27 C
Phnom Penh

នៅ​ទីណា​បក្ស​​ សម ​រង្ស៊ី​​ ឈ្នះ​ឆ្នោត ​​ទីនោះ​វេទិកាសាធា​រណៈ​ស្តី​ពី​សិទ្ធិ​ដី​ធ្លី​ និង​ច្បាប់​ភូមិបាល​ត្រូវ​​អាជ្ញាធរមូលដ្ឋានរឹតបន្តឹង​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រយៈពេលពីរ​ខែ បន្ទាប់​ពីការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សាឃុំ-សង្កាត់​ រួច​មក​ ក្រុម​អង្គការ​សិទិ្ធ​មនុស្សប្រចាំ​​ខេត្ត​រតនគិរីបាន​កត់​សម្គាល់​ឃើញ​ថា មានការខុសប្លែកពីធម្មតា។ នៅក្នុង​​​ខេត្ត​នេះ ​ឃុំ​ណា​មានបញ្ហាជម្លោះ​ដីធ្លីខ្លាំង ​គឺ​អាជ្ញាធរ​មូលដ្ឋានលែង​អនុញ្ញាត​ឲ្យ​មានការ​​អប់រំ​ស្តីពីសិទិ្ធដី​ធ្លីទៀតហើយ​។

លោកប៉ែនបុ៊ណ្ណារ៍អ្នក​សម្រប​សម្រួល​អង្គការ​អាដហុកប្រចាំ​ខេត្ត​រតនគិរីបាន​មាន​ប្រសាសន៍ថា “ យើង​បាន​ឃើញ​មានការ​រឹត​​បន្តឹង​កាន់តែខ្លាំងឡើង ​ហើយកម្មវិធី​អប់រំ​ទាក់​ទងនឹងសិទ្ធិ​ដី​ធ្លី​របស់​យើង​មួយ​ចំនួន​ ត្រូវ​នគរបាល​ប្រដាប់​អាវុធមករំខាន​​”។

កាលពី​ថ្ងៃសុក្រ អាជ្ញាធរ​មូលដ្ឋានជា​ច្រើន ​រួម​ទាំង​មន្ត្រី​នគរបាលស្រុក​​​ប្រដាប់​​ដោយអាវុធ ​និង​ប្រធាន​ភូមិ​របស់​គណ​បក្ស​ប្រជាជន​បាន​បិទ​កម្មវិធី អប់រំ​ស្តី​ពីសិទិ្ធដី​ធ្លី​នៅ​ក្នុង​ឃុំ​បាតាង ស្រុកលំ​ផាត់។ កាលពី​ខែ​មិថុនា​ គណបក្សសម​ រង្ស៊ីបាន​ឈ្នះ​ការ​បោះ​ឆ្នោត ​ជា​លើក​ដំបូង​នៅក្នុង​ឃុំ​នេះ​ ដោយ​ទទួលបានតំណែង​ជំទប់​ថែមទៀត​។

ពេលមិនសូវមានរបាយការណ៍ និយាយ​អំពីករណីបែបនេះ សកម្មជន​​សិទិ្ធ​​​​មនុស្ស​​​កាល​ពី​ម្សិល​មិញ​ បាន​លើកឡើងថា ការ​រឹត​បន្ដឹង​នេះ​បាន​កើត​ឡើង​ស្របពេល​គណ​​​បក្សសមរង្ស៊ី បានទទួល​សន្លឹក​ឆ្នោតថែម​ទៀត​នៅ​តាមតំបន់នោះ​។

លោក​ ប៉ែន​ បុ៊ណ្ណារ៍បាន​បន្តថា “ ​ខ្ញុំ​បាន​សង្កេត​ឃើញ​ថា មាន​ការ​រឹត​បន្តឹង​កាន់​តែ​ខ្លាំងនៅកន្លែងណា ដែលទ្ធផល​បោះ​ឆ្នោត​បង្ហាញថាគណបក្សប្រឆាំង​បាន​ឈ្នះ​តំណែង​​មេឃុំ​ ​ឬក៏ក្រុម​ប្រឹក្សា​ឃុំ​”។ ​លោកបាន​​បន្ថែម​ថា ក្រុម​អង្គការ​សិទិ្ធមនុស្ស​ធ្លាប់បាន​រៀបចំ​វេទិកា​សាធារណៈ​បែបនេះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដោយមិន​មាន​បញ្ហាអ្វី​ឡើយ។

លោក ឈឹម សាវុធ មន្ត្រី​​សម្រប​សម្រួល​គម្រោង​របស់មជ្ឈមណ្ឌល​សិទិ្ធមនុស្ស​កម្ពុជា​​បាន​យល់​ស្រប​តាមទស្សនៈរបស់​លោកបុ៊ណ្ណារ៍ ដោយ​លោក​បន្ថែម​ថា “ ការ​ពិត​ គឺ​មាន​ការ​រឹត​បន្តឹងកាន់តែខ្លាំងមក​លើ​ពួក​យើងនៅ​ក្នុងការ​ជួប​ប្រជុំ​ជា​មួយ​អ្នក​ភូមិ​នៅ​ក្នុង​ឃុំ​ណា​ ដែល​គណបក្សសមរង្ស៊ីទទួល​បាន​សំឡេងឆ្នោតកាន់តែច្រើន។

លោកបាន​​បន្តថាមេឃុំ ​និង​ប្រធាន​ភូមិរបស់គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ក្រុម​អង្គការ​សិទិ្ធមនុស្ស​​បាន​ចោទ​ប្រកាន់​ថា លែង​អនុញ្ញាត​ឲ្យ​ពួកគេ​រៀបចំ​វគ្គបណ្តុះ​បណ្តាល ​ឬកម្មវិធីអប់រំ​ស្តីពី​សិទិ្ធដីធ្លី​ទៀត​ទេ  ពី​ព្រោះ​ពួកគេជឿថាអង្គការ​​សិទិ្ធ​មនុស្ស​បាន​ញុះ​ញង់​អ្នក​ភូមិ​មិន​ឲ្យគោរព​អាជ្ញាធរ​មូលដ្ឋាន”។

មជ្ឈមណ្ឌល​សិទិ្ធមនុស្សកម្ពុជា​បាន​រៀបចំ​វេទិកាសាធារណៈមួយ​ កាលពី​ម្សិលមិញ​ នៅ​​​​ក្នុង​ឃុំ​សេដា ស្រុកលំផាត់​ស្តីអំពី​ “ សិទិ្ធ​មនុស្សនិងការ​អភិវឌ្ឍន៍ “ ប៉ុន្តែ​ មិន​មាន​ការ​លំបាក​ទេ។

លោកសាវុធ​ បាន​មានប្រសាសន៍បន្តថា“ ទោះបី​វេទិកា​របស់​យើង​ថ្ងៃនេះ​ មិន​មាន​ការ​រំខាន​ពីនគរបាល​ ឬអាជ្ញាធរ​មូលដ្ឋាន​ក៏ដោយ ក៏អ្នក​ភូមិ​ត្រូវ​បាន​ប្រធាន​ភូមិ​ដើរ​​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ដោយ​បញ្ជាពួកគាត់​មិន​ឲ្យទៅ​ចូលរួម​វេទិកា​នៅ​ថ្ងៃនេះ​ទេ”។

នៅក្នុង​ឃុំសេដាដែល​ជា​ឃុំ​គណបក្សសមរង្ស៊ីបាន​ឈ្នះ​តំណែង​ជំទប់​ថ្មី​ម្នាក់​ថែម​ទៀតគឺជា​ឃុំ​ដែល​អ្នក​ភូមិ​ជន​ជាតិ​ភាគតិច​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុម​ហ៊ុន ឌីអឹម​គ្រុប អស់​រយៈពេល​ជា​ង​មួយ​ទសវត្ស​រ៍មក​ហើយ​ ។                   ក្នុង​ខេត្ត​រតនគិរីគណបក្សសមរង្ស៊ីបាន​ឈ្នះ​អាសនៈ​៣០​ គឺ​កើន​ឡើង​​២១​អាសនៈដែល​ពួក​គេ​ទទួលបាន​កាលពី​ឆ្នាំ​២០០៧។

ប៉ុន្តែ ទោះជា​គណបក្សប្រឆាំង​បាន​កើន​សំឡេង​ក្នុង​ខេត្ត​នេះ​ក៏ដោយ ​បញ្ហា​ជម្លោះ​ដីធ្លី​ជាមួយង​នឹង​ក្រុមហ៊ុនដីសម្បទាន​សេដ្ឋ​​​កិច្ច​ដែលបានកែប្រែដី​ព្រៃ​ទៅជា​ចម្ការ​ដ៏ធំ​ល្វឹងល្វើយ។ គណបក្សសមរង្ស៊ីបាន​លើក​ ឡើង​ថា ខ្លួន​កំពុង​ព្យាយាមជួប​ជាមួយ​អ្នក​ភូមិ​ ដែល​មាន​បញ្ហាដី​ធ្លី​។

លោករិនកញ្ញា​ ប្រធាន​ក្រុម​ប្រឹក្សា​ថ្នាក់​ខេត្តរបស់គណបក្សសមរង្ស៊ីបាន​ថ្លែង​ថា “ការ​រឹត​បន្តឹង​បែប​នេះ​ ក៏បាន​កើត​ឡើង​ចំពោះគណបក្សប្រឆាំង​ផង​ដែរ​។នៅ​ពេល​ក្រុម​ប្រឹក្សា​ឃុំ​ថ្មី​ៗ ​ទៅ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​សិទិ្ធ​ដី​ធ្លី​ និង​សិទិ្ធ​បញ្ចេញ​មតិ​ ពួកគេ​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន ដែល​គាំ​ទ្រគណបក្សកាន់​អំណាច​មករារាំាង”។ លោកបាន​ថ្លែងបន្តថា “អ្នកភូមិ​កំពុងទទួលរង​ការ​បំភិត​បំភ័យ​ពីអាជ្ញាធរ​កាន់​អំណាច​នៅ​ពេល​​ពួក​គេមក​ចូលរួម​ប្រជុំ​ជាមួយពួកយើង”។

មេ​ឃុំមកពី​គណបក្សប្រជាជន​កម្ពុជា​មានមេឃុុំ​ភ្នំ​កុក​ បាតាង​ និង​ឃុំសេដាបាន​ច្រាន​ចោល ​ចំពោះការ​ចោទ​ប្រកាន់​នេះ​ ដោយ​​និយាយ​ថា មិន​មានការ​រឹត​បន្តឹង​ទៅ​លើអង្គការ​សិទិ្ធមនុស្ស​ឬសមាជិក​របស់​គណបក្សប្រឆាំង​នោះ​ទេ​ ។

លោកគិតចែមមេឃុំ​បាតាងដែល​បាន​​បញ្ឈប់កម្មវិធីបណ្តុះបណ្តាល​កាលពី​ថ្ងៃសុក្រមាន​ប្រសាសន៍ថា​ “ យើង​តែងតែ​បើក​ចំហ​ឲ្យពួក​គេចូលភូមិ​ ​ដើម្បី​បង្រៀន​ប្រជាជន​របស់​យើង​។​ ប៉ុន្តែ​ ក្រុម​អង្គការ​សិទិ្ធមនុស្ស​ចូល​ឃុំ​របស់​យើង​ដោយ​មិន​បាន​ជម្រាប​អាជ្ញាធរ​តាំង​ពី​ថ្នាក់​ខេត្ត​រហូត​ដល់​ថ្នាក់​មូល​ដ្ឋាន​ឲ្យបានដឹងជាមុនអំពីកម្មវិធីប្រជុំ​ជាមួយ​​ប្រជាជន​ទេ”។

លោកលី​ នឿនមេឃុំ​ភ្នំកុកដែល​ជា​ឃុំ​នៅជាប់គ្នានោះ ​បាន​យល់ស្រប​តាម​យោ​បល់​ របស់លោកចែមដោយ​មានប្រសាសន៍ថា​ អង្គការ​សិទ្ធិមនុស្សទាំង​នោះ​ គួរតែ​ជម្រាប​​ដំណឹង​ដល់​អាជ្ញាធរ​ជាមុន​ អំពី​ប្រធាន​បទនៃ​ការ​ប្រជុំ។ លោកបាន​​បន្តថា ជាគោល​ការណ៍យើង​ត្រូវ​ធានា​សន្តិសុខ​ដល់​ពួកគេជា​មុន​​ដូច្នោះ​យើង​អាច​ចាត់​ចែងការ​ការ​ពារ​សុវត្ថិ​​​ភាព​ជូន​ពួក​គេ​បាន”។

លោករ៉ាយរ៉ៃស្នងការ​នគរបាល​ខេត្ត​បាន​​ជំទាស់​ថា នៅ​ពេលណា​អាជ្ញាធរ​ចាំបាច់​បំបែក​ការប្រជុំ​ ​គឺដើម្បីហេតុផល​សន្តិសុខ​។លោក​បាន​បន្ថែម​ថា “ ខ្ញុំ​សូម​បដិសេធ​ដាច់​ខាត​ថាគឺមិន​មែនការ​រឹតបន្តឹង​លើ​សកម្មជន​សិទិ្ធ​មនុស្ស​ មិនឲ្យ​ប្រជុំ​ជាមួយ​អ្នក​ភូមិ​ទេ”​។ ក្រុម​អង្គការ​សិទិ្ធមនុស្ស​ ​លើក​ឡើង​ថា ពួកគេ​បាន​ជម្រាបដំណឹងជាមុនដល់​អាជ្ញាធរ​ខេត្ត​ជា​ច្រើនដង​មក​ហើយ អំពី​ផែនការ​របស់​​ ពួកគេ​​ ទោះបី​ជា​មិន​មានច្បាប់​តម្រូវ​ឲ្យធ្វើ​ដូច្នោះ​ក៏ដោយ៕

ប្រែសម្រួលដោយឃិនណៃ

 

 

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស