33 C
Phnom Penh

គណបក្ស​សង្គ្រោះ​ជាតិ​ពិចារ​ណា​អំពី​ការ​ដាក់​ពាក្យ​​បណ្តឹង​ពាក់ព័ន្ធការ​គំរាម​សម្លាប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​នាំពាក្យ​គណ​បក្ស​ប្រឆាំង​​បាន​និយាយ​កាលពី​ម្សិល​មិញ​ថា លោក កឹម សុខា អនុ​ប្រធាន ​គណបក្សសង្គ្រោះ​ជាតិ​កំពុង​ពិចារ​ណា​ស្នើឲ្យ​អាជ្ញាធរ​ស៊ើប​អង្កេត​ស្វែង​រក​ការ​ពិត​ពី​ការ​គំរាម​សម្លាប់​ដែល​គេ​បាន​បង្ហោះ​តាម​សង្គមហ្វេស​ប៊ុក។

លោក​ យ៉ែម បុញ្ញឫទ្ធិ អ្ន​ក​នាំពាក្យ​គណ​បក្ស​សង្គ្រោះ​ជាតិ បាន​មាន​ប្រសា​សន៍​ថា អ្នក​ប្រើ​ប្រាស់​សង្គមហ្វេស​ប៊ុក ដែលបាន​ប្រើ​ឈ្មោះ  ផេង វណ្ណៈ កាលពីថ្ងៃ​ពុធ​បាន​បង្ហោះ​រូប​ថត​កាំភ្លើង​ខ្លីមួយ​ដើម​ និង​គ្រាប់​ចំនួន​ប្រាំពីរ​គ្រាប់​នៅ​ក្នុង​បណ្ដាញ​ទំនាក់​​ទំនង​សង្គម​នេះ​ ដោយ​និយាយ​ថា គ្រាប់កាំ​ភ្លើង​ទាំងនេះគឺ​សម្រាប់លោក​ កឹម ​សុខា។

រូប​​ថត​ដែល​គេ​បង្ហោះ​នោះ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​​​បន្ត​គ្នាជា​ច្រើន​ ហើយ​លោក​ ផេង វណ្ណៈ បាន​បដិ​ សេធ​ថា លោក​មិន​បាន​បង្កើត​រូប​ថត​នេះ​ទេ​។ ដោយ​​យក​​ចំណុច​សំខាន់​នៃ​ដង​ខ្លួន​របស់​មេ​ដឹក​នាំ​​គណ​បក្ស​​ប្រឆាំង​​រូប​នេះ​ធ្វើ​ជា​គោល​ដៅ​នោះ​​ លោក វណ្ណៈ បាន​សរសេរ​នៅ​លើ​រូប​ថត​ដែល​គេ​បាន​បញ្ជូន​តៗគ្នា​នេះ​ ចាប់​ផ្តើមពី​​ដៃ​ឆ្វេង​របស់​លោក កឹម សុខា ​ហើយ​បញ្ចប់​​ដោយ​គ្រាប់​កាំ​ភ្លើង​​នៅ​ត្រង់​​បេះ​ដូង​ និង​ក្បាល​របស់​លោក​។

ក្រោយ​មក លោក​ វណ្ណៈ បាន​សរសេរ​​​អំពី​​រូប​ថត​នេះថា “ខ្ញុំ​មិន​ដឹង​អំពី​បញ្ហា​នេះទេ​”។ លោក​បាន​សរសេរ​ថា “បើ​ទោះ​ខ្ញុំ​មិន​ពេញ​ចិត្ត​លោក កឹម សុខា​ ក៏ដោយ​ ក៏ខ្ញុំ​មិន​បំភិត​បំភ័យ​លោក កឹម សុខា ដែរ​។ ខ្ញុំ​នឹង​ដាក់ពាក្យ​បណ្ដឹង​ទៅ​នគរ​បាល​ឲ្យ​ស៊ើប​អង្កេត​​ រក​អ្នក​ដែល​បាន​កាត់​ត​ និង​កែរូប​ថត​នោះ​ហើយបន្លំដាក់​ឈ្មោះ​របស់​ខ្ញុំ​ដើម្បី​បង្ខូច​កេរ្តិ៍​ឈ្មោះ​របស់​ខ្ញុំ​តាម​​​ហ្វេស​ប៊ុក​”។

លោក បុញ្ញឫទ្ធិ បាន​មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ធ្វើ​ការ​ស៊ើប អង្កេត​ផ្ទៃ​ក្នុង​អំពី​បញ្ហា​នេះ នៅ​ពេល​លោក​ កឹម សុខា ត្រឡប់​​មកពី​សហ​រដ្ឋ​អាមេរិក​វិញនៅ​ថ្ងៃ​ច័ន្ទ ដើម្បី​ទៅ​រៃ​អង្គាស​​មូល​និធិ​។ លោក​បាន​មាន​ប្រសាសន៍​ថា គណ​បក្ស​ត្រូវ​សម្រេច​ចិត្ត​ថា តើ​ការ​​គំរាមនេះ​ពិត​មែន​ឬមិន​មែន​ដោយសារ​លោក​ វណ្ណៈ បាន​ដក​រូបនេះ​ចេញ​វិញហើយ​នោះ​ ប៉ុន្តែ​លោក​បាន​បន្ថែម​ថា ទោះ​យ៉ាង​ណា​រូប​ថត​នេះ​គឺ​មាន​បំណង​បំភិត​បំភ័យ​តែម្ត​ង។
លោក​បាន​មាន​ប្រសាសន៍​ថា​ “ខ្ញុំ​គិត​ថា វា​ជាការ​គំរាម​កំហែង​ពាក់​ព័ន្ធ​នយោ​បាយ ដែល​ពួកគេ​មិន​ចង់​ឲ្យ​មាន​អ្នក​ដែល​ស្រឡាញ់​ លទ្ធិ​ប្រជា​ធិបតេយ្យ​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើយ”។

លោក បុញ្ញឫទ្ធិ បាន​បន្ថែម​ថា លោក​​សង្ឃឹម​ថា អាជ្ញាធរ​នឹង​ចាត់​វិធានការ​រឹតបន្តឹង​សន្តិសុខ​បន្ថែម​ទៀត​អំឡុង​ការ​ដើរ​ក្បួន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​ក្នុង​ខេត្ត​សៀម​រាប និង​ក្នុង​រាជធានីភ្នំពេញនៅ​ថ្ងៃ​អង្គារ ដែល ​ដឹកនាំ​ដោយ​លោក កឹម សុខា និង​លោក សម រង្ស៊ី ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ ។

លោក ម៉ក់ ជីតូ ប្រធាន​នាយក​ដ្ឋាន​នគរ​បាល​កណ្ដាល​សន្តិ​សុខ​ក្រសួង​មហា​ផ្ទៃ​បាន​មាន​ប្រសាសន៍​ថា ការ​បង្ហោះ​រូប​ថត​បែប​នេះ​ក្នុង​ហ្វេស​ប៊ុក​​ជារឿង​​ទូទៅ​ទៅ​ហើយ ហើយ​វា​មិនពាក់​ព័ន្ធ​នឹង​អាជ្ញាធរ​ទេ​។ លោក​​ឧត្តមសេនីយ៍​ឯក​ ម៉ក់ ជីតូ​ បាន​មាន​ប្រសាសន៍​ថា “វា​ជា​បញ្ហា​តូច​តាច​ ពីព្រោះ​យើង​មិន​មាន​ច្បាប់​ទាក់​ទង​នឹង​ហ្វេស​ប៊ុក​ទេ”។ លោក​បាន​បន្ថែ​ម​ថា អាជ្ញាធរ​មិន​ធ្វើ​ការ​ស៊ើប​អង្កេត​បញ្ហា​នេះ​ទេ បើទោះជា​គណ​បក្ស​សង្គ្រោះជាតិ​បាន​បញ្ជូន​​​បញ្ហា​នេះ​មក​ពួកគេ​ក៏ដោយ៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស