30 C
Phnom Penh

ជន​សង្ស័យ​​ជន​ជាតិ​ចិន​ជាប់ពាក់ព័ន្ធនឹងការ​បាញ់​បោះនៅ​​​ខណ្ឌ​​​ឫស្សីកែវត្រូវ​​​បាត់ខ្លួន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជន​ជាតិ​ចិនម្នាក់​ដែល​តាម​​ចោទ​ថា​​ត្រូវ​​​​បាន​ចាប់​ខ្លួន​ពី​បទ​បាញ់​ចំនួន​១៧​គ្រាប់​ដោយ​ប្រើ​កាំភ្លើង​ខ្លី​នៅក្នុង​ខណ្ឌ​ឫស្សីកែវ​​​ក្នុង​រាជ​ធានី​ភ្នំពេញ​កាលពី​ព្រឹក​ម្សិល​​​មិញ​​​នោះ ​​​ទំនង​ជា​បាត់ខ្លួន​នៅ​ពេល​រសៀល ដោយ​​​​មន្ត្រី​​​​នគរ​បាល​មួយ​ចំនួន​​មិន​អាច​ប្រាប់​ពី​ទី​​​កន្លែង​​​របស់​ជន​នេះ​ ឬ​ស្ថាន​ភាព​​​​នៃ​ករណី​​​នេះ​​​ឡើយ។

លោក ពេជ្រ សារឿន ចៅ​សង្កាត់​ជ្រោយ​​​​ចង្វាបាន​មាន​ប្រសាសន៍ថា នគរ​បាល​សង្កាត់​បាន​ចុះទៅដល់​កន្លែង​បាញ់​បោះ​នោះ​​​ដែល​​​ស្ថិត​នៅក្នុង​សង្កាត់​ជ្រោយ​ចង្វាបន្ទាប់ពី​ម៉ោង​ ​​​៦ព្រឹក​បន្តិច ហើយ​បាន​រកឃើញ​សម្បក​គ្រាប់​​​ចំនួន​១៧។ លោកបាន​មាន​ប្រសា​​​​សន៍​​​ថា “យើង​បាន​ចាប់​ខ្លួន​ម្ចាស់​ក្រុម​ហ៊ុន​រូប​នេះ​ ហើយ​បាន​បញ្ជូន​ទៅ​អធិ​ការ​ដ្ឋាន​នគរ​បាល​ខណ្ឌភ្លាមៗ ដើម្បី​ធ្វើ​ការ​សាក​សួរ”។

ប្រជា​ពល​រដ្ឋ​ដែល​បាន​ឮ​ស្នូរ​កាំ​ភ្លើង​ជា​ច្រើន​គ្រាប់​ ​បាន​រាយការណ៍​ប្រាប់​នគរ​បាល​​​​​​​ក្នុង​មូល​ដ្ឋាន​។ លោក ទាង ចាន់​សា អធិការ​​​​នគរ​បាល​ខណ្ឌ​​​​ឫស្សី​កែវ​បាន​អះអាង​កាល​ពី​ព្រឹក​ម្សិល​មិញ​ថា លោក “ទទួលបាន​ជនជាតិ​ចិនម្នាក់​ ហើយ​ថា កំពុង​តែ​ធ្វើ​ការ​សាក​​សួរ​” ប៉ុន្តែ លោក​បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​បន្ថែម​អំពី​ករណី​នេះ​ទេ។

នៅ​កន្លែង​បាញ់​បោះ​ដែល​ស្ថិត​នៅ​កន្លែង​​​​លក់​របស់​ក្រុម​ហ៊ុន​លក់​សម្ភារ​គ្រឿង​ចក្រ​ អ្នក​គ្រប់​គ្រង​ម្នាក់​ដែល​បដិ​សេធ​មិន​ប្រាប់​ឈ្មោះ​​​​របស់​ខ្លួន​បាន​បដិ​សេធ​ថា មិន​មាន​ការ​បាញ់​បោះ​ទេ ប៉ុន្តែ សាក្សី​ម្នាក់​ទៀត​បាន​និយាយ​ផ្សេង​ពី​នេះ។ សន្តិ​សុខ​ពីរ​នាក់​ដែល​យាម​នៅ​ច្រក​ចូល​កន្លែង​លក់​នេះ​បាន​និយាយ​ថា មាន​ការ​បាញ់​បោះ​កើត​ឡើង​​មែន​។

សន្តិសុខ​ម្នាក់​ដែល​បាន​បដិសេធ​មិន​ប្រាប់​​​​ឈ្មោះ​របស់​ខ្លួន​ ពី​ព្រោះ​គាត់​មិន​ត្រូវ​បាន​អនុ​​​ញ្ញាត​ឲ្យ​និយាយ​ជាមួយ​អ្នក​សារ​ព័ត៌​មាន​នោះ​បាន​និយាយ​ថា “ជន​ជាតិ​ចិន​រូប​នេះ​បាន​មក​កាន់​ទី​នេះ​ ហើយ​បាន​ដក​កាំ​ភ្លើង​ខ្លីបាញ់​កាល​​​​ពី​ព្រឹក​មិញ​នេះ”។ សន្តិសុខ​រូប​នេះ​​និយាយ​​​​ថា ​​​“ជន​​​​ជាតិ​ចិន​រូប​នេះ​ បាន​មក​បរបាញ់​សត្វ​”។

អំឡុង​ការ​ចុះ​ទៅ​កាន់ការិយាល័យ​នគរ​បាល​​​​ខណ្ឌ​ឫស្សី​កែវ មន្ត្រី​នគរ​បាល​ដែល​កំពុង​​​​បំពេញ​ភារកិច្ច​​ថ្លែង​ថា ពួក​គាត់​មិន​បាន​​​​ឃើញ​​​​​​​ខ្មាន់​កាំ​ភ្លើង​រូប​នេះ​ទេ ដោយ​បន្ថែម​ថា រឿងក្តី​​ជន​ជាតិ​ចិន​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​នាយក​​​​​​​ដ្ឋាន​​​​នគរ​បាល​ជន​បរទេស​ រាជ​ធានី​ភ្នំ​ពេញ។ ទោះ​ជា​យ៉ាង​ណា​  មន្ត្រី​ម្នាក់​នៅ​នាយក​ដ្ឋាន​​​នគរបាល​ជន​​បរទេស​មិន​អាច​ជួយ​បាន​ទេ​ ដោយ​និយាយ​ថា លោក​មិន​ដឹង​ពី​ការ​បាញ់​បោះ​នេះ​ទេ ហើយ​ថា “ ការ​និយាយអំពី​រឿង​​​​នេះ​អាច​មានបញ្ហា​”។

នៅម៉ោង​៥ល្ងាច​ លោក ហោប ឃាង អ្នក​​​​គ្រប់​គ្រង​ទី​ផ្សារ​នៅ​ការិយា​ល័យ​របស់​ក្រុម​ហ៊ុន​លក់​សម្ភារ​គ្រឿង​ចក្រ​ស្ថិត​នៅ​ក្នុង​ខណ្ឌ​ពោធិ៍សែន​ជ័យ បាន​មាន​ប្រសា​សន៍ថា លោក​​​​មិន​ដឹង​ពី​ការ​បាញ់​បោះ ឬ​ការ​ចាប់​ខ្លួន​ណា​មួយ​នៅ​កន្លែង​លក់​របស់​ក្រុម​ហ៊ុន​ ដែល​ស្ថិត​នៅ​ក្នុង​ខណ្ឌ​ឫស្សី​កែវ​​ទេ។ លោក ឃាង បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​មិន​​​​ដឹង​ពី​ការ​បាញ់​បោះ​នេះ​ទេ”។ លោក​បាន​បន្ថែម​ថា លោក​មិន​ដឹង​ពី​ការ​ចាប់​ខ្លួន​ជន​ជាតិ​ចិន​នេះ​​ឡើយ។ នៅ​ពេល​ទាក់​ទង​កាល​ពី​ល្ងាច​​​​ម្សិល​មិញ​ លោក ចាន់សា អធិការ​នគរ​បាល​ខណ្ឌ​ឫស្សី​កែវ​បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិ​ប្បាយ​ទេ​ នៅ​ពេល​គេ​សួរ​ថា តើ​ជន​សង្ស័យ​ពាក់​ព័ន្ធ​នឹង​ការ​​​​បាញ់​បោះ​នេះ​ត្រូវ​បាន​ដោះ​លែង​ហើយ​ឬ​នៅនោះ​៕

ប្រែ​សម្រួលដោយ សោម សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស