28.4 C
Phnom Penh

លោក សួន សេរីរដ្ឋា ដែល​ធ្លាប់​ជាប់​ទោស​រឿង​ប្រមាថ​មេ​យោធា​កម្ពុជា ប្រមាថ​បណ្ឌិត មាស នី ថា​ជា​បណ្ឌិត​កញ្ជើធ្លុះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍​ជនបទ លោក សួន សេរីរដ្ឋា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​សន្តិភាព​កម្ពុជា ប្រមាថ​អ្នក​ស្រាវជ្រាវ​អំពី​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី ថា​ជា​បណ្ឌិត​កញ្ជើធ្លុះ បន្ទាប់ពី​បញ្ញវ័ន្ត​ខ្មែរ​រូប​នេះ​ឆ្លើយ​សំណួរ​បញ្ញវ័ន្ត​ថៃ មិន​រួច ពាក់ព័ន្ធ​នឹង​បញ្ហា​ឈ្លានពាន​ទឹកដី​រវាង​កម្ពុជា-ថៃ។

លោក សួន សេរីរដ្ឋា ដែល​ធ្លាប់​ជាប់​ទោស​ពី​បទ «ជេរប្រមាថ​ធ្ងន់ធ្ងរ​ដល់​កងទ័ព​កម្ពុជា» កាលពី​ឆ្នាំ​២០១៧ នោះ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​យប់​ថ្ងៃទី​១៩ ខែ​មីនា នេះ​ថា សំណួរ​របស់​បញ្ញវ័ន្ត​ថៃ គឺ​សួរ​ចំ​បណ្ឌិត​កញ្ជើធ្លុះ​ប៉ុណ្ណោះ ព្រោះ​គេ​តាំងខ្លួន​ជា​អ្នកវិភាគ និង​ជា​អ្នក​ស្រាវជ្រាវ តែ​បែរជា​មិន​ចេះ​សន្សំ ឬ​ប្រមូល​ទុក​ឯកសារ។

ការ​ប្រមាថ​នេះ ធ្វើឡើង​បន្ទាប់ពី​បណ្ឌិត មាស នី សារភាព​ថា​ខ្លួន​គ្មាន​សមត្ថភាព​ឆ្លើយ​សំណួរ​បញ្ញវ័ន្ត​ថៃ ពាក់ព័ន្ធ​នឹង​សង្គ្រាម​ឈ្លានពាន​រវាង​កម្ពុជា-ថៃ នា​ពេលនេះ។

សារ​របស់​លោក សួន សេរីរដ្ឋា រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​សន្តិភាព​កម្ពុជា បង្ហោះ​នៅ​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០២៦។
សារ​របស់​លោក សួន សេរីរដ្ឋា រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​សន្តិភាព​កម្ពុជា បង្ហោះ​នៅ​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០២៦។

អ្នក​ស្រាវជ្រាវ​អំពី​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៨ មីនា ថា លោក​បាន​ជជែក​ជាមួយ​បញ្ញវ័ន្ត​ឯករាជ្យ​ថៃ ម្នាក់ តាម​ប្រព័ន្ធ​អនឡាញ ស្ដីពី​រដ្ឋាភិបាល​លោក អាភីស៊ីត វេចាជីវ៉ា និង​លោក ឈួន លីគផៃ ដែល​បាន​យក​សន្ធិសញ្ញា​ព្រមព្រៀង​បារាំង-សៀម​ឆ្នាំ​១៩០៧ ទៅ​តម្កល់​ទុក​នៅ​ឯ​អង្គការ​សហប្រជាជាតិ​នោះ។

បណ្ឌិត មាស នី លើកឡើង​ថា ក្នុង​ការ​ពិភាក្សា​នេះ បញ្ញវ័ន្ត​ថៃ រូប​នោះ បាន​សួរ​មក​កាន់​រូបលោក​ចំនួន​ពីរ​សំណួរ ប៉ុន្តែ​សំណួរ​ទាំង​ពីរ​នេះ លោក​មិន​អាច​ឆ្លើយ​បាន​ទាំងអស់។

សំណួរ​ទី​១ បញ្ញវ័ន្ត​ថៃ រូប​នោះ​សួរ​ថា តើ​កម្ពុជា មាន​កំណត់ត្រា​អនុស្សរណៈ​យោគយល់ (MoU) រវាង​កម្ពុជាថៃ ជា​ភាសា​ខ្មែរ​ដែរ​ឬ​ទេ?

បញ្ញវ័ន្ត​ថៃ ដដែល​នេះ​បន្ត​ថា បើ​មាន តើ​រក្សា​ទុក​នៅ​ឯណា ប៉ុន្តែ​បើ​មិន​មាន​ជា​អក្សរ​ខ្មែរ តើ​មកពី​មូលហេតុ​អ្វី? ចំណែក​ខាង​ថៃ គឺ​មាន​អនុស្សរណៈ​យោគយល់​នោះ​ជា​ភាសា​ថៃ ព្រមទាំង​ត្រូវ​បាន​បោះពុម្ព​ជា​សាធារណៈ​ថែមទៀត។

ចំណែក​សំណួរ​ទី​២ គេ​សួរ​ថា រដ្ឋាភិបាល​កម្ពុជា ចោទ​ថា​ថៃ​បាន​ឈ្លានពាន​ចូល​ទឹកដី​ខ្មែរ ចុះ​ហេតុ​អ្វី​បាន​ជា​កម្ពុជា​មិន​បង្ហោះ​ទីតាំង​ដី​ខ្មែរ​ដែល​ថៃ កំពុង​កាន់កាប់​ដោយ​ខុស​ច្បាប់​ទាំងនោះ​លើ​បណ្ដាញ​សង្គម ឬ​វេបសាយ ឬ​ដាក់​បង្ហាញ​នៅ​តាម​តំបន់​ចំណុច​ព្រំដែន​នីមួយៗ​ឱ្យ​សាធារណជន​បាន​ដឹង?

ជាង​នេះ​ទៀត តើ​កម្ពុជា​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​កាន់​តុលាការ​អន្តរជាតិ​ហើយ​ឬ​នៅ បើ​ខ្លួន​ចោទ​ថា​ថៃ​ឈ្លានពាន​ទឹកដី​របស់​ខ្លួន​នោះ?

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា លោក​ពិត​ជា​ឆ្លើយ​សំណួរ​របស់​បញ្ញវ័ន្ត​ថៃ ទាំង​ពីរ​សំណួរ​នេះ​មិន​ចេញ​ទេ ព្រោះ​លោក​ក៏​មិន​ដឹង​ច្បាស់​ពី​បញ្ហា​នេះ​ដែរ។

បណ្ឌិត មាស នី ថ្លែង​ក្នុង​កម្មវិធី​ពិភាក្សា​ស្ដីពី «សណ្ដាប់ធ្នាប់​ពិភពលោក​ក្នុង​បរិបទ​ថ្មី» នៅ​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០២៦។
បណ្ឌិត មាស នី ថ្លែង​ក្នុង​កម្មវិធី​ពិភាក្សា​ស្ដីពី «សណ្ដាប់ធ្នាប់​ពិភពលោក​ក្នុង​បរិបទ​ថ្មី» នៅ​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០២៦។

យ៉ាងណាក៏ដោយ បន្ទាប់ពី​មាន​ការ​រិះគន់​ពី​លោក សួន សេរីរដ្ឋា បណ្ឌិត មាស នី បាន​ឆ្លើយតប​ត្រឡប់​ទៅវិញ​នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​នេះ​ថា កញ្ជើធ្លុះ​អាច​នៅតែ​ជា​ជម្រក​ដ៏​កក់ក្តៅ​សម្រាប់​កូន​មាន់​ដែល​ទើប​ញាស់​ដែរ ដែល​វា​ប្រសើរ​ជាង​កញ្ជើ​ដែល​ពុក​ផុយ។

បណ្ឌិត មាស នី បញ្ជាក់​ថា ការ​ជជែក​គ្នា​រវាង​រូបលោក​ជាមួយ​បញ្ញវ័ន្ត​ថៃ គឺជា​ការ​សំណេះសំណាល​រវាង​មិត្តភក្ដិ​ដែល​ធ្លាប់​ស្គាល់​គ្នា​ជា​យូរ​មក​ហើយ​តែប៉ុណ្ណោះ ដូច្នេះ​មិន​គួរ​យក​ទៅ​ប្រើ​ដើម្បី​កេង​ចំណេញ​មុខមាត់​នយោបាយ​ឡើយ។

លោក​បញ្ជាក់​ថា ចំណុច​ខ្លះ​បើ​មិន​ច្បាស់ កុំ​និយាយ​ប្រសើរ​ជាង ព្រោះ​លោក​មិន​អាច​ឆ្លើយ​ឱ្យ​ខុស​ពី​ការពិត​បាន​ទេ ឬ​ទោះបី​ដឹង​ហើយ ឬ​មាន​ហើយ ក៏​មិន​ត្រូវ​ឆ្លើយ​ដែរ បើ​ខុស​កាលៈទេសៈ​នោះ។

គួរ​រំឭក​ថា៖ លោក សួន សេរីរដ្ឋា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​ចាប់​ខ្លួន​កាលពី​រសៀល​ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០១៧ ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​ប្រមាថ​លើ​មេ​យោធា​កម្ពុជា ថា​ជា​ចោរ។ នៅ​ថ្ងៃ​បន្ទាប់ គឺ​រសៀល​ថ្ងៃទី​១៤ ខែ​សីហា ឆ្នាំ​២០១៧ ព្រះរាជអាជ្ញា​រង​អម​តុលាការ​ក្រុង​ភ្នំពេញ លោក សៀង សុខ សម្រេច​ចោទប្រកាន់​ចំនួន​លោក សួន សេរីរដ្ឋា ចំនួន ៣​បទល្មើស គឺ​ទី​១ បទ​ញុះញង់​កុំ​ឲ្យ​យោធិន​ស្តាប់​បង្គាប់ តាម​មាត្រា ៤៧១ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា ចំណែក​ទី​២ បទល្មើស​ធ្វើ​ឲ្យ​ខូច​ទឹកចិត្ត​កងទ័ព តាម​មាត្រា ៤៧២ និង​ទី​៣ គឺ​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​មាត្រា ៤៩៤ និង​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា។

រហូត​ដល់​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០១៧ លោក សួន សេរីរដ្ឋា ត្រូវ​បាន​តុលាការ​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ១០​លាន​រៀល ពី​បទ «ជេរប្រមាថ​ធ្ងន់ធ្ងរ​ដល់​កងទ័ព​កម្ពុជា» និង​ត្រូវ​បាន​ដោះលែង​មក​វិញ​នៅ​ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០១៨ បន្ទាប់ពី​លោក ហ៊ុន សែន បាន​ស្នើ​ព្រះរាជទាន​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ នរោត្តម សីហមុនី។

ជុំវិញ​បញ្ហា​នេះ អ្នក​លេង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ខ្លះ​លើកឡើង​ថា សន្ធិសញ្ញា​បារាំង-សៀម​ឆ្នាំ​១៩០៧ គឺជា​កិច្ចព្រមព្រៀង​រវាង​អាណាព្យាបាល​បារាំង និង​ព្រះរាជាណាចក្រ​សៀម ដែល​ជា​ឯកសារ​ច្បាប់​ដើម (Original Version) មាន​តម្លៃ​ជា​អន្តរជាតិ គឺ​ត្រូវ​បាន​សរសេរ​ជា​ភាសា​បារាំង ទាំងស្រុង។

ចុះ​ហេតុ​អ្វី​មិន​មាន​ភាសា​ខ្មែរ? ចម្លើយ​គឺ​ថា ចំពោះ​ច្បាប់​អន្តរជាតិ គេ​ប្រើ​ភាសា​ច្បាប់​ដើម (បារាំង) ជា​មូលដ្ឋាន​ដើម្បី​បង្ការ​ការ​បកប្រែ​ខុស​ន័យ​ដើម ប៉ុន្តែ​ការ​ដែល​កិច្ចព្រមព្រៀង​នោះ​មាន​ជា​ភាសា​ថៃ គឺជា​ការ​បកប្រែ​ផ្ទៃក្នុង​របស់​ពួកគេ​ប៉ុណ្ណោះ មិនមែន​ជា​ឯកសារ​គោល​សម្រាប់​ប្រើ​នៅ​តុលាការ​អន្តរជាតិ​ឡើយ។

ចំណែក​ទីតាំង​ដែល​ត្រូវ​បាន​រក្សា​ទុក គឺ​មាន​នៅ​បណ្ណសារដ្ឋាន​ជាតិ​រក្សា​ទុក​ច្បាប់​ចម្លង​ដែល​ទទួល​ពី​បារាំង ចំណែក​ក្រសួង​ការបរទេស មាន​ឯកសារ​យោង​សម្រាប់​ប្រើប្រាស់​ក្នុង​កិច្ចការ​ព្រំដែន។

ជាង​នេះ​ទៀត ក៏​មាន​រក្សា​ទុក​នៅ​ឯ​អង្គការ​សហប្រជាជាតិ (UN) ផង​ដែរ ព្រោះ​កម្ពុជា​បាន​យក​ឯកសារ​ទាំងនេះ​ទៅ​តម្កល់​នៅ UN តាំងពី​សម័យ​ចូល​ជា​សមាជិក​របស់​អង្គការ​នេះ​មក​ម្ល៉េះ។

ដោយឡែក​ការ​ចោទ​សួរ​ថា តើ​ហេតុ​អ្វី​មិន​បង្ហោះ​ទីតាំង​ដែល​ថៃ បាន​ឈ្លានពាន? ចម្លើយ​គឺ​នៅ​ត្រង់​ថា យុទ្ធសាស្ត្រ​សន្តិសុខ​ជាតិ ការ​បង្ហោះ​ទីតាំង​យោធា ឬ​ចំណុច​ជម្លោះ​លម្អិត​លើ​បណ្ដាញ​សង្គម អាច​បង្ក​ជា​គ្រោះថ្នាក់​ដល់​យុទ្ធសាស្ត្រ​ការពារ​ជាតិ។

ប្រភព​ដដែល​បញ្ជាក់​ថា គេ​មិន​ប្រើ Google Maps ឬ​បណ្ដាញ​សង្គម​ដើម្បី​វាស់វែង​ព្រំដែន​ឡើយ ព្រោះ​វា​មិន​មាន​តម្លៃ​តាម​ច្បាប់ ប៉ុន្តែ​កម្ពុជា​ត្រូវ​ប្រើប្រាស់​ផែនទី​ខ្នាត ១/២០០០០០ (មួយ​លើ​ពីរ​រយ​ពាន់) ដែល​ជា​ផែនទី​ផ្លូវការ​ទទួលស្គាល់​ដោយ​តុលាការ​អន្តរជាតិ​ទីក្រុង​ឡាអេ វិញ សម្រាប់​តវ៉ា​តាម​ផ្លូវ​ច្បាប់​នោះ៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស