ជនជាតិចិនមួយក្រុមបើកហាងលក់ម្ហូបអាហារនៅឃុំថ្មដា ស្រុកវាលវែង ជាប់ព្រំដែនថៃ ខេត្តត្រាត បាននាំគ្នារុះរើលួសបន្លាដែលយោធាថៃ បានរាយព័ទ្ធទីតាំងលក់ដូររបស់គេ។
តាមកាសែតថៃ ថៃរដ្ឋ ផ្សាយនៅថ្ងៃទី១៥ ខែមករា នេះ បានស្រង់សម្ដីនាយទាហានម៉ារីនថៃ មេបញ្ជាការ ថាំម៉ានូន វណ្ណា ជនជាតិចិន ទាំងនោះបានរើទាញលួសបន្លាច្រើនជាន់ពីក្រោយហាង ទៅដាក់នៅមុខហាង ដោយខ្លាចមានចោរចូលគាស់លួចទំនិញ។ យោធាថៃ បានចរចាជាមួយអាជីវករចិនទាំងនោះ ហើយក៏មានការយល់គ្នាទៅវិញទៅមក គឺរក្សាទុកលួសបន្លានៅដដែល ដោយទាហានថៃ ប្រចាំការជាប់ទីនោះ។
មេបញ្ជាការ ថាំម៉ានូន វណ្ណា ប្រាប់កាសែតថា ជនជាតិចិនទាំងនោះបង្ហូតទង់ជាតិសាធារណរដ្ឋប្រជាមានិតចិន នៅច្រកចេញចូលទីប្រជុំជននោះ និងដឹកទំនិញចេញចូលតាមចិត្ត។
ករណីនេះ ពលរដ្ឋខ្មែរឆ្ងល់ថា តើជនជាតិចិន បោះទីតាំងលំនៅឋាន និងអាជីវកម្មទីនោះ មកពីណា ហេតុអ្វីដោតទង់ជាតិប្រទេសចិន?
រឿងដោយឡែកមួយទៀត អ្នកនាំពាក្យយោធាថៃ កាលពីថ្ងៃទី១៣ ខែមករា បានប្រាប់កាសែតថា ភាគីខ្មែរបានបង្ហោះដ្រូនចូលដែនដីថៃ ក្នុងសណ្ឋានបែបស៊ើបការណ៍ ហើយគេបានប្រាប់ឲ្យយោធាខ្មែរបញ្ឈប់សកម្មភាពនេះ។
ដំណាលពេលគ្នានេះ ក្រសួងការពារជាតិថៃ ឲ្យកាសែតដឹងថា នៅថ្ងៃទី១២ ខែមករា គេបានចុះកិច្ចសន្យាទិញរថពាសដែក IFVs កង់កៅស៊ូ៨ ម៉ាក VN1 ដែលផ្ទុកកាណុង ១២០មិល្លីម៉ែត្រចំនួន ៣៨គ្រឿងថែមទៀតពីក្រុមហ៊ុនឧស្សាហកម្មសព្វាវុធចិន NORINCO ដើម្បីបង្គ្រប់យុទ្ធភណ្ឌប្រើប្រាស់សរុបចំនួន ១១១គ្រឿង ក្នុងតម្លៃ ៣២លានដុល្លារ៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

