មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យជឿនលឿន ព្រមានថា បើខ្មែរខ្សោយ សូមកុំសង្ឃឹមថាការចរចាទ្វេភាគីជាមួយថៃ ដើម្បីទទួលបានទឹកដីត្រឡប់មកវិញតាមការរំពឹងទុកឱ្យសោះ ចំពោះទឹកដីដែលថាកងទ័ពថៃ បានរំលោភយកសព្វថ្ងៃនេះ។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យជឿនលឿន លោក សួន រីដា សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២១ មេសា នេះថា ដើម្បីការពារទឹកដីពីការឈ្លានពាននៃបរទេសជិតខាង ភារកិច្ចដំបូងនៃរាជរដ្ឋាភិបាល គឺត្រូវតែធ្វើឱ្យខ្មែរខ្លាំងជាមុនសិន ហើយក៏ជាកិច្ចការបន្ទាន់បំផុតដែរសម្រាប់កិច្ចការការពារជាតិមាតុភូមិរបស់ខ្លួន។
អតីតមន្ត្រីបក្សប្រឆាំងរូបនេះលើកឡើងថា រដ្ឋាភិបាលត្រូវតែធ្វើឱ្យខ្មែរមានសាមគ្គី ឯកភាពជាតិពិតប្រាកដ តាមរយៈការផ្សះផ្សានយោបាយ ការគោរពសិទ្ធិមនុស្ស លើកស្ទួយប្រជាធិបតេយ្យឡើងវិញ តែមិនមែនការធ្វើប្រជាភិថុតិឡើយ។
ក្រៅពីនេះទៀត រដ្ឋាភិបាលក៏ត្រូវបង្កើនថវិកាជាតិផងដែរ ដើម្បីធ្វើទំនើបកម្មវិស័យយោធាក្នុងការការពារបូរណភាពទឹកដី ប៉ុន្តែដើម្បីធ្វើកិច្ចការនេះបានជោគជ័យ កត្តាចម្បងបំផុត គឺត្រូវលុបបំបាត់អំពើពុករលួយឱ្យបាន។
បន្ថែមពីនេះ ក៏ត្រូវធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈផងដែរ ដើម្បីកាត់បន្ថយបន្ទុកចំណាយរបស់រដ្ឋចំពោះមន្ត្រីដែលកំពុងគរជើងគ្នាច្រើនស្អេកស្កះតាមក្រសួងស្ថាប័នសព្វថ្ងៃនេះ។
លោក សួន រីដា អំពាវនាវឱ្យអ្នកនយោបាយគ្រប់និន្នាការរួមគ្នាដោះស្រាយបញ្ហាទឹកដីជាមួយគ្នា ព្រោះការចោទប្រកាន់ទម្លាក់កំហុសឱ្យគ្នាទៅវិញទៅមក មិនមែនជាដំណោះស្រាយឡើយ ប៉ុន្តែវារឹតតែធ្វើឱ្យបែកបាក់ជាតិកាន់តែខ្លាំងឡើងៗប៉ុណ្ណោះ ដែលជាហេតុធ្វើឱ្យបាត់បង់លទ្ធភាពទាមទារទឹកដីពីបរទេសឈ្លានពានទៅវិញ។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលកម្ពុជាបានអះអាងពីការឈ្លានពានរបស់កងកម្លាំងថៃ មកលើទឹកដីរបស់ខ្លួន ខណៈការទាមទារឱ្យមានការចរចាទ្វេភាគីរបស់កម្ពុជា ត្រូវបានភាគីថៃ បដិសេធជាបន្តបន្ទាប់។
អ្នកជំនាញភូមិសាស្ត្រនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត យង់ ពៅ បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២១ មេសា នេះថា ជុំវិញការឈ្លានពានទឹកដីខ្មែរពីសំណាក់ប្រទេសថៃ កម្ពុជាត្រូវតែពង្រឹងសមត្ថភាពការពារជាតិដោយមិនបង្អង់ និងរារែកឡើយ ក្រៅពីការតវ៉ាតាមរយៈកំណត់ទូត ក្នុងពេលដែលថៃ កំពុងពង្រីកសកម្មភាពឈ្លានពានទឹកដីកម្ពុជាសព្វថ្ងៃនេះ។
មន្ត្រីជាន់ខ្ពស់នៃរាជបណ្ឌិត្យសភាកម្ពុជារូបនេះបញ្ជាក់ថា កម្ពុជាក៏ត្រូវតែពង្រឹងយុទ្ធភូមិសាស្ត្រដើម្បីរក្សាតុល្យភាពភូមិសាស្ត្រនយោបាយ និងពង្រឹងសមត្ថភាពខាងក្នុងដោយការរក្សាឯកភាពជាតិ សាមគ្គីជាតិ តាមរយៈការធានាយុត្តិធម៌សង្គម កំណែទម្រង់រដ្ឋបាលសាធារណៈឆ្លាតវៃ និងស្អាតស្អំឱ្យបានប្រាកដនិយមផងដែរ។
ចំណែកអ្នកស្រាវជ្រាវអំពីការអភិវឌ្ឍសង្គម បណ្ឌិត មាស នី សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២១ មេសា នេះដែរថា បច្ចុប្បន្ន ឥទ្ធិពលមហាអំណាចលែងជាបញ្ហាធំសម្រាប់កម្ពុជាទៀតហើយ ប៉ុន្តែអ្វីដែលជាគ្រោះថ្នាក់បំផុត គឺមហិច្ឆតាវាតទីទឹកដីពីប្រទេសជិតខាង។
អ្នកឃ្លាំមើលស្ថានការណ៍កម្ពុជារូបនេះអះអាងថា ដំណោះស្រាយចំនួនពីរដែលថៃ ចង់បានក្នុងជម្លោះព្រំដែនជាមួយកម្ពុជានាពេលនេះ នោះគឺទី១ ការបង្កឲ្យមានសង្គ្រាមឡើងវិញ ដែលកន្លងមក គេបានដឹងថាបើសង្គ្រាមម្តងទៀត គេនឹងបានចំណេញថែមពីលើអ្វីដែលគេបានចំណេញកន្លងមក រីឯទី២ គឺការប្រើកិច្ចចរចាទ្វេភាគី ប៉ុន្តែការចរចាមានយុត្តិធម៌ លុះត្រាតែភាគីទាំងសងខាងមានកម្លាំង ឬអំណាចប្រហាក់ប្រហែលគ្នា ទើបការចរចានោះអាចទទួលបានផ្លែផ្កា។
ផ្ទុយទៅវិញ បើម្ខាងធំ ហើយម្ខាងតូច ឬម្ខាងខ្លាំង និងម្ខាងខ្សោយ នោះប្រយោជន៍នឹងត្រូវតែបានទៅអ្នកខ្លាំង ឯភាគីខ្សោយត្រូវធ្វើសម្បទានទៅតាមអ្វីដែលអ្នកខ្លាំងទាមទារប៉ុណ្ណោះ។
បណ្ឌិត មាស នី បញ្ជាក់ថា ដំណោះស្រាយទាំងពីរនេះ កម្ពុជាគួរតែត្រូវជៀសវាងក្នុងពេលនេះ ព្រោះបើច្បាំងត្រូវគិតពីជីវិតយុទ្ធជននៅជួរមុខ ប៉ុន្តែបើចរចា វាប្រាកដណាស់ថាអ្នកខ្លាំងនឹងបន្តយកប្រៀបលើអ្នកខ្សោយដោយជៀសមិនរួចឡើយ។
គួរបញ្ជាក់ថា ទាំងរដ្ឋាភិបាល ទាំងយោធាថៃ គេនៅតែនិយាយថា ទឹកដីគេគ្រប់គ្រងកាន់កាប់ជាទឹកដីអធិបតេយ្យនៃរាជាណាចក្រថៃឡង់ដ៍ ដែលគេអនុញ្ញាតឲ្យពលរដ្ឋភៀសសឹកខ្មែររស់នៅនាសម័យមានសង្គ្រាមក្រោយកងទ័ពយៀកណាម ឈ្លានពានត្រួតត្រាប្រទេសកម្ពុជា យ៉ាងតិច ១០ឆ្នាំ គឺពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៩៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

