42.2 C
Phnom Penh

អង្គការ​​​សិទិ្ធមនុស្ស​​​អាដហុក​​​៖​​​ ​​​​ការ​​​​​ចាប់​រំលោភ​​​​អនីតិ​ជន​​​​មាន​​​​ចំនួន​​​ ៧៥​​​ ករណី​ក្នុង​រយៈ​ពេល​បួន​ខែ​ដំបូង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ​​​  សាលាដំបូង​​​ខេត្ត​​​បាត់ដំបង​បាន​​​ចោទ​​​​​​ប្រកាន់​​​បុរសពីរនាក់​​​ក្នុង​​​ករណី​​​ដោយ​​​​ឡែក​ពី​គ្នា ពី​បទ​​​ចាប់​​​រំលោភ​ក្មេងស្រី​​​មិន​​​ទាន់​គ្រប់​អាយុ ខ​​​ណៈ​​​អង្គការ​​​សិទិ្ធ​មនុស្ស​​​អាដ​ហុក​បាន​​​ឲ្យ​​​ដឹង​ថា ខ្លួន​​​បាន​​​កត់ត្រា​​​ទុក​​​នូវ​​​ករណី​​​ចាប់​រំលោភ​​​កុមារ​​​ចំនួន​​​៧៥​​​ករណី​​​ ក្នុង​រយៈពេល​​​បួន​​​ខែ​​​ដំបូង​​​នៃ​​​ឆ្នាំ​​​នេះ។

លោក ឌី សារ៉េត អធិការ​​​រង​​​នគរ​​​បាល​​​ស្រុក​​​​​​​បរវេល​​​  បាន​​​ឲ្យ​​​ដឹង​​​ថា កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ ​នគរ​បាល​​​បាន​​​ចាប់ខ្លួន​​​យុវជន​​​ម្នាក់​​​ឈ្មោះ​​​ វា៉ន់ គឹម​​​ឡាយ អាយុ២១​​​ឆ្នាំ​​​នៅ​​​ផ្ទះ​​​របស់​​​ខ្លួន​​​ក្នុង​​​​​ឃុំ​​​ខ្នាយ​រមាស ស្រុក​​​បរវេល បន្ទា​​​ប់ពី​​​ក្រុម​​​គ្រួសារ​​​​របស់​​​ក្មេងស្រី​​​អាយុ​​​៩​​​ឆ្នាំ​​​ម្នាក់ បាន​​​ដាក់ពាក្យ​​​បណ្ដឹង​​​​​​ចោទ​​​ប្រកាន់​​​ជនសង្ស័យ​​​នេះ​​​ថា​​​ បាន​​​ល្បួង​​​ក្មេង​​​ស្រី​​​រងគ្រោះ​​​ទៅ​​​ផ្ទះ​​​របស់​​​ខ្លួន ​​​រួច​បាន​​​​​​ចាប់​​​នាង​​​រំលោភ ។

លោក ឌី សារ៉េត បានមាន​​​ប្រសាសន៍​​​ថា “ នគរបាល​​​បាន​​​ចាប់​​​ខ្លួន​​​ វា៉ន់ គឹម​​​ឡាយ និង​បាន​​​​បញ្ជូនរូបគេ​​​​​​ទៅ​​​ស្នងការដ្ឋាន​​​​​​នគរបាល​​​ខេត្ត​​​ក្នុង​​​​​​ក្រុង​​​បាត់ដំបង រួចបាន​​​ចោទ​​​ប្រកាន់​​​ជននេះ​​​ពីបទ​​​ចាប់រំលោភ​​​អនីតិជន។ លោក​​​បាន​​​​​​បន្ថែម​​​ថា ជនសង្ស័យ​​​បាន​​​ឲ្យ​​​ប្រាក់​​​ជនរង​​​គ្រោះ​​​ចំនួន​​​​​​២.០០០​​​រៀល ​​​ដើម្បី​​​កុំឲ្យ​​​នាង​​​និយាយ​​​ប្រាប់គេ​​​​​​។

ក្នុងករណី​​​មួយ​​​ទៀត​​​នោះ នគរបាល បាន​​​ចាប់ខ្លួន​​​យុវជន​​​ម្នាក់​​​ឈ្មោះ ស៊ុំ រ៉មប៊ី អាយុ​​​២០​​​​ឆ្នាំនៅ​​​ផ្ទះ​​​សំណាក់​​​មួយ​​​កន្លែងក្នុង​​​​​​សង្កាត់​ស្វាយ​​​ប៉ោ​​​ បន្ទាប់ពី​​​គ្រួសារ​​​របស់​​​ក្មេងស្រី​​​អាយុ​​​​​១៤​​​ឆ្នាំ​​​ម្នាក់​​​បានរាយការណ៍​​​ថា នាង​​​ត្រូវ​​​​បាន​​​គេ​​​ចាប​​​់រំលោភ។

លោក កយ ហ៊ាន នាយ​​​ការិយាល័យ​​​នគរ​បាល​​​ប្រឆាំង​​​ការជួញដូរ​​​មនុស្ស​​​​​​​​​ខេត្ត​​​បាត់ដំបង​​​​បាន​​​ឲ្យ​​​ដឹងថា ជនស​​​ង្ស័យ​​​​​​ដែល​​​​​​​​​គ្រួសារ​​​ក្មេង​ស្រី​​​រងគ្រោះ​​​ស្គាល់​​​នេះ បាន​​​ទៅ​​​កម្សាន្ត​​​នៅ​​​ក្លឹប​​​រាត្រី​​​មួយ​​​ជា​​​មួយ​​​ជន​​​រង​​​គ្រោះ​​​ មុន​​​ពេល​​​នាំ​​​នាង​​​ទៅ​​​ផ្ទះសំណាក់​​​​​មួយ​​​ ​ដែល​​​​ជាកន្លែង​​​រូបនាង​​​ត្រូវបាន​​​ចាប់​​​​​​​​​រំលោភ ។

លោក នួន សាន ព្រះរាជអាជ្ញាអម​​​សាលា​ដំបូង​​​ខេត្ត​​​បាត់ដំបង​​​ បានឲ្យ​​​ដឹង​​​ថា បុរស​​​ទាំង​​​ពីរនាក់​​​នេះ​​​បាន​​​សារភាព​​​ប្រាប់​​​នគរបាល​​​អំឡុង​​​ពេល​​​សាក​​​សួរ។លោក​​​​​​មាន​​​ប្រសាសន៍​​​ថា “ ខ្ញុំបាន​​​ចោទ​​​ប្រកាន់ជនសង្ស័យ​​​ទាំង​ពីរ​នាក់​​​នេះ​​​ពី​​​បទ​​​រំលោភអនីតិជន​​​ម្នាក់ ហើយ​​​ពួកគេ​​​ត្រូវបាន​​​ប្រគល់​​​ទៅ​​​ឲ្យ​​​ចៅ​​​ក្រម​​​សើុប​​​សួរ​​​ ដើម្បីធ្វើការ​​​សាកសួរ​​​បន្ថែម​​​ទៀត”។

លោកស្រី ជួន ចំរុង ប្រធាន​​​កម្មវិធីស្ត្រី​​​ និង​​កុមារ របស់​​​អង្គការ​​​សិទ្ធិមនុស្ស​​​អាដហុក បាន​​​ឲ្យដឹង​​​ថា ករណី​​​​​​ចាប់​​​រំលោភអនីតិជន​​​ដែល​​​ត្រូវបាន​​​រាយការណ៍​​​ បាន​​​កើន​​​ឡើង​​​ក្នុង​រយៈ​ពេល​​​បួន​​​ខែ​​​ដំបូង​​​នៃ​​​ឆ្នាំ​​​នេះ បើ​​​ប្រៀបធៀប​​​​​នឹង​​​រយៈ​​​ពេល​​​ដូចគ្នា​​​ក្នុង​​​​​​ឆ្នាំ​​​២០១២ ពេល​​​​​​មាន​​​ករណី​​​ចាប់​​​រំលោភ​​​​​​កុមារ​​​​​​ដែល​​​ត្រូវបាន​​​កត់ត្រា​​​ទុក​​​​​​៦៤​​​ករណី​​​។ ពេញមួយ​​​ឆ្នាំ​​​២០១២​​ដដែល​​​នេះ​​​​​​​​​ ៦៩,៩​​​ភាគរយ​​​នៃ​​​ការ​​​ចាប់​រំលោភ​ទាំង​​​២១៤​​​ករណី​​​ដែល​​​ត្រូវបាន​​​រាយការណ៍​​​នៅ​ទូទាំង​​​ប្រទេស​​​ គឺ​​​ពាក់ព័ន្ធ​​​នឹង​​​ការ​​​ចាប់​រំលោភ​​​កុមារ​​​មិន​​​ទាន់គ្រប់អាយុ។

លោក​​​ស្រី ជួន ចំរុង បាន​​​មាន​​​ប្រសា​​​សន៍​​​ថា “ ជនរង​​​គ្រោះ​​​​​​​ភាគ​​​​​​ច្រើន គឺ​​​​​​ជា​​​អនីតិ​ជន ​ដោយសារ​​​​​​តែ​​​ពួក​​​គេ​​​មិន​​​ដឹង​​​ពី​​​វិធី​​​ការពារ​​​ខ្លួន​​​ហើយ​​​ជន​​​សង្ស័យ​​​ភាគ​​​ច្រើនគឺជា​​​អ្នក​​​ជិត​​​​ខាង​​​របស់​​​ជន​​​រងគ្រោះ ​​​និងក្រុម​​​គ្រួសារ​​​របស់​​​ពួកគេ”។ លោកស្រី​​​បាន​​​​​​បន្ថែម​ទៀត​ថា ​មាន​ករណី​​​រំលោភ​​​តែ​​​៥០,៥​​​ភាគរយ​​​ប៉ុណ្ណោះ​​​ ដែល​​​ជនសង្ស័យ​​​ត្រូវបាន​​​ចាប់ខ្លួន​​​និង​​​បញ្ជូន​​​ទៅ​​​តុលាការ​​​៕
ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស