នៅរៀងរាល់ឆ្នាំ ថ្ងៃទី២៥ ធ្នូ ប្រជាជនទូទាំងពិភពលោកកាន់សាសនាគ្រិស្ត នាំគ្នាប្រារព្ធពិធីបុណ្យគ្រីស្តម៉ាសដែលជាការរំឭកថ្ងៃកំណើតព្រះយេស៊ូគ្រីស្ទ។ មនុស្សជាច្រើន ទោះជាមិនមែនជាគ្រិស្តសាសនិកក្តី ក៏តែងតែប្រើប្រាស់ពេលវេលានេះដើម្បីជួបជុំគ្រួសារ មិត្តភក្ដិ អបអរសាទរដល់ការប្រារព្ធពិធីបុណ្យគ្រិស្តម៉ាស ឬបុណ្យណូអែល ហើយគេតែងតែបន់ស្រន់ប្រាថ្នាផ្សងឱ្យខ្លួនឯង និងមនុស្សជាទីស្រឡាញ់ជួបនូវសុខសុភមង្គល និងសំណាងល្អ។
ដោយឡែកប្រជាជននៅប្រទេសកម្ពុជា ក៏មានបំណងប្រាថ្នាដូចនឹងប្រជាជនប្រទេសផ្សេងដែរ នោះគឺសន្តិភាពសម្រាប់ប្រជាជាតិខ្មែរ។ តែនៅថ្ងៃទី២៥ ធ្នូ ជាទិវាបុណ្យគ្រីស្តម៉ាស ប្រជាជនខ្មែរជាងកន្លះលាននាក់ដេកក្រោមរោងក្រណាត់កៅស៊ូតង់។ ពួកគេជាជនភៀសសឹកពីការវាយប្រហារពីសំណាក់យោធាថៃ ដែលជាអ្នកជិតខាងរបស់ខ្លួន។
គួរកត់សម្គាល់អំពីចំណារកំណត់ហេតុប្រវត្តិសាស្ត្រថា ប្រទេសមួយ ឬក្រុមមួយ ដែលមានចេតនារំលោភឈ្លានពានប្រទេសដទៃ ឬវាយប្រហារទៅលើបច្ចាមិត្តរបស់ខ្លួន គេមិនបានគិតអំពីថ្ងៃបុណ្យអ្វីទេ៖ ទ័ពព្រៃខ្មែរក្រហមក៏ផ្លោងដាក់ក្រុងភ្នំពេញនៅថ្ងៃចូលឆ្នាំខ្មែរ ខែមេសា ឆ្នាំ១៩៧៥ ទ័ពព្រៃយៀកណាមខាងជើង-យៀកកុង ក៏វាយប្រហារទៅលើប្រជាពលរដ្ឋយៀកណាមខាងត្បូង ខែចូលឆ្នាំ ហៅថា តេត នាឆ្នាំ១៩៦៨ ក្រុងហាណូយ ក៏វាយលុកលុយរំលំរបបខ្មែរក្រហមនាទិវាបុណ្យគ្រិស្តម៉ាស ឆ្នាំ១៩៧៨ ប្រទេសអេហ្សីប និងស៊ីរី វាយប្រហារលើប្រទេសអ៊ីស្រាអែល ថ្ងៃបុណ្យយុមគីពួរ និងខែបួសរ៉ាម៉ាឌន ឆ្នាំ១៩៧៣ អ៊ីស្រាអែល វាយប្រហារដែនដីប៉ាឡេស្ទីន ក្នុងខែអ៊ីស្លាមិកជនបួស នៅឆ្នាំ២០១៤, ២០២១, ២០២២, ២០២៣ និង ២០២៤។
ការប្រយុទ្ធគ្នាជាថ្មីនៅតាមព្រំដែនរវាងប្រទេសកម្ពុជា និងថៃ បានបណ្តាលឱ្យជនស៊ីវិលកម្ពុជាបាត់បង់ជីវិតកើនឡើងដល់ ៣១នាក់ ខណៈប្រជាពលរដ្ឋខ្មែរជាច្រើនបានភៀសខ្លួនចេញពីលំនៅឋានរបស់ខ្លួននៅតំបន់ជាច្រើនតាមបន្ទាត់ព្រំដែនកម្ពុជា កាន់តែមានចំនួនកើនឡើងជាងកន្លះលាននាក់ហើយ។
ក្រសួងមហាផ្ទៃកម្ពុជា បានឱ្យដឹងថា ចាប់ពីម៉ោង ១រសៀលដល់ម៉ោង ៦ល្ងាច កាលពីថ្ងៃពុធ សកម្មភាពឈ្លានពានរបស់រដ្ឋាភិបាល និងយោធាថៃ ប្រឆាំងនឹងទឹកដីអធិបតេយ្យភាពរបស់កម្ពុជា ជាពិសេសការបាញ់អាវុធធុនធ្ងន់ និងការទម្លាក់គ្រាប់បែកលើតំបន់ស៊ីវិល បានបណ្តាលឱ្យជនស៊ីវិល ៣០នាក់បាត់បង់ជីវិត។
ជាមួយគ្នានេះ ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ជនស៊ីវិលម្នាក់ទៀតបានស្លាប់នៅព្រឹកថ្ងៃទី២៥ ធ្នូ នេះ អំឡុងពេលមានការវាយប្រហារដោយកងកម្លាំងថៃ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៣១នាក់។
ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ មក ចំនួនជនភៀសសឹកកម្ពុជាបានកើនឡើងសរុបចំនួនជិត ៦៤ម៉ឺននាក់ ក្នុងនោះមានស្ត្រី ៣៣១៧០៧នាក់ និងកុមារ ២០២៤៥៥នាក់ ខណៈតួលេខនេះនៅតែបន្តផ្លាស់ប្ដូរតាមការវិវត្តស្ថានការណ៍។
គួរកត់សម្គាល់ថា ការខូចខាតទ្រព្យសម្បត្តិ ជាពិសេសទ្រព្យសម្បត្តិរបស់ជនស៊ីវិល បាននិងកំពុងកើនឡើងយ៉ាងខ្លាំង។
មកទល់ពេលនេះ ប្រជាពលរដ្ឋកម្ពុជាជាងកន្លះលាននាក់ កំពុងប្រឈមនឹងការលំបាកយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីត្រូវបានបង្ខំឱ្យចាកចេញពីលំនៅឋាន និងសាលារៀនរបស់ខ្លួន ដោយសារការបាញ់កាំភ្លើងការបាញ់ផ្លោងដោយអាវុធធុនស្រាល និងធុនធ្ងន់ ព្រមទាំងការទម្លាក់គ្រាប់បែកពីលើអាកាសពីសំណាក់កងយន្តហោះចម្បាំងរបស់យោធាថៃ។ សម្រាប់ហេតុផលនេះ ក្រសួងមហាផ្ទៃ បានអំពាវនាវដល់មិត្តបរទេស ជាពិសេសសហរដ្ឋអាមេរិក ចិន ម៉ាឡេស៊ី និងអាស៊ាន ឱ្យបន្តចូលរួមយ៉ាងសកម្មក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ថយភាពតានតឹង និងសម្រេចបាននូវសន្តិភាពយូរអង្វែង ដែលឆ្លុះបញ្ចាំងពីសេចក្តីប្រាថ្នាដ៏យូរអង្វែងរបស់កម្ពុជា។
កម្ពុជា បន្តអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងអនុញ្ញាតឱ្យជនស៊ីវិលជាង ១លាននាក់ ដែលត្រូវបានផ្លាស់ទីលំនៅនៅសងខាងព្រំដែន អាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញដោយសុវត្ថិភាព។
ទន្ទឹមនឹងនេះ លេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានចាប់ផ្តើមថ្ងៃទី២ នៃកិច្ចប្រជុំរបស់ខ្លួននៅម៉ោង ៩:០៥ព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ នៅប៉ុស្តិ៍ត្រួតពិនិត្យព្រំដែនអចិន្ត្រៃយ៍ Prom–Pak Kard រវាងខេត្តប៉ៃលិន ប្រទេសកម្ពុជា និងខេត្តចាន់ថាបុរី ប្រទេសថៃ។
លេខាធិការដ្ឋានបានបន្តការពិភាក្សាដើម្បីធានាការបញ្ឈប់អរិភាព ស្វែងរកដំណោះស្រាយស្ដារស្ថិរភាពរវាងប្រទេសទាំងពីរ និងជួយសម្រួលដល់ការវិលត្រឡប់ទៅរកភាពប្រក្រតីវិញឱ្យបានឆាប់រហ័ស។
កិច្ចប្រជុំលេខាធិការដ្ឋាននេះ ត្រូវបានកោះប្រជុំឡើងដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំពិសេស GBC កម្ពុជា-ថៃ លើកទី៣ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៧ ខែធ្នូ នេះ។ នេះបើយោងតាមក្រសួងការពារជាតិកម្ពុជា។
ស្របពេលនេះដែរ អង្គការ និងសមាគមចំនួន ៨៩៦ ក្នុងនោះមាន ៣៦៦អង្គការ និង ៥៣០ក្រុមសហគមន៍ បានចូលរួមថ្កោលទោសប្រទេសថៃ ដែលបានធ្វើសកម្មភាពប្រឆាំងនឹងការលើកកម្ពស់សន្តិភាព សិទ្ធិមនុស្ស និងសុខុមាលភាពសហគមន៍។
អង្គការទាំងនេះបានដាក់ញត្តិទៅកាន់ស្ថានទូតមួយចំនួននៅកម្ពុជា ដើម្បីប្រឆាំងនឹងការឈ្លានពានដោយសកម្មភាពយោធាថៃ វាយប្រហារក្នុងដែនដីអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា។ អង្គការសង្គមស៊ីវិលកម្ពុជា បានឱ្យដឹងថា ស្ថានទូត និងគណៈប្រតិភូទាំង ១៧ នៅកម្ពុជា មានដូចជា ស្ថានទូតសាធារណរដ្ឋបារាំង សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អៀរឡង់ខាងជើង សាធារណរដ្ឋប្រជាមានិតចិន សហព័ន្ធរុស្ស៊ី គណៈប្រតិភូសហភាពអឺរ៉ុប អង្គការសហប្រជាជាតិ ស្ថានទូតម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ប្រ៊ុយណេ ដារូសាលឹម វៀតណាម ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងទីម័រឡេស។
អង្គការសង្គមស៊ីវិលកម្ពុជា បានចុះហត្ថលេខា និងអំពាវនាវឱ្យសហគមន៍អន្តរជាតិ ថ្កោលទោសរាល់ការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ អង្គការសង្គមស៊ីវិលកម្ពុជា ក៏បានជំរុញឱ្យប្រទេសថៃ បញ្ឈប់ប្រតិបត្តិការយោធាទាំងអស់ជាបន្ទាន់ ដកកងកម្លាំងរបស់ខ្លួន និងរក្សាការប្ដេជ្ញាចិត្តទាំងស្រុងក្រោមកិច្ចព្រមព្រៀងឈប់បាញ់ និងសេចក្តីប្រកាសរួមកាលពីថ្ងៃទី២៦ តុលា កន្លងមកនេះ។
ចំណែកឯខាងថៃ ក៏គេបង្ហាញព័ស្តុតាងអំពីការវាយប្រហារពីកងទ័ពខ្មែរទៅលើសហគមន៍ជនស៊ីវិលថៃ ដូចគ្នា។
ទោះជាយ៉ាងណាក្ដី អង្គការសង្គមស៊ីវិលខាងប្រទេសកម្ពុជា ជឿជាក់យ៉ាងមុតមាំថា សន្តិភាពយូរអង្វែងមិនអាចសម្រេចបានតាមរយៈអំពើហិង្សានោះទេ ពោលគឺមានតែតាមរយៈការសន្ទនាពិតប្រាកដ ការគោរពគ្នាទៅវិញទៅមក និងការប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិប៉ុណ្ណោះ ដែលអាចធ្វើឱ្យសន្តិភាព និងស្ថិរភាពរវាងកម្ពុជា និងថៃ ត្រូវបានស្ដារឡើងវិញ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

