42.2 C
Phnom Penh

អ្នកនាំពាក្យរដ្ឋាភិបាល ថាការលើកឡើងរបស់ អ្នករាយការណ៍ពិសេស UN ជាការឈ្លានពានមកលើកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ចេញប្រតិកម្មភ្លាមៗ តបទៅនឹងការលើកឡើងរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត(Rhona Smith )ដែលទាមទារឱ្យមានការបោះឆ្នោត ឃុំ-សង្កាត់ ឡើងវិញនោះ ថាជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា។

អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានលើកឡើងនៅលើគណនេយ្យហ្វេសប៊ុករបស់ខ្លួននៅថ្ងៃនេះថា ការលើកឡើងរបស់លោកស្រី Rhona Smith ក្នុងកិច្ចទាមទារឱ្យមានការបោះឆ្នោត ឃុំ-សង្កាត់ នេះគឺជាការបង្ហាញយ៉ាងច្បាស់មិនអាចប្រកែកបាន នូវនិន្នាការនយោបាយហួសពីការទទួលខុសត្រូវ និងកាតព្វកិច្ចរបស់មន្ត្រីតំណាងអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជារូបនេះ។

លោក ផៃ ស៊ីផាន សម្តែងការសោកស្តាយ និងភ្ញាក់ផ្អើលបំផុតចំពោះការលើកឡើងរបស់មន្ត្រីអង្គការសហប្រជាជាតិរូបនេះ តាមរយៈសេចក្តីថ្លែងការណ៍ ឬរបាយការណ៍ ដែលកម្ពុជាពុំអាចទទួលយកបាន។

អ្នកនាំពាក្យរដ្ឋាភិបាលលោកហ៊ុន សែន ដដែល បានចាត់ទុកសេចក្តីថ្លែងការណ៍ ឬរបាយការណ៍លោកស្រី គឺជាការឈ្លានពាន និងជ្រៀតជ្រែកដល់កិច្ចការកម្ពុជា ដែលជារដ្ឋអធិបតេយ្យពេញលេញមួយ។

លោកបន្តថា ការបោះឆ្នោតរបស់កម្ពុជា ទោះបីការបោះឆ្នោតឃុំ-សង្កាត់ក្តី ឬថ្នាក់ជាតិក្តី គឺជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរ អាស្រ័យទៅតាមច្បាប់នៃការបោះឆ្នោត ដែលមានចែង។

ប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពី លោក ស្រី រ៉ូណា ស្មីត បានបង្ហាញរបាយការណ៍ស្តីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវកាលពីថ្ងៃម្សិលមិញ។ អ្នកស្រីក៏បានលើកឡើងពីកង្វល់ជុំវិញបញ្ហាសិទ្ធិមនុស្ស និងសេរីភាព នៅកម្ពុជា ដោយប្រាប់ទៅសមាជិកទាំងអស់ថាដល់ពេលវេលាត្រូវពិនិត្យមើលឡើងវិញចំពោះបញ្ហាទាំងនេះនៅកម្ពុជា។

លើសពីនេះ អ្នកស្រី ក៏បានលើកឡើងអំពីការដកហូតអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ ជាង៥ពាន់នាក់របស់គណបក្សសង្រ្គោះជាតិ ក្រោយបក្សនេះត្រូវបានរដ្ឋាភិបាលរំលាយកាលពីចុងឆ្នាំ២០១៧។

ជាថ្មីម្តងទៀត អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរូបនេះ ក៏បានស្នើឱ្យមានការរៀបចំការបោះឆ្នោតឃុំ- សង្កាត់នៅកម្ពុជា ឡើងវិញ។ លើសពីនេះ ត្រូវដោះលែងប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា និងអ្នកជាប់ឃុំនយោបាយផ្សេងទៀត។

ក្នុងខែកញ្ញានេះ សហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនជាបន្តបន្ទាប់ចំនួន២លើករួចមកហើយ ដោយជំរុញឱ្យរដ្ឋាភិបាលលោកហ៊ុន សែន បង្ហាញជំហរជាក់លាក់ក្នុងការស្តារលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សពិតប្រាកដនៅកម្ពុជា តាមរយៈដោះលែងលោក កឹម សុខា និងអ្នកជាប់ឃុំផ្សេងទៀត ដែលត្រូវបានចាប់ខ្លួនតាមទំនើងចិត្ត និងលក្ខខណ្ឌមួយចំនួនទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស