31 C
Phnom Penh

អ្នកភូមិ​ដាក់ពាក្យ​​​បណ្ដឹង​​​ទៅ​​​អភិបាល​​​ខេត្ត​​​ពាក់​​​ព័ន្ធ​វិវាទ​ដីធ្លីជាមួយ​កង​យោធពល​ខេមរភូមិន្ទ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ភូមិ និង​អាជ្ញាធរ​បាន​និយាយថា ប្រជា​ពល​រដ្ឋ​ប្រហែល៣០០​គ្រួសារ​មក​ពីស្រុក​ព្រះ​នេត្រ​ព្រះ​ ខេត្ត​បន្ទាយ​មាន​ជ័យ​ ដែល​បាន​​ជាប់​ពាក់ព័ន្ធ​នឹង​វិវាទដីធ្លី​ពីរ​ករណី​​ដាច់​ដោយ​ឡែក​ពី​គ្នា​​ជាយូរ​មក​ហើយ​ជាមួយ​កង​យោធ ពល​ខេមរ​ភូមិន្ទនោះ​ កាលពី​ម្សិល​មិញ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​អភិបាល​ខេត្ត​ ​ស្នើសុំ​ការ​អនុញ្ញាត​ធ្វើ​ស្រែ​បណ្តោះ​អាសន្ន​លើ​ដី​នេះ​សិន រហូត​ដល់​មាន​ការ​ដោះ​ស្រាយ​​កម្ម​​សិទ្ធិ​ចប់​សព្វគ្រប់។

លោក មាន​ សំអូន តំណាង​អ្នក​ភូមិ​៣៣ គ្រួសារ​មក​ពី​ភូមិ​ចំនួន​ពីរ​ក្នុង​ឃុំ​ជប់​វារី ​មាន​ប្រសាសន៍ថា “ទាហាន​បាន​រារាំង​ពួកយើង​​មិន​ឲ្យ​ធ្វើ​ស្រែលើ​ដី​នេះ​ទាំង​ស្រុង​​តែម្តង​។ ហើយ​ចាប់​តាំង​ពីពេល​នោះ​មក​ យើង​​មិន​បាន​ធ្វើ​ស្រែ​ចម្ការ និងដាំដំឡូង​មីទៀត​ឡើយ។​

ខ្លួនខ្ញុំផ្ទាល់ និង​​កូនៗ​មក​ពី​គ្រួសារ​ដទៃ​ទៀត​បាន​បង្ខំ​ចិត្ត​ស្វែង​រក​ការ​ងារ​ខុស​ច្បាប់​ក្នុង​ប្រទេស​ថៃ​”។ យោងតាម​លោក សំអូន បានឲ្យដឹង​ថា ក្នុង​ឃុំ​ជប់វារី អ្នក​ភូមិ​បាន​ធ្វើ​ស្រែ​ចម្ការ​លើ​ផ្ទៃដី​ទំហំ​២៦ហិកតានេះ ចាប់​តាំង​ពី​ការ​ដួល​រលំ​របប​ខ្មែរ​ក្រហម​ក្នុង​ឆ្នាំ​១៩៧៩​មក​ម៉្លេះ។

លោក​បាន​បន្ថែមថា ពួកគេ​បាន​រារាំង​មិន​ឲ្យ​យើង​ធ្វើ​ស្រែ​ចម្ការ​បណ្ដោះ​អាសន្ន នៅ​ពេល​ដែល​កង​កំាភ្លើង​ធំ​នៃ​កង​យោធពល​ខេមរភូមិន្ទ​ បាន​ផ្លាស់​មក​កាន់​តំបន់​នេះ​ក្នុង​ឆ្នាំ​១៩៨៨ ប៉ុន្ដែ​បាន​​ចាប់​ផ្តើម​ធ្វើ​​ឡើង​វិញ​ ក្រោយ​ពីការ​ដក​កង​កាំ​ភ្លើង​ធំនេះ​ចេញ​ក្នុង​ឆ្នាំ​១៩៩៤ រហូត​ដល់​កង​ទ័ព​នេះបាន​ត្រឡប់​​មក​វិញ​ម្ដង​ទៀត​កាលពីឆ្នាំ​មុន​។

ក្នុង​ឃុំ​ព្រះ​នេត្រ​ព្រះ អ្នក​ភូមិ​២៥៤គ្រួសារ​មាន​វិវាទ​​លើ​ដី​ទំហំ​១៧៤​ហិកតា ដែល​ពួក​គាត់​បាន​ធ្វើ​ស្រែ​ចម្ការ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៤​មក ​គឺ​ចាប់​តាំង​ពី​កង​រថ​ក្រោះនៃ​កង​យោធ​ពល​ខេមរភូមិន្ទ​ បាន​មក​ដល់​ក្នុង​ឆ្នាំ​២០០៨។

លោក មាស នី តំណាង​អ្នក​ភូមិ​បាន​ប្រាប់​រឿង​រា៉វ​ស្រដៀង​គ្នា​​អំ​ពី​គ្រួសារ​អ្នក​ភូមិ​ ដែល​​ពឹង​ផ្អែក​លើការ​ធ្វើ​ស្រែ​ចម្ការ​ដើម្បី​រស់ ​ដោយ​ត្រូវ​បង្ខំ​ចិត្ត​ឆ្លង​ដែន​ចូល​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់​ ដើម្បី​ស្វែង​រក​ការ​ងារ​ធ្វើ​។ លោក​និយាយ​ថា “ សំណើ​របស់​ពួក​យើង​​គឺ​ចង់​ឲ្យ​អាជ្ញាធរ​យល់​ព្រម​ឲ្យ​ពួក​យើង​ធ្វើ​ស្រែ​ចម្ការ និង​ដាំ​ដំណាំ​ផ្សេងៗ​ទៀត​បណ្ដោះ​អាសន្ន​សិន។ លោក​បាន​បន្ថែម​ថា អ្នក​ភូមិ​បាន​ដាក់​ពាក្យ​​បណ្ដឹង​ជា​ច្រើន​លើក​ច្រើន​សា​ទៅ​រដ្ឋា​ភិបាល​ថ្នាក់​ខេត្ត​ តែ​គ្មាន​ប្រយោ​ជន៍​ឡើយ​ ចាប់​តាំង​ពី​ឆ្នាំ​២០០៨មក។

លោក ចុង ភេទ អភិបាល​រង​ខេត្ត​បាន​មាន​ប្រសាសន៍​កាលពីម្សិលមិញ​ថា លោក​មិន​ទាន់​ទទួល​បាន​ពាក្យ​បណ្ដឹង​ថ្មីនេះ​នៅ​ឡើយ​ទេ​ តែ​លោក​បាន​បន្ថែម​ថា លោក​នឹង​បញ្ជូន​ពាក្យ​បណ្ដឹង​នោះទៅ​លោក​អភិបាល​ខេត្ត​ ហើយ​ស្វែង​រក​ដំណោះ​ស្រាយ​ឆាប់ៗ​តាម​ដែល​លោក​អាច​ធ្វើ​ទៅ​បាន​។

​លោក ចុង ភេទ បានមាន​ប្រសាសន៍​ថា “ ដី​ស្រែ​​មាន​ជីជាតិ​របស់​យើង​ គឺជា​របស់​ទាហានរថក្រោះ ​ដែល​​​​ធ្វើ​ឲ្យ​​​​អ្នក​​​ភូមិ​​​របស់​​​យើង​​​មាន​​​ការភ័យ​​​ខ្លាច​​​ និង​​​​កាន់​តែក្រី​ក្រទៅ​​​។ នោះ​ជា​មូល​ហេតុ​ដែល​​នាំ​ឲ្យ​មាន​ការ​ឆ្លង​ដែន​ខុស​ច្បាប់ពី​សំណាក់​ជន​ចំណាក​ស្រុក​នៅ​ទីនេះ”។

លោក ស៊ុម ចាន់គា អ្នក​សម្រប​សម្រួល​​ប្រចាំ​ខេត្ត​របស់​អង្គការ​សិទ្ធិ​មនុស្ស​អាដ​ហុក បាន​យល់​ស្រប​ថា វិវាទ​ដីធ្លី​ដែល​បន្ត​កើត​មាន​នេះ ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​ធ្វើ​ចំណាក​ស្រុក​ខុស​ច្បាប់​។

លោក​បាន​​​បន្ថែម​​​​ថា “ នៅ​ពេល​​​វិវាទ​​​ដីធ្លី​​​កើត​​​មាន​យូរ​អង្វែង​ដោយ​គ្មាន​ដំណោះ​ស្រាយ​​សម​​​រម្យ​នោះ អ្នក​ភូមិដែល​រង​ផល​ប៉ះពាល់​បាន​បង្ខំ​ចិត្ត​ធ្វើ​ចំណាក​ស្រុក​ខុស​ច្បាប់​ទៅ​ស្វែង​រក​ការ​ងារក្នុង​ប្រទេស​ថៃ”។លោកឧត្តមសេនីយ៍ត្រី ឡាញ់ កៅ ដែល​បាន​មាន​ប្រសាសន៍​ក្នុង​ពេល​កន្លង​មក​ថា  កង
​រថ​ក្រោះត្រូវ​សាង​សង់​បន្ទាយ​ក្នុង​ឃុំ​ព្រះ​នេត្រ​ព្រះ​ ដើម្បី​ការ​ពារ​ព្រំ​ដែន​នោះ មិន​អាច​ទាក់​ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ កាល​ពី​ម្សិលមិញ៕

ប្រែសម្រួល​ដោយ សោម សារុន ​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស