤៩គ្រួសារ) មានប្រជាជនជិត ២ម៉ឺននាក់ (១៨៣៦១នាក់)
- ខេត្តសៀមរាប ទទួលជនភៀសសឹកជាង ២ម៉ឺនគ្រួសារ (២០៥១៩គ្រួសារ) មានប្រជាជនជាង ៦ម៉ឺននាក់ (៦៦៤២១នាក់)
- និងខេត្តកោះកុង ក៏មានជនភៀសសឹកចំនួន ៣១០នាក់ដែរ។
ក្រសួងមហាផ្ទៃ បញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនរបស់កម្ពុជា ត្រូវកងទ័ពថៃ បាញ់ផ្លោង និងទម្លាក់គ្រាប់ បណ្តាលឱ្យខូចខាតយ៉ាងដំណំ ដូចជា ផ្ទះសម្បែង អគារក្រុមហ៊ុនឯកជន អគាររដ្ឋបាល សាលារៀន វត្តអារាម ប្រាសាទបុរាណ ផ្លូវថ្នល់ និងអង្គភាពសាធារណៈជាច្រើនកន្លែងទៀត។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីកងទ័ពថៃ បានបង្កើនការវាយប្រហារលើកម្ពុជា កាន់តែខ្លាំងនៅថ្ងៃទី១២ ធ្នូ នេះ។
កាសែតថៃ The Nation បានស្រង់សម្ដីកងកម្លាំងភូមិភាគទី២ របស់ថៃ នៅថ្ងៃទី១២ ធ្នូ នេះថា ការប្រយុទ្ធគ្នានៅតាមព្រំដែនកម្ពុជា-ថៃ មិនទាន់ចប់នៅឡើយទេ ព្រោះកងកម្លាំងកម្ពុជានៅតែពង្រឹងកងទ័ព និងអាវុធ ខណៈការបាញ់កាំភ្លើងធំ កាំភ្លើងត្បាល់ និងគ្រាប់រ៉ុក្កែត BM-21 នៅតែបន្តផ្លោងចូលទឹកដីថៃ។
ប្រភពដដែល បញ្ជាក់ថា ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ មក កម្ពុជាបានផ្លោងគ្រាប់រ៉ុក្កែតចំនួន ៥៥ទីតាំងនៅខេត្តឧប៊ុន ខេត្តស៊ីសាកេត ខេត្តសូរិន និងខេត្តបុរីរាំ និងបានបំផ្លាញផ្ទះចំនួន ១៣ខ្នងផងដែរ ប៉ុន្តែកងទ័ពភូមិភាគទី២ ព្យាយាមវាយបកវិញដើម្បីការពារអធិបតេយ្យភាពរបស់ប្រទេសខ្លួនរហូតដល់ទីបញ្ចប់។
យ៉ាងណាក៏ដោយ ក្រសួងការពារជាតិកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១២ ធ្នូ នេះថា ចាប់ពីម៉ោង ១២រំលងអាធ្រាត្រ ដល់ម៉ោង ០១ និង ០០នាទីរសៀល ថ្ងៃទី១២ ធ្នូ នេះ យោធាថៃ បានបើកការវាយប្រហារឈ្លានពានចូលទឹកដីកម្ពុជា ចំនួន ១៩លើក ដោយប្រើរថក្រោះ ដ្រូនទម្លាក់គ្រាប់បែក បាញ់ផ្សែងពុល និងការបាញ់ផ្លោងកាំភ្លើងធំផងដែរ។
ប្រភពដដែល អះអាងថា កងទ័ពថៃ បានវាយប្រហារលើកម្ពុជា តាមតំបន់ជាច្រើន ដូចជា ភូមិព្រៃចាន់ ភូមិជោគជ័យ អូរភ្លុកដំរី ជប់អង្គញ់ ថ្មឆត្រ ប្រាសាទតាក្របី បុស្សស្បូវ ជាំតែ ដ្មដូន ភ្នំ៣៣៣ ប្រាសាទតាមាន់ ភ្នំខ្មោច អានសេះ តាស៊ឹម គោល៨ ដំណាក់ស្តេច ជប់គគីរ ផ្ទះតាម៉ុក ទួល៩៥ ភ្នំ៥០០ អូរផ្កាស្នេហ៍ ទ្វារដែក ភ្នំពងចាប បឹងត្រកួន និងទំនប់ដាច់ ជាដើម។
ក្រសួងការពារជាតិ បញ្ជាក់ថា រយៈពេលប៉ុន្មានថ្ងៃនេះ យោធាថៃ បានបើកការបាញ់ប្រហារលើកម្ពុជា មិនរើសគោលដៅឡើយ ដោយបាញ់ចូលទីប្រជុំជន ភូមិដ្ឋានរបស់ពលរដ្ឋស៊ីវិលរស់នៅ ជាពិសេសសាលារៀនរបស់កុមារ និងបានបាញ់បំផ្លាញប្រាសាទតាក្របី ប្រាសាទព្រះវិហារ ជាទីសក្ការៈរបស់កម្ពុជា និងជាបេតិកភណ្ឌរបស់មនុស្សជាតិផងដែរ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

