25 C
Phnom Penh

​កង​អង្គរក្ស​​​របស់​លោក​ ហ៊ុន សែន​ ម្នាក់ត្រូវបានឃាត់ខ្លួនបន្ទាប់​ពី​បាញ់​បោះ​នៅ​ខាង​ក្រៅ​​ក្លឹប​រាត្រី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​បាន​និយាយ​ថា សមាជិក​ម្នាក់​នៅ​​​​​​​កង​អង្គរក្ស​ផ្ទាល់​របស់លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ម្សិល​មិញ​ពី​បទ​បាញ់​កាំភ្លើង​​ឡើង​លើបន្ទាប់ពី​ចាក​ចេញ​ពី​​ក្លឹប​រាត្រី​មួយកន្លែង​ស្ថិត​​នៅក្នុង​ខណ្ឌ​ដង្កោនៅក្នុង​រាជ​ធានី​ភ្នំពេញកាលពី​រំលង​​អធ្រាត្រ​ឈានចូល​ព្រឹក​ម្សិលមិញ។

លោក វន​ សារឿន នាយ​ប៉ុស្តិ៍​សង្កាត់​ពង​​​ទឹក​​​បាន​មាន​ប្រសាសន៍​ថា​ វរសេនីយ៍​ទោ ប៊ុន​ ច័ន្ទ​​​ពិសិដ្ឋ អាយុ៣១ឆ្នាំ​ ជា​សមាជិក​កង​អង្គ​​​រក្ស​របស់លោក​នាយក​រដ្ឋមន្ត្រី​បាន​ដក​កាំភ្លើង​ខ្លី​បាញ់​ឡើង​លើ​ជា​ច្រើន​គ្រាប់​ បន្ទាប់ពី​ចាក​​​ចេញ​ពីផឹក​ស៊ីនៅ​​​ក្លឹប​រាត្រី​មួយ​​កន្លែង​នៅ​ម៉ោង​ ៤និង​​​​៣០​នាទី​​ទៀប​ភ្លឺ។ លោក សារឿន បាន​មាន​ប្រសា​សន៍ថា នគរ​បាលបាន​តាម​ចាប់​ខ្លួន​ វរសេ​នីយ៍ទោ ច័ន្ទ​​​ពិសិដ្ឋ បន្ទាប់ពី​គាត់​បាន​បើក​រថយន្ត​ចេញ​ពី​កន្លែង​បាញ់​បោះ​នោះ។

លោក សារឿន​ បាន​មាន​ប្រសា​សន៍​បន្ថែម​​​ទៀត​ថា “នគរ​បាល​បាន​រក​ឃើញ​កាំភ្លើង​ខ្លី​មួយ​ដើម និង​ឯក​សារ​មួយ​ចំនួន​ដែល​បង្ហាញ​ថា គាត់​បម្រើការ​នៅ​កង​អង្គរក្ស​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន​ សែន”។

លោក យឹម សារ៉ាន់ អធិការ​នគរ​បាល​ខណ្ឌ​​​​ដង្កោ​បាន​មាន​ប្រសាសន៍ថា វរ​សេនី​យ៍​ទោ ច័ន្ទ​ពិសិដ្ឋ ត្រូវ​នគរ​បាល​សង្កាត់​បញ្ជូន​មក​ការិ​​​យាល័យ​នគរបាល​ខណ្ឌ​របស់​លោកដើម្បី​ធ្វើការ​សាកសួរ។

លោក សារ៉ាន់ បាន​អះ​អាង​ថា វរ​សេនីយ៍​​​ទោ ច័ន្ទពិសិដ្ឋ គឺជា “ទាហាន” បម្រើ​ការ​នៅ​​​ក្នុង​កង​អង្គរក្ស​របស់លោក​នាយក​រដ្ឋ​មន្ត្រី ប៉ុន្តែ​លោក​បាន​មាន​ប្រសា​សន៍ថា លោក​មិន​ដឹង​ព័ត៌មាន​លម្អិត​ពាក់​ព័ន្ធ​សកម្មភាព​របស់​គាត​់​មុន​ពេល​ត្រូវ​បាន​ចាប់​ខ្លួន​ឡើយ។

លោក ប៊ុន ចាន់ ឪពុក​របស់​វរ​សេនីយ៍ទោ ច័ន្ទពិសិដ្ឋ ជា​សមាជិក​ក្រុម​ប្រឹក្សា​ខណ្ឌ​នៅក្នុង​​​​ខណ្ឌ​ដង្កោបាន​អះអាង​ថា កូន​ប្រុស​របស់​គា​ត់​​​បាន​បាញ់​កាំភ្លើង​ឡើង​លើ​ពីរ​គ្រាប់​នៅ​ក្រៅ​​ក្លឹប​រាត្រី​​មួយ ដើម្បី​ព្រមាន “ក្មេង​ទំនើង” ពីរ​នាក់​ដែល​បាន​តាម​ពីក្រោយ​គាត់។ លោក ប៊ុនចាន់ បាន​និយាយ​ថា “កូន​ប្រុស​​​​របស់​ខ្ញុំ​បាន​បាញ់​ឡើង​លើ​ពីរ​គ្រាប់​នៅពេល​ដែល​គាត់​បាន​ឃើញ​បុរស​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​តាម​ពីក្រោយ​គាត់ ពួក​គេ​ជា​ក្មេង​ទំនើង​ ហើយ​កូន​ប្រុស​របស់​ខ្ញុំ​ខ្លាច​ពួក​គេ​”។ លោក ប៊ុនចាន់ បាន​និយាយ​ថា សមា​ជិក​ជាន់​ខ្ពស់​នៃ​កង​អង្គរក្ស​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន “ កំពុង​ចរចា” ជាមួយ​នគរ​បាល​ដើម្បី​ឲ្យ​ដោះ​លែង​កូន​ប្រុស​របស់​គាត​់​ដោយ​មិន​ធ្វើ​ការ​ចោទ​ប្រកាន់។

ឧត្តម​សេនីយ៍ ហ៊ីង ប៊ុនហៀង មេ​បញ្ជា​ការ​កង​អង្គ​រក្ស​របស់លោក​នាយក​រដ្ឋ​មន្ត្រី​បាន​មាន​ប្រសាសន៍​ថា លោក​មិន​ដឹង​ពី​ការ​ចាប់​ខ្លួន​វរសេនីយ៍ទោ ច័ន្ទពិសិដ្ឋ​ ទេ ពី​ព្រោះ​លោក​ជាប់​រវល់​បំពេញ​បេសកកម្ម​នៅ​ប្រាសាទ​​​​ព្រះ​វិហារ ​ស្ថិត​នៅ​តាម​បណ្តោយ​​​ព្រំដែន​ថៃ​។ កងអង្គ​រក្ស​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ គឺ​ជា​អង្គភាព​ទ័ព​ប៉ារ៉ា​សម្ងាត់និង​មាន​ការ​បណ្តុះ​​​បណ្តាលយ៉ាង​ល្អ​ដែល​ស្ថិត​ក្រោម​បញ្ជា​ផ្ទាល់​របស់​លោក ហ៊ុន សែន។

អ្នក​ចូល​រួម​ការ​ជួប​ជុំ​គ្នា​របស់​គ្រូ​បង្រៀន​មួយ​ក្រុម​តូច​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​កាល​ពី​ដើម​ខែ​នេះ បាន​ដណ្តើម​យក​កាំភ្លើង​ខ្លី​មួយ​ដើម​ពី​បុរស​ម្នាក់​ស្លៀក​ពាក់​ស៊ីវិល​ឈរ​នៅ​កៀក​​​​នឹង​អ្នក​រៀប​ចំ​ការ​ជួប​ជុំ​​គ្នា​ និង​​មេដឹក​នាំបក្ស​ប្រឆាំង ​ហើយ​​ក្រោយ​មក​បុរស​នោះ​​ត្រូវ​បាន​អះ​អាង​ថា ជា​សមាជិក​សម្ងាត់​នៃ​​​កង​​​​អង្គ​រក្ស​របស់​លោក​​នាយក​រដ្ឋ​មន្ត្រី៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស