27 C
Phnom Penh

អធិការ​រង​នគរបាល​ស្រុក​​ម្នាក់នៅខេត្ត​រតនគិរី​រង​ការ​ចោទ​ប្រកាន់​ពី​បទ​រត់​ពន្ធ​ឈើ​ប្រណីត​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ឈើ​ប្រណីត​ជាង​ពីរម៉ែត្រ​គូប​​ត្រូវ​បាន​រឹប​អូស​កាល​ពី​ថ្ងៃ​សុក្រ​ ពី​ផ្ទះ​របស់​អធិការ​រង​នគរបាល​ស្រុក​អណ្ដូង​មាស ​ក្នុង​ខេត្ត​រតនគិរី​​​។ 

លោក ឡាក់ វណ្ណរិទ្ធ បាន​គេច​ខ្លួន​ពី​ផ្ទះ​របស់​លោក​ អំឡុង​​ពេលន​គរ​បាលធ្វើ​ប្រតិ​បត្តិការ​​ ហើយ​គេ​មិន​ទាន់​ដឹង​កន្លែង​លាក់​ខ្លួន​របស់​លោក​នៅ​ឡើយ​ទេ​។

លោក នៅ ដារ៉ា ប្រធាន​នគរបាល​សេដ្ឋ​កិច្ច​ខេត្ត​ បាន​មាន​ប្រសាសន៍​ថា “យើង​រឹប​អូស​បាន​ឈើ​ប្រណីត​បី​ប្រភេទ​ខុស​គ្នា​ចំនួន​៥៤​ដុំពី​ផ្ទះ​របស់​អធិការ​រង​ស្រុក​រូប​នេះ​ ដែល​មាន​ចំនួន​សរុបត្រឹម​ជាង​ពីរ​ម៉ែត្រ​គូប​។ យើង​ជឿថា គាត់​មាន​គម្រោង​រត់​ពន្ធ​ឈើ​ទាំង​នេះ​​ទៅប្រទេស​វៀត​ណាម​​”។

ឈើ​ដែល​ត្រូវ​បាន​រឹប​អូស​ទាំង​នេះ​រួម​មាន​ឈើ​គ្រញូង​ និង​ឈើ​បេង​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​រដ្ឋ​បាល​ព្រៃ​ឈើ​។

លោក ម៉ម វ៉ាន់ដា ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​​ខេត្ត​ បាន​មាន​ប្រសាសន៍​ថា “តាម​ច្បាប់​ព្រៃ​​ឈើ​លោក​ ឡាក់ វណ្ណរិទ្ធ ប្រឈម​នឹង​ការ​ពិន័យ​ជា​ប្រាក់​។ ទោះ​ជា​យ៉ាង​ណា​ ប្រសិន​បើ​គាត់​មិន​អាច​បង់​ប្រាក់​ពិន័យ​ គាត់​នឹង​ប្រឈម​ការ​ចោទ​ប្រកាន់​បទ​ព្រហ្មទណ្ឌ​”។

លោក ឆាយ ធី ជា​មន្ត្រី​ឃ្លាំ​មើលរបស់​អង្គការ​អាដហុក​ប្រចាំ​ខេត្ត​នេះ​​ បាន​មាន​ប្រសា​សន៍​ថា លោកជឿថា របាយការណ៍​​ផ្លូវ​ការ​របស់​​នគរបាល​ បាន​រាយការណ៍​​​​តិច​ជាង​ចំនួន​ឈើ​ដែល​រឹប​អូស​បាន​​​ជាង​ពាក់​កណ្ដាល​។ លោក ឆាយ ធី ​បាន​មាន​ប្រសាសន៍​​ថា
“យើង​​​កំពុង​តាម​ដាន​ករណី​នេះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​​ ពី​ព្រោះ​វា​ពាក់​ព័ន្ធ​នឹង​មន្ត្រី​អនុវត្ត​ច្បាប់​”៕

ប្រែ​​​សម្រួល​​​ដោយ អ៊ូច សូនី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស