នគរបាលបានឲ្យដឹងថា កាលពីថ្ងៃសុក្រទាហានថៃបានបាញ់សម្លាប់បុរសកម្ពុជាពីរនាក់ ក្នុងនោះមានម្នាក់ជាពលបាលទោ មកពីកងយោធពលខេមរភូមិន្ទ បន្ទាប់ពីពួកគេបានឆ្លងពីខេត្តឧត្ដមានជ័យ ចូលទៅក្នុងទឹកដីថៃដោយខុសច្បាប់។
លោក ជី សុផល នាយរងអង្គភាពទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ប្រចាំច្រកទ្វារព្រំដែនអន្ដរជាតិអូរស្មាច់ ក្នុងខេត្តឧត្ដមានជ័យបានមានប្រសាសន៍ថា ជនរងគ្រោះឈ្មោះ សុខ វិត អាយុ២៣ឆ្នាំជាពលបាលទោមកពីកងយោធពលខេមរភូមិន្ទនៃកងពលតូចលេខ៤២ និងអ្នកភូមិនៅក្នុងមូលដ្ឋាននោះម្នាក់ឈ្មោះ យួន ណេត អាយុ៤៨ឆ្នាំ ត្រូវបានបាញ់សម្លាប់ទាំងពីរនាក់ នៅចម្ងាយប្រហែលប្រាំគីឡូម៉ែត នៅក្នុងខេត្តសុរិន ប្រទេសថៃ បន្ទាប់ពីទាហានថៃមួយក្រុមដែលកំពុងដើរល្បាត បានប្រទះឃើញពួកគេឆ្លងកាត់ព្រំដែនដែលជាកន្លែងគេធ្លាប់ប្រទះឃើញអ្នកកាប់ឈើគ្រញូងខុសច្បាប់ធ្វើសកម្មភាពជារឿយៗនៅទីនោះ។
លោក សុផល បានមានប្រសាសន៍ថា“ ជនរងគ្រោះទាំងពីរនាក់បានចូលទៅក្នុងស្រុកកាបជឹង ខេត្តសុរិន ប្រទេសថៃ ប៉ុន្ដែ នគរបាលព្រំដែនថៃមិនបានបង្ហាញឲ្យដឹងពីមូលហេតុដែលពួកគេបានបាញ់សម្លាប់អ្នកទាំងពីរនោះទេ”។ លោក សុផល បានមានប្រសាសន៍បន្ដថារបាយការណ៍នគរបាលដែលនគរបាលព្រំដែនថៃបញ្ជូនមកនោះបានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់មានកាំភ្លើងអាកា-៤៧ នៅក្នុងដៃ ពេលមានហេតុការណ៍នោះកើតឡើង។ របាយការណ៍នោះ ក៏លើកឡើងផងដែរថានគរបាលថៃបានរកឃើញវិទ្យុទាក់ទងកងទ័ពនៅកន្លែងកើតហេតុនោះ។
លោក សុខ វិត ស្លៀកពាក់ឯកសណ្ឋានកងយោធពលខេមរភូមិន្ទ ចំណែកឯលោកយួនណេត ជាកសិករធ្លាប់ធ្វើជាទាហានកងយោធពលខេមរភូមិន្ទ ស្លៀកខោទាហានជើងវែង។ លោក សុផល បានមានប្រសាសន៍ថា “ នេះគឺជាលើកទី១ហើយ នៅក្នុងខែនេះដែលប្រជាពលរដ្ឋរបស់យើង ត្រូវទាហានថៃបាញ់សម្លាប់ ខណៈពេលដើរចូលទៅក្នុងខេត្តសុរិន ប្រទេសថៃ”។
លោកបានមានប្រសាសន៍បន្ថែមទៀតថាសាកសពបុរសទាំងពីរនាក់នេះត្រូវបានបញ្ជូនតាមច្រកព្រំដែនអន្ដរជាតិអូរស្មាច់ កាលពីរសៀលម្សិលមិញ មកឲ្យក្រុមគ្រួសារសព និងបានបូជារួចហើយ។ ទោះបីជាគេមិនដឹងពីមូលហេតុដែលបុរសទាំងពីរនាក់នេះត្រូវបានបាញ់សម្លាប់ក៏ដោយ ក៏អ្នកកាប់ឈើជនជាតិកម្ពុជាជាច្រើននាក់ត្រូវបានទាហានថៃបាញ់សម្លាប់ក្នុងរយៈពេលមួយឆ្នាំមកនេះចំពោះការកាប់ឈើគ្រញូងខុសច្បាប់ដែរ។ ជំនួញឈើ គឺជាជំនួញកាក់កបព្រោះឈើត្រូវបាននាំចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសវៀតណាម ហើយករណីខ្លះទៀតត្រូវបានបញ្ជូនបន្ដទៅកាន់ប្រទេសចិន ដើម្បីផលិតគ្រឿងសង្ហារិមប្រណិតៗ ដែលអាចរកកម្រៃបានច្រើន។
ក្នុងឆមាសទីមួយនៃឆ្នាំនេះ ទាហានថៃបានបាញ់សម្លាប់ជនជាតិកម្ពុជាចំនួន២៦ នាក់ ពេលពួកគេកំពុងកាប់ឈើខុសច្បាប់នៅតាមបណ្ដោយព្រំដែន ហើយបើយោងតាមការិយាល័យទំនាក់ទំនងកម្ពុជា-ថៃបានឲ្យដឹងថា ចំនួនអ្នកស្លាប់នេះមានចំនួនទ្វេដងនៃចំនួនដែលបានកត់ត្រាទុកក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។
បន្ថែមលើចំនួននេះ ប្រជាពលរដ្ឋកម្ពុជា១៧០នាក់ទៀតត្រូវបានចាប់ខ្លួនក្នុងប្រទេសថៃពាក់ព័ន្ធនឹងបទល្មើសដូចគ្នានេះ។ ក្នុងចំណោមមនុស្សដែលថៃចាប់ខ្លួនទាំងនោះមានតែ៤២នាក់ប៉ុណ្ណោះត្រូវបានដោះលែងមកវិញ៕
ប្រែសម្រួលដោយ ហម សុផាណ្ណា