31 C
Phnom Penh

ក្រុមចលនា​យុវជនគណបក្ស​ សម រង្ស៊ី មាន​គម្រោង​ដង្ហែ​ក្បួន​​ទាមទារ​​ឲ្យ​​​ដោះ​លែង​​អ្នក​​ទោស​​នយោបាយ​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាជិកចលនា​​យុវជន​គណបក្ស​ សម រង្ស៊ីជាង ១.០០០​នាក់​ មាន​គម្រោង​ធ្វើ​ការ​តវ៉ា​នៅ​​សួន​​សេរី​ភាព​ ​ក្នុង​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ព្រហស្បតិ៍​ ដើម្បី​ស្នើ​សុំឲ្យ​​ព្រះ​​​មហាក្សត្រ​ នរោត្ដម សីហមុនី​ ​​ព្រះ​រាជ​ទាន​​លើក​លែង​​ទោស​​​ដល់​​សកម្ម​ជន​ និង​អ្នក​ទោស​នយោ​បាយ​ទាំង​អស់​រួម​ទាំង​លោក សម រង្ស៊ី មេ​ដឹក​នាំ​គណ​បក្ស​​ប្រឆាំង​ផង​ដែរ​។

លោក សួង​ សោភ័ណ ប្រធាន​ចលនា​យុវ​ជន​គណបក្ស​ សម រង្ស៊ី បាន​មាន​ប្រ​សាសន៍​​​ថា ក្រុម​យុវជន​គណបក្ស​ សម រង្ស៊ី មាន​គម្រោង​ដង្ហែ​ក្បួន​ទៅ​កាន់​ព្រះ​បរម​រាជ​វាំង​ រដ្ឋសភា ​ក្រសួង​យុត្តិធម៌​ និង​​​ក្រសួង​មហាផ្ទៃ ដើម្បី​ដាក់​ញត្តិ​​​ស្តី​ពី​​បញ្ហា​នេះ។

លោកបន្ដ​ថា “ ការ​ដង្ហែ​ក្បួន​​របស់​​​យើង​ដើម្បី​​ដាក់​​​ញត្តិ​​ ​ស្នើ​សុំ​​ឲ្យ​ព្រះ​មហាក្សត្រ​ នរោត្ដម សីហមុនី ព្រះ​រាជ​ទានលើក​លែង​​​ទោស​​ដល់​អ្នក​ទោស​នយោបាយ​ និង​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ព្រម​ទាំង​​សកម្មជន​​​សិទ្ធិ​ដី​ធ្លី​​ទាំង​អស់​​​ នឹង​ដំណើរ​ការ​ដូច​ការ​គ្រោង​ទុក​ ទោះបី​ជា​​សាលារាជ​ធានីភ្នំ​ពេញ​ ឬក្រ​សួង មហាផ្ទៃ​​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​ដង្ហែ​ក្បួន​នេះ​ក៏​ដោយ”។

ទោះ​ជា​យ៉ាង​ណា ​លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលារាជ​ធានី​ភ្នំ​ពេញ​មាន​ប្រសាសន៍​ថា​ អាជ្ញាធរ​​នឹង​​រារាំង​​ក្រុម​ចលនា​យុវជន​គណបក្ស សម ​រង្ស៊ី​​​ មិន​ឲ្យ​​ធ្វើ​ការ​ហែ​ក្បួន​ក្នុង​រាជ​ធានី​ទេ។លោកបាន​បន្ដ​ថា​​“យើង​​នឹង​អនុញ្ញាត​ឲ្យ​​ ពួក​គេ​​ធ្វើ​ការ​តវ៉ា​នៅលើ​សួន​សេរី​ភាព​​ ប៉ុន្ដែ​ យើង​មិ​ន​អាច​អនុញ្ញាត​ឲ្យ​ពួក​គេ​​ហែ​ក្បួន​​ឡើយ”។

លោក​ថ្លែង​បន្ដ​ទៀត​ថា​ “ ប្រជា​ពលរដ្ឋ​កម្ពុជា​​កំពុង​កាន់​​ព្រះ​រាជ​មរណទុក្ខ​សម្តេចឪ​​​ដែលបាន​យាង​ចូល​ទិវង្គត​នៅ​ឡើយ​ ហើយ​​[​ការ​ដង្ហែ​ហែ​ក្បួន] ​​ក្នុង​រាជ​ធានី​ភ្នំពេញ​​វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​​សាធារណៈ”៕

ប្រែសម្រួល​ដោយ ឃិន ណៃ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស