32.5 C
Phnom Penh

តំណាង​រាស្ត្រ​និយាយ​ការ​ពារ​​គម្រោង​សាង​សាង់​ទំនប់​វារី​អគ្គិ​សនីរបស់​ក្រុម​ហ៊ុន​ចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់​ពី​មានឧបទ្ទវហេតុ​បាក់​ទំនប់​វារី​អគ្គិសនី​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់មក តំណាង​រាស្ត្រ​មក​ពី​គណបក្សប្រជាជន​កម្ពុជា​កាល​ពី​ម្សិល​មិញ​បាន​និយាយ​ការ​ពារគម្រោង​ផ្គត់ផ្គង់​ថាម​ពល​ដ៏​ធំ​របស់​រដ្ឋា​ភិបាល​តាម​រយៈ​ការ​ចុះ​កិច្ច​សន្យា​ជាមួ​យក្រុម​ហ៊ុន​ចិន​ ដើម្បី​សាង​សង់​ទំនប់​វារី​អគ្គិសនីកាត់​ទន្លេ​និង​ស្ទឹង។​

កាល​ពីថ្ងៃ​សៅរ៍​ ទា្វារទឹក​ធ្វើ​ពី​បេតុង​របស់ទំនប់​ស្ទឹង​អាតៃក្នុង​ខេត្ត​ពោធិ៍សាត​់​បាន​ប្រេះ​បាក់បណ្ដាល​ឲ្យ​កម្មករខ្មែរបួន​នាក់​រង​របួស​ធ្ងន់​ និង​បី​នាក់​ទៀត​ត្រូវគេ​​បាន​រាយការណ៍​មក​ថា ត្រូវ​ទឹក​កួច​យក​ទៅ​បាត់​។ លោកពុធប៊ុនឈឿន មេ​បញ្ជាការ​កង​រាជអាវុធ​ហត្ថ​​ស្រុក​វាល​វែង​ ដែលជា​កន្លែង​គេ​សាង​សង់​ទំនប់​នេះ បាន​មាន​ប្រសាសន៍ថា រហូត​មកដល់​ថ្ងៃ​ម្សិល​មិញ​ កម្មករ​ទាំង​បី​នាក់​នោះ​នៅតែ​បាត់​ខ្លួន​ដដែល។​

លោក​បាន​មានប្រសាសន៍ថា “ វាពិបាក​និយាយណាស់​ថា តើ​ពួកគេ​ស្លាប់​ឬនៅ​រស់​នោះទេ ព្រោះ​យើង​មិន​ទាន់​រក​ឃើញ​សាក​សព​ពួកគេ​នៅ​ឡើយ​”។

ក្នុង​ការពិភាក្សាក្នុងរដ្ឋ​សភាស្ដី​អំពី​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ​ក្រោយ​ លោកយឹម​ សុវណ្ណតំណាង​រាស្ត្រមកពី​គណបក្ស​ សមរង្ស៊ីបាន​មានប្រសាសន៍ថាលោក​បារម្ភ​ខ្លាច​តែ​ឧបទ្ទវ​ហេតុ​បាក់​ទំនប់​នេះ​បណ្ដាល​មកពីការ​សាង​សង់​មិនត្រឹម​ត្រូវ​តាមបទដ្ឋាន​ របស់ក្រុម​ហ៊ុន​សាជីវកម្មរដ្ឋ​តាថាង​ចិន ដែល​ទទួល​ខុស​ត្រូវ​គម្រោង​សាងសង់​​​​ទំនប់​វារី​អគ្គិសនី​ស្ទឹង​អាតៃ​​ ដែល​ចំណាយ​ទុន​ចំនួន​២៥៥​លាន​ ដុល្លារ​នេះ។​

លោកគាតឈន់រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋ​កិច្ចនិងហិរញ្ញ​វត្ថុ​បាន​ប្រាប់​រដ្ឋ​សភាថាឧបទ្ទវ​ហេតុ​​បាក់​ទំនប់​នេះគឺជា​រឿង​តូច​តាច​ប៉ុណ្ណោះ។​លោក​បាន​មានប្រសាសន៍ថា “ គម្រោង​នេះ​នៅ​តែ​ល្អ​ដដែល​ ប៉ុន្ដែ​ការ​ផ្គត់​ផ្គង់​អគ្គិសនី​នឹង​ត្រូវ​ពន្យារពេលតិច​តួច​។យើង​ក៏​សូម​អភ័យ​ទោស​ផង​ដែរ​ ចំពោះកម្មករ​រង​របួស​ក្នុង​​ឧបទ្ទវ​ហេតុ​នេះ​”។

ផ្ទុយ​ពី​នេះតំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​​បាន​លើក​ឡើង​ថារដ្ឋា​ភិបាល​គួរតែ​ពិចារ​ណា​ចំពោះការ​ទទួល​យក​គម្រោង​សាង​សង់​ទំនប់​វារីអគ្គិសនី​របស់​ចិន​នេះ។ លោកជាមយៀបតំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​បាន​ឆ្លើយ​តប​ទៅ​កាន់​គណ​បក្ស​ប្រឆាំង​វិញ​ដោយ​លើក​ហេតុ​ផល​ថា ជាទូទៅ ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​ក្នុង​តំបន់​ព្រៃភ្នំបែប​នេះ​មិន​មែន​ជារឿង​ស្រួល​នោះទេ។

លោកជាមយៀបបាន​មាន​ប្រសាសន៍​ថា “ ក្រុម​ហ៊ុន​ដែល​ចង់​វិនិយោគ​ក្នុង​វិស័យ​វារីអគ្គិសនី​មាន​មិន​ច្រើន​ទេ គឺមាន​តែ​ក្រុម​ហ៊ុន​ចិន​ប៉ុណ្ណោះ​ដែលហ៊ាន​វិនិយោគ។ពួកគេ​បាន​វិនិយោគ​ក្នុង​វិស័យ​នេះ​សម្រាប់​រយៈពេល​៤០​ឆ្នាំ​ហើយតែត្រូវ​ចំណាយ​ទុន​អស់​រាប់​លាន​ដុល្លារ”។​​​​​​​​​​​​​​​​​​

ទំនប់​វារី​អគ្គិសនី​ស្ទឹង​អាតៃ​គឺជាគម្រោង​មួយ​ក្នុងចំណោម​គម្រោង​ទំាង​ប្រាំ​មួយ​ដែល​រដ្ឋាភិបាល​បាន​យល់​ព្រមប្រគល់​ឲ្យក្រុម​ហ៊ុន​ចិន​សាង​សង់។​ក្រុម​ហ៊ុនស៊ីណូហាយ​ដ្រូ​ (Sinohydro) របស់ចិន​បាន​បញ្ចប់​ការ​ងារ​សាងសង់​ទំនប់​វារី​អគ្គិសនី​កំចាយក្នុង​ខេត្ត​កំពត​រួច​រាល់​ហើយ​ ដែល​ទំនប់​នេះ​មាន​កម្លាំង​១៩៣​មេហ្គាវ៉ាត់។ ហើយ​កាល​ពី​ខែ​មុន​ រដ្ឋាភិបាល​ក៏​បាន​យល់​ព្រម​ប្រគល់ឲ្យ​ក្រុម​ហ៊ុន​ចិនហាយ​ដ្រូ​ឡានកាង​ (Hydrolancang) និង​ក្រុម​ហ៊ុន​ រ៉ូយ៉ាល់​គ្រុប​សាងសង់​ទំនប់​វារីអគ្គិសនី​ទន្លេ​សេ​សាន​ក្រោម​២ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ ដែល​មាន​កម្លាំង​៤០០​មេហ្គាវ៉ាត់ផង​ដែរ។​​​​​​​

លោកសុនឆ័យតំណាងរាស្ត្រ​មក​ពី​គណបក្ស​ សមរង្ស៊ីបាន​ប្រាប់​រដ្ឋ​សភាថា “ ប្រសិន​បើ​យើង​មិនសុខចិត្តនឹង​គុណ​ភាព​នៃ​ការ​សាង​​សង់​ទំនប់​វារីអគ្គិសនី​អាតៃ​យើង​គួរ​តែ​ស៊ើប​អង្កេត​ទំនប់​វារី​អគ្គិសនី​ផ្សេង​ៗ​ទៀត​ដែល​កំពុង​តែ​សាង​សង់​។

លោកសុនឆ័យបាន​មាន​ប្រសាសន៍ថា “ ​យើង​ចង់​ដឹង​ថា តើ​ក្រុមហ៊ុន​ចិន​ទទួលបាន​អាជ្ញាប័ណ្ណ​ ដើម្បី​អភិវឌ្ឍ​ទំបន់​វារី​អគ្គិសនី​សេសាន​ក្រោម​​២យ៉ាង​ដូចម្ដេច ហើយ​យើង​ត្រូវ​ការ​ការ​ពន្យល់​​”។ លោក​បាន​គូស​បញ្ជាក់​ថា រដ្ឋ​សភា​មិន​មាន​ឱកាស​ត្រួត​ពិនិត្យ​លើ​គម្រោង​នេះ​ទេ​។

គម្រោង​ទំនប់​វារីអគ្គិសនី​​ គឺ​ជា​ក្ដី​សង្ឃឹម​​ដ៏​ចម្បង​របស់​រដ្ឋាភិបាលកម្ពុជា​ ក្នុង​ការ​ដោះ​ស្រាយ​លើ​ការ​ពឹង​ផ្អែក​ខាងថាមពល​អគ្គិស​នី​​ពី​ប្រទេស​ជិតខាងផ្សេងៗ និង​ការ​ផលិត​ថាម​ពល​ដោយ​ប្រើ​ប្រេង​ឥន្ធនៈ​ដែល​មាន​តម្លៃ​ខ្ពស់​ក្នុង​ពេល​សព្វ​ថ្ងៃ។

បន្ទាប់​ពី​មាន​ការ​ពិភាក្សា​ដេញ​ដោល​រួច​មក​ លោកសុនឆ័យបាន​មាន​ប្រសាសន៍​ថារដ្ឋាភិបាល​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​រិះ​គន់​ធ្ងន់ៗ​របស់​លោក​ឡើយ។ លោក​ថ្លែង​ថាលោក​មាន​ក្ដី​ព្រួយ​បារម្ភ​អំពី​គុណភាព​របស់​គម្រោង​សាងសង់ហេដ្ឋារចនាសម្ព័ន្ធ​របស់​ប្រទេស​ចិន​ ដែល​ទទួល​បាន​សិទ្ធិ​អនុវត្ត​គម្រោង​ទាំង​នេះ​​។

លោកសុនឆ័យបាន​អះអាង​ថាប្រាក់​កម្ចី​ សម្រាប់អនុវត្ត​គម្រោង​ទាំង​នោះ មាន​ភ្ជាប់ជាមួយ​ក្រុមហ៊ុន​ចិនដែល​កំពុង​តែ​សាង​សង់ទាំង​នេះ។ លោក​​បន្ដ​ថា ក្នុងស្ថាន​ភាព​បែប​នេះ​ គឺ​ធ្វើ​ឡើង​ដោយ​មិន​មាន​គូប្រកួត​ប្រជែង​ឡើយ។ លោក​បានមាន​ប្រសាសន៍​ថា “ ​យើង​ខ្ចី​ប្រាក់​ពី​ប្រទេស​ចិន​ ហើយ​ប្រាក់​ទាំង​នោះ​បាន​ធ្លាក់​ទៅ​លើ​ក្រុមហ៊ុន​ចិន ដើម្បីសាង​សង់​​ទំនប់​វារីអគ្គិសនី​ ដោយ​មិន​មាន​ការ​ប្រកួត​ប្រជែង​”។លោក​បាន​បន្ដ​ថាកង្វះ​ការ​ប្រកួត​ប្រជែង​ដោ​យយុត្ដិធម៌​ជា​មូលហេតុ​ធ្វើ​ឲ្យ​មាន​​គុណ​ភាពអន់​ និង​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ដែល​មិន​មាន​សុវត្ថិភាព​។

របាយការណ៍​កាល​ពី​ឆ្នាំ​២០០៨​របស់​អង្គការ​​ទន្លេ​អន្តរជាតិ​ (International Rivers) លើក​ឡើង​ថា វា​លំបាក​ណាស់​ក្នុង​ការ​កំណត់​ឲ្យ​បាន​ច្បាស់​លាស់​ពី​ប្រភព​ហិរញ្ញវត្ថុ​​សម្រាប់​គម្រោងសាង​សង់​ទំនប់​វារី​អគ្គិសនី​ក្នុង​ប្រទេស​កម្ពុជា ដែល​អនុវត្តដោយ​ក្រុម​ហ៊ុន​ចិន​​។របាយការណ៍​នេះ​​បានលើក​ឡើង​ថា  “ ​ទោះ​ជាយ៉ាងណា ​មាន​ភ័ស្តុតាង​មួយ​ចំនួន​បង្ហាញ​ថា ធនាគារ​អាហរ័ណ នីហរ័ណ ចិន​ និង​ធនា​គារ​អភិវឌ្ឍន៍​ចិន​ គឺ​ជា​អ្នក​ផ្ដល់​ហិរញ្ញវត្ថុ​ដល់​គម្រោង​វារីអគ្គិសនី​កំចាយនិង​ស្ទឹង​អាតៃ​នៅ​ក្នុង​ខេត្ត​ពោធិសាត់”។

យោង​តាម​ព័ត៌មាន​ដែល​ប្រមូល​បាន​ដោយ​អង្គការ​​ទន្លេ​អន្ដរជាតិ​បាន​ឲ្យ​ដឹង​ថាធនាគារ​អាហរ័ណនីហរ័ណ​ចិនក៏​ជា​អ្នក​ផ្ដល់​​ហិរញ្ញវត្ថុ​ដល់​គម្រោង​សាងសង់ទំនប់​វារី​អគ្គិសនី​ឫស្សី​ជ្រុំ​ និង​ស្ទឹង​តាតៃ​ នៅ​ក្នុង​ខេត្ត​កោះ​កុង​ផងដែរ​។

របាយការណ៍​នេះ​បាន​ចាត់ទុកធនាគារ​ទាំង​នេះជា​ធនាគារ​អនុវត្តគោល​នយោ​បាយ​​ដែល​ផ្ដល់​ប្រាក់​កម្ចី​យ៉ាង​ច្រើន​ដល់​គម្រោង​ទាំង​នេះ​ ដើម្បី​បម្រើ​ឲ្យ​រដ្ឋាភិបាលចិន៕

(រាយការណ៍​បន្ថែម​ដោយសាំង​ សុឥន្ទរិទ្ធ)

ប្រែសម្រួល​ដោយហមសុផាណ្ណា

និង​ ស៊ាស៊ុយឈាង

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស