27 C
Phnom Penh

នគរបាល​បាន​ធ្វើ​ការ​បញ្ឈប់ការ​ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍ជា​ច្រើន​នៅ​ក្នុង​ខេត្ត​បាត់​ដំបង​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​បាន​និយាយ​កាល​ពី​ម្សិល​មិញ​ថា មន្រ្តី​រដ្ឋបាល​ព្រៃ​ឈើ​​​ខេត្ត​បាត់​ដំបង​បាន​ចាប់​ផ្តើម​ចាត់​វិធាន​ការ​បញ្ឈប់ការ​កាប់​បំផ្លាញ​​​ព្រៃ​សហគមន៍ ពី​សំណាក់​កង​រាជ​អាវុធ​​ហត្ថ​និង​នគរបាល។​​

ក្នុង​រយៈ​ពេល​ជាង​ពីរ​ខែ​​មក​នេះ​ ទាហាន​ នគរបាល​ និង កង​រាជ​អាវុធ​ហត្ថ​​បាន​កាប់​​បំផ្លាញ​​ព្រៃ​ត្រឡាច ​ដែល​មាន​ទំហំ​១.៣៣៥ហិកតា នៅ​ក្នុង​ស្រុក​រុក្ខ​គិរី ដែល​ត្រូវ​បាន​ទទួល​ស្គាល់ជា​ព្រៃ​សហគមន៍​ដោយ​ក្រសួង​កសិកម្ម​ ​ហើយ​​​​​ត្រូវ​បានការ​ពារ​ចាប់​​តាំង​ពី​ឆ្នាំ​ ២០០៤​មក​ម្លេ៉ះ។

លោក​ ពេជ្រ​ មា៉​ឡៃ អភិបាល​ស្រុក​រុក្ខ​គិរីបាន​មាន​ប្រសាសន៍​ថា កាល​ពី​ថ្ងៃ​អង្គារ​ មន្រ្តី​មូល​ដ្ឋាន​មួយ​ក្រុម​បាន​​បញ្ឈប់​ការ​កាប់ ​បំ​ផ្លាញ​ព្រៃ​ឈើ​ និងបាន​រុះ​រើ​លំ​នៅ​ដ្ឋាន​តូចៗ​​​របស់​កម្មករ​​នៅ​ក្នុង​ព្រៃនោះ​​។ លោកបាន​ថ្លែង​បន្តថា “​យើង​បាន​ចុះ​ទៅ​ទីនោះ​ជាមួយ​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ ហើយ​បាន​ប្រាប់​ពួកគេ​ឲ្យ​ឈប់​កាប់​បំផ្លាញ​ព្រៃ​ឈើ​ទៀត”។

លោក​​ថ្លែងថា មាន​ផ្ទៃ​ដី​​តែ​​២៤​ហិក​តា​ប៉ុណ្ណោះ​ត្រូវ​បាន​​អ្នក​ភូមិ​ប្រាំ​មួយឬប្រាំ​ពីរ​នាក់ដែល​​ធ្វើការ​ឲ្យ​នគរបាល​និង​មន្រី្ត​យោធា​​កាប់​បំផ្លាញ។លោក​បន្ត​ថា “ពួក​គេ​(អ្នក​កាប់​ព្រៃ​​ទាំង​នោះ)​ត្រូវ​ការ​ដី​​ដាំពោតនិងសណ្តែក”។ ក៏​ប៉ុ​ន្តែ​ បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​​នៅ​ក្នុង​តំ​បន់​នោះ​បាន​និ​យាយ​ថា ផ្ទៃ​ដី​ព្រៃ​ត្រឡាចទំហំ​២០០​ហិកតា ​ត្រូវ​បានកាប់​បំផ្លាញ​រួច​​ហើយ និង​​​ដាំ​ពោត​បាន​​៤០​ហិក​តា​រួច​ហើយ​ដែរ។

លោក អ៊ុយ រី​ អភិបាល​រងខេត្ត​បាត់​ដំបង​បាន​អះអាង​ថា លោក​​មិន​បាន​ដឹង​ថា​នរណា​ជាអ្នក​ទទួល​​ខុស​ត្រូវ​ចំពោះ​ការ​កាប់​ព្រៃ​ឈើ​នេះទេ។ លោក លី ជូបេង​ នាយ​​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​​ខេត្ត​បាត់​ដំបង​បាន​ថ្លែង​ថា“ ខ្ញុំ​មិន​​ដឹង​ថា​នរណាជាអ្នក​​កាប់​​ព្រៃ​នោះ​​ទេ។​នៅ​ពេល​​ខ្ញុំ​​ទៅ​ដល់​​ទីនោះ​ ​ដើម​ឈើ​ជាច្រើន​បាន​ដួល​រលំ​រួច​ទៅ​ហើយ”។លោកបន្ត​ថា លោក​នឹង​ស៊ើប​​អង្កេត​ថា​​ តើ​នរណា​​កាប់​​ព្រៃ​នេះ​​។

លោក​ ចន មេក​គ្រី​ហ្គរ (John Macgregor) ជំ​នួយ​ការ​​ប្រធាន​​គម្រោងនៅ​អង្គការ​ក្រៅ​រដ្ឋា​ភិបាល After the Flood ជាក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើ​ការ​នៅ​ក្នុង​ព្រៃ​​នេះ​​បាន​មាន​ប្រសាសន៍​ថា ការ​កាប់​បំ​ផ្លាញ​ព្រៃ​ឈើ​​នេះ​​ហាក់​ដូចជា​ទើប​តែឈប់​​នៅ​ពេល​ថ្មីៗ​នេះ​​។លោក​បាន​មាន​ប្រសាសន៍ថា “យើង​ចង់​ឲ្យ​ការ​កាប់​បំ​ផ្លាញ​ព្រៃ​ឈើ​នោះ​​ឈប់​​ត្រឹម​ហ្នឹងទៅ ហើយ​យើងនឹង​​ដាំ​ឈើ​ឡើង​វិញ​នៅ​ពេល​ដែល​អ្នក​​កាប់​​ព្រៃ​ឈើ​ចាក​ចេញ​អស់​ពី​តំបន់​នោះ”៕

  ប្រែសម្រួលដោយ ព្រំ ម៉ារ៉ាឌី​​​​​​​​​​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស