30 C
Phnom Penh

ជន​​​ជាតិកូរ៉េខាងត្បូង បីនាក់ស្លាប់ក្នុងគ្រោះ​​​ថ្នាក់រថ​​​យន្តក្រុង​បុក​ជាមួយ​​រថយន្ត​ធុន​តូច​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​​​​បាននិយាយ​​​ថា មនុស្សបួន​​​នាក់​​​រួម​​​ទាំង​​​ក្មេងពីរ​​​នាក់​​​ផង បាន​​​ស្លាប់​​​កាលពី​​​រសៀលម្សិលមិញ ហើយ​​​មនុស្ស​​​ប្រាំពីរ​​​នាក់ទៀត​​​បាន​​​រង​​​របួស នៅពេល​​​រថ​​​យន្ត​​​ក្រុង​​​មួយ​​​គ្រឿង​​​បាន​​​បុក​​​នឹង​​​រថ​​​យន្ត​​​ធុន​​​តូច​​​មួយ​​​គ្រឿង​របស់​គ្រួសារ​​​ជន​​​ជាតិ​​​កូរ៉េ​​​ខាង​​​ត្បូង​​​មួយ​​​​គ្រួសារ​នៅ​​លើ​​​កំណាត់​​​ផ្លូវ​​​ជាតិ​​​លេខ​​​៦ក្នុង​​​ខេត្ត​​​កំពង់ធំ។

លោក យ៉ុង សោម អធិការ​​​នគរ​​​បាល​​​ស្រុក​​​​ស្ទោង បាន​​​មាន​​​ប្រ​​​សាសន៍ថា បុរស​​​ជន​​​ជាតិ​​​កូរ៉េខាង​​​ត្បូង​​​ម្នាក់​​​ និង​​​កូនពីរ​​​នាក់​​​របស់​​​ខ្លួន​​​​គឺ​កូន​​​ស្រី​​​អាយុ៨​​​ឆ្នាំ​​​ និង​កូន​​​ប្រុស​​​អាយុ​​​១០​​​ឆ្នាំ​បាន​​​ស្លាប់​​​នៅ​​​​កន្លែង​កើត​​​ហេតុ។

លោក​​​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “ សមា​ជិកបីនាក់​​​នៃគ្រួសារ​​​ជន​​​ជាតិ​​​កូរ៉េ​​​នេះ​​​បាន​​​ស្លាប់​​​ភ្លាមៗ​​​នៅ​​​​​​កន្លែង​​​កើត​​​ហេតុ ហើយ​​​បីនាក់ទៀត​​​ក្នុង​​​គ្រួសារ​​​ដដែល​​​នេះ​​​បាន​​​រង​​​របួស​​​ធ្ងន់” ក្នុង​​​នោះ​​​រួម​​​ទាំង​​​ប្រពន្ធ​​​របស់​​​អ្នក​​​បើក​​​បរ កូន​​​ស្រីម្នាក់​​​របស់​​​ពួកគេ​​​អាយុ​​​១ឆ្នាំ​និង​​​កូន​​​ប្រុស​​​ម្នាក់​​​ទៀត​​​ដែល​​​​​​មាន​​​អាយុ​​​៨​​​ឆ្នាំ​ដែល​​​ជា​​​កូន​ភ្លោះ​​​នឹង​​​ក្មេង​​​ប្រុស​​អាយុ​​​៨​​​ឆ្នាំ​ដែល​​​បានស្លាប់។

លោក​​​​​​លើក​​​ឡើង​​​ទៀត​​​ថា អ្នក​​​បើក​បរ​​​​រថ​​​យន្ត​​​ក្រុង​ពីរ​នាក់​​​​ មក​ពី​ក្រុម​ហ៊ុន​អូឡាំពិក ​អុិចប្រេស ដែល​​​កំពុង​​​ធ្វើ​​​ដំណើរ​​​ពី​​​សៀម​​​រាប​​​ឆ្ពោះ​​​មក​​​រាជ​​​ធានីភ្នំពេញ បាន​​​កៀប​​​ជាប់ក្នុង​​​កាប៊ីន​​​រហូតដល់ស្លាប់នៅ​​​ក្នុង​​​ហេតុការណ៍​​​បុកគ្នានោះ រីឯអ្នក​​​បើក​​​បរ​​​ជនជាតិខ្មែរ​​​ម្នាក់​ទៀត អ្នក​​​បក​​​ប្រែម្នាក់ និង​​​ភ្ញៀវ​​​ទេស​​​ចរ​​​តៃ​វ៉ាន់​ពីរនាក់​​​បាន​​​រង​​​របួស។

លោក យ៉ុង សោម បាន​​​មាន​​​ប្រ​​​សាសន៍​​​អំពីគ្រោះ​​ថ្នាក់​​​នេះ​​​ថា គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​នេះ​​​បាន​​​កើត​​​ឡើង​​​នៅ​​​ម៉ោង​​​២និង​​​៣០​​​នាទី​​​​រសៀល​ នៅពេលរថ​​​យន្ត​​​ក្រុង​​​បើក​​​ចូល​​​ទៅ​​​គន្លង​​​ផ្លូវ​​​របស់​​​រថ​​​យន្ត​​​​ហុង​ដា​ស៊ី​អាវី (Honda CRV) ​របស់​គ្រួសារ​​​​ជន​​​ជាតិ​​​កូរ៉េ ដែល​​​កំពុង​​​ធ្វើដំណើរ​​​ក្នុង​​​ទិស​​​ដៅ​​​បញ្ច្រាសគ្នា​​​​​​ក្នុង​​​ឃុំ​ចំណា​ក្រាម។

លោក​បាន​មាន​​​ប្រ​​​សាសន៍​​​ទៀត​​​ថា ​ពេល​​​នេះ​​​គេ​​​មិន​​​ទាន់​​​​ដឹង​​​ថា មូល​​​ហេតុ​​​អ្វី​​​បាន​​​អ្នក​​​បើក​​​បរ​​​រថ​​​យន្ត​​​ក្រុង​​​​បើក​​​ចូល​​​ទៅ​​​គន្លង​​​ផ្លូវ​​​មក​​​ពី​​​ខាង​​​មុខ​​​នោះ​​​ទេ។ លោកបាន​មានប្រ​​​សាសន៍​​​បន្ថែម​ទៀត​ថា “ ពួកគេ [អ្នក​​​រស់​​រាន] ស្រែកយំ​​​រៀប​រាប់​ជា​ភាសាបរ​​​ទេស​ហើយ​​​យើង​​​មិនយល់​​​ថា ​ពួក​គេ​​​និយាយ​​​អ្វី​​​ខ្លះ​​​នោះ​​​ទេ”។

អ្នក​​​នៅរស់​​​រានដែល​​​រង​​​របួស​​​ទាំង​​​ប្រាំពីរ​​​នាក់ក្នុង​​​ហេតុការណ៍​​​គ្រោះ​​ថ្នាក់​​​ចរាចរណ៍​​​នេះ ត្រូវបាន​​​បញ្ជូន​​​ទៅ​​​កាន់​​​មន្ទីរពេទ្យ​​​បង្អែក​​​ស្រុក នេះ​​​បើ​​​តាម​​​ប្រសាសន៍​​​របស់​​​លោក ​ហ៊ុល ឈឿន ប្រធាន​​​មន្ទីរ​​​ពេទ្យ​​​នេះ។

លោកវេជ្ជ​​​បណ្ឌិត ហ៊ុន ឈឿន បាន​​​មាន​ប្រ​​​សាសន៍​​​ថា “ ពេល​​​នេះ​​​ យើង​​​បានបញ្ជូន​​​កុមារ​​​​​ជន​​​ជាតិ​​​កូរ៉េ​​​ខាង​​​ត្បូង​​​ទាំងពីរ​​​នាក់ទៅ​​​មន្ទីរ​​​ពេទ្យគន្ធបុប្ផា ក្នុង​​​ខេត្ត​​​សៀមរាប ​សម្រាប់​​​​ការព្យាបាល​សង្គ្រោះ​​​​បន្ទាន់ ហើយ​​​យើង​​​កំពុង​​​​​​​បន្ត​​​ព្យាបាលជន​​​រងគ្រោះទាំង​​​ប្រាំ​​​នាក់​​​ទៀត​​​នៅឡើយ”។លោក​​​មាន​​​ប្រ​​​សាសន៍ទៀត​ថា ​អ្នក​​​រង​​​របួស​​​បីនាក់ស្ថិត​​​ក្នង​​​ស្ថាន​​​ភាព​​​ធ្ងន់​ដោយ​​​​​​​ប្រេះឆ្អឹង។ ចំណែកក្រុម​​​ហ៊ុន​​​រថ​​​យន្ត​​​ក្រុង​​​អូឡាំពិក​អិុច​ប្រេស វិញ​​​មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​បំភ្លឺ​​​បាន​​​ទេ ទាក់​ទង​នឹង​ករណី​នេះ​៕

ប្រែសម្រួល​​​ដោយ តែម សុខុម​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស