30 C
Phnom Penh

អង្គការ​​​សិទ្ធិ​​​​​​មនុស្ស​​​ទាម​​​ទារ​​​ឲ្យ​​​មានការ​​​​​​ស៊ើប​​​អង្កេត​​​លើ​​​ករណី​​​បុក​​​ហើយ​​​រត់​​​របស់​​​សមាជិ​​ក​​​សភា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​​​ឃ្លាំ​​​មើល​​​សិទ្ធិ​​​មនុស្ស​​​ ជា​​​អង្គការ​​​តស៊ូ​​​មតិ​​​អាមេរិក ​​​កំពុង​​​ជំរុញ​​​ឲ្យ​​​រដ្ឋា​​​ភិបាល​​​ធ្វើ​​​ការ​​​ស៊ើប​​​អង្កេត​​​ឲ្យ​​​បាន​​​ហ្មត់​​​ចត់​​​លើ​​​លោក ជាម យៀប តំណាង​​​រាស្ត្រ​​​មកពី​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ និង​​​ការ​​​ជាប់​​​ពាក់​​​ព័ន្ធ​​​របស់​​​លោក​​​នៅ​​​ក្នុង​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​ដ៏​​​គួរ​​​ឲ្យ​​​រន្ធត់​​​មួយ​​​កាល​​​ពី​​​ខែ​​​មុន។

លោក ជាម យៀប កំពុង​​​ធ្វើ​​​ដំណើរ​​​តាម​​​រថយន្ត​​​លុចស៊ិស ស្រាប់​​​តែ​​​នៅ​​​ពេល​​​នោះ​​​បាន​​​បុក​​​គ្នា​​​ចំ​​​ពី​​​មុខ​​​ជា​​​មួយ​​​ម៉ូតូ​​​មួយ​​​គ្រឿងជិះ​​​ពីរ​​​នាក់​​​ប្តី​​​ប្រពន្ធ​​​នៅ​​​ក្នុង​​​ស្រុក​​​កៀន​​​ស្វាយ ខេត្ត​​​កណ្តាល​​​ កាលពី​​​ថ្ងៃ​​​ទី​​​២២ ខែ​​​វិច្ឆិកា។ នគរ​​​បាល​​​ និង​​​សាក្សី​​​និយាយ​​​ថា ប្តី​​​ប្រពន្ធ​​​នេះ​​​ជិះ​​​បញ្ច្រាស​​​ទិស​​​នៅ​​​ពេល​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍នោះ​​​កើត​​​ឡើង​​​។ ទោះ​​​ជា​​​យ៉ាង​​​ណា​​​ រថយន្ត​​​របស់​​​លោក ជាម យៀប មិន​​​បាន​​​ឈប់​​​នៅ​​​កន្លែង​​​កើត​​​ហេតុ​​​នោះ​​​ទេ​​​ ​​​ដែល​​​នេះ​​​ជា​​​ការ​​​បំពាន​​​ច្បាប់​​​ចរា​​​ចរណ៍​​​ ។

យោង​​​តាម​​​​សាច់​​​ញាតិ​​​ម្នាក់​​​បាន​​​ឲ្យ​​​ដឹង​​​ថា ប្តី​​​ប្រពន្ធ​​​នោះ​​​បាន​​​ដេក​​​ដួល​​​នៅ​​​លើ​​​ចិញ្ចើម​​​​​​ផ្លូវ​​​​​​អស់​​​រយៈ​​​ពេល​​​កន្លះ​​​ម៉ោង​​​ មុន​​​ពេល​​​ត្រូវ​​​បាន​​​គេ​​​នាំ​​​ទៅ​​​គ្លីនិក​​​មួយ​​​នៅ​​​ទី​​​នោះ។ អ្នក​​​ស្រី​​​ ពិន សុភា បាន​​​ស្លាប់​​​នៅ​​​ពេល​​​​​​រសៀល​​​ថ្ងៃ​​​នោះ​​​ រីឯ​​​ប្តី​​​របស់​​​គាត់​​​ឈ្មោះ​​​ មឿន ថា បាន​​​ទៅ​​​​​​​​​​​ព្យាបាល​​​ការ​​​​​​បែក​​​ប្លោក​​​នោម ប៉ុន្តែ​​​បាន​​​ចេញ​​​ពី​​​មន្ទីរ​​​ពេទ្យ​​​វិញ​​​ហើយ​​​។

កាលពី​​​សប្តាហ៍​​​មុន​​​ នគរ​​​បាល​​​ខេត្ត​​​កណ្តាល​​​និយាយ​​​ថា ខ្លួន​​​នឹង​​​ស៊ិប​​​អង្កេត​​​ករណី​​​នេះ។ ប៉ុន្តែ នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​មួយ​​​កាល​​​​​​ពី​​​ថ្ងៃ​​​ច័ន្ទ អង្គការ​​​ឃ្លាំ​​​មើល​​​សិទ្ធិ​​​មនុស្ស​​​បាន​​​លើក​​​ឡើង​​​ថា មន្ត្រី​​​តុលាការ​​​ម្នាក់​​​បាន​​​ប្រាប់​​​ខ្លួន​​​​​ដោយ​​​សម្ងាត់​​​ថា តុលាការ​​​ខេត្ត​​​នឹង​​​មិន​​​បន្ត​​​ស៊ើប​​​អង្កេត​​​ឲ្យ​​​បាន​​​ហ្មត់​​​ចត់​​​​​​លើ​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​នេះ ឬ​​​​​​លើ​​​ការ​​​ជាប់​​​ពាក់​​​ព័ន្ធ​​​របស់​​​លោក ជាម យៀប​​​ ទេ។ សេចក្តីថ្លែង​​​ការណ៍​​​នោះ​​​បាន​​​ដក​​​ស្រង់​​​សម្តី​​​មន្ត្រី​​​រូប​​​នោះ​​​ថា នគរ​​​បាល​​​​​​គ្រាន់​​​តែ​​​ធ្វើ​​​ឲ្យ​​​តែ​​​ហើយ​​​ៗ​​​ប៉ុណ្ណោះ​​​ដើម្បី​​​​​​បំពេញ​​​ចិត្ត​​​​​​មតិ​​​សាធារណៈ​​​”។ អង្គការឃ្លាំ​​​មើល​​​សិទ្ធិ​​​មនុស្ស​​​​​​និយាយ​​​ថា លោក ជាម យៀប ទំនង​​​ជា​​​រួច​​​ផុត​​​ពី​​​ការ​​​ស៊ើប​​​អង្កេត​​​ ឬ​​​ការ​​​កាត់​​​ទោស​​​ ដោយ​​​សារ​​​គណ​​​បក្ស​​​ប្រជាជន​​​កម្ពុជា​​​​​​គ្រប់​​​គ្រង​​​​​​ប្រព័ន្ធ​​​តុលាការ​​​ និង​​​នគរ​​​បាល​​​ខេត្ត​​​កណ្តាល​​​។

អង្គការ​​​នេះ​​​ក៏​​​បាន​​​ជំរុញ​​​​​​ដល់​​​​​​លោក​​​នាយក​​​​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ដែល​​​​​​ចង់​​​បាន​​​​សុវត្ថិ​​​ភាព​​​ចរា​​​ចរណ៍ផ្លូវ​​​គោកនោះ​​​ កុំ​​​ធ្វើ​​​​​​​​​ឲ្យ​​​​​​​រឿង​​​បែប​​​នេះ​​​​​​​​​កើត​​​ឡើង​​​។ លោក ប្រេដ អាដាម នាយក​​​ប្រចាំ​​​តំបន់​​​អាស៊ី​​​នៃ​​​អង្គការ​​​ឃ្លាំ​​​មើល​​​សិទ្ធិ​​​មនុស្ស​​​បាន​​​មាន​​​​​​ប្រសា​​​សន៍​​​ថា ប្រសិន​​​បើ​​​ ហ៊ុន សែន ចង់​​​ដោះ​​​ស្រាយ​​​​​​សុវត្ថិ​​​ភាព​​​ចរាចរណ៍​​​ផ្លូវ​​​គោក​​​ និង​​​បង្ហាញ​​​​​​ថា លោក​​​ពិត​​​ជា​​​ចង់​​​បញ្ចប់​​​និទណ្ឌ​​​​​​ភាព​​​សម្រាប់​​​​​​មន្ត្រី​​​មាន​​​អំណាចមែន​​​នោះ លោក​​​ត្រូវ​​​ធានា​​​​​​ថា ​​​មាន​​​ការ​​​ស៊ើប​​​អង្កេត​​​ឲ្យ​​​បាន​​​ហ្មត់​​​ចត់​​​លើ​​​ការ​​​​​​បុក​​​ហើយ​​​រត​​់​​​បណ្តាល​​​ឲ្យ​​​មនុស្ស​​​ស្លាប់​​​នេះ​​​​​​”។

កាល​​​ពីម្សិល​​​មិញ​​​គេ​​​មិន​​​អាច​​​ទាក់​​​ទង​​​លោក ជាម​​​ យៀប ដើម្បី​​​សុំ​​​​​​អត្ថា​​​ធិប្បាយ​​​បាន​​​ទេ។​​​ ទោះ​​​​​​ជា​​​យ៉ាង​​​ណា​​​ ប៉ុន្មាន​​​ថ្ងៃ​​​បន្ទាប់​​​ពី​​​ឧបទ្ទវ​​​ហេតុ​​​​​​នេះ លោក ជាម យៀប បាន​​​បដិ​​​សេធ​​​ថា ​​​លោក​​​មិន​​​ខុស​​​ទេ​​​ ពី​​​ព្រោះ​​​ទោះ​​​បី​​​ជា​​​លោក​​​គេច​​​​​​ចេញពី​​​កន្លែង​​​កើត​​​ហេតុ​​​ក៏​​​ដោយ​​​ ក៏​​​លោក​​​​​​បាន​​​ទូរស័ព្ទ​​​ហៅ​​​មេធាវី​​​របស់​​​លោក​​​ភ្លាមៗ​​​ឲ្យ​​​ដោះ​​​ស្រាយ​​​បញ្ហា​​​នេះ​​​ឲ្យ​​​លោក​​​ដែរ​​​។

លោក​​​ វ៉ែន សុវិន ស្នង​​​ការ​​​រង​​​នគរ​​​បាល​​​ខេត្ត​​​កណ្តាល​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពីម្សិល​​​​​​មិញ​​​ថា លោក​​​បាន​​​បញ្ជូន​​​សំណុំ​​​រឿងនេះ​​​ទៅ​​​តុលាការ​​​ខេត្ត​​​កាល​​​ពីថ្ងៃ​​​ព្រហស្បតិ៍​​​រួច​​​ហើយ ហើយ​​​បាន​​​ច្រាន​​​ចោល​​​ការ​​​អះ​​​អាង​​​របស់​​​អង្គការ​​​ឃ្លាំ​​​មើល​​​សិទ្ធិ​​​មនុស្ស​​​ ដែល​​​ថា ​​​មិន​​​មាន​​​​​​កា​​​រស៊ើប​​​អង្កេត​​​។ លោក​​​បាន​​​សួរ​​​ថា “ប្រសិនបើ​​​ខ្ញុំមិន​​​ដោះ​​​ស្រាយ​​​បញ្ហានេះទេ ហេតុអ្វី​​​បាន​​​ជារឿង​​​នេះ​​​បាន​​​ទៅដល់​​​តុលាកា​​​រ​​​នៅពេល​​​នេះ?”។

លោក អ៊ុក​​​ គឹម​​​សិទ្ធ អគ្គ ព្រះរាជ​​​អាជ្ញា​​​សាលា​​​​​​ដំបូង​​​​​​ខេត្ត​​​កណ្តាល​​​បា​​ន​​​មាន​​​ប្រសាសន៍ ថា លោក​​​បាន​​​ទទួល​​​សំណុំ​​​រឿង​​​នេះ​​​ហើយ​​​​​​ ប៉ុន្តែ លោក​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​បន្ថែម​​​​​​ឡើយ ហើយ​​​បាន​​​បង្វែរ​​​សំណួរ​​​ទៅ​​​ព្រះ​​​រាជ អាជ្ញា លោក សំ រិទ្ធីវាសនា ដែលមិន​​​អាច​​​ទាក់​​​ទង​​​បាន​​៕ គឹ​​​មហឿន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស