31 C
Phnom Penh

អ្នក​រិះគន់និយាយ​​ថា គ.ជ.ប. ​ត្រូវការ​កែ​ទម្រង់ទាំងស្រុង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​សង្កេត​ការណ៍​បោះឆ្នោត​ និង​អ្នក​វិភាគ​បាន​និយាយ​កាល​ពីម្សិលមិញថា ការ​បន្ត​បរាជ័យរបស់​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប.) បាន​បង្ហាញថា គ.ជ.ប.​ គ្មាន​ទាំង​ឆន្ទៈ និង​មិន​អាច​បំពេញ​តួ​នាទី​របស់​ខ្លួន​ឲ្យបាន​ត្រឹម​ត្រូវ​ក្នុង​នាម​ជា​ស្ថាប័ន​ឯករាជ្យ​ និង​មិន​ប្រកាន់​បក្ខ​ពួក​ ដើម្បី​ធានា​ឲ្យមាន​ការ​បោះឆ្នោត​ដោយ​សេរី យុត្តិ​ធម៌​ និង​តម្លាភាពនៅកម្ពុជា​បាន​ទេ​។

ការ​ចោទ​ប្រកាន់​ជាច្រើន​ដែល​បាន​ភ្ជាប់​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត​ទៅ​នឹង​ភាពមិន​ប្រក្រតីក្នុងការ​បោះ​ឆ្នោត​ដែល​ខ្លួន​ត្រូវ​ស៊ើបអង្កេត​ និង​ការ​បដិ​សេធ​យ៉ាង​​ដាច់​អហង្ការ​​មិន​អនុញ្ញាត​ឲ្យ​ស្ថាប័ន​ឯក​រាជ្យ​មួយ​ត្រួត​ពិនិត្យការ​ស៊ើបអង្កេត​នោះ ​បាន​បន្ត​​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​ អង្គការ​សិទ្ធិ​មនុស្ស ​និង​សាធារណជន​មិន​សប្បាយ​ចិត្ត​ ដោយ​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ចាត់​ទុក​ គ.ជ.ប. ថា​ជា​ដៃ​ជើង​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​។

កាល​ពីថ្ងៃ​អាទិត្យ​ ភាព​ចម្រូង​ចម្រាសពាក់​ព័ន្ធ​នឹង​ស្ថាប័ន​នេះបាន​លេច​ឡើង​ជាថ្មី​ម្តង​ទៀត​នៅ​ពេល​ដែល​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោតធ្វើ​ការ​ស៊ើប​អង្កេត​ទៅលើ​ភាពមិន​ប្រក្រតី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​​បន្ទាប់​ពីទទួលបាន​បទបញ្ជា​ឲ្យ​ស៊ើប​អង្កេត​ពីក្រុម​ប្រឹក្សា​ធម្មនុញ្ញ​។

ថ្វីបើ​លោក អ៊ឹម​ សួស្តី ប្រធាន​គណៈកម្មា​ធិ​ការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​និយាយ​កាល​​ពី​​ប៉ុន្មាន​ថ្ងៃ​មុន​ថា  កញ្ចប់​សុវត្ថិភាព​សម្រាប់​ដាក់​ឯកសារ​បោះឆ្នោត​ច្បាប់​​ដើម​ស្ថិត​នៅ​កន្លែង​មាន​សុវត្ថិភាព​ក្នុង​ទី​ស្នាក់ការ​ គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោតក៏​ដោយ​ ក៏គេ​បាន​រក​ឃើញ​កញ្ចប់​ប្រាំបី​ក្នុង​ចំណោម​កញ្ចប់​ទាំង​នោះ​ត្រូវ​បាន​បិទ​មិន​​ត្រឹម​ត្រូវ​ ហើយ​កញ្ចប់​មួយ​ចំនួន​គ្រាន់​តែ​យក​ខ្សែ​ចង​មាត់​តែ​ប៉ុណ្ណោះ​។

ប្រការនេះនាំឲ្យ​​អ្នក​សង្កេត​ការ​ណ៍​ជា​ច្រើន​សង្ស័យ​ថា កញ្ចប់​សុវត្ថិភាព​ទាំង​នោះ​ត្រូវ​បាន​គេ​លួច​កែប្រែ​ដើម្បីបន្លំ​សំឡេង​ឆ្នោត​ និង​បាន​បង្ហាញថា ត្រូវមាន​ការ​ស៊ើប​អង្កេត​បន្ថែម​ទៀត​មុន​ពេល​គណៈ​កម្មា​ធិ​ការជាតិ​រៀបចំ​ការ​បោះឆ្នោត ប្រកាស​លទ្ធ​ផល​ផ្លូវ​ការ​របស់​ខ្លួន​ដែលបាន​ប្រកាស​ជា​បណ្តោះ​អាសន្នថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​​៦៨អាសនៈ​ និង​គណបក្ស​សង្គ្រោះ​​ជាតិ​ទទួល​បាន​៥៥អាសនៈ​។

យោង​តាម​អ្នក​ជំនាញ​ និង​អ្នក​សង្កេត​ការណ៍​បោះឆ្នោត​ឲ្យ​ដឹងថា​ កង្វះឆន្ទៈ​ និង​សមត្ថភាព​របស់​ គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោតនៅ​ក្នុងការ​រៀបចំការ​បោះ​ឆ្នោត​ឲ្យមាន​តម្លាភាព​គួរតែ​មាន​ការ​ផ្លាស់​ប្តូរ​ទាំង​​ថ្នាក់​ដឹកនាំស្ថាប័ន​នេះ និង​ច្បាប់​​របស់​ស្ថាប័ន​នេះ​។

លោក​ សុក សំអឿន នាយក​ប្រតិបត្តិ​ក្រុម​អ្នក​ច្បាប់​ការពារសិទ្ធិ​កម្ពុជា​បានមាន​ប្រសាសន៍​ថា “មាន​ហេតុផល​ និង​ភ័ស្តុតាង​គ្រប់​គ្រាន់​ដែល​បង្ហាញថា ប្រសិន​បើ​មិន​មាន​ការ​កែ​ទម្រង់​ គ.ជ.ប. ​នោះទេ​  គណបក្ស​ប្រឆាំង​អាច​មាន​ហេតុផល​ត្រឹម​ត្រូវ​ក្នុង​ការ​ធ្វើ​ពហិការ​ការ​បោះឆ្នោត​លើក​ក្រោយ​។​ ស្ថាប័ននេះ​មិន​​អាច​​ដំណើរ​ការ​​តាម​វិធីលាក់​បាំង​ដដែល​បាន​ទេ​ ត្រូវ​មានការ​ផ្លាស់ប្តូរ​មេដឹកនាំ​ ច្បាប់​ និង​បទ​ប្បញ្ញត្តិ​នានា​​​”។

លោក​បាន​មាន​ប្រសាសន៍ថា “ភាព​មិន​ប្រក្រតី​ទាំង​នោះ​ពាក់​ព័ន្ធយ៉ាង​ច្បាស់​នឹង​មន្ត្រី​បោះឆ្នោត ​ដូច្នេះ​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោតត្រូវតែជា​អ្នក​​ទទួល​ខុស​ត្រូវ​ចុងក្រោយ​​។ ស្ថាន​ភាពនៃ​កញ្ចប់​សុវត្ថិភាព​ទាំង​នោះ​គ្រាន់​តែ​បង្ហាញ​ថា ស្ថាប័ន​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ទាំង​​មូល​ត្រូវ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​​”។

នេះមិនមែន​ជាការបោះឆ្នោត​លើក​ទី​១​ទេ​ដែល​ធ្វើ​ឲ្យមាន​បញ្ហា​ចម្រូង​ចម្រាសនៅ​ក្នុងការ​ត្រួត​ពិនិត្យ​របស់គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត ​ហើយ​ការ​លើក​ឡើង​ពីការ​ជ្រៀត​ជ្រែក​នៅក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​ ​និង​ការ​ដែលគណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោតមិន​ដោះ​ស្រាយ​ជម្លោះ​​ក្រោយការ​បោះឆ្នោត​នោះ​ត្រូវ​បាន​គេដឹង​ជាយូរ​មក​ហើយ​។

លោក សំអឿន បានមានប្រសាសន៍បន្តថា“នៅឆ្នាំ១៩៩៨ខ្ញុំ​បាន​ចូល​រួម​នៅ​ក្នុង​ការ​រាប់សន្លឹក​ឆ្នោត​ឲ្យ​គណៈកម្មាធិការ​ខុម​ហ្វ្រែល ហើយ​ទោះបី​ជាវាមិនអាច​ប្រៀប​ធៀប​គ្នា​ដោយ​ផ្ទាល់ក៏ដោយ ក៏​មាន​បញ្ហា​មិន​ត្រឹម​ត្រូវ​ស្រដៀង​គ្នា​នេះដែរ ហើយមាន​ការ​ផ្លាស់ប្តូរ​បន្តិចបន្តួច​ប៉ុណ្ណោះ​”។

យោងទៅ​តាម​របាយការណ៍​ឆ្នាំ​១៩៩៩​របស់​​លោក​ ជេសហ្វ្រេ  ហ្គែល​ឡាប់ ដែល​នៅ​​ពេល​​នោះជាទីប្រឹក្សា​របស់​វិទ្យាស្ថាន​សិទ្ធិ​មនុស្ស​កម្ពុជា​ ការ​ឈ្នះ​ឆ្នោត​បន្តិច​បន្តួច​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​នៅ​ក្នុង​ការ​ឆោះ​ឆ្នោត​ឆ្នាំ​១៩៩៨​ គឺ​ប្រហែល​តែ​១០​ភាគរយ​ប៉ុណ្ណោះ​។ របាយការណ៍​នោះ​បាន​សន្និ​ដ្ឋាន​ថា ទោះជាយ៉ាង​ណា  ​ការ​កែ​ប្រែ​លទ្ធ​ផល​បន្តិច​បន្តួច​អាច​ធ្វើ​ឲ្យ​គណបក្ស​ប្រជា​ជន​កម្ពុជា​បាត់​បង់​សំឡេងភាគ​ច្រើន​​ដាច់​ខាត​នៅ​​ក្នុង​រដ្ឋ​សភា​។

អតីតសមាជិកគណៈកម្មាធិការជាតិ​រៀប​ចំ​ការ​បោះឆ្នោតម្នាក់ ​ដែល​និយាយនៅ​​ក្នុង​លក្ខណៈ​​អនាមិក​ដោយសារភាព​រសើប​ពី​បញ្ហានេះ​បាន​ឲ្យ​ដឹង​ថា គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត ​កំពុង​ទទួល​រង​​ឥទ្ធិពល​ពីរដ្ឋាភិបាល​ ហើយ​ខ្លួនមាន​បំណង​កែ​ទម្រង់​ដែរ​ ប៉ុន្តែ កិច្ច​ខិត​ខំប្រឹង​ប្រែង​របស់ខ្លួន​ត្រូវ​បាន​រារាំង​។

អតីត​សមាជិក​រូប​នេះ​បាន​និយាយថា “កុំបន្ទោស​តែគណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោតអី​  ស្ថាប័ននេះ​ត្រូវ​បាន​បង្កើត​ឡើង​​ក្រោម​ការគ្រប់​គ្រង​​ពី​រដ្ឋាភិ​បាល​​ ​និង​គណបក្ស​កាន់​អំណាច​។ ​ដោយ​សារគណៈ​កម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត​ត្រូវ​បាន​បង្កើតឡើង​ដោយពឹង​​ផ្អែក​លើ​ថវិកា​របស់​រដ្ឋាភិបាល​ និង​តែង​តាំង​សមាជិក​ដោយ​គណ​បក្ស​នយោបាយ​នោះ គ.ជ.ប. មិន​អាច​នៅ​ជា​អព្យាក្រឹត និង​មិន​លម្អៀង​បាន​ទេ​”។

គាត់​បាន​និយាយ​ថា “ប្រសិន​បើ​យើង​មិនមាន​ គ.ជ.ប. ថ្មី​ដែល​បង្កើត​ឡើង​ដោយ​រដ្ឋ​សភា​ មាន​ថវិកា​ផ្ទាល់ខ្លួន​ និង​ជា​តំណាង​របស់​ប្រជាជន​ ព្រម​​ទាំង​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​សង្គម​ស៊ីវិល​ទេ​នោះ​ គ.ជ.ប. នឹង​នៅ​តែ​ជាកូន​ក្មេង​ដែល​ឪពុក​ម្តាយ​​របស់​ខ្លួន​មិន​ឲ្យ​ធំធាត់ដដែល​​”។

លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​អន្តរជាតិ​បាន​មាន​ប្រសាសន៍ថា  ការ​មិន​ទុកចិត្ត​ចំពោះគណៈកម្មាធិការជាតិ​រៀប  ចំ​ការ​បោះឆ្នោតនៅ​ពេល​បច្ចុប្បន្ន​បាន​កើត​មាន​ឡើង​ដោយសារ​ភាព​មិន​ប្រក្រ​តី​ដែល​ហាក់​ដូចជា​មិន​មាន​ការ​ដោះស្រាយ​នៅ​ពេល​នេះ​។

លោក​បាន​មាន​ប្រសាសន៍ថា “មាន​បញ្ហា​ជាច្រើន​ ហើយ​បញ្ហា​ទំាង​នោះ​កើត​មាន​ឡើង​​ជា​លក្ខណៈ​ប្រព័ន្ធ​ ឬ​ស្រប​ពេល​គ្នា​ ប៉ុន្តែ គណបក្ស​ប្រឆាំង​ និងប្រជាពល​រដ្ឋ​មិន​មាន​ទំនុក​ចិត្ត​ពិតប្រាកដល់គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ តាំង​ពីដំបូង​​ម៉្លេះ​”។

លោក​បាន​បន្ថែម​ដោយ​សំដៅ​ដល់​ឈ្មោះ​ស្ទួន​នៅ​ក្នុង​បញ្ជីឈ្មោះ​បោះឆ្នោត​   ទម្រង់​បញ្ជាក់​អត្តសញ្ញាណ​បោះឆ្នោតមាន​ចំនួន​​លើស​ជិត​កន្លះលាន​ និង​ការបាត់ឈ្មោះអ្នក​បោះ​ឆ្នោត​ជិត​៣០០.០០០នាក់​នៅ​ថ្ងៃ​បោះ​ឆ្នោត​ថា “ភាព​មិន​ប្រក្រតីជុំវិញ​ការ​ស៊ើប​អង្កេតរបស់ គ.ជ.ប. លើ​ភាព​មិនប្រក្រតី​ទាំង​នេះគ្រាន់​តែប​ង្ហាញថា គ.ជ.ប. មិន​មាន​លទ្ធ​ភាព​រៀបចំការបោះ​ឆ្នោតទេ។

លោក​ ព្រាប​ កុល​ បាន​មាន​ប្រសាសន៍ថា ប្រសិន​បើ​ គ.ជ.ប. ចង់​បង្ហាញថា ខ្លួន​ស្អាត​ស្អំ​នោះ​ គ.ជ.ប. គ្រាន់​តែ​​បើក​ចំហ​ឲ្យ​​​មាន​ការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​​ទៅ​បាន​ហើយ​ ប៉ុន្តែ នេះ​គឺជាអ្វីដែល​ គ.ជ.ប. ​មិន​ចង់​ធ្វើ​ ហើយ​ពួកគេ​សុខ​ចិត្ត​ឲ្យមាន​ការ​ចោទ​ប្រកាន់​មក​លើ​ខ្លួន​វិញ”។

លោក​ សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មាន​ប្រសាសន៍​នៅ​ឯ​សន្និ​សីទ​កាសែត​កាលពីម្សិល​មិញថា គណបក្ស​របស់​លោក​មិនបាន​ទទួល​តាម​ការ​ទាម​ទារ​របស់​ខ្លួន​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​ដែល​មាន​ការ​ចូល​រួមពីអង្គការ​ជាតិ​ និង​អន្តរ​ជាតិ​ និង​អ្នក​ជំនា​ញ​មក​ពីអង្គកា​សហ​ប្រជា​ជាតិ​នោះទេ​។

លោក​ សម រង្ស៊ី បាន​មាន​ប្រសាសន៍ថា “យើង​មិនអាច​ប្រគល់​ការទទួល​ខុស​ត្រូវ​​ក្នុង​ការ​រក​ការ​ពិត​ទៅឲ្យ​ គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោតនិង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បានទេ​ ពីព្រោះពួក​គេ​គឺជា​ដៃ​ជើង​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​”។

នៅ​ពេល​សួរ​ថា តើ​ប្រធាន​ គ.ជ.ប. ​និង​សមាជិក​ផ្សេងទៀត​របស់​ គ.ជ.ប. ​គួរ​ត្រូវ​ដក​ចេញ​ ឬ​យ៉ាង​ណា​ បន្ទាប់​ពី​ការ​រៀបចំ​ការ​បោះ​ឆ្នោត​មិន​បាន​ត្រឹម​ត្រូវ​នោះ​ លោក ទេព នីថា អគ្គលេខាធិការ​ គ.ជ.ប. គ្រាន់​តែ​និយាយ​សម្រាល​ពី​សារៈសំខាន់​នៃការ​ចោទប្រកាន់​មក​លើ​ស្ថាប័ន​នេះតែ​ប៉ុណ្ណោះ​។

លោក​បាន​មាន​ប្រសាសន៍​សំដៅ​ដល់​កញ្ចប់​សុវត្ថិភាពចំហ​ដែល​គេមើល​ឃើញ​កាល​ពីថ្ងៃអាទិត្យថា “មន្ត្រី​របស់​យើង​បាន​​ធ្វើ​​ការ​តែ​បីថ្ងៃ​ប៉ុណ្ណោះ ហើយ​យើង​បាន​បណ្តុះ​បណ្តាល​ពួកគេ​តែជាង​មួយ​ព្រឹក​ប៉ុណ្ណោះ​​ ដូច្នេះ​យើង​ដឹងថា យើង​អាចកែ​លម្អ​​ឲ្យ​បាន​ប្រសើរ​​នៅពេល​អនាគត​ ប៉ុន្តែ កំហុស​នេះ​មិន​មែន​មាន​ន័យថា មាន​គេ​លួច​កែប្រែ​ឯកសារ​នៅ​ខាង​ក្នុង​នោះទេ​”។

លទ្ធផល​ដ៏​សំខាន់​នៃ​ជ័យជម្នះ​ប្រផិត​ប្រផើយ​​បណ្តោះ​អាសន្ន​​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា ​រួម​ជាមួយ​នឹង​សកម្មភាព​លួច​បន្លំ​តូច​តាចនោះ ​បង្ហាញថា ការ​ផ្លាស់​ប្តូរ​ចំនួន​បន្តិចបន្តួច​​នេះ​នឹង​នាំឲ្យ​មាន​លទ្ធផល​ផ្សេង​ដូចជា នៅ​ក្នុង​ខេត្ត​កណ្តាល​ ដែល​អាច​​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ​នៅការិយាល័យ​ដែល​​​មាន​ការ​តវ៉ា​​តែ​មួយ​អាច​ធ្វើ​ឲ្យ​គណ​បក្ស​​សង្គ្រោះជាតិ​ទទួល​បាន​​មួយ​អាសនៈ​ទៀត​  ព្រោះលទ្ធផល​បឋម​បង្ហាញ​ថា គណ​បក្ស​ប្រជាជនក​ម្ពុជា​ឈ្នះ​គណបក្ស​សង្គ្រោះ​ជាតិ​តែ​ជាង​១៦៦​សំឡេង​ប៉ុណ្ណោះ​នៅ​ក្នុង​ខេត្ត​កណ្តាល​នេះ។

លោក ផៃ​ ស៊ីផាន​ អ្នក​នាំពាក្យទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​បាន​មាន​ប្រសាសន៍ថា រដ្ឋាភិ​បាលទទួល​ស្គាល់​ថា  មាន​ភាព​មិន​ប្រក្រតី​បន្តិចបន្តួច​ ប៉ុន្តែ លោក​បាន​មាន​ប្រសាសន៍ថា ដោយ​សារ​​ការ​បោះឆ្នោត​នេះ​ធ្វើ​ឡើង​តាម​ច្បាប់​បោះ​ឆ្នោត​ដែល​មាន​ស្រាប់នោះ បញ្ហា​ទាំង​នេះ​គួរ​តែ​​ដោះ​ស្រាយ​​​ទៅ​តាម​លក្ខ​ខណ្ឌ​ របស់​​ច្បាប់​ និង​ស្ថាប័ន​ដែល​មាន​ស្រាប់​​។

ទោះជាយ៉ាង​ណា​ លោក​បាន​លើក​ឡើង​ថា តាម​រយៈ​ការ​ទទួល​យកអាសនៈ​របស់​ខ្លួន​នៅ​ក្នុង​រដ្ឋ​សភា​ គណបក្ស​សង្គ្រោះជាតិ​មាន​ឱកាស​ជំរុញ​ឲ្យមាន​ការ​កែ​ទម្រង់​ក្នុង​នាម​ជាគណ​បក្ស​ប្រឆាំង​មាន​ប្រសិទ្ធភាព​។ លោកបាន​មាន​ប្រសាសន៍ថា “គណបក្ស​សង្គ្រោះជាតិ​ត្រូវ​ធ្វើ​ជា​គណ​បក្ស​ប្រឆាំង​ មិន​មែន​ជាគណបក្ស​បដិវត្ត​ន៍​ទេ​  ហើយ​ទទួល​យក​អាសនៈ​របស់​ខ្លួន​ក្នុង​រដ្ឋ​សភា​។ ​​យោង​តាម​ច្បាប់ ពេល​ចូល​ទៅ​រដ្ឋសភា ​​ពួក​គេ​អាច​កែលម្អ​កាលៈទេសៈឬ​លក្ខខណ្ឌ​​ណា​ដែល​មិន​ពេញចិត្ត​”៕

(រាយការណ៍បន្ថែម​ដោយ​ ឃួន ណារីម)
ប្រែសម្រួល​ដោយ មូល គឹមហឿន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស