30.8 C
Phnom Penh

បណ្ឌិត គិន ភា ព្រមាន​ថា ថៃ​នឹង​ប្រើ​លេស​សង្គ្រាម​បំផ្លាញ​ឧក្រិដ្ឋកម្ម​ដើម្បី​ឈ្លានពាន​ឡាវ និង​ភូមា នៅ​សមរភូមិ​បន្ទាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ព្រមាន​ថា សមរភូមិ​ដែល​ថៃ នឹង​បន្ត​ឈ្លានពាន​បន្ទាប់ពី​កម្ពុជា គឺ​ប្រទេស​ឡាវ និង​ប្រទេស​ភូមា ប៉ុន្តែ​ថៃ នឹង​ប្រើ​លេស​ប្តូរ​ឈ្មោះ​ពី​សង្គ្រាម​ឈ្លានពាន ទៅ​ជា​សង្គ្រាម​បំផ្លាញ​ឧក្រិដ្ឋកម្ម​បោកប្រាស់​តាម​អនឡាញ​វិញ។

ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត គិន ភា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៨ ធ្នូ នេះ​ថា ថៃ​នឹង​ប្តូរ​ឈ្មោះ​ពី​សង្គ្រាម​ឈ្លានពាន​ទៅ​ជា​សង្គ្រាម Scam វិញ ដើម្បី​ឈ្លានពាន​ប្រទេស​ឡាវ និង​ភូមា ប៉ុន្តែ​ធាតុ​ពិត គឺជា​សង្គ្រាម​ឈ្លានពាន​ដដែល គឺ​ដូច​ដែល​ថៃ បាន​ធ្វើ​មក​លើ​កម្ពុជា ក្នុង​ពេលនេះ។

លោក​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​រក្សា​សាមគ្គី និង​ឯកភាព​ជាតិ​ឱ្យ​កាន់តែ​រឹងមាំ និង​រួម​ចំណែក​ពង្រឹង​សមត្ថភាព​ជាតិ​លើ​គ្រប់​វិស័យ​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ នោះ​ទើប​កម្ពុជា​អាច​ជៀស​ផុត​ពី​ការ​ឈ្លានពាន ការ​ប្រមាថ និង​អំពើ​អយុត្តិធម៌​ពី​បរទេស​ដែល​កំពុង​ឈ្លានពាន​មាតុភូមិ​របស់​ខ្លួន​ដ៏​សាហាវ​ឃោរឃៅ​ក្នុង​ពេលនេះ។

ភាគី​ថៃ បាន​អះអាង​ថា សង្គ្រាម​ជាមួយ​កម្ពុជា អស់​រយៈពេល ១២​ថ្ងៃ​មក​នេះ គឺជា​ការ​ច្បាំង​ជាមួយ​ទ័ព​ឆបោក​ប៉ុណ្ណោះ មិនមែន​ជា​ការ​ច្បាំង​ជាមួយ​កងទ័ព​ខ្មែរ​ឡើយ។

នៅ​ថ្ងៃទី​១៨ ខែ​ធ្នូ នេះ កាសែត​ថៃ ខៅស៊ុត (Khaosod) បាន​រាយការណ៍​សម្ដី​កងទ័ព​ភូមិភាគ​ទី​២ ថៃ ថា យោធា​ថៃ មិនមែន​ច្បាំង​ជាមួយ​កងទ័ព​កម្ពុជា​ទេ ប៉ុន្តែ​គឺ​ច្បាំង​ជាមួយ «កងទ័ព​ឆបោក» (Scam Army) ប៉ុណ្ណោះ ព្រោះ​ថៃ កំពុង​ប្រឈមមុខ​ជាមួយ​ឧក្រិដ្ឋកម្ម​សកល ហើយ​នេះ​ក៏​មិនមែន​ជា​សង្គ្រាម​ព្រំដែន​ដែរ។

ប្រភព​ដដែល អះអាង​ថា បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ទាំងនេះ កំពុង​បង្ក​ការ​គំរាមកំហែង​ដោយ​ផ្ទាល់​ដល់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សកល និង​សុវត្ថិភាព​សាធារណៈ​នៅ​ក្នុង​ប្រទេស​ជាច្រើន ខណៈ​ផល​ប៉ះពាល់​នៃ “កងទ័ព​ឆបោក” នេះ មិនមែន​កម្រិត​ត្រឹមតែ​ក្នុង​តំបន់​ណា​មួយ​នោះ​ទេ វា​បាន​រីក​រាលដាល​ដល់​ប្រជាជន អាជីវកម្ម និង​ប្រព័ន្ធ​សន្តិសុខ​ជាតិ​នៅ​ទូទាំង​ពិភពលោក។

ប៉ុន្តែ​អ្នកជំនាញ​ចាត់ទុក​សកម្មភាព​របស់​ថៃ នៅ​ពេលនេះ គឺជា​សង្គ្រាម​ឈ្លានពាន​ទឹកដី​កម្ពុជា យ៉ាង​ពិតប្រាកដ។

ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​១៨ ខែ​ធ្នូ នេះ​ថា ចាប់ពី​ម៉ោង ១ និង ១០​នាទី រំលង​អាធ្រាត្រ រហូត​ដល់​ម៉ោង ០៣ និង ០០​នាទី ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២៥ នេះ យោធា​ថៃ បាន​វាយប្រហារ​លើ​កម្ពុជា ចំនួន ១៨​លើក ក្នុង​រយៈពេល ១៥​ម៉ោង។

ក្រសួង​ការពារ​ជាតិ បញ្ជាក់​ថា ក្នុង​រយៈពេល ១៥​ម៉ោង និង​ការ​វាយប្រហារ​ទាំង ១៨​លើក​នេះ ទាហាន​ថៃ បាន​ប្រើប្រាស់​អាវុធ​គ្រប់​ធុន​ទៅ​លើ​តំបន់​ជាច្រើន​នៃ​យោធភូមិភាគ​ទី​៤ និង​យោធភូមិភាគ​ទី​៥ ក្នុង​ទឹកដី​កម្ពុជា រួម​មាន​យន្តហោះ​ចម្បាំង អេហ្វ-១៦ (F-16) រ៉ុក្កែត ឌី.ធី.អាយ-២ (DTI-2) នាវាចម្បាំង ដ្រូន​ពិឃាត កាំភ្លើងធំ​១០៥ មិល្លីម៉ែត្រ និង ១៥៥​មិល្លីម៉ែត្រ រថពាសដែក គ្រាប់បែក​ចង្កោម និង​ផ្សែង​ពុល ជាដើម។

ជុំវិញ​បញ្ហា​នេះ ក្រសួង​មហាផ្ទៃ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​១៨ ធ្នូ នេះ​ថា យោធា​ថៃ បាន​ប្រើប្រាស់​យន្តហោះ F-16 ទម្លាក់​គ្រាប់​ចំនួន ២​គ្រាប់​ក្នុង​ក្រុង​ប៉ោយប៉ែត និង ៣​គ្រាប់​ទៀត​ក្នុង​ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ នៅ​អំឡុង​ម៉ោង ២​រសៀល ថ្ងៃទី​១៨ ធ្នូ នេះ ដែល​បណ្ដាល​ឱ្យ​ខូចខាត​អគារ ១​ខ្នង ដំបូល​ឃ្លាំង​ឧកញ៉ា វង្ស ដួង ផ្នែក​ខាងត្បូង និង​សម្ភារៈ​មួយ​ចំនួន​ទៀត ក្នុង​នោះ​ក៏​មាន​អ្នក​រង​របួស​ស្រាល ២​នាក់​ផង​ដែរ។

ប្រភព​ដដែល អះអាង​ថា ទង្វើ​របស់​ថៃ ប្រព្រឹត្ត​មក​លើ​កម្ពុជា នា​ពេល​នេះ គឺជា​ការ​បង្ក​សង្គ្រាម​បំផ្លិច​បំផ្លាញ​ប្រទេស​កម្ពុជា ក្នុង​បំណង​បំផ្លាញ​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ផង និង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ផង​ដែរ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស