30 C
Phnom Penh

របាយការណ៍​លើក​ឡើង​ថា សេរី​ភាព​សារព័ត៌​មាន​នៅ​​កម្ពុជា​ធ្លាក់​ចុះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​របាយការណ៍សាកល​ ដែល​ចេញ​ដោយ​អ្នក​វិភាគ​នៅ​អង្គការ​ហ្វ្រីឌឹម ហៅស៍ (Freedom House) ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​វ៉ាស៊ីន​តោន​ ស្រប​ពេល​ជា​មួយ​ថ្ងៃ​ប្រារព្ធ​ទិវា​សេរី​ភាពសារ​ព័ត៌មាន​ពិភព​លោក​លើក​ទី​២០​​នៅ​​ថ្ងៃ​នេះ បាន​ឲ្យ​ដឹង​ថា ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ប្រទេស​​កម្ពុជា​មិន​សូវ​ជា​សេរី​ដូច​កាល​ពី​មួយ​ឆ្នាំ​មុន​ឡើយ។

ការ​​ទម្លាក់​កម្រិត​សេរី​ភាព​​នេះ​​​កើត​មាន​ឡើង​​​ក្នុង​សប្ដាហ៍​នេះ​បន្ទាប់​ពី​​​ការ​ស៊ើប​អង្កេត​របស់​តុលាការ​លើ​​អំពើ​ឃាតកម្ម​ចំពោះ​អ្នក​យក​ព័ត៌មាន​មួយ​រូប​ក្នុង​ខេត្ត​រតនគិរី​​ត្រូ​វបាន​ចាត់​ទុក​ថា ធ្វើ​ឡើង​មិន​គ្រប់​ជ្រុង​ជ្រោយ​​ និង​​​នៅ​ពេល​ដែល​ឧក្រិដ្ឋ​ជន១០​នាក់​ផ្សេងទៀត​​​ដែល​បាន​សម្លាប់​​​អ្នក​កាសែត​ ចាប់​តាំង​ពី​​ឆ្នាំ​១៩៩៣​មក​នៅ​តែ​គេច​ផុត​ពី​សំណាញ់​ច្បាប់​។

នៅ​ក្នុង​របាយការណ៍​ឆ្នាំ​២០១៣​របស់​​ខ្លួន​ស្តី​ពី​​សេរី​ភាព​សារព័ត៌មាន​​ ដែល​ចេញ​កាល​ពី​ថ្ងៃ​ពុធ អង្គការ​ហ្វ្រីឌឹម ហៅស៍​ បាន​លើក​ឡើង​ថា ប្រទេស​កម្ពុជា​ នៅ​តែ​គ្មាន​ការ​ផ្ដល់​សេរីភាព​ដល់​អ្នក​កាសែត​។

​ក្នុង​ចំណោម​​ប្រទេស​ចំនួន​១៩១ ​កម្ពុជា​បាន​ជាប់​លំដាប់​ថ្នាក់​លេខ១៤៩ ដូច​ប្រទេស​កាមេរូន ម៉ាដា​ហ្គាស្កា  និង​ប្រទេស​ម៉ារ៉ុកដែរ​។
អង្គការ​ហ្វ្រីឌឹម ​ហៅស៍​ បាន​ដាក់​ពិន្ទុ​ឲ្យ​ប្រទេស​ទាំង​នេះ​ផ្អែក​លើ​បរិយាកាស​ច្បាប់ ​នយោបាយ និង​សេដ្ឋកិច្ច​​ ដែល​អ្នក​កាសែត​​ធ្វើ​ការ​​​ ដោយ​​ពិន្ទុ​សូន្យ គឺ​តំណាង​ឲ្យ​សារ​ព័ត៌មាន​ដែល​គ្មាន​សេរី​ភាព​ទាំង​ស្រុង​។

របាយការណ៍​នេះ​​បាន​លើក​ឡើង​ថា  ប្រទេស​កម្ពុជា​ទទួល​បាន​ពិន្ទុ​៦៦​បើ​ប្រៀប​ធៀប​ទៅ​នឹង​ពិន្ទុ​ក្នុង​ឆ្នាំ​២០១២​ទទួល​បាន​៦៣​ពិន្ទុ​ ហើយ​នៅ​ពេល​នោះ​​​ប្រទេស​កម្ពុជា​​ជាប់​លំដាប់​ថ្នាក់​លេខ​១៤៤ ក្នុង​ចំណោម​ប្រទេស​ចំនួន​១៩៧។ ​បរិយាកាស​ច្បាប់​បាន​ធ្លាក់​ចុះ​២ពិន្ទុ រីឯ​បរិយាកាស​​នយោបាយ​បាន​ធ្លាក់​ចុះ​១ពិន្ទុ។

អង្គការ​ហ្វ្រី​ឌឹម ហៅស៍ បាន​លើក​ឡើង​ថា​ការ​ធ្លាក់​ចុះ​នេះ​ គឺ​ដោយសារ​តែ​មាន​ការ​កើន​​ឡើង​នៃ​ចំនួន​អ្នក​កាសែត​ ដែល​ត្រូវ​បាន​គេ​រារាំង​ រួម​ទាំង​ក​រណី​​ដែល​​គួរ​ឲ្យ​កត់​សម្គាល់ គឺ​ករណី​របស់​លោក​ ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សម្បុក​ឃ្មុំ​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​​ពី​បទ​ញុះញង់​ឲ្យ​បង្កើត​ចលនា​អបគមន៍ និង​ត្រូវ​បាន​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធ​នាគារ​រយៈ​ពេល​២០​ឆ្នាំ​កាល​ពី​ខែ​តុលា។ របាយការណ៍​នេះ ក៏​បាន​គូស​បញ្ជាក់​ពី​ការ​កើន​ឡើង​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​ នៅ​ក្នុង​ការ​គំរាម​កំហែង និង​ការ​ប្រើ​អំពើ​ហិង្សា​លើ​រាង​កាយ​អ្នក​កាសែត​ រួម​ទាំង​ការ​ធ្វើ​ឃាត​លើក​ដំបូង​លើ​អ្នក​កាសែត​មួយ​រូប​ចាប់​តាំង​ពី​ឆ្នាំ​២០០៨​មក​ផង​ដែរ។

អ្នក​យក​ព័ត៌មាន​រូប​នោះ​​គឺ​លោក​​ ហង្ស សេរី​ឧត្ដម ធ្វើ​ការ​នៅ​ក្នុង​ខេត្ត​រតនគិរី ឲ្យ​កាសែត​វីរជន​ខ្មែរ​ ត្រូវ​​បាន​គេ​សម្លាប់​ រួច​​ដាក់​​ចូល​ទៅ​ក្នុង​ឃ្លុប​​រថយន្ដ​របស់​​គាត់​កាល​ពី​ខែ​កញ្ញា។​​ចៅក្រម​ជំនុំ​ជម្រះ​ដែល​មាន​សមាជិក​​បីរូប​ ​ក្នុង​សប្ដាហ៍​នេះ បាន​តែង​តាំង​ចៅ​ក្រម​
​ស៊ើប​សួរ​ថ្មី​មួយ​រូប​ បន្ទាប់​ពី​ការ​ស៊ើប​អង្កេត​​ដ៏ឆាប់​រហ័ស​មួយ​​ ដែល​នាំ​ទៅ​រក​ការ​បើក​សវនាការ​ជំនុំជម្រះ​​​លោក​ អាន ប៊ុនហេង អនុសេនីយ៍​ឯក​កង​រាជ​អាវុធ​ហត្ថ​ និង​ប្រពន្ធ​របស់​​គាត់​​ឈ្មោះ សុឹម វី អាយុ​៣៥​ឆ្នាំ មិន​មាន​ភ័ស្ដុតាង​គ្រប់​គ្រាន់​នោះ។

យោង​​​តាម​​​ក្រុម​​​គ្រួសារ​​​ និង​​​អ្នក​​​រួម​​​ការ​​​ងារ​​​បាន​​​ឲ្យ​​​ដឹង​​​ថា លោក ហង្ស សេរី​​​ឧត្ដម បាន​​​ចុះ​​​ផ្សាយ​​​ពី​​​ការ​​​ជាប់​​​ពាក់​​​ព័ន្ធ​​​របស​់​​​មន្ត្រី​​​មួយ​​​ចំនួននៅ​ក្នុង​បទ​ល្មើស​ព្រៃ​ឈើ​​​​ ​​​មុន​​​ពេល​​​លោក​​​បាន​​​ចូល​​​រួម​​​ក្នុង​​​ពិធី​​​ផឹក​​​ស៊ី​​​មួយ​​​ ក្នុង​​​ក្រុង​​​បាន​​​លុង ហើយ​​​ចាប់​​​ពី​​​ពេល​​​នោះ​​​មក​​​ ​​​លោក​ក៏​បាន​បាត់​ខ្លួន​រហូត។

ប្រពន្ធ​​​របស់​​​លោក ហង្ស ​សេរីឧត្ដម ឈ្មោះអឹុម ចន្ធី អាយុ​​​២១​​​ឆ្នាំ​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិល​មិញ​​​ថា“ នៅ​​​ពេល​​​ណា​​​ដែល​​​អំពើ​​​ហិង្សា​​​លើ​​​អ្នក​​​កាសែត​​​នៅ​​​តែ​​​កើត​​​មាន​​​ សេរីភាព​​​សារ​ព័ត៌មាន​​​នឹង​​​ធ្លាក់​​​ចុះ ហើយ​​​អាយុ​​​ជីវិត​​​អ្នក​​​កាសែត​​​ នៅ​​​តែ​​​ទទួល​​​រង​​​គ្រោះ​​​ថ្នាក់ នៅ​​​ពេល​​​
ពួក​​​គេ​​​បំពេញ​​​ការ​​​ងារ​​​”។

អ្នក​​​ស្រី ចន្ធី បាន​​​និយាយ​​​ថា កង្វះ​​​យុត្តិធម៌​​​សម្រាប់​​​អ្នក​​​កាសែត ដែល​​​ត្រូវ​​​បាន​​​គេ​​​សម្លាប់​​​កាល​​​ពី​​​ពេល​​​មុន​​​ៗ​​​ បាន​​​ចូល​​​រួម​​​ចំណែក​​​នៅ​​​ក្នុង​​​​ការ​​​ធ្វើ​​​ឲ្យ​​​ប្ដី​​​របស់​​​អ្នក​​​ស្រី​​​ត្រូវ​​​បាន​​​គេ​​​សម្លាប់​​​យ៉ាង​​​ព្រៃ​​​ផ្សៃ​​​នោះ​​​។

អ្នក​​​ស្រីបាន​​​លើក​​​ឡើង​​​ថា “ ខ្ញុំ​​​មិន​​​ចង់​​​ឃើញ​​​ ឬក៏​​​ឮ​​​អ្នក​​​កាសែត​​​ជា​​​ច្រើន​​​ទៀត​​​​​​ជា​​​គោល​​​ដៅ​​​នៃ​​​ការ​​​សម្លាប់​​​ទៀត​​​ឡើយ​​​”។ ការ​​​ស៊ើប​​​អង្កេត​​​ដំបូង​​​ ដែល​​​មិន​​​ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​ឲ្យ​​​ហ្មត់​​​ចត់ បាន​​​ធ្វើ​​​ឲ្យ​​​មាន​​​ការ​​​រិះ​​​គន់​​​យ៉ាង​​​ខ្លាំង​​​។ គេ​​​បាន​​​សន្និដ្ឋាន​​​ថា ចុង​​​ចោទ​​​ដែល​​​​​មាន​​មូល​​​ហេតុ​​​​​​​មិន​ច្បាស់​​​លាស់​​​ក្នុង​​​ការ​​​សម្លាប់​​​អ្នក​​​​កាសែត​​​​ដែល​ខ្លួន​ស្គាល់​ច្បាស់​​​​​រូប​នេះ បាន​​​ធ្វើ​​​សកម្មភាព​​​តែ​​​ម្នាក់​​​ឯង​​​ប៉ុណ្ណោះ​​​។

សំណុំ​​​រឿង​​​របស់​​​លោក ហង្ស ​សេរីឧត្ដម ​គឺ​​​ធ្វើ​​​ឲ្យ​​​គេ​​​នឹក​​​ឃើញ​​​ដល់​​​ការ​​​ធ្វើ​​​ឃាត​​​លើ​​​អ្នក​​​កាសែត​​​ផ្សេង​​​ៗ​​​ទៀត​​​ កាល​​​ពី​​​លើ​ក​​​មុន​​​ៗ​​​ដែល​​​មិន​មានការ​​​ស៊ើប​​​អង្កេត​​​​​​ហ្មត់​​​​ចត់​ បាន​​​​បង្ហាញ​ពី​និទណ្ឌភាព​​​​​សម្រាប់​​​ឧក្រិដ្ឋ​​​ជន​​​​​។

កាល​​​ពី​​​ឆ្នាំ២០០៨ លោក ឃឹម ​សំបូរ ​អាយុ​​​​៤៧​​​ឆ្នាំ​​​អ្នក​​​យក​​​ព័ត៌មាន​​​ជើង​​​ចាស់​​​ម្នាក់​​​ឲ្យ​​​កាសែត​​​មនសិការ​​​ខ្មែរ​​​ ដែល​​​មាន​​​សម្ពន្ធភាព​​​ជា​​​មួយ​​​គណបក្ស​​​ សម រង្ស៊ី ត្រូវ​​​គេ​​​បាញ់​​​សម្លាប់​​​​ជាមួយ​​​នឹង​​​កូន​​​ប្រុស​​​​​​របស់​​​​គាត់​ឈ្មោះ​​​ ខាត់ ​សារិន​​​ភាតា  អាយុ​​​២១​​​ឆ្នាំ​​​ នៅ​ជិត​​​ពហុ​​​កីឡា​​​ដ្ឋាន​​​អូឡាំពិក នៅ​​​ប៉ុន្មាន​​​សប្ដាហ៍​​​មុន​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​មក​​​ដល់​​​។

​​​​ពីរ​​​សប្ដាហ៍​​​មុន​​​ការ​​​ធ្វើ​​​ឃាត​​​នេះ លោក ​ឃឹម សំបូរ​​​ បាន​​​សរសេរ​​​​អត្ថបទ​​​​មួយ​​​ ដែល​​​មាន​​​ចំណង​​​ជើង​​​ថា“ អ្នក​​​មាន​​​អំណាច​​​មួយ​​​រូប​​​នៅ​​​ក្នុង​​​​កង​កម្លាំង​​​ប្រដាប់​​​អាវុធ​​​ ដែល​​​បាន​​​ចាញ់​​​ល្បែង​​​ ហើយ​​​មិន​​​អាច​​​ខ្ចី​​​លុយ​​​ពី​​​កាស៊ីណូ​​​បាន​​​ បាន​​​ចាប់​​​ខ្លួន​​​អ្នក​​​គ្រប់​​​​គ្រង​ជា​​​ចំណាប់​​​ខ្មាំង​​​ជា​​​រឿង​​​​មួយ​ដែល​​​​គេ​​​រាយការណ៍​​​ថា ពាក់​ព័ន្ធ​នឹង​​​លោក ហុក ឡងឌី អតី​​​ត​​​ស្នង​​​ការ​​​នគរ​បាល​​​ជាតិ​​​។

ការ​​​ធ្វើ​​​ឃាត​​​លើ​​​អ្នក​​​កាសែត​​​ទាំង​​​ពីរ​​​រូប​​​នេះ​​​ គ្មាន​​​ការ​​​ចាប់​​​ខ្លួន​​​នរណា​​​ម្នាក់​​​ឡើ​​​យ​​​ចាប់​​​ពី​​​ពេល​​​នោះ​​​មក​​​។  លោក​​​ ឃឹម រ៉ូរ៉ាង បង​​​ប្រុស​​​របស់​​​លោក​ឃឹម សំបូរ​​​ បាន​​​និយាយ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ​ក្រុមគ្រួសារ​​​របស់​​​លោក​​​បាន​​​បោះ​​​បង់​​​ចោល​​​ក្ដី​​​សង្ឃឹម​​​ហើយ​ ​​ព្រោះ​​​គ្មាន​​​ការ​​​ស្វែង​​​រក​​​អត្ត​សញ្ញាណ​​​​​​បុរស​​​ពីរនាក់​​​ ដែល​​​បាន​​​ជិះ​​​ម៉ូតូ​​​មក​​​បាញ់​​​សម្លាប់​​​ពីរនាក់​​​ឪពុក​​​ និង​​​កូន​​​នេះឡើយ​​​។

លោក រ៉ូរ៉ាង បាន​​​លើក​​​ឡើង​​​​​​ថា “ យើង​​​កំពុង​​​តែ​​​រង់ចាំ​​​យុត្តិធម៌ ប៉ុន្ដែ ក្ដី​​​សង្ឃឹម​​​របស់​​​យើង គឺ​​​ហាក់​​​​​​ដូច​​​ជា​​​ត្រូវ​​​បោះ​​​ចូ​​​ល​​​ទៅ​​​ក្នុង​​​ទឹក​​​ទន្លេ​​​​អ៊ីចឹង​​​​”។

លោក​​​បាន​​​លើក​​​ឡើង​​​បន្ដ​​​ថា “ នៅ​​​ក្នុង​​​ប្រទេស​​​ផ្សេងៗ​​​ជន​​​សង្ស័យ​​​​ដែល​​​​គ្រាន់​​​តែ​​​ចោល​​​​ថង់​​​ប្លាស្ទិក​​​នៅ​​​លើ​​​ផ្លូវ​​​ ក៏​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ដែរ​​​។ ប៉ុន្ដែ នៅ​​​ទី​​​នេះ​​​មនុស្ស​​​ពីរ​នាក់​​​ត្រូ​​វ​​​គេ​​​បាញ់​​​សម្លាប់​​​ទាំង​​​កណ្ដាល​​​ថ្ងៃ​​​​​​ នៅ​​​កណ្ដាល​​​រាជធានី​​​ តែ​​​អាជ្ញាធរ​​​មិន​​​អាច​​​តាម​​​ចាប​់​​​ខ្លួន​​​ខ្មាន់​​​
កាំភ្លើង​​​បាន​​​ឡើយ”។

ករណី​​​ផ្សេង​​​មួយ​​​ទៀត​​​ នៅ​​​ក្នុង​​​ឆ្នាំ​​​១៩៩៤​បាន​​​កើត​​​ឡើង​​​ស្រដៀង​​​គ្នា​​​​នឹង​​​ការ​​​ធ្វើ​​​ឃាត​​​លោក​​​ ហង្ស សេរី​​​ឧត្ដម កាល​​​ពីឆ្នាំ​​​មុន​​​​ដែរ។
លោក សៅ ច័ន្ទតារា អ្នក​​​ឆ្លើយឆ្លង​​​ព័ត៌មាន​​​​នៅ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ចាម​​​ឲ្យ​​​កាសែត​​​មួួ​​យ​​​ចំនួន​រួម​​​មាន​​​កាសែត​​​កោះ​​​សន្ដិភាព និ​​​ងកាសែត​​​ព្រាប​​​នាំ​​​សារ ត្រូវ​​​បាន​​​គេ​​​ឃើញ​​​លើ​​​​​ក​​​ចុង​​​ក្រោយ​​​ជា​​​មួយ​​​លោក សាត សឿន អតីត​​​មន្ត្រី​​​កង​​​រាជ​​​អាវុធ​​​ហត្ថ ដែល​​មាន​​​រហស្សនាម​​​ថា សឿន ​ផែន​​​ដី នៅ​​​ឯ​​​ភោជនីយដ្ឋាន​​​មួយ​​​មុន​​​ពេល​​​ត្រូវ​​​គេ​​​បាញ់​​​សម្លាប់​​​ មិន​​​យូរ​​​ប៉ុន្មាន​​​បន្ទាប់​​​ពី​​​លោក​​​បាន​​​សរសេរ​​​រឿង​​​អំពី​​​ការ​​​ជាប់​​​ពាក់​​​ព័ន្ធ​​​របស់​​​មន្ត្រី​​​​​​ក្នុង​​​ការ​​​រក​​​ស៊ី​​​ឈើ និងជ័រ​​​កៅស៊ូ។

លោក​​​វរសេនីយ៍​​​ឯក​​​ សាត សឿន ​ត្រូវ​​​បាន​​​ចាប់​​​​ខ្លួន​​​ពី​​​បទ​​​​សម្លាប់​អ្នក​​​កាសែត​រូប​នេះ​​​​ ប៉ុន្ដែ មិន​​​ដែល​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ឡើយ​​​។
អំឡុង​​​ការ​​​បើក​​​សវនាការ​​​ក្នុង​​​ឆ្នាំ​​​នេះ ​ក្នុង​សំណុំ​​​រឿង​​​ឃាតកម្ម​​​​លើ​លោក ហង្ស ​សេរីឧត្ដមសាលាដំបូង​​​ខេត្ត​​រតនគិរី បាន​​​សម្រេច​​​ថា​​​លោក​​​ សាត សឿន ដែល​​​នៅ ក្នុងរយៈ​ពេល​​​​ប៉ុន្មាន​​​ឆ្នាំ​​​នេះ​​​ត្រូវ​​​បាន​​រក​​​ឃើញ​​​ថា មាន​​​ទោស​​​​និង​​​ត្រូវ​​​បាន​​​ដាក់​​ពន្ធ​​​នាគារ​​​ពីបទ​​​​មនុស្ស​ឃាត​ដោយ​​​ចេតនា​​​ នៅ​​​ក្នុង​​​សំណុំ​​​រឿង​​​មួយ​​​ផ្សេង​​​ទៀត​នោះ​ បាន​ស្ថិត​​​​នៅ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ចាម​​​ហើយ​​​បាន​​​អញ្ជើញ​​​លោក ហង្ស ​សេរីឧត្ដម ​ឲ្យ​​​​មក​​​ជួប​​​នៅ​​​ក្នុង​​​ភោជនីដ្ឋាន​​​មួយ​​​ ​​​ជា​​​កន្លែង​​​ដែល​​​គេ​​​បាន​​​ឃើញ​​​លោក​​​ជា​​​លើក​​​ចុង​​​ក្រោយ​​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​៩ ខែ​​​កញ្ញា។

ជា​​​សរុប​​​អ្នក​​​កាសែត​​​ចំនួន​​​១១​​​នាក់​​​ត្រូវ​​​បាន​​​គេ​​​សម្លាប់​​​នៅ​​​ប្រទេស​​​កម្ពុជា ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​១៩៩៣​​​មក​​​ ដោយ​​​​​គ្មាន​​​ការ​​​ផ្ដន្ទាទោស​​​ទៅ
​​​លើ​​​នរណា​​​ម្នាក់​​​បាន​​​​ជោគ​​​ជ័យ​​​ឡើយ។

អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ ​​​លើក​​​ឡើង​​​ថា ​មាន​​​​អ្នក​​​កាសែត​​​ជា​​​ច្រើន​​​ផ្សេង​​​ទៀត​​​ត្រូវ​​​បាន​​​គេ​​​គំរាម​​​កំហែង​​​ បំភិត​​​បំភ័យ ឬក៏​​​វាយ​​​ប្រហារ​​​។
លោក ចាន់​​​ មុន្នី អ្នក​​​កាសែត​​​​អាយុ​​​៤៤​​​ឆ្នាំ​ហើយ​​​មាន​​​បទ​​​ពិសោធ​​​២៥​​​ឆ្នាំ​​​ បាន​​​បាត់​​​បង់​​​ភ្នែក​​​ម្ខាង​​​របស់​​​​គាត់​ បន្ទាប់​​​ពី​​​គាត់​ទទួល​​​រង​​​ការ​​​វាយ​​​ប្រហារ​​​ដោយ​​​គ្រាប់​​​បែក​​​ នៅ​​​ក្នុង​​​ឆ្នាំ​​​១៩៩៧​​​ អំឡុង​​​ការ​​​ប្រមូ​​​ល​​​ផ្ដុំ​​​គ្នា​​​​​​របស់​​​អ្នក​​​គាំ​​​ទ្រ​​​លោក សម រង្ស៊ី នៅ​​​ខាង​​​ក្រៅ​​​រដ្ឋសភា​​​ចាស់​​​
ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​។ មនុស្ស​​​ជាង​​​១០​​​នាក់​​​ត្រូវ​​​បាន​​​សម្លាប់ និង​​​ជាង​​​១០០​​​នាក់​​​ផ្សេង​​​ទៀត​​​​បាន​​​រង​​​របួស​​​ នៅ​​​ក្នុង​​​ការ​​​វាយ​​​ប្រហារ​​​នេះ ​ប៉ុន្ដែ គ្មាន​​​នរណា​​​ម្នាក់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​មក​​​ផ្ដន្ទា​ទោស​​​ចំពោះ​​​ការ​​​វាយ​​​ប្រហារ​​​នេះ​​​ឡើយ​​​។

លោក​​​ ចាន់​​​ មុន្នី ​​​លើក​​​​ឡើង​កាល​​​ពីម្សិល​មិញ​​​ថា ថ្វី​​បើ​​​​របួស​របស់​លោក​​​​ ដែល​ទំនង​ជា​ត្រូវ​ខ្វេះ​​​​ភ្នែក​​​ខាង​​​ឆ្វេង​​​របស់​​​លោក​​​​​​ចេញ ដើម្បី​​​​
កុំ​​​ឲ្យ​​​ឆ្លង​​​ដល់​​​ភ្នែក​​​ខាង​​​ស្ដាំ​​​​របស់​លោកក៏​ដោយ​​ក៏​​​​​លោក​​​គិត​​​ថា អ្វី​​​ៗ​​​គ្រប់​​​យ៉ាង​​​កំពុង​​​មាន​​ភាព​​​ល្អ​​​ប្រសើ​​រ​​​សម្រាប់​​​អ្នក​​​កាសែត​​​។លោក​​​បន្ត​ថា “ ប្រសិន​​​បើ​​​យើង​​​ប្រៀប​​​ធៀប​​​ទៅ​​​កាល​​​ពី​​​ពេល​​​មុន​​​ៗ​សេរីភាព​​​សារព័ត៌មាន​​​សព្វ​ថ្ងៃ​នេះគឺ​​​​ល្អ ព្រោះ​​​អ្នក​​​កាសែត​​​អាច​​​សរសេរ​​​ និង​​​​
រាយការណ៍​​​ពី​​​រឿង​​​ផ្សេង​​​ៗ​​​ដោយ​​​សេរី”។

លោក​​​​​​មាន​​​ប្រសាសន៍​​​ថា “ ​​​ប៉ុន្ដែ នៅ​​​មាន​​​ផល​​​ប៉ះពាល់​​​អវិជ្ជមាន​ខ្លះៗ​​​លើ​​​​​​អ្នក​​​កាសែត​និង​​​ស្ថាប័ន​​​​សារព័ត៌មាន​​ ដោយសារ​​​មាន​​​អ្នក​​​មាន​​​អំណាច​​​ ឬ​​​អ្នក​​​មាន​​​ទ្រព្យសម្បត្តិ​​​ស្ដុក​​​ស្ដម្ភ​​​មួយ​​​ចំនួន​​​ ដែល​​​បាន​​​ធ្វើ​​​រឿង​​​អាក្រក់​​​ៗ​​​ ហើយ​​​​ស្អប់​​​អ្នក​​​យក​​​ព័ត៌មាន​​​ បាន​​​បំភិត​​​បំភ័យ​​​ ឬក៏​​​ប្ដឹង​​​អ្នក​​​កាសែត​​​ ដើម្បី​​បំបិទ​​​រឿង​​​របស់​​​ពួក​​​គេ​​​”។

លោក មឿន ឈានណារិទ្ធ​​​ នាយក​​​វិទ្យាស្ថាន​​​​កម្ពុជា​​​សម្រាប់​​​ការ​​​សិក្សា​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​​ ​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​លិខិត​​​មួយ​​​ថា និទណ្ឌ​ភាព​​​ជុំ​​​វិញ​​​​ការ​សម្លាប់​អ្នក​​​កាសែត​​​បានធ្វើ​​​ឲ្យ​​​ការ​​​រីក​​​ចម្រើន​​នៃ​​​​សេរី​​​ភាព​​​សាព័ត៌មា​​​ន​​​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​វិល​​​ទៅ​​​រក​​​សភាព​​​ដើម​​​វិញ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ ​​​កង្វះ​​​ការ​​​ផ្ដន្ទាទោស​​​លើ​​​ឧក្រិដ្ឋ​​​ជន​​​ និង​​​វប្បធម៌​​​និទណ្ឌ​ភាព​​​បាន​​​ធ្វើ​​​ឲ្យ​​​មាន​​​ផល​​​ប៉ះពាល់​​​មិន​​​គ្រាន់​​​តែ​​​លើ​​​អ្នក​​​កាសែត​​​ប៉ុណ្ណោះ​​​ទេ ប៉ុន្ដែ ក៏​​​បាន​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​ប្រភព​​​របស់​​​ពួក​​​គេ​​​ ដែល​​​មិន​​​ហ៊ាន​​​និយាយ​​​អំពី​​​រឿង​​​រសើប​​​ ដូច​​​ជា​​រឿង​​​អំពើ​​​​
ពុក​​​រលួយ ការ​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់ កា​​រ​​​ចាប់​​​យក​ដី​​​ធ្លី និង​​​ការ​​​រំលោភ​​​បំពាន​​​សិទ្ធិ​​​មនុស្ស​​​ផ្សេង​​​ៗ​​​ទៀត ដែល​​​ធ្វើ​​​ឡើង​​​ដោយ​​​អ្នក​​​មាន​​​ទ្រព្យ​​​ស្ដុក​​​ស្ដម្ភ និង​​​អ្នក​​​មាន​​​អំណាច​​​ផង​​​ដែរ​​​”។

លោក​​​​​​បាន​​បន្ថែម​​​ថា “ ដើម្បី​​​ធានា​​​ឲ្យ​​​បាន​​​ថា ការ​​​វិវឌ្ឍ​​​​នៃ​​​សេរីភាព​​​សារព័ត៌មាន​​​មិន​​​វិល​​​ថយ​​​ក្រោយ​​​វិញ រដ្ឋាភិបាល​​​ចាំ​​​បាច​់​​​ត្រូវ​​​តែ​​​នាំ​​​​ឧក្រិដ្ឋ​​​ជន​​​ ដែល​​​បា​​​ន​​​សម្លាប់​​​អ្នក​​​កាសែត​​​មក​​ផ្ដន្ទាទោស​​​ និង​​​​ទប់​​​ស្កាត់​​កុំ​ឲ្យ​មាន​ការ​​វាយ​ប្រហារ​​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នាពេល​​​អនាគត​​​
ទាំង​​​រាង​​​កាយ​​​ និង​​​ផ​្លូវ​ច្បាប់”៕

ប្រែសម្រួល​​​ដោយ ស៊ា ស៊ុយឈាង​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស