30 C
Phnom Penh

អភិបាល​ក្រុង​ ៖ មិន​អនុញ្ញាត​ឲ្យ​សាង​សង់​ផ្សារ​ក្នុង​ក្រុង​​សៀម​រាប​ដែល​​អគ្គិភ័យ​ឆាប​ឆេះអស់​នោះ​ឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អភិបាល​ក្រុង​សៀម​រាបបាន​លើក​ឡើង​កាល​ពី​ម្សិលមិញ​ថា លោក​នឹង​មិន​អនុញ្ញាត​ឲ្យ​គេ​សាង​សង់​ផ្សារ​រាត្រី​ដ៏​ល្បី​ឈ្មោះ​នោះ​ឡើង​វិញ​ទេ​ បន្ទាប់​ពី​ផ្សារ​នេះ​ត្រូវ​បាន​​អគ្គិ​ភ័យ​​ឆាប​ឆេះ​ទាំង​ស្រុង​ និង​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​កាល​ពីថ្ងៃ​សៅរ៍។

អគ្គិភ័យ​ដែល​អាជ្ញា​ធរ​បាន​និយាយ​ថាបាន​បណ្ដាល​មកពី​ការ​​ឆ្លង​ចរន្ដ​អគ្គិសនី​នោះ​បាន​សម្លាប់​មនុស្ស​ប្រាំបី​នាក់ ក្នុង​នោះ​មាន​កុមារ​បួន​នាក់ដែល​មាន​អាយុ​ចន្លោះ​ពី​៨​ឆ្នាំ​ទៅ​១៣ឆ្នាំ​ និង​បាន​ធ្វើ​ឲ្យ​មនុស្ស​ពីរនាក់​ផ្សេង​​ទៀត​រង​របួស​។

អគ្គិភ័យ​នេះ​បានបំផ្លាញ​តូប​លក់​ដូរ​ក្នុង​ផ្សារ​ជាង​១០០​តូប​ និង​​មាន​ការ​​ខូច​ខាត​​គិត​ជា​ទឹក​ប្រាក់​​ប្រហែល​១លាន​ដុល្លារ​។ សាក្សី​បាន​ត្អូញ​ត្អែរ​ថាក្រុម​ពន្លត់​អគ្គិភ័យ​​​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​ទារ​លុយ​មុន​ពេល​ពួក​គេ​ចាប់​ផ្ដើម​ពន្លត់​អគ្គិភ័យ​នោះ​ មិន​បាន​ធ្វើ​សកម្មភាព​ឲ្យ​រហ័ស​ទាន់​ចិត្ត​នោះ​ទេ​។

ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​ទាំង​ប្រាំបី​នាក់​​ ជា​សមាជិក​​មក​ពី​​គ្រួសារ​ចំនួនពីរ​​​​ មិន​អាច​រត់​គេច​ចេញ​ពី​ផ្ទះ​របស់​ខ្លួន​នៅ​ខាង​លើ​ផ្សារ​នោះ​បាន​ទេ។

លោកអភិបាលក្រុងទេពប៊ុនឆាយ ​មាន​ប្រសាសន៍​ថា “ យើង​មិន​អាច​អនុញ្ញាត​ឲ្យ​គេ​សាង​សង់​ផ្សារ​នេះ​ជា​ថ្មី​បាន​ទេ ដោយ​សារ​តែ​​ទី​តាំង​នេះ​មិន​សមសម្រាប់​លំនៅ​ដ្ឋាន​​ទេ​ វា​ចង្អៀត​ពេក​​មិន​អាច​ធ្វើ​​តូប​​លក់​ដូរ​បាន​ទេ​”។ លោក​បាន​មាន​ប្រសាសន៍​ថា ទីតាំង​តូច​ចង្អៀត​នៃ​ផ្សារ​នេះ​គឺ​​គ្រោះ​ថ្នាក់ណាស់​ ព្រោះ​វា​ធ្វើ​ឲ្យ​ជន​រងគ្រោះ​ពិបាក​រត់​គេច​ខ្លួន​ ហើយ​កាន់​តែ​ពិ​បាក​សម្រាប់​ក្រុម​ពន្លត់​អគ្គិ​ភ័យ​ក្នុង​ការ​ពន្លត់​អគ្គិភ័យ​ទៀត​ផង​។

លោកប៊ុនឆាយក៏​បាន​មាន​ប្រសាសន៍​​ផងដែរ​ថា ម្ចាស់​ផ្សារ​នេះ គួរ​តែ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ផ្ដល់​ប្រាក់​សំណង​ដល់​ម្ចាស់​តូប​ទាំង​អស់​ដែល​​បាន​ខូច​ខាត​ទំនិញ​របស់​ខ្លួន។ លោក​បាន​មាន​ប្រសាសន៍​ថា “ម្ចាស់​ផ្សារ​នេះ ​ត្រូ​វតែ​ទទួល​ខុស​ត្រូវ​ចំពោះ​អ្វី​ដែល​បាន​ខូច​ខាត​ទោះ​ប​ី​ជា​ផ្សារនេះ​ត្រូវ​ភ្លើង​ឆេះ​ដោយ​ចៃដន្យ​ក៏ដោយ​”។

ប៉ុន្ដែយោងតាម​លោកហ​៊ុយឡេងដែល​បាន​​ជួល​តូប​​ពី​ម្ចាស់​ផ្សារ​នេះនិង​បាន​ជួល​តូប​បន្ដ​ទៅ​ឲ្យ​អ្នក​លក់ផ្សេង​ទៀត​ បាន​ឲ្យ​ដឹង​ថាម្ចាស់​ផ្សារ​នេះ​ ក៏ជា​ជន​រង​គ្រោះ​ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​ប្រាំបីនាក់​នោះ​ដែរ​។

លោកហ៊ុយឡេងបាន​មាន​ប្រសាសន៍​ថាខ្ញុំ​គ្មាន​សមត្ថភាព​សង [ប្រាក់​សំណងដល់​អ្នក​លក់​ទាំង​អស់​នោះ​ទេ] ព្រោះ​ការ​ខូច​ខាត​នេះ​​មាន​ចំនួន​ច្រើន​ណាស់​”។ លោក​បាន​បន្ថែម​ថាលោក​នឹង​​អនុញ្ញាត​ឲ្យ​អ្នក​លក់ទាំង​អស់​​លក់ទំនិញ​​ដោយ​មិនគិត​ថ្លៃ​ឈ្នួល​ពេញ​មួយ​ឆ្នាំ​នៅ​ក្នុង​ផ្សារ​រាត្រី​មួយ​ផ្សេង​ទៀត​ដែល​នៅ​ក្បែរ​នោះ​។

លោក​បាន​បន្ថែម​ថា“ ខ្ញុំ​សោក​ស្ដាយ​ខ្លាំង​ណាស់​ ខ្ញុំ​មាន​ការ​តក់ស្លុត​ជាខ្លាំង​។ពេល​នេះ​ខ្ញុំ​ក៏​ចុះ​ខ្សោយ​ដែរហើយ​ខ្ញុំ​ស្ទើ​រតែ​សន្លប់​ដោយ​សារ​រឿង​នេះ​”។ អ្្នក​លក់​ឈ្មោះឡេងហុងបាន​ឲ្យ​ដឹង​ថាលោក​កំពុង​គិត​ថាតើ​គួរ​​ធ្វើ​យ៉ាង​ណាប៉ុន្ដែលោក​មាន​ប្រសាសន៍​ថា លោក​មិន​គួរ​ស្ដី​បន្ទោស​លោក​ ហ៊ុយឡេងដោយសារ​តែ​អគ្គិភ័យ​នេះ​ទេ “ ខ្ញុំ​គិត​ថាអគ្គិភ័យ​នេះ​កើត​ឡើង​ដោយ​ចៃដន្យ វា​មិន​មែន​ជា​កំហុស​របស់​លោកហ៊ុយឡេង​ ទេ​”។

លោកម៉ុកសំអូនអធិការ​រង​នគរបាល​ក្រុង​សៀម​រាប ​បាន​​​មាន​ប្រសាសន៍​ថាជន​រងគ្រោះ​​ឈ្មោះ​ ហួរសុខវត្ថាដែល​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​គន្ធបុប្ផា​ក្រុង​សៀមរាប​ បន្ទាប់​ពី​គាត់​បាន​រង​របួស​ដោយ​សារ​អគ្គិភ័យ​នេះពេលនេះ​បាន​​ធូរ​ស្រាល​វិញ​​ហើយ​។ លោក​ សំអូន មានប្រសាសន៍​ថា “ ​[សុខ​វុត្ថា] មាន​សុខភាព​ប្រសើរ​ឡើង​វិញ​ហើយ​ ប៉ុន្ដែ ជន​រង​គ្រោះ​ម្នាក់​ទៀត [បង​ប្រុស​របស់​គាត់​ឈ្មោះហួរសុខវុទ្ធីអាយុ​១៧​ឆ្នាំ] ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ប្រទេស​វៀតណាម។ ខ្ញុំ​មិន​ដឹង​ [ពី​ស្ថាន​ភាព​ជំងឺ​របស់​គាត់​ទេ​]”៕

ប្រែសម្រួលដោយហមសុផាណ្ណា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស