32 C
Phnom Penh

មេ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ប្រកាស​ថា​ប្រទេស​ថៃ ជា​អ្នក​បង្ក​ការ​ឈ្លានពាន​មក​លើ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន អះអាង​ថា ប្រទេស​ថៃ បាន​បង្ក​សង្គ្រាម​រំលោភ​បំពាន​យ៉ាង​កំរោល​មក​លើ​បូរណភាព​ទឹកដី​កម្ពុជា នៅ​តាម​បណ្ដោយ​ព្រំដែន ក្រោម​លេស​ការពារ​សន្តិសុខ និង​អធិបតេយ្យ​របស់​ថៃ ដែល​បង្ក​នូវ​មហន្តរាយ​យ៉ាង​ធំធេង​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​សុខសាន្ត។

ឆ្លៀត​ឱកាស​ក្នុង​ថ្ងៃ​ខួប​ទី​៤៧ នៃ​ថ្ងៃ​ជ័យជម្នះ ៧​មករា របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០២៦ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ថ្លែង​ថា នៅ​ក្នុង​សកម្មភាព​រំលោភ​បំពាន​នេះ កង​យោធា​ថៃ ប្រើប្រាស់​អាវុធ​ធំ​តូច និង​ទំនើប​គ្រប់​ប្រភេទ ទាំង​ជើងគោក ជើងទឹក និង​ជើង​អាកាស​បាញ់​ប្រហារ​មក​លើ​កងទ័ព​កម្ពុជា ដែល​កំពុង​ស្ថិត​ក្នុង​ទីតាំង​លើ​ដែន​អធិបតេយ្យ​ប្រទេស​កម្ពុជា និង​វាយប្រហារ​លើ​គោលដៅ​ស៊ីវិល​នានា​ឥត​រើស​មុខ​ឡើយ។

ប្រធាន​ព្រឹទ្ធសភា​កម្ពុជា រូប​នេះ​អះអាង​ថា សកម្មភាព​ទាំងនេះ​គឺជា​ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​លើ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​កម្ពុជា រួម​ទាំង​បំពាន​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ បំពាន​ធម្មនុញ្ញ​អាស៊ាន និង​មិន​គោរព​ស្មារតី​នៃ​សហគមន៍​អាស៊ាន​យ៉ាង​ធ្ងន់ធ្ងរ​ផង​ដែរ។

ម្យ៉ាង​ទៀត សកម្មភាព​បែប​នេះ​ក៏​ជា​ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​លើ​ច្បាប់​មនុស្សធម៌​អន្តរជាតិ និង​កាតព្វកិច្ច​អន្តរជាតិ​ក្នុង​ការ​ការពារ​ជនស៊ីវិល ទ្រព្យសម្បត្តិ​វប្បធម៌​ជាតិ និង​បេតិកភណ្ឌ​ពិភពលោក​ថែមទៀត ព្រោះ​ថៃ បាន​ពង្រីក​សកម្មភាព​វាយប្រហារ​កាន់តែ​ធំ​ឡើងៗ ដែល​ផ្ទុយ​នឹង​បទ​ឈប់​បាញ់​ព្រមទាំង​សេចក្តី​ថ្លែងការណ៍​រួម​ទីក្រុង​កូឡាឡាំពួរ ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នោះ។

លោក ហ៊ុន សែន អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ទិសទី បន្ត​រួបរួម​សាមគ្គី​ជា​ធ្លុង​មួយ​ដោយ​ជឿជាក់​លើ​រដ្ឋាភិបាល និង​បន្ត​លើក​កម្ពស់​ស្មារតី​ស្នេហា​ជាតិ ប្រឹង​ឈរ​ដោយ​ខ្លួនឯង ខិតខំ​ខ្លួនឯង និង​ពង្រឹង​ភាព​ម្ចាស់ការ​ដោយ​ខ្លួនឯង ដើម្បី​ធានា​ការពារ និង​កសាង​ជាតិ​សម្រាប់​មាគ៌ា​ទៅ​ថ្ងៃ​មុខ​ទៀត។

ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ធំ​បាន​ឆ្លៀត​ប្រើ​បណ្ដាញ​សង្គម​សរសេរ និយាយ​ដៀមដាម​ផ្លែផ្កា​ថា លោក ហ៊ុន សែន ថ្លែង​អំពី​សាមគ្គីភាព ស្មារតី​ស្នេហា​ជាតិ​ឲ្យ​ខ្មែរ​គ្រប់​រូប​រួបរួម​ជាមួយ​រដ្ឋាភិបាល​លោក​នោះ គឺ​គ្រាន់តែ​ទៅ​ជួយ​ពង្រឹង​អំណាច​ត​វង្ស​ត្រកូល​របស់​លោក​តែប៉ុណ្ណោះ។

សង្គ្រាម​កម្ពុជា-ថៃ បាន​ផ្ទុះ​ឡើង​ចំនួន ២​លើក គឺ​លើក​ទី​១ នៅ​ថ្ងៃទី​២៤ រហូត​ដល់​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៥ ចំណែក​លើក​ទី​២ នៅ​ថ្ងៃទី​៧ រហូត​ដល់​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥ ខណៈ​សង្គ្រាម​ទាំង​ពីរ​លើក​នេះ ភាគី​ថៃ បាន​ចោទ​ថា កម្ពុជា​បើក​ការ​វាយប្រហារ​លើ​ថៃ មុន ប៉ុន្តែ​ខាង​កម្ពុជា ក៏បាន​ចោទ​ថា ថៃ​គឺជា​អ្នក​វាយប្រហារ​លើ​កម្ពុជា មុន​ដែរ។

ជុំវិញ​បញ្ហា​នេះ កាសែត​ថៃ ខៅស៊ុត (Khaosod) ស្រង់​សម្ដី​នាយករដ្ឋមន្ត្រី​ថៃ លោក អនុធីន ឆានវីរៈគុល កាលពី​ថ្ងៃទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២៥ ថា ថៃ​មិន​ដែល​ឈ្លានពាន​កម្ពុជា ទេ ព្រោះ​ថៃ ជា​ភាគី​ដែល​ត្រូវ​បាន​ឈ្លានពាន និង​វាយប្រហារ​មុន​ពី​កម្ពុជា ហើយ​អ្វី​ដែល​ថៃ បាន​ធ្វើ គឺជា​កាតព្វកិច្ច​ដើម្បី​ការពារ​អធិបតេយ្យ​ជាតិ សន្តិសុខ​ជាតិ និង​បូរណភាព​ទឹកដី​ប្រទេស​ថៃឡង់ដ៍ តែប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ ថ្លែង​ក្នុង​ពិធី​ប្រកាស​ការ​ផលិត​នាវាចម្បាំង​ខ្នាត​យក្ស​ថ្មី​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម និង​រដ្ឋមន្ត្រី​កងទ័ព​ជើងទឹក​អាមេរិក កាលពី​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៥ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ចោទ​ថា ប្រទេស​ថៃ ជា​អ្នក​ចាប់ផ្តើម​សង្គ្រាម​មុន​ទៅ​លើ​ប្រទេស​កម្ពុជា។

ទោះជា​យ៉ាងណាក៏ដោយ ហេតុការណ៍​ពិត គឺ​ភាព​រកាំរកូស​គ្នា​រវាង​លោក ហ៊ុន សែន និង​អតីត​នាយករដ្ឋមន្ត្រី​ថៃ ថាក់ស៊ីន ស៊ីណាវ៉ាត់ ជា​បងប្អូនធម៌ ការ​បែកធ្លាយ​ពាក្យ​សម្ដី​ត្មះដៀល​មេទ័ព​ថៃ រួម​ទាំង​ការ​បង្ក្រាប​បណ្ដាញ​ឆបោក​ជា​ប្រព័ន្ធ​ចេញពី​ប្រទេស​កម្ពុជា ដែល​ប៉ះពាល់​ដល់​មនុស្ស​ជិតស្និទ្ធ​រក​ប្រយោជន៍​ឲ្យ​ត្រកូល ហ៊ុន មាន​ឧកញ៉ា កុក អាន និង​ឧកញ៉ា លី យ៉ុងផាត់ ជាដើម ព្រមទាំង​ឧកញ៉ា​ក្មេង ចេន ហ្ស៊ី ដែល​ជា​ទីប្រឹក្សា​លោក ហ៊ុន សែន ផ្ទាល់​ផង​ដែរ។

ព័ត៌មាន​ដោយឡែក​វិញ ទាហាន​ការពារ​ព្រំដែន​ថៃ កាលពី​ថ្ងៃទី​៦ មករា បាន​ឃាត់​ខ្លួន​ជនជាតិ​ចិន ៣​នាក់​ដែល​ព្យាយាម​ដើរ​ឆ្លង​ចម្ការ​អំពៅ​ចូល​ទឹកដី​ប្រទេស​កម្ពុជា ក្នុង​ខេត្ត​ស្រះកែវ។ អាជ្ញាធរ​ប្រាប់​កាសែត​ថា ជនជាតិ​ចិន ទាំង ៣​នាក់ គ្មាន​លិខិត​ឆ្លងដែន​ទេ ហើយ​ថា​គេ​ចេញពី​ប្រទេស​ភូមា មក។

អាជ្ញាធរ​រក​ឃើញ​មាន​ជាប់​នឹង​ខ្លួន​ជនល្មើស ស៊ីមកាត ឬ​ឈិប​ដាក់​ទូរសព្ទដៃ​ជិត ១​ម៉ឺន​ចំណិត ដែល​គេ​អាច​ប្រើ​សម្រាប់​បង្វែង​ដាន​អំពើ​ឧក្រិដ្ឋ​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច។

ជុំវិញ​បញ្ហា​សង្គ្រាម​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃឡង់ដ៍ កន្លង​ទៅ​នេះ​វិញ ក្រសួង​មហាផ្ទៃ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​៧ មករា នេះ​ថា បើ​គិត​ចាប់ពី​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០២៥ មក​ការ​ខូចខាត​ទ្រព្យសម្បត្តិ​ឯកជន​ខាង​កម្ពុជា រួម​មាន៖

  • ផ្ទះ​ជាង ៣០០​ខ្នង (៣៣៦​ខ្នង)
  • អគារ​ស៊ីវិល​ឯកជន​ចំនួន ៧
  • សណ្ឋាគារ ១០
  • ស្ថានីយ​ប្រេង ៣
  • ផ្សារ​ឯកជន ១
  • រថយន្ត ៣៤​គ្រឿង
  • ម៉ូតូ ៨​គ្រឿង
  • លាន​ទិញ​ដំឡូង ១​កន្លែង
  • អគារ​ឃ្លាំង​ទំនិញ ១​កន្លែង
  • បង្គោល​អង់តែន​ទូរសព្ទ ៣​កន្លែង
  • អាងទឹក និង​ប្រព័ន្ធ​ទឹកស្អាត ៦​កន្លែង
  • ជង្រុក​ស្រូវ ១
  • និង​សត្វព្រៃ ២​ក្បាល​ថែមទៀត។

ក្រសួង​មហាផ្ទៃ បញ្ជាក់​ថា ការ​ខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ​សរុប រួម​មាន៖

  • សាលារៀន ២៥​កន្លែង
  • មន្ទីរពេទ្យ ៩​កន្លែង
  • សំណង់​អគារ​ចំនួន ៤២​កន្លែង
  • វត្ត​អារាម ១៧​កន្លែង
  • សាលាឆទាន ១
  • រូបសំណាក ១
  • រថយន្ត ១​គ្រឿង
  • ប្រាសាទ​បុរាណ​ចំនួន ៤​កន្លែង
  • ស្ពាន ៥​កន្លែង
  • ផ្សារ ១​កន្លែង
  • ផ្លូវ ៣២​ខ្សែ
  • ប្រព័ន្ធ​ផ្គត់ផ្គង់​អគ្គិសនី ១​ទីតាំង
  • និង​បណ្ដាញ​បញ្ជូន​អគ្គិសនី ៣​កន្លែង​ផង​ដែរ។

ចំណែកឯ​ខាង​ប្រទេស​ថៃឡង់ដ៍ វិញ ស្រុក-ភូមិ​ក្នុង​ខេត្ត​៤ គឺ​សុរិន្ទ បុរីរម្យ ស៊ីសាកេត និង​ឧប៊ុនរាជធានី បាន​រង​ការ​ខូចខាត​ប្រហាក់ប្រហែល​គ្នា ទាំង​មនុស្ស ទាំង​ទ្រព្យសម្បត្តិ មាន​សាលារៀន មន្ទីរពេទ្យ ទីប្រជុំជន ស្ថានីយ​ប្រេង​ជាដើម ក្រោម​គ្រាប់​រ៉ុក្កែត BM-21 Grad កងទ័ព​ខ្មែរ​បាញ់​ផ្លោង​ស្រោច​ចូល​ដី​ថៃ៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស