33 C
Phnom Penh

ក្រុមហ៊ុន​​ម៉ូប៊ីថែល និង​ស្មាត​​ប្រទាញ​ប្រទង់​គ្នា​ចំពោះ​តម្លៃ​សេវា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជាមួយ​នឹង​ការ​ប្រកួត​ប្រជែង​នៅ​ក្នុងទី​ផ្សារ​ទូរគមនាគមន៍​របស់​ប្រទេស​កម្ពុជា​ ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​ធំចំនួន​ពីរ​បាន​ប្រទាញ​ប្រទង់​គ្នា​ចំពោះ​បញ្ហា​តម្លៃ​សេវា​ហៅ​ចេញ​ ហើយ​កំពុង​មាន​ ការ​ខ្វែង​គំនិត​គ្នា​នៅ​ក្នុង​យុទ្ធសាស្ត្រ​ដែល​​ខ្លួន​កំពុង​​ប្រើ​ ដើម្បី​ទទួល​បាន​​ចំណែក​​​​​ទីផ្សារ​។

កាល​ពី​ថ្ងៃ​សុក្រ​បញ្ញត្តិករ​​ទូរគមនាគមន៍​កម្ពុជា បាន​ចេញ​បទ​បញ្ជាឲ្យ​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​គោរព​តាម​ច្បាប់​ឆ្នាំ​២០០៩​ ដែល​បាន​កំណត់​តម្លៃ​ហៅ​ចេញ​អប្បបរមា​។

ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​​ស្មាត​ (Smart) ដែល​​ក្រុមហ៊ុន​អាសៀតា គ្រុប ប៊ីអេចឌី (Axiata Group Bhd) នៅ​ក្នុង​​ប្រទេស​ម៉ាឡេស៊ី ជា​អ្នក​គ្រប់​គ្រង​ ​លើក​ឡើង​ថា​ ការ​សម្រេច​របស់​រដ្ឋាភិបាល​ គឺ​អយុត្តិធម៌​ចំពោះ​អ្នក​ប្រើ​ប្រាស់​ និង​ផ្ទុយ​ពី​គំនិត​​ទី​ផ្សារ​សេរី​។ ប៉ុន្តែ​ ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​ម៉ូប៊ីថែល​ ដែល​គ្រប់​គ្រង​ដោយ​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប ជា​ក្រុមហ៊ុន​ដ៏​ធំ​មួ​យ​ក្នុង​ប្រទេស​កម្ពុជា​ ​លើក​ឡើង​ថា ក្រុម​ហ៊ុន​​ស្មាត​បាន​ផ្ដល់​សេវា​ថោក​ជ្រុល​ ដែល​វា​មិន​​ត្រឹម​ត្រូវ​​ឡើយ​ក្នុង​ការ​ធ្វើ​ជំនួញ​។

លោក អៀន វ៉ាតសុន (Ian Watson) នាយក​​ប្រតិបត្តិ​ក្រុមហ៊ុន​ម៉ូប៊ីថែល​ បាន​លើក​ឡើង​កាល​ពី​ម្សិលមិញ​ថា “ អ្វី​ដែល​បាន​ធ្វើ​ឲ្យ​មាន​បញ្ហា​នោះ​ គឺ​ប្រាក់​បន្ថែម​៥០០​ភាគរយ​របស់​ក្រុមហ៊ុន​ស្មាត​ ដែល​ជា​ប្រាក់​បន្ថែម​ឆ្កួត​ៗ​។ ហើយ​អ្នក​ដែល​​ត្រូវ​​បន្ទោស​ចំពោះ​បញ្ហា​នេះគឺ​ក្រុមហ៊ុន​​ស្មាត”។

ទោះ​បី​ជា​មាន​ការ​លើក​ឡើង​ថា ក្រុម​ហ៊ុន​​ម៉ូប៊ីថែល​ស្វាគមន៍​ចំពោះ​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​ទីផ្សារ​ក៏ដោយ​ ក៏​លោក​ វ៉ាតសុន បាន​មាន​ប្រសាសន៍​ថា យុទ្ធសាស្ត្រ​ដែល​ក្រុមហ៊ុនស្មាត​ប្រើ​ប្រាស់​មិន​បាន​បង្កើត​បរិយាកាស​ល្អ​​សម្រាប់​ក្រុមហ៊ុន​ទាំង​អស់​  ដែល​​ប្រកួត​ប្រជែង​​គ្នា​នៅ​ក្នុង​ទីផ្សារ​ដែល​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​​នោះទេ​។

លោក​បាន​មាន​ប្រសាសន៍​ថា “ អ្វី​ដែល​ពួក​គេ​ធ្វើ​ គឺ​ជា​ការ​ប្រកួត​ប្រជែង​​ដោយ​មិន​ត្រឹមត្រូវ​​”។ កាល​ពី​ថ្ងៃ​ច័ន្ទ​ ទាំង​ក្រុមហ៊ុន​​ស្មាត និង​ក្រុម​​
ហ៊ុន​​ម៉ូប៊ីថែល​សុទ្ធ​តែ​បា​ន​​និយាយ​​ថា ​ខ្លួន​បាន​យល់​ព្រម​ដក​ចេញ​នូវ​ការ​ផ្ដល់​ដ៏ពិសេស​របស់​​ខ្លួន​ដល់​​អតិថិជន​​នេះ​។

ចាប់​តាំង​ពី​ពាក់​កណ្ដាល​​ខែ​កុម្ភៈ​មក​ ក្រុមហ៊ុន​​ស្មាត​បាន​ផ្សាយ​ពាណិជ្ជកម្ម​អំពី​ការ​ថែម​លុយ​៥០០​​ភាគ​រយ​៣០០​ភាគរយ​សម្រាប់​ការ​ហៅ​ទូរស័ព្ទ​ចេញ​
និង​ផ្ញើ​សារ​  ហើយ​២០០​ភាគរយ​ទៀត​សម្រាប់​ប្រើ​អីុនធើណិត​។ នៅដំណាច់​ឆ្នាំ​២០១២ ក្រុមហ៊ុន​​ម៉ូប៊ីថែល​បាន​ចាប់​ផ្ដើម​ផ្ដល់​ប្រាក់​បន្ថែម​ស្រដៀង​នេះ​ដែរ​ គឺ​អតិថិជន​ទទួល​បាន​ទឹក​ប្រាក់​បន្ថែម​​១០០​ភាគ​រយ​។

ទោះ​បី​ជា​​គ្មានការ​លើក​ឡើង​ពី​ក្រុមហ៊ុន​​ម៉ូប៊ីថែល​​ចំ​ៗ​ឈ្មោះ​ក៏ដោយ តែ​លោក ថូម៉ាសហាន់ (Thomas Hundt) នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ស្មាត​ បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិលមិញ​ថា ក្រុមហ៊ុន​របស់​លោក​មិន​អាច​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្រតិបត្តិការ​មិន​​ត្រឹម​ត្រូវ​នោះឡើយ​ ហើយ​​លើក​ឡើង​ថា វា​អាស្រ័យ​លើ​ក្រុមហ៊ុន​ផ្សេង​ៗ​ ដែល​ចង់​ប្រកួត​ប្រជែង​គ្នា​។ លោក​ក៏​​មាន​ប្រសាសន៍​ដែរ​ថា ជំនួស​ឲ្យ​ការ​ហាម​ក្រុម​ហ៊ុន​មិន​ឲ្យ​ផ្ដល់​ប្រាក់​បន្ថែម​ រដ្ឋាភិបាល​គួរ​តែ​ទុក​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ក្នុង​ទី​ផ្សារ​សេរី​។

បន្ទាប់​ពី​ការ​ប្រកាស​​ផ្ដល់​ប្រាក់​បន្ថែម​៥០០​ភាគរយ​របស់​ក្រុមហ៊ុន​​ស្មាត​ ត្រូវ​បាន​លុប​ចោល​ អតិថិជន​រាប់​ពាន់​នាក់​របស់​ខ្លួន​ បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​សម្រេច​​របស់​ក្រុមហ៊ុន​នេះ​ នៅ​លើ​គេហ​ទំព័រ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​​ហ្វេស​ប៊ុក​។

ការ​បង្ហោះ​តា​ម​ហ្វេស​ប៊ុក​ជា​ច្រើន​បាន​រិះ​គន់​ក្រុមហ៊ុន​​ម៉ូប៊ីថែល​ចំពោះ​ការ​សម្រេច​ថ្មី​ៗ​របស់​បញ្ញត្តិករ​ទូរគមនាគមន៍​កម្ពុជា​ ដែល​បាន​ប្រាប់​ឲ្យ​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា​គោរព​តាម​​សេចក្តី​ប្រកាស​ឆ្នាំ​២០០៩​ ដែល​បាន​កំណត់​​តម្លៃ​ហៅចេញ​អប្បបរមា​​៤,៥​សេន​​ក្នុង​មួយ​នាទី​​សម្រាប់​ការ​ហៅ​ក្នុង​​ប្រព័ន្ធ​ និង​​៥,៩៥​សេន​ក្នុង​មួយ​នាទី​សម្រាប់​ហៅ​ឆ្លង​ប្រព័ន្ធ​។

លោក​  ថូម៉ាស ហាន់ បាន​មាន​ប្រសាសន៍​ថា“ ​ការ​ផ្ដល់​យោបល់​មក​វិញ​របស់​អតិថិជន​ គឺ​បាន​លើក​ឡើង​នៅ​ក្នុង​ភាសា​មួយ​យ៉ាង​ច្បាស់​​
លាស់​។ គ្មាន​នរណា​ម្នាក់​អាច​ស្ដី​បន្ទោស​យើង​​​ចំពោះ​​កា​រ​អនុវត្ត​​មិន​​ត្រឹម​ត្រូវ​​នោះ​ឡើយ​”។

លោក​បាន​បន្ថែម​ថា “ ប្រសិន​បើ​ការ​ប្រកួត​ប្រជែង​​មិន​ដំណើរ​ការ​ដោយ​​ប្រសិទ្ធភាព​ដូច​យើង​នោះ​ទេ​ អ៊ីចឹង​ពួក​គេ​ត្រូវ​តែ​ធ្វើ​ការ​ឲ្យ​មាន​ប្រសិទ្ធភាព​”។
លោក​ ហាន់​ ​មាន​ប្រសាសន៍​ថា​ ក្រុម​ហ៊ុន​ ស្មាត​ នឹង​ស្នើសុំ​ឲ្យ​រដ្ឋា​ភិបាល​ត្រួត​ពិនិត្យ​ប្រកាស​កាល​ពី​ឆ្នាំ​២០០៩​ឡើង​វិញ។

លោក​មាន​ប្រសាសន៍​ថា​“ យើង​ជា​ក្រុម​ហ៊ុន​មាន​កេរ្តិ៍​ឈ្មោះ​ និង​​គោរព​ច្បាប់។​ យើង​ចង់​ឲ្យ​រដ្ឋា​ភិបាល​ពិនិត្យ​ឡើង​វិញ​នូវ​ប្រកាស​នេះ​ ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ផល​ប្រយោជន៍​​របស់​​អតិថិជន​ ដែល​នៅ​ទី​បញ្ចប់​ គួរ​តែ​ជា​ផល​ប្រយោជន៍​ខ្ពស់​បំផុត​ ដែល​រដ្ឋា​ភិបាល​គួរ​តែ​គោរព​តាម​”។

លោក​ វ៉ាត​សុន​ បាន​បដិសេធ​ថា​ ក្រុម​ហ៊ុន​ម៉ូប៊ីថែល​ គ្មាន​ឥទ្ធិ​ពល​ណា​មួយ​លើ​សេច​ក្តី​សម្រេច​របស់​បញ្ញត្តិករ​ទូរគ​មនាគមន៍​កម្ពុជា​ក្នុង​ការ​កំណត់​ទីផ្សារ​នោះ​ទេ។

លោក​​មាន​ប្រសាសន៍​ថា​​ “ គឺ​រដ្ឋា​ភិបាល​ មិន​មែន​ក្រុម​ហ៊ុន​ ម៉ូប៊ីថែល​ នោះ​ទេ។​​រដ្ឋា​ភិបាល​ជា​អ្នក​​កំណត់​ទីផ្សារ​នេះ។​ ក្រុម​ហ៊ុន​ ម៉ូប៊ីថែល​ ត្រូវ​បាន​ចាត់​ទុក​ដូច​គេ​ដូច​ឯង​​ដែរ​ គឺ​ដូច​ជា​ប្រតិ​បត្តិករ​ផ្សេងៗ​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា​អ៊ីចឹង​។​ យើង​មិន​ដឹង​អំពី​រឿង​នេះ​ទេ។​ យើង​មិន​ដែល​ដុត​បញ្ឆេះ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​តម្លៃ​នោះ​ទេ។​ យើង​តែង​​តែ​អនុវត្ត​ខ្លួន​យើង​ឲ្យ​ត្រូវ​តាម​បទដ្ឋាន​ខ្ពស់​បំផុត​នៅ​លើ​ទីផ្សារ​”។

វា​មិន​មែន​ជា​លើក​ទី១​ទេ​ ដែល​ក្រុម​ហ៊ុន​​ម៉ូប៊ីថែល​ ផ្តោត​លើ​ក្រុម​ហ៊ុន​នានា​ ដែល​ផ្តល់​ការ​បញ្ចុះ​តម្លៃ​ខ្លាំង​ពេក​នោះ។​ កាល​ពី​ឆ្នាំ​២០០៩​ ក្រុម​ហ៊ុន​នេះ​បាន​រិះ​គន់​ក្រុម​ហ៊ុន​ ប៊ីឡាញ​ ដែល​នៅ​ពេល​នោះ​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រុម​ហ៊ុន​ វីម​ពែល​ អិលធីឌី​ ចំពោះ​ការ​លក់​សេវា​ក្រោម​ថ្លៃ​​ដែល​បាន​កំណត់​​ ហើយ​បាន​ចោទ​ប្រកាន់​ក្រុម​ហ៊ុន​ ប៊ីឡាញ​ ថា​ធ្វើ​អាជីវកម្ម​ដោយ​មិន​​ត្រឹម​ត្រូវ​។​ ដោយ​សារ​តែ​រឿង​នេះ​ ក្រុម​ហ៊ុន​ ម៉ូប៊ីថែល​ បាន​បដិសេធ​មិន​តភា្ជាប់​បណ្តាញ​ទូរស័ព្ទ​របស់​ខ្លួន​ជា​មួយ​បណ្តាញ​ទូរស័ព្ទ​របស់​ក្រុម​ហ៊ុន​ ប៊ីឡាញ។

កាល​ពី​ម្សិល​មិញ​ លោក​ សូរ​ ឃុន​ រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរគមនាគមន៍​​ថ្លែង​ការ​ពារ​សេច​ក្តី​សម្រេច​របស់​រដ្ឋា​ភិបាល​កាល​ពី​ថ្ងៃ​សុក្រ​ ដែល​បាន​ទទូច​ឲ្យ​ក្រុម​ហ៊ុន​បម្រើ​សេវា​ទូរស័ព្ទ​ទាំង​អស់​គោរព​តាម​ការ​កំណត់​តម្លៃ​អប្បបរមា​សម្រាប់​ការ​ហៅ​ទូរស័ព្ទ។

លោក​បាន​មាន​ប្រសាសន៍​ថា​ “ នេះ​មិន​មែន​ជា​ការ​កាន់​ជើង​ ឬ​​លំអៀង​ទៅ​ខាង​ណា​​មួយ​​នោះ​ទេ គឺ​សម្រាប់​ផល​ល្អ​របស់​អ្នក​រាល់​គ្នា​។​ យើង​គ្រាន់​តែ​ចង់​ឲ្យ​ក្រុម​ហ៊ុន​ទាំង​អស់​ផ្តល់​តម្លៃ​សម​រម្យ​ និង​អាច​លៃលក​បាន​សម្រាប់​​មនុស្ស​រាល់​គ្នា​ ចង់​ឲ្យ​បង្កើន​គុណ​ភាព​ និង​សេវា​កម្ម​របស់​ខ្លួន​ ហើយ​ចង់​ឲ្យ​ពង្រីក​បណ្តាញ​
របស់​ខ្លួន​តែ​ប៉ុណ្ណោះ​”។

កាល​ពី​ខែ​កុម្ភៈ​ ក្រុម​ហ៊ុន​ ស្មាត​ ម៉ូបាយ​ និង​ក្រុម​ហ៊ុន​ ហេឡូ​ (Hello)​ ដែល​គ្រប់​គ្រង​ដោយ​ក្រុម​ហ៊ុន​ អាស៊ីអាតា​ (Axiata) បាន​រួម​បញ្ចូល​គ្នា។​ ក្រុម​ហ៊ុន​នេះ​បាន​ដាក់​យីហោ​ឲ្យ​ខ្លួន​ឯង​ឡើង​វិញ​ថា​ ក្រុម​ហ៊ុន​ ស្មាត​ ហើយ​បាន​អះអាង​ថា​ មាន​អតិថិ​ជន​ជាង​៥​លាន​នាក់​​ ដែល​ធ្វើ​ឲ្យ​ខ្លួន​ក្លាយ​ជា​ក្រុម​ហ៊ុន​បម្រើ​សេវា​ទូរស័ព្ទ​ធំ​ជាង​គេ​លំដាប់​ថ្នាក់​ទី២​នៅ​ក្នុង​ទី​ផ្សារ។​

ក្រុម​ហ៊ុន​ មិតហ្វូន​ (Metphone) ​គឺ​ជា​ក្រុមហ៊ុន​ទូរស័ព្ទ​​ចល័ត​ធំ​ជាង​គេ​​នៅ​ក្នុង​ទីផ្សារ​ ចំណែក​ឯ​ក្រុម​ហ៊ុន​ម៉ូប៊ីថែល​វិញ​បាន​អះ​អាង​ថា​ ខ្លួន​មាន​អតិថិ​ជន​ចំនួន​៤​លាន​នាក់​ដែល​ធ្វើ​ឲ្យ​ខ្លួន​ក្លាយ​ជា​ក្រុម​ហ៊ុន​ធំ​ជាង​គេ​លំដាប់​ថ្នាក់​ទី៣​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នេះ​បើ​យោង​តាម​តួលេខ​របស់​រដ្ឋា​ភិបាល​៕

ប្រែសម្រួល​ដោយ​ សា៊​ ស៊ុយ​ឈាង​
និង​ ហួង​ កុក​ទៀន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស