33.8 C
Phnom Penh

សហរដ្ឋ​អាមេរិក​បញ្ជូន​នាវាចម្បាំង​ទ្រង់ទ្រាយ​ធំ​ដាក់​ពង្រាយ​នៅ​តំបន់​មជ្ឈិមបូព៌ា​ក្បែរ​ប្រទេស​អ៊ីរ៉ង់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​សហរដ្ឋ​អាមេរិក​មួយ​គ្រឿង USS Abraham Lincoln អមដំណើរ​ដោយ​នាវា​ពិឃាដ​ជាច្រើន​គ្រឿង បាន​ទៅ​ដល់​តំបន់​មជ្ឈិមបូព៌ា​ហើយ ជា​ការ​ជួយ​ពង្រឹង​សមត្ថភាព​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ដើម្បី​ការពារ​កងកម្លាំង​អាមេរិកាំង ឬ​ក៏​ចាត់​វិធានការ​យោធា​ណា​មួយ​វាយប្រហារ​លើ​របប​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ដែល​គេ​ថា​ជា​ការ​សងសឹក ព្រោះ​កង​សន្តិសុខ​អ៊ីរ៉ង់ វាយប្រហារ​សម្លាប់​បាតុករ​យ៉ាង​រង្គាល។

នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AP នៅ​ថ្ងៃទី​២៧ ខែ​មករា ឆ្នាំ​២០២៦។

នាវា​ផ្ទុក​យន្តហោះ​ចម្បាំង USS Abraham Lincoln ដែល​បាន​មក​ដល់​តំបន់​មជ្ឈិមបូព៌ា​នៅ​ពេលនេះ​ធ្វើ​តាម​ការ​បញ្ជា​របស់​លោក ត្រាំ ឱ្យ​មក​ដាក់​ពង្រាយ​នៅ​តំបន់​មជ្ឈិមបូព៌ា ខណៈ​ភាព​តានតឹង​រវាង​សហរដ្ឋ​អាមេរិក និង​អ៊ីរ៉ង់ ឡើង​កម្ដៅ​ខ្លាំង បន្ទាប់ពី​ការ​បង្ក្រាប​យ៉ាង​សាហាវ​លើ​ក្រុម​បាតុករ​នៅ​ទូទាំង​ប្រទេស​អ៊ីរ៉ង់ ក្នុង​រយៈពេល ៣​ថ្ងៃ ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១០ មករា ដែល​លោក ត្រាំ និង​ប្រទេស​អ៊ីស្រាអែល ជា​អ្នក​បញ្ឆេះ ដោយ​មាន​មនុស្ស​ចូលរួម​ប្រមាណ​ជា ៦​លាន​នាក់​នៅ​ទូទាំង​ប្រទេស ក្នុង​នោះ​រដ្ឋធានី​តេហេរ៉ង់ មាន​បាតុករ​ដល់​ទៅ ១​លាន ៥​សែន​នាក់។ ក្នុង​ពេល​នោះ កង​សន្តិសុខ​អ៊ីរ៉ង់ បាន​បាញ់​សម្លាប់​បាតុករ​ជាតិ​សាសន៍​ខ្លួនឯង​ស្លាប់​យ៉ាង​រង្គាល ដែល​គេ​ថា​ជា​ការ​បញ្ជា​ពី​កំពូល​មេដឹកនាំ Ayatollah Ali Khmamenei។

លោក ត្រាំ បាន​គំរាម​ម្ដង​ហើយ​ម្ដង​ទៀត​ថា នឹង​ធ្វើ​អន្តរាគមន៍ ប្រសិនបើ​អ៊ីរ៉ង់ នៅតែ​បន្ត​សម្លាប់​បាតុករ តែ​ស្ថានការណ៍​បាតុកម្ម​នៅ​ទូទាំង​ប្រទេស​អ៊ីរ៉ង់ ទោះជា​មាន​ការ​ថមថយ​ពិត​មែន តែ​បាតុករ​នៅតែ​ស្លាប់​ដោយសារ​ការ​វាយប្រហារ​របស់​កង​សន្តិសុខ​ជា​រៀងរាល់​ថ្ងៃ។

ប្រធានាធិបតី​អ៊ីរ៉ង់ Masoud Pezheskian ចោទ​សហរដ្ឋ​អាមេរិក និង​អ៊ីស្រាអែល ថា​ជា​អ្នក​នៅ​ពីក្រោយ​បាតុកម្ម​ហិង្សា​នៅ​ប្រទេស​អ៊ីរ៉ង់ បន្ទាប់ពី​ចាប់​បាន​ភ្នាក់ងារ​ចារកម្ម​អ៊ីស្រាអែល Mossad។

តាម​សេចក្ដី​រាយការណ៍​ចុងក្រោយ ក្រៅតែ​ពី​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង និង​នាវា​ពិឃាដ សហរដ្ឋ​អាមេរិក​ក៏បាន​ដាក់​ពង្រាយ​ផង​ដែរ​យន្តហោះ​ចម្បាំង និង​ប្រព័ន្ធ​ខែល​ប្រឆាំង​មីស៊ីល​ទៅ​កាន់​តំបន់​មជ្ឈិមបូព៌ា។ លោក ដូណាល់ ត្រាំ គំរាម​ថា វត្តមាន​នាវាចម្បាំង​លើក​នេះ​មាន​ទ្រង់ទ្រាយ​ធំ។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អ៊ីរ៉ង់ លោក អ៊ីស្មាអេល បាហ្គាអ៊ី (Esmaeil Baghaei) បាន​ប្រកាស​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ទីក្រុង​តេហេរ៉ង់ នឹង​ផ្តល់​ការ​ឆ្លើយតប​គ្រប់​ជ្រុងជ្រោយ និង​ធ្វើ​ឱ្យ​អាមេរិក​មាន​ការ​សោកស្តាយ​ចំពោះ​រាល់​ការ​ឈ្លានពាន​របស់​ខ្លួន។

លោក បាហ្គាអ៊ី បាន​បញ្ជាក់​ថា អ៊ីរ៉ង់​បាន​និង​កំពុង​ប្រឈមមុខ​នឹង​សង្គ្រាម​កូនកាត់ បន្ទាប់ពី​ការ​ឈ្លានពាន​របស់​អ៊ីស្រាអែល កាលពី​ខែ​មិថុនា ឆ្នាំ​២០២៥ ហើយ​នៅ​ពេលនេះ អ៊ីរ៉ង់​ប្រឈម​នឹង​ការ​គំរាមកំហែង​ថ្មីៗ​ពី​សហរដ្ឋ​អាមេរិក និង​អ៊ីស្រាអែល ថែមទៀត។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អ៊ីរ៉ង់ ពន្យល់​ថា អសន្តិសុខ​គឺជា​ជំងឺឆ្លង តែ​សម្រាប់​អ៊ីរ៉ង់ ប្រទេស​នានា​គួរតែ​ដឹង​ថា អ៊ីរ៉ង់​មិនមែន​ជា​គោលដៅ​តែ​មួយ​គត់​នៃ​អសន្តិសុខ​ក្នុង​តំបន់​នោះ​ទេ។

ជា​ការពិត អ៊ីរ៉ង់​តែងតែ​ជំរុញ​ឱ្យ​ប្រទេស​ដែល​គោរព​ច្បាប់​អន្តរជាតិ បង្ហាញ​ជំហរ​ច្បាស់លាស់​ប្រឆាំង​នឹង​ការ​គំរាមកំហែង​របស់​អាមេរិក។

ចំពោះ​វត្តមាន​កង​នាវា​ផ្ទុក​យន្តហោះ​អាមេរិក​នៅ​ក្បែរ​ប្រទេស​អ៊ីរ៉ង់ លោក បាហ្គាអ៊ី បាន​និយាយ​ថា ដូចជា​មិន​ប៉ះពាល់​ដល់​អធិបតេយ្យ​អ៊ីរ៉ង់ ធ្ងន់ធ្ងរ​ទេ តែ​លោក​ថា​អ៊ីរ៉ង់​មាន​ការ​ប្ដេជ្ញាចិត្ត​ដ៏​ម៉ឺងម៉ាត់​របស់​ខ្លួន​ក្នុង​ការ​ការពារ​អធិបតេយ្យ​ជាតិ សេចក្តី​ថ្លៃថ្នូរ និង​សន្តិសុខ​ជាតិ។

ទន្ទឹម​គ្នា​នេះ លោក​បាន​បញ្ជាក់​ថា កងកម្លាំង​ប្រដាប់​អាវុធ​អ៊ីរ៉ង់ កំពុង​តាមដាន​ស្ថានការណ៍​យ៉ាង​ដិតដល់ និង​កែលំអ​សមត្ថភាព​របស់​ខ្លួន​ជា​ប្រចាំ។ ចំពោះ​លទ្ធភាព​នៃ​ការ​ចរចា លោក​បាន​បន្ថែម​ថា អ៊ីរ៉ង់​មិន​ដែល​ស្វាគមន៍​សង្គ្រាម​ទេ ហើយ​ក៏​មិន​ដែល​គេចវេះ​ពី​ការទូត​ដែរ។

មន្ត្រី​អាមេរិកាំង​និយាយ​កាលពី​ថ្ងៃ​ចន្ទ ទី​២៦ ខែ​មករា ថា សហរដ្ឋ​អាមេរិក​បើកចំហ​ទ្វារ​ចរចា ប្រសិនបើ​អ៊ីរ៉ង់ ចង់​ទាក់ទង​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន ដោយ​ភាព​ស្មោះត្រង់។

កាលពី​សង្គ្រាម ១២​ថ្ងៃ​ក្នុង​ខែ​មិថុនា ឆ្នាំ​២០២៥ អ៊ីស្រាអែល​បាន​បើក​ការ​វាយប្រហារ​លើ​អ៊ីរ៉ង់ ដោយ​កង​យន្តហោះ​ចម្បាំង​រាប់​រយ​គ្រឿង ប៉ុន្តែ​សង្គ្រាម​នា​ពេល​នោះ អាមេរិក​ចូល​ជួយ​អ៊ីស្រាអែល តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ដោយ​ការ​ទម្លាក់​គ្រាប់បែក​ទម្ងន់​ជាង ១៣​តោន​ជាច្រើន​គ្រាប់ ទម្លាក់​ចេញពី​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ B-2 Spirit ទៅ​លើ​ទីតាំង​រោងចក្រ​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ បណ្ដាល​ឱ្យ​រោងចក្រ​នោះ​រង​ការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ។

អ៊ីរ៉ង់ ដែល​ជា​ជនរងគ្រោះ​ព្រម​ទទួលយក​សំណើ​ពី​លោក ត្រាំ ព្រម​បញ្ចប់​សង្គ្រាម​នឹង​អ៊ីស្រាអែល បើ​ទោះជា​អ៊ីរ៉ង់ មាន​សមត្ថភាព​បាញ់​មីស៊ីល​លើ​អ៊ីស្រាអែល វិញ​ក៏ដោយ៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស